ប្រជាសហគមន៍ ប្រមាណ ៤០នាក់ តំណាងឲ្យ ៧៧គ្រួសារ រស់នៅស្រុកគិរីសាគរ នាំគ្នាប្រមូលផ្ដុំមុខសាលាខេត្តកោះកុង នៅថ្ងៃចន្ទ ទី៤ មីនា តវ៉ាទាមទារឲ្យអាជ្ញាធរខេត្តពន្លឿនដំណោះស្រាយ ដោយចុះឆ្វៀលដីធ្លីឲ្យពួកគាត់ ដែលមានជម្លោះដីធ្លីជាង ១០ឆ្នាំមកហើយ ជាមួយក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd)។ អាជ្ញាធរប្រាប់ពលរដ្ឋថា នឹងចុះដោះស្រាយ ប្រសិនបើមានចំណាត់ការពីក្រសួងបរិស្ថាន។
តំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិនគ្រុប លោកស្រី សាំង ពុយ ប្រាប់អាស៊ីសេរី ពួកគាត់ទាំង ៧៧គ្រួសារចង់បានទទួលបានការអភិវឌ្ឍន៍នៅនឹងកន្លែង មិនចង់ការដោះដូរដីទៅរស់នៅទីតាំងថ្មីនោះទេ។
តំណាងពលរដ្ឋរូបនេះ បញ្ជាក់ថា ពួកគាត់បានរស់នៅក្នុងភូមិឃុំជាទីកំណើតរបស់ខ្លួនជាង ៣០ឆ្នាំមកហើយ។ លោកស្រីបន្តថា គ្រួសារនីមួយៗ សុទ្ធតែប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីត្រឹមត្រូវ ចