ជនជាតិដើមភាគតិចព្នង ជិត ២រយគ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកែវសីមា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី បានផ្តិតមេដៃប្រកាសជំហរ ប្រឆាំងការលក់ដីព្រៃអភិរក្សជាច្រើនពាន់ហិកតារ ទៅឱ្យក្រុមហ៊ុនចិន ពីសំណាក់បុគ្គលមានឥទ្ធិពល។ សហគមន៍ថា មន្ត្រីយោធាម្នាក់បានបង្ខំឱ្យពលរដ្ឋផ្តិតមេដៃគាំទ្រ ការលក់ដីព្រៃអភិរក្សរបស់ពួកគេ ក៏ប៉ុន្តែពលរដ្ឋបដិសេធ។
ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នង (ពូនង) រាប់រយគ្រួសារ រស់នៅភូមិរកាថ្មី ឃុំចុងផ្លាស់ស្រុកកែវ សីមា និងភូមិពូទុង ឃុំសែនមនោរម្យ ស្រុកអូររាំង បង្ហាញក្តីកង្វល់ជាច្រើនទាក់ទងនឹងការឃុបឃិតលក់ដីព្រៃអភិរក្ស ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ទ្រង់ទ្រាយធំ ពីសំណាក់មន្ត្រីយោធាស័ក្ដិ ៣ម្នាក់ ឈ្មោះ ស្រេន ផ្លូន។
សហគមន៍រកឃើញថា មន្ត្រីយោធារូបនេះ បានទទួលប្រាក់កក់ជាច្រើនពាន់ដុល្លារពីជនជាតិចិន ជាថ្នូរទិញដីព្រៃអភិរក្ស ធ្វើអាជីវកម្ម នៅតំបន់ជម្រកសត្វដំរីរស់នៅ និងព្រៃជំនឿដែលជនជាតិដើមភាគតិចថែរក្សាបែបប្រពៃណី។
តំណាងជនជាតិដើមភាគតិចរស់នៅភូមិរកា ឃុំចុងផ្លាស់លោក សាំង សារី ឱ្យដឹងនៅថ្ងៃទី២៤ កក្កដាថា មូលហេតុដែលពួកគេបង្ខំចិត្តផ្តិតមេដៃ ដាក់ញត្តិដោយសារអ្នកភូមិភ័យព្រួយពីជោគវាសនា ព្រៃអភិរក្សជាច្រើនពាន់ហិកតារ ឋិតក្នុងដែនជម្រកសត្វព្រែកែវ សីមា ត្រូវបាត់បង់ និងគ្រប់គ្រងដោយក្រុមហ៊ុនចិន។ អ្នកភូមិថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានឈ្មួញជនជាតិចិនជាច្រើននាក់ កំពុងរកមធ្យោបាយឃុបឃិតជាមួយអាជ្ញាធរ និងអ្នកមានអំណាច ច្បាមយកដីព្រៃអាស្រ័យផល និងព្រៃអភិរក្ស ធ្វើអាជីវកម្មរ៉ែ និងកាប់ឈើ៖ «លក់ទាំងអស់ដី ១០គីឡូ បួនជ្រុងលក់ទាំងអស់ដីហ្នឹង តែគេឱ្យលុយពាក់កណ្ដាលនៅសល់ ពាក្យកណ្ដាលទៀត។ ដីហ្នឹងគេឱ្យមកចែកចាយគ្នាអស់ហើយ ដីហ្នឹងមិនដឹងចែកទៅខាងណាខ្លះទេ ? អ្នកមានអំណាចលក់តាមចិត្តអ៊ីចឹង ពលរដ្ឋមានកន្លែងណារស់នៅ។ អនុផលព្រៃឈើរបស់ជនជាតិដើមភាគតិច មានតែប៉ុណ្ណឹងហើយ ដែលរកតិចៗហ្នឹងចិញ្ចឹមជីវិត»។
បុរសដដែលបន្ថែមថា ព្រៃអភិរក្សដែលកំពុងប្រឈម ការបំពារបំពាន ឋិតនៅចំណុចភ្នំចុងរាំង ជាប់ព្រំប្រទល់ស្រុកកែវសីមា និងស្រុកអូររាំង ដែលជាកន្លែងសត្វដំរីព្រៃរស់នៅ និងចិញ្ចឹមជីវិត។ លោកថា បច្ចុប្បន្នអាជ្ញាធរបានឈូសឆាយផ្លូវឆ្លងកាត់តំបន់នោះមួយខ្សែ ប៉ះចំរណ្ដៅជ័រទឹករបស់អ្នកស្រុក បាត់បង់អស់រាប់រយដើម។ ដោយឡែកក្រុមហ៊ុនចិនមួយចំនួន បានបើកការដ្ឋាននៅក្បែរនោះ ទំនងត្រៀមធ្វើអាជីវកម្មរ៉ែ និងព្រៃឈើ៖ «គាត់ឱ្យពលរដ្ឋផ្ដិតមេដៃឱ្យគាត់ តែពលរដ្ឋអត់ផ្ដិតទេ។ ដល់ពេលគាត់លក់អស់ទៅ គ្នាបានអីទៀត ? ហើយយកចិនមកដាក់ព្រោងព្រាតគ្រប់កន្លែងអស់ហើយ ធ្វើម៉េច ? តំបន់ហ្នឹងចិន ធ្វើរ៉ែមាសអស់ហើយ ឥឡូវហ្នឹងគ្របច្រកអស់ហើយ ច្រកណាក៏មាន។ ដល់អ៊ីចឹងពលរដ្ឋភ័យភិត ថ្ងៃមុនខាងក្រុមហ៊ុន ចង់ជីកមាសយសមដីស្រែតាមភូមិ។ ពួកខ្ញុំថា អត់ឱ្យមកទេ តែជីកដីតាមស្រែពួកខ្ញុំមានដីណាធ្វើស្រែ»។
