ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ក្រុង​ប៉ោយប៉េត ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​ដី​ដែល​ពួកគាត់​បាន​កាប់​ឆ្ការ​តាម​ព្រំដែន​កម្ពុជា-ថៃ ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន

ដោយ សេក បណ្ឌិត
2022.12.25
ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ នៅ​ក្រុង​ប៉ោយប៉េត ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​ដី​ដែល​ពួកគាត់​បាន​កាប់​ឆ្ការ​តាម​ព្រំដែន​កម្ពុជា-ថៃ ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នៃ​ប្រទេស​កម្ពុជា ថៃ។
រូប៖ RFA

ប្រជាពលរដ្ឋ​ជាង​៧រយ(៧០០)គ្រួសារ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​ដី​ដែល​ពួកគាត់​បាន​កាប់ឆ្ការ​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​តំបន់​ស​រវាង​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​ជា​កម្មសិទ្ធិ​របស់​ពួកគាត់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា អាជ្ញាធរ គួរ​តែ​ផ្ដល់​ដី​ទាំង​នេះ ដល់​ក្រុម​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ទៅ​តាម​ពាក្យ​សន្យា ព្រោះ​ពួកគេ​បាន​ចំណាយ​កម្លាំង និង​ប្រឈម​ហានិភ័យ​ក្នុង​ការ​កាប់​ឆ្ការ​ព្រៃ​ជាប់​ព្រំដែន​នេះ។

ប្រជាពលរដ្ឋ​ជាង​៧០០គ្រួសារ នៅ​ភូមិទំនប់ក៥ និង​ភូមិ​ព្រៃគុក សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ស្នើ​សុំ​អាជ្ញាធរ​ផ្ដល់​ដី​ដែល​ពួកគេ​ទើប​តែ​បាន​កាប់​ឆ្ការ​នៅ​តំបន់​ស​ជាប់​ព្រំ​ប្រទល់​កម្ពុជា-ថៃ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ទំនប់ក៥ ម្នាក់​គឺ លោក ឈួង ធា ប្រាប់​វិទ្យុអាស៊ីសេរី​ថា ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាន​ចាប់​ផ្ដើម​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​ស ជាប់​ព្រំ​ប្រទល់​ជាមួយ​នឹង​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី១៩ ខែធ្នូ បន្ទាប់​ពី​មាន​មន្ត្រី​យោធា​មក​ពី​អង្គភាព​៩១១ ប្រាប់​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​កាប់​ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​នោះ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​ថៃ ខាង​ខេត្ត​ស្រះកែវ ក៏​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឱ្យ​កាប់​ឆ្ការ​ព្រៃ​តំបន់​ស​ធ្វើ​ជា​កម្មសិទ្ធិ​ដែរ ហើយ​ខាង​អាជ្ញាធរ​កម្ពុជា​បាន​ចុះ​ទៅ​ឃាត់ ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​កាប់​ឆ្ការ ដូចនេះ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កាប់​ឆ្ការ​ព្រៃនៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​នៅ​ពេល​ដែល​បាន​កាប់​ឆ្ការ​ព្រៃ​ហើយ បែរជា​មន្ត្រី​យោធា​ទាំង​នោះ​ដក​បង្គោល​ព្រំ​របស់​ប្រជាពលរដ្ឋ​ចោល​ទាំង​អស់ និង​ហាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ដី​ដែល​បាន​កាប់​ឆ្ការ ហើយ​ប្រាប់​ថា​ដី​ទាំង​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​មន្ត្រី​ធំៗ​ទៅ​វិញ៖

«សូម​ឱ្យ​គាត់​ជួយ​គិតគូរ​ប្រជាជន​យើង ខ្មែរ​ដែល​គាត់​អត់​ដី​នៅ​តាម​ច្រក​មាត់​អូ មាន​តែ​ខ្ទម អត់​មាន​ដី​ពិត​ប្រាកដ​ដូចជា​អាជ្ញាធរ​ភូមិ ធ្វើ​ឱ្យ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​សិន​អញ្ចឹង។ ជួយ​មើល​ប្រជាពលរដ្ឋ​យើង​ផង ព្រោះ​អត់​មាន​ដី ពលរដ្ឋ​រស់​នៅ​តំបន់​យើង​ហ្នឹង​រស់​បាន​តែ​ទៅ​ធ្វើការ​នៅ​ថៃ»

