ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រឈម​បាត់បង់​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី

ដោយ មាន ឫទ្ធិ
2024.07.30
ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ប្រឈម​បាត់បង់​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី អភិបាលខេត្ត​មណ្ឌលគិរី លោក ថង សាវុន។
រូប៖ ហ្វេសប៊ុកលោក ថង សាវុន

ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី កំពុង​ប្រឈម​នឹង​បាត់បង់​មុខ​របរ​មួយ​នេះ ដោយសារ​តែ​អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ ព្រោះ​ខ្លាច​បាត់បង់​ធនធាន​ធម្មជាតិ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ចុះ​ពិនិត្យ ជីវភាព​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក ក្លាង ថូល ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ថា មន្ត្រី​បរិស្ថាន​បាន​ហាម​ឃាត់​មិន​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​បែប​ប្រពៃណី​ នៅ​លើ​ដី​សមូហភាព​នោះ​ទេ ដោយសារ​អាជ្ញាធរ​សំអាង​ថា ដី​ទាំង​នោះ​ជា​របស់​រដ្ឋ ហើយ​ប្រសិនបើ​ពលរដ្ឋ​ចង់​ធ្វើ​ស្រែ​ចម្ការ​ទាំង​នោះ ត្រូវ​តែ​ធ្វើ​កិច្ចសន្យា​មួយ​ចំនួន។ លោក​បន្ថែម​ថា ពលរដ្ឋ​មិន​ព្រម​ធ្វើ​តាម​ការ​ទាមទារ​របស់​អាជ្ញាធរ​ឡើយ ដោយសារ​ដី​ស្រែ​ចម្ការ​ទាំង​នោះ ពួកគាត់​ធ្លាប់​អាស្រ័យផល​តាំង​ពី​ដូន​តា​មក និង​បាន​ចុះ​បញ្ជី​ជា​ដី​សមូហភាព​រួច​រាល់​ហើយ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ហាម​ឃាត់​ជនជាតិ​ដើម​ភាគតិច​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​ត​ទៅ​ទៀត និង​ត្រូវ​ចុះ​ត្រួតពិនិត្យ​ដើម្បី​ស្វែង​រក​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​ពិត​ប្រាកដ។

លោក ក្លាង ថូល៖ «ប្រជាពលរដ្ឋ​រស់​នៅ​ទី​នេះ​តាំង​ពី​យូរ​ណាស់​មក​ហើយ មិន​ដែល​ទៅ​ណា​មក​ណា​ទេ ប្រសិន​ជា​មិន​ឲ្យ​ដាំ​ដុះ ប្រជាពលរដ្ឋ​រំពឹង​ទៅ​លើ​អ្វី ហើយ​ស្រែចម្ការ​របស់​គាត់​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩២ និង​ឆ្នាំ​១៩៩៣​មក ដែល​ពួក​គាត់​ធ្វើ»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ទៀត គឺ លោកស្រី ភ្លឹក ភីរុំ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ជាង​១០​នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្ដឹង​ទៅ​តុលាការ និង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​អ្នក​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​និង​ប្រឈម​នឹង​ពាក្យ​បណ្ដឹង។ លោក​ស្រី​បន្ថែម​ថា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ចូល​រួម​ការពារ​ព្រៃឈើ​ត្រូវ​រង​ពាក្យ​បណ្ដឹង​និង​ការ​គំរាមកំហែង​ជា​បន្ត​បន្ទាប់ ចំណែក​អ្នក​ប្រព្រឹត្ត​បទល្មើស​មិន​ត្រូវ​បាន​យក​ទៅ​ដាក់​ទោស​តាម​​ច្បាប់ ដែល​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ជនជាតិ​ដើម​ភាគ​តិច។

