លោក មឿង សុន ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌​ស្នើ​ជួយ​អន្តរាគមន៍​រឿង​ឈ្មួញ​ដី​រំលោភ​យក​ដី​នៅ​ខេត្ត​ព្រះវិហារ

0:00 / 0:00

ក្រសួងយុត្តិធម៌​បាន​ទទួល​ពាក្យបណ្ដឹង​របស់​អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន នៅ​ថ្ងៃទី​៣០ តុលា ដែល​លោក​បាន​ស្នើ​ឱ្យ​ក្រសួង​ជួយ​រក​យុត្តិធម៌​ជូន​លោក រឿង​ឈ្មួញ​ដី​អ្នកស្រី ទួន ចន្ទ្រា រំលោភ​យក​ដី​កម្មសិទ្ធិ​របស់​លោក និង​ប្ដឹង​លោក​ទៅ​តុលាការ​ថែម​ទៀត។

លិខិត​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក មឿង សុន គឺ​លោក សេក សោភ័ណ បាន​ដាក់​ស្នើសុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​ផ្អឹប​ទុក​សំណុំរឿង​របស់​លោក ពុំ​ចាត់ការ​ជាង ៤​ខែ​មក​ហើយ​។ លិខិត​ដដែល​នេះ​បាន​ចាត់ទុក​ករណី​ពន្យារពេល​របស់​តុលាការខេត្ត​ព្រះវិហារ​ថា ជា​ការ​អូស​បន្លាយ​ពេល​វេលា​យូរ​ហួស​ប្រក្រតី ដែល​ផ្ដល់​ឱកាស​ឱ្យ​សកម្មភាព​ល្មើស​បន្ត​កើតឡើង​រហូតដល់​សព្វ​ថ្ងៃនេះ​។ លោក សេក សោភ័ណ បន្ត​ថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ផ្ទាល់​ទៅ​តំណាង​អយ្យការ សំអាង​តាម​អង្គហេតុ បទល្មើស​ជាក់ស្ដែង ក៏ប៉ុន្តែ មិន​ទាន់​មាន​ចំណាត់ការ​តាម​នីតិវិធី​ថា តម្កល់ ឬ​បញ្ជូន​រឿង​ទៅ​ស៊ើបសួរ ឬ​ជម្រះ​ផ្ទាល់​តាម​នីតិវិធី​ទេ​។ លោក​សង្កត់ធ្ងន់​ថា ភាព​មិន​ប្រក្រតី​នេះ​បាន​កើត​ឡើង ទោះ​លោក​បាន​ដាក់​ពាក្យសុំ​ដល់​តំណាង​អយ្យការ សុំ​ធ្វើការ​ចោទប្រកាន់​រួចហើយ​ក៏ដោយ ក៏​ខាង​អយ្យការ​មិន​មាន​ចំណាត់ការ​តាម​នីតិវិធី​ឡើយ។

ទោះជា​យ៉ាងណា ថ្មីៗ​នេះ ឈ្មួញ​ដី អ្នកស្រី ទួន ចន្ទ្រា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​រឿង​ទំនាស់​ដីធ្លី​ដាច់ដោយឡែក​ផ្សេងទៀត។

លោក មឿង សុន ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃទី​៣០ តុលា ពី​ប្រទេស​បារាំង​ថា លោក​ទទួល​បាន​ដំណឹង​ថា ឈ្មួញ​ដី​អ្នកស្រី ទួន ចន្ទ្រា ត្រូវ​បាន​អាជ្ញាធរ​ព្រះវិហារ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ករណី​ឈ្មួញ​ដី​រូប​នេះ នាំ​បក្ខពួក​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​ពលរដ្ឋ ៩​ខ្នង​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៦ តុលា ។ លោក មឿង សុន បន្ត​ថា ករណីនេះ​វា​ប្រហាក់ប្រហែល​នឹង​ករណី​របស់​លោក ដែល​ឈ្មួញ​ដី​ពុំ​ខ្លាច​ច្បាប់​រូប​នេះ​បាន​បំពាន​លើ​រូបលោក​។ លោក មឿង សុន បញ្ជាក់​ថា ចំពោះ​សំណុំរឿង​របស់​លោក បើ​ទោះ​បី​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ បាន​ចេញ​សាលក្រម​បង្គាប់​ឱ្យ​អ្នក ស្រី ទួន ចន្ទ្រា ចេញពី​ដី​ជាង​១៥​ហិកតារ​របស់​លោក​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាងណាក្ដី ក៏​អ្នកស្រី ទួន ចន្ទ្រា ពុំ​ធ្វើតាម​ដែរ។