លោក ឈួង ធា បន្ថែមថា ប្រជាពលរដ្ឋ​បាន​កាប់​ឆ្ការ​ព្រៃ តាម​តំបន់​ព្រំ​ប្រទល់​ថៃ ជាង​២ពាន់ម៉ែត្រ ចាប់​ពី​ចំណុច​វត្ត​ពុទ្ធិភូមិជាយដែន រហូត​ដល់​ផ្លូវ​ប៉ុស្តិ៍​ព្រៃគុក ។ លោកថា ដោយសារ​គ្រួសារ​របស់​លោក​មិន​មាន​ដី​សម្រាប់​សាង​សង់​លំនៅ​ឋាន លោក​ក៏​បាន​ប្រថុយ​ជីវិត​កាប់ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​នោះ ដែល​មាន​គ្រាប់​មីន​បាន​ទំហំ​ជាង​១០ម៉ែត្រ គុណ​នឹង​៦០ម៉ែត្រ​ផង​ដែរ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ទំនប់ក៥ ម្នាក់​ទៀត​ប្រាប់​វិទ្យុអាស៊ីសេរី ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ថា មន្ត្រី​យោធា​មក​ពី​កង៩១១ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ផៃ ចិន និង​វណ្ណា បាន​ដើរ​ប្រាប់​ប្រជាពលរដ្ឋ​ថា ថ្នាក់​លើ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​ស ដោយ​គ្រួសារ​នីមួយៗ​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​តាម​ទំហំ​ដែល​ខ្លួន​កាប់​ឆ្ការ​បាន។ លោក​បន្ថែម​ថា គ្រួសារ​របស់​លោក​បាន​ឈប់​សម្រាក​ពី​ការងារ ដើម្បី​ទៅ​កាប់ឆ្ការ​ដី​ព្រៃ​ទាំង​ប្រថុយ​ជីវិត ប៉ុន្តែ​ក្រោយ​ពេល​កាប់​រួចរាល់​បែរជា​មន្ត្រី​យោធា ប្រាប់​ថា​ដី​ទាំង​នេះ​ជា​របស់​មន្ត្រី​ថ្នាក់​លើ​ទៅ​វិញ។

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង មេ​បញ្ជាការ​កង៩១១ ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក សូ ចាន់រី ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​ទេ នៅថ្ងៃទី២៤ ខែធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា កន្លង​មក​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ តែង​ប្រើប្រាស់​ប្រជាពលរដ្ឋ​កាប់​ឆ្ការ​ដី​ព្រៃ​ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ហើយ​បន្ទាប់​មក​ក៏​យក​ដី​ទាំង​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​យល់​ឃើញ​ថា អាជ្ញាធរ​គួរ​ផ្ដល់​ដី​ដែល​ប្រជាពលរដ្ឋ​បាន​កាប់​ឆ្ការ​ទាំង​នោះ ដោយ​ផ្ដល់​ជា​ប្លង់​កម្មសិទ្ធិ​ទៅ​ដល់​ពួក​គាត់ ជាជាង​ផ្ដល់​ទៅ​ឱ្យ​មន្ត្រី​ដែល​មាន​តួនាទី​ធំៗ ព្រោះ​ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ ហើយ​បាន​ចំណាយ​កម្លាំង ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​ដើម្បី​កាប់​ឆ្ការ​ដី​ព្រៃ​ក្នុង​តំបន់​ស​ទាំង​នោះ៖

«ប្រជាពលរដ្ឋ​លោក​អត់​ដី លោក​ប្រថុយ​ប្រថាន​ជីវិត​ទៅ​កាប់​ឆ្ការ​ហ្នឹង សុទ្ធតែ​ដី​ដែល​មាន​មីន​មាន​អី​ផង វា​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ណាស់ ហេតុអី​បាន​ជា​មិន​ពិនិត្យ​មើល​ប្រគល់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ បែរជា​ទៅ​ឱ្យ​អ្នក​ដែល​មាន​អំណាច មាន​តួនាទី​ទៅ​វិញ។ អញ្ចឹង​បើ​សិន​ជា​រក​ឃើញ ការ​ផ្ដល់​ដី​ដោយ​របៀប​នេះ គួរ​តែ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ គួរ​តែ​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ ជាជាង​ឱ្យ​អ្នក​មាន​ឥទ្ធិពល មាន​អំណាច មាន​តួនាទី​អី​ទាំង​អស់​ហ្នឹង ព្រោះ​ពួកគាត់​សុទ្ធ​តែ​មាន​សិទ្ធិ​រស់រាន​មាន​ជីវិត​បាន​ហើយ ប្រជាពលរដ្ឋ​មាន​ភាព​ខ្វះខាត​អី​ទាំងអស់​ហ្នឹង គួរ​តែ​ពិនិត្យ​ផ្ដល់​ដី​ឱ្យ​ពួក​គាត់»

ជុំវិញ​បញ្ហា​នេះ អ្នកនាំ​ពាក្យ​ខេត្ត​បន្ទាយមានជ័យ លោក សេក សុខុម ប្រាប់​វិទ្យុអាស៊ីសេរី​ថា អាជ្ញាធរ​ខេត្ត​មិន​ទាន់​បាន​ដឹង​ពី​បញ្ហា​ប្រជាពលរដ្ឋ​កាប់ឆ្ការ​ដី​ព្រៃ​នៅ​តំបន់​ស​នោះ​នៅ​ឡើយ​ទេ។

កន្លងមក អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា អាជ្ញាធរ​ដែល​មាន​អំណាច ប្រើប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​ទៅ​កាប់​ឆ្ការ​ទន្ទ្រាន​យក​ដី​ព្រៃ ឬ​ឈរ​ឈ្មោះ​ដើម្បី​ទទួល​បាន​ដី​សម្បទាន ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ដី​ទាំង​នោះ​ពី​រដ្ឋាភិបាល​ហើយ ក្រុម​អាជ្ញាធរ​បែរជា​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ចេញ​ពី​ដី​ទាំង​នោះ​ទៅ​វិញ។ ក្រុម​ប្រជាពលរដ្ឋ ដែល​ខិតខំ​កាប់​ឆ្ការ​ព្រៃ​ទាំង​នោះ អះអាង​ថា ពួកគាត់ នឹង​នាំ​គ្នា​តវ៉ា ប្រសិន​បើ​អាជ្ញាធរ មិន​ព្រម​ប្រគល់​ដី​ជូន​ពួក​គាត់​តាម​ការ​សន្យា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។