លោកស្រី ភ្លឹក ភីរុំ៖ «យើង​រង​នូវ​អយុត្តិធម៌​ជា​ច្រើន អាជ្ញាធរ​ដឹង​ច្បាស់​ណាស់​ថា​ដីធ្លី​ទាំង​អស់​នេះ យើង​ជា​អ្នក​កាន់​កាប់​ជា​អ្នក​ថែរក្សា​ជា​អ្នក​ការពារ​មាន​ប្រសិទ្ធភាព​ជាង​បរិស្ថាន​ជា​អ្នក​ការពារ អ៊ីចឹង​កន្លង​ទៅ​បរិស្ថាន​ជា​អ្នក​ការពារ មិន​ដូច​ជា​ជនជាតិ​ដើម​ភាគ​តិច​ជា​អ្នក​ការពារ​ទេ យើង​ការពារ​បាន​គង់វង្ស​ព្រៃឈើ​ដើម​ឈើ​ទាំង​អស់​នេះ ចំពោះ​បរិស្ថាន​វិញ​ការ​ការពារ​មិន​ដែល​បាន​គង់វង្ស​ទេ អ៊ីចឹង​អយុត្តិធម៌​សម្រាប់​យើង​ជា​អ្នក​ការពារ​រង​នូវ​បណ្ដឹង ប៉ុន្តែ​អ្នក​ដែល​បំផ្លាញ​មិន​ដែល​រង​នូវ​បណ្ដឹង​នោះ​ទេ»។

ពលរដ្ឋ​លើក​ឡើង​ទៀត​ថា ប្រសិនបើ​អាជ្ញាធរ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ឡើង​វិញ​នោះ​ទេ ពួកគាត់​នឹង​នាំ​គ្នា​តវ៉ា​នៅ​សាលា​ខេត្ត ពីព្រោះ​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ធ្វើការ​វិនិយោគ ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ត្រូវ​អាជ្ញាធរ​ហាមឃាត់ និង​បំបិទ​សិទ្ធិ​ទៅ​វិញ។

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាល​ខេត្ត​មណ្ឌលគីរី លោក ថង សាវុន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគីរី លោក ប៊ី វ៉ាន់នី លើកឡើង​ថា អាជ្ញាធរ​ត្រូវ​ពិនិត្យ​ឡើង​វិញ ហើយ​ត្រូវ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ​ជាក់​ស្ដែង​ទៅ​លើ​ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​អាស្រ័យផល​តាំង​ពី​ដូន​តា​របស់​ពួកគាត់។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ក្រុម​ឈ្មួញ​ខិលខូច ដែល​បាន​បោក​បញ្ឆោត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​លក់​ឲ្យ​ខ្លួន។

លោក ប៊ី វ៉ាន់នី៖ «យើង​គាំទ្រ​ចំពោះ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ទាំង​នេះ ដែល​បាន​ឃុបឃិត​លក់​ដី​ព្រៃ ឬ​ក៏​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​តំបន់​អភិរក្ស​យក​ទៅ​លក់​បន្ត​នឹង គឺ​យើង​ស្នើ​ឲ្យ​ចាត់​វិធានការ​ឲ្យ​តឹងរ៉ឹង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​ធនធាន​ធម្មជាតិ​ហើយ​យើង​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​បាន​ហើយ​យើង​ក៏​អាច​ផ្ដល់​នៃ​ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​គាត់​រស់​យូរ​ឆ្នាំ​មក​ហើយ​នោះ»។

ក្នុង​ដំណើរ​បេសកកម្ម​ស្វែង​រក​ការ​ពិត​រយៈ​ពេល ៦​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​សប្តាហ៍​មុន អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក វិទិត មុនតាប៊ន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្កើត​សេវា​ច្រកចេញ​ចូល​តែ​មួយ​ដើម្បី​ជួយ​សហគមន៍​ក្នុង​ការ​ទទួល​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន។ លោក​ក៏​បាន​ជួប​ជា​មួយ​សហគមន៍​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ទន្ទ្រាន​យក​ដី​ដូនតា​​របស់​ពួក​គេ និង​ការ​អភិវឌ្ឍ​ដែល​គ្មាន​តុល្យភាព។

កាល​ពី​ខែ​មីនា កន្លង​ទៅ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ចុះ​បង្ក្រាប​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់ ក្នុង​តំបន់ ការពារ​ធនធាន​ធម្មជាតិ ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​មិន​ទាន់​ឃើញ​អាជ្ញាធរ​ចាប់​បាន​ក្រុម​ឈ្មួញ​រកស៊ី​ឈើ និង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ បើ​ទោះ​បី​ជា​ក្រុម​ជនល្មើស​បន្ត​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​កម្រ​ជា​ច្រើន​ប្រភេទ​ចេញ​ពី​តំបន់​ការពារ ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំព្រេច កែវសីមា និង​តំបន់​ការពារ​ព្រៃ​សហគមន៍​នៅ​ពេល​យប់​តាម​រយៈ​ម៉ូតូ និង​មាន​ឡាន កែច្នៃ ចាំ​ដឹក​បន្ត​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ងាំដី ស្ថិត​នៅ​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ក៏​ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។