លោក មឿង សុន៖ «សូម​ឯកឧត្តម​រដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍ ២​ចំណុច ទី​១ សុំ​ឱ្យ​ពិនិត្យមើល​តុលាការ​សាលាដំបូង​ខេត្តព្រះវិហារ​ដែល​ពុំបាន​យកចិត្តទុកដាក់​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ដែល​ខ្ញុំ(​មឿង សុន​)បាន​ប្ដឹង​ទៅលើ​ក្រុម​អ្នកស្រី ទួន ចន្ទ្រា កាន់កាប់​ដី​ខ្ញុំ​ដោយ​ខុសច្បាប់​ហ្នឹង​។ ហើយ​ទី​២ សុំ​ឱ្យ​តុលាការ​សាលាដំបូង​ព្រះវិហារ ធ្វើ​យ៉ាងម៉េច​ពន្លឿន​ឱ្យ​អនុវត្ត​សាលក្រម​ឱ្យ​បុគ្គល​នឹង​ចេញពី​ដី​របស់ខ្ញុំ​។ ពីព្រោះ​ជិត​១​ឆ្នាំ​ហើយ ដែល​សាលក្រម​(​សាលាឧទ្ធរណ៍​)ឱ្យ​អ្នកស្រី ទួន ចន្ទ្រា ចេញពី​ដី ប៉ុន្តែ គាត់(​ទួន ចន្ទ្រា​)ពុំ​គោរព ខ្លាច​សាលក្រម​តុលាការ(​សាលាឧទ្ធរណ៍​)ផង»។

លោក មឿង សុន បន្ត​ថា លោក​និង​ភរិយា បាន​លក់​ដី​នៅ​ភូមិ​ស្រយង់ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ទៅ​ឈ្មួញ​ដី​ឈ្មោះ ទួន ចន្ទ្រា ជាង ១៥​ហិកតារ​ក្នុង​តម្លៃ ១០​ម៉ឺន ៧​ពាន់​ដុល្លារ កាលពី​ឆ្នាំ​២០២១ ប៉ុន្តែ ឈ្មោះ ទួន ចន្ទ្រា ពុំ​គោរព​កិច្ចសន្យា​ប្រគល់​ប្រាក់​គ្រប់​ចំនួន ហើយ​បាន​ចូល​ទៅ​កាន់កាប់​ដី​នោះ និង​បំផ្លាញ​ទ្រព្យសម្បត្តិ រួម​នឹង​ដំណាំ​ផ្សេងទៀត រហូត​ប្ដឹង​លោក​ទៅ​តុលាការ​ផ្ដន្ទាទោស ក្រោម​បទ​ចោទ​មិន​សម​ទំនង ដើម្បី​កាន់កាប់​ដី​ស្របច្បាប់​របស់​នោះ​។ លើស​នេះ លោក​ថា លោក​ត្រូវ​បាន​ឈ្មួញ​ដី​រូប​នោះ ប្ដឹង​ទៅ​តុលាការខេត្ត​ព្រះវិហារ ពី​បទ​ឆបោក​, រំលោភ​លើ​សេចក្ដីទុកចិត្ត​, ញុះញង់​ឱ្យ​មាន​ការរើសអើង និង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​លួច​លក់​អចលនទ្រព្យ​មិនមែន​ជា​របស់​ខ្លួន​ទៅវិញ ហើយ​លោក​ស្ទើរតែ​ត្រូវ​បាន​ជាប់គុក​ច្រវាក់ បើ​ពុំ​មាន​ការ​អន្តរាគមន៍​ពី​មេធាវី​រាជរដ្ឋាភិបាល នៅពេល​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ភាគី​លោកស្រី ទួន ចន្ទ្រា បាន​នៅ​ថ្ងៃទី​៣០ តុលា នេះ ខណៈ​ដែល​លោកអ្នក ទួន ចន្ទ្រា កំពុង​ស្ថិត​ក្រោម​នីតិវិធី​តុលាការ​ខេត្ត​ព្រះវិហារ ក្រោយ​ពី​លោកស្រី និង​បក្ខពួក ៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ឈូស​ឆាយ បំផ្លាញ​ផ្ទះ​ពលរដ្ឋ ៩​ខ្នង ក្នុង​បំណង​ដណ្ដើមយក​ដី​ពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ។

អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ធ្លាប់​ចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​យ៉ាងសកម្ម​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៨ រហូត ២០១៥​។ លោក​ក៏​ធ្លាប់​ជា​អតីត​សមាជិក​សភាពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ក្នុង​ទសវត្សរ៍​៩០​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។