កាលពីអំឡុងខែឧសភា និងខែមិថុនា ឆ្នាំ២០១៩ ពលរដ្ឋជាច្រើនគ្រួសារបានដាក់ពាក្យប្តឹងសុំឱ្យអាជ្ញាធរខេត្ត ទប់ស្កាត់សកម្មភាពកាប់ដើមច្បោះរបស់អ្នកស្រុក អស់រាប់រយដើម ពីសំណាក់បុគ្គលមានអំណាចមួយចំនួន និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ អភិរក្សព្រៃឈើដែលសល់ចុងក្រោយឱ្យគង់វង្ស ក៏ប៉ុន្តែកម្មវត្ថុនេះ មិនត្រូវបានអាជ្ញាធរចេញមុខដោះស្រាយទេ។
អាស៊ីសេរីមិនទាន់អាចទាក់ទង មន្ត្រីយោធាស័ក្តិ ៣ លោក ស្រេន ផ្លូន ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី២៤ កក្កដា។
រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា និងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី លោក សុក សេរ៉ា ក៏មិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
មេឃុំចុងផ្លាស់ លោក លាដ លឹមគុណ ឱ្យដឹងថា អាជ្ញាធរឃុំមិនទាន់ទទួលដំណឹង ការទិញលក់ដីព្រៃអភិរក្ស ជាច្រើនពាន់ហិកតារនៅឡើយទេ។ លោកថា អាជ្ញាធរឃុំក៏ពុំទាន់ទទួលបានញត្តិជាផ្លូវការណាមួយ ពីក្រុមពលរដ្ឋនៅឡើយដែរមកទល់ពេលនេះ៖ «ខ្ញុំអត់បានដឹងសោះ ការលក់ដីព្រៃហ្នឹង អត់ដឹងដឹងសោះ»។
សមាជិកសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី លោក ក្រើង តុលា ថា ថ្លែងថា កន្លងទៅជនជាតិដើមភាគតិចរាប់រយគ្រួសារ ធ្លាប់បានប្ដឹងសុំឱ្យអាជ្ញាធរឃុំ ស្រុក និងខេត្តជួយដោះស្រាយករណីនេះដែរ តែគ្មានដំណោះស្រាយ។ លោកថា ការផ្តិតមេដៃដាក់ញត្តិនេះ ជាជម្រើសចុងក្រោយរបស់ពួកគេ ខណៈដែលអ្នកភូមិកំពុងភ័យខ្លាចបាត់បង់ ព្រៃអភិរក្ស និងព្រៃជំនឿ របស់សហគមន៍៖ «ចំណុចហ្នឹងចំប្រភពទឹករស់នៅរបស់សត្វដំរីព្រៃតែម្ដង។ គាត់ថា គាត់យក ១០គីឡូម៉ែត្រ ៤ជ្រុងហើយ លក់ឱ្យក្រុមហ៊ុនចិន មិនដឹងធ្វើអីយើងអត់ដឹង ? តាមការប៉ាន់ស្មានតំបន់ហ្នឹង តំបន់ហ្នឹងជាតំបន់មាសមួយដែរ តាមខ្ញុំឮ ពីអាជ្ញាធរខេត្តធ្លាប់លើកឡើងកាលពីមុន»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េងលី ពន្យល់ថា ពលរដ្ឋមានសិទ្ធិថែរក្សា ទ្រព្យសម្បត្តិរបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ ហើយការតវ៉ា និងសំណូមពររបស់ពួកគេអាជ្ញាធររដ្ឋ និងតុលាការ មានកាតព្វកិច្ចដោះស្រាយដោយត្រឹមត្រូវ និងយុត្តិធម៌។ លោកថា ទ្រព្យសម្បត្តិរបស់រដ្ឋពុំអាចទិញលក់ដូរ ទៅឱ្យបុគ្គលណាមួយបានទេ ប្រសិនបើពុំទាន់អនុប្បយោគ៖ «ខ្ញុំយល់ថា ការលក់ដូរដីធ្លី ប្រព្រឹត្តដោយអាជ្ញាធរពាក់ព័ន្ធទាំងអស់ហ្នឹងហើយ គឺជាអំពើល្មើសខុសច្បាប់ ព្រោះថាដីរបស់រដ្ឋ អាជ្ញាធរពុំមានសិទ្ធិលក់ដូរអ្វីនោះទេ។ ហ្នឹងហើយគឺជាករណីមួយ ដែលយើងគិតថា នៅខេត្តមណ្ឌលគិរីវា ជារូបភាពមួយដែលអ្នកមានអំណាច និងមានបុណ្យស័ក្ដិយកពលរដ្ឋជាខែល»។
សហគមន៍ជនជាតិដើមភាគតិចអំពាវនាវឱ្យអាជ្ញាធរជាតិ និងអាជ្ញាធរខេត្ត ដោះស្រាយញត្តិរបស់សហគមន៍ដោយយុត្តិធម៌ ដើម្បីសង្គ្រោះធនធានធម្មជាតិ និងព្រៃឈើ ដែលបន្សល់ចុងក្រោយ។ ពួកគេយល់ថា តំបន់ព្រៃស្រោងជាជម្រកសត្វព្រៃរស់នៅ លាតសន្ធឹងលើផ្ទៃដីជាង ១ម៉ឺនហិកតារ ពុំគួរអនុញ្ញាតឱ្យក្រុមហ៊ុនចិន វិនិយោគនៅក្បែរនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។