តុលាការ​ខេត្ត​កោះកុង​បន្ត​សវនាការ​លើ​តំណាង​ពលរដ្ឋ​ចំនួន ​៧​នាក់​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា លី យ៉ុងផាត់

0:00 / 0:00

សហគមន៍​ព្រលាន និង​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី​ផ្សេងទៀត​ក្នុង​ខេត្តកោះកុង​ជាង ​១០០​នាក់ ធ្វើដំណើរ​មក​លើកទឹកចិត្ត​តំណាង​របស់​ពួកគាត់​ ៧​នាក់ ដែលចូល​សវនាការ​ នៅថ្ងៃទី​២៨ ខែ​មិថុនា និង​ទាមទារ​តុលាការ​ឱ្យ​ទម្លាក់​រាល់​ការ​ចោទ​ ដែល​គ្រាន់តែ​ទាមទារ​ដី​របស់​ពួកគាត់​។ នៅមុខ​តុលាការ​ខេត្តកោះកុង​ប្រជាពលរដ្ឋ រួមមាន​ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ពរ​កូនជាដើម នាំ​ដេក​រង់ចាំ​យុត្តិធម៌​ខាង​មុខ​តុលាការ។

តំណាង​ពលរដ្ឋ​ ដែល​មាន​ជម្លោះដីធ្លី​ស្ថិត​ក្នុង​ឃុំ​កណ្ដោល ជាមួយ​ឧកញ៉ា លី យ៉ុងផាត់ ស្នើ​ដល់​តុលាការ​ខេត្ត​កោះកុង​ទម្លាក់​បទចោទប្រកាន់​លើ​ពួកគាត់​ទាំង​ ៧​នាក់ ព្រោះ​ពួកគាត់ និង​ពលរដ្ឋ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទប្រកាន់​របស់​ឧកញ៉ា និង​ព្រះរាជអាជ្ញា​នោះ​ទេ។

តំណាង​ពលរដ្ឋ អ្នកស្រី ភាព តេង លើកឡើង​ថា សាលាដំបូង​ខេត្តកោះកុង​បាន​បើកសវនាការ​តាម​ការ​ចោទប្រកាន់​របស់​ព្រះរាជអាជ្ញា លោក ឃុន ភឿន ទៅលើ​តំណាង​ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​ទាំង ៧នាក់ ​រួមមាន ឈ្មោះ ទន់ ឡាយ ឈ្មោះ ភាព តេង ឈ្មោះ ឆោម រើន ឈ្មោះ ឃង់ រុច ឈ្មោះ ទូច និង​មនុស្ស​មួយ​ចំនួន​ទៀត ក្រោម​បទ​ចោទ «​អំពើ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង អំពើ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ» ដែល​បាន​ប្រព្រឹត្ត​កាលពី​ចុង​ខែមករា ឆ្នាំ២០២២ នៅ​ភូមិ​សុវណ្ណ​បៃតង ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ខេត្ត​កោះកុង។

តំណាង​ពលរដ្ឋ អ្នកស្រី ភាព តេង លើកឡើង​ថា ក្នុង​សវនាការ​ទាំង​ព្រះរាជអាជ្ញា និង​ចៅក្រម ព្យាយាម​លើកឡើង​ដើម្បី​ដាក់បន្ទុក​ទៅលើ​ពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ឱ្យ​ជាប់​ពន្ធនាគារ។ អ្នកស្រី ភាព តេង ថា អ្នកស្រី និង​ពលរដ្ឋ​ផ្សេងទៀត​មិន​បាន​ប្រព្រឹត្តិ​ខុស​ដូច​ការចោទប្រកាន់​ទេ និង​ទទូច​ឱ្យ​តុលាការ​ស្វែងរក​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​អ្នក​មាន​អំណាច មាន​លុយ​យក​ដី​ពួកគាត់។

អ្នកស្រី ភាព តេង៖ «អ្នក​ដែល​បាត់បង់​ដីធ្លី អ្នក​ដែល​ទាមទារ​តវ៉ា​ដីធ្លី​មិនអាច​ឱ្យ​ជាប់​គប់​ជាប់ច្រវាក់ ឬ​ជាប់​ប្រព័ន្ធ​តុលាការ​ទេ តែ​ជាក់ស្ដែង​សព្វថ្ងៃ​នេះ ខ្ញុំ​គ្រាន់តែ​តវ៉ា​ដីធ្លី​របស់​ពួក​ខ្ញុំ​សោះ យក​​ប្រព័ន្ធ​តុលាការ​មក​កៀបសង្កត់ ហើយ​ខ្ញុំ​ខាត​ពេលវេលា ខ្លះមក​អត់​លុយ​អត់​កាក់​លក់​មាន់​លក់​ទា​អស់រលីង ខ្លះ​ចងការ​ធនាគារ​ប្រាក់​បំណុល​វ័ណ្ឌក​ទាំង​គេ​ទាំង​ខ្ញុំ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា បានទេ នៅ​ថ្ងៃទី​២៨ ខែមិថុនា។

ពលរដ្ឋ​ ២៤៣គ្រួសារ ​ដែល​នៅ​សហគមន៍​ព្រលាន ក្នុង​ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ ត្រូវ​បាន​ក្រុមហ៊ុន​ស្ករអំពៅ​កោះកុង (Koh Kong Sugar) និង Koh Kong Plantation Industry របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ដី និង​ផលដំណាំ​របស់​គាត់​អស់​ជាច្រើន​ហិកតារ កាលពី​ឆ្នាំ​២០០៦ ហើយ​អាជ្ញាធរ​បាន​គំរាមកំហែង​មិន​ឱ្យ​ពលរដ្ឋ​ចេញ​តវ៉ា និង​បាន​គំរាម​ចាប់ខ្លួន​ពួកគាត់​ដាក់​ពន្ធនាគារ ខណៈ​ដី​នោះ ពួកគាត់​បាន​ចូល​ទៅ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៩៥។

ដោយ​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត​នោះ គឺ​នៅ​ឆ្នាំ​២០១៨ អ្នក​ភូមិ​បាន​នាំគ្នា​តវ៉ា​ទាមទារ​យក​ដីធ្លី​មក​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​មាន​ដំណោះស្រាយ​នោះ​ទេ ហើយ​នៅ​ឆ្នាំ​២០២២ អ្នកភូមិ​បាន​នាំគ្នា​ចូល​ទៅ​បោះតង់​រស់នៅ​លើ​ទីតាំង​ដី​ជម្លោះ​រៀងៗ ​ខ្លួន និង​ត្រូវ​បាន​អាជ្ញាធរ​ប្ដឹង​តំណាង​ពលរដ្ឋ​ ៧​នាក់​ ទៅ​តុលាការ​យ៉ាង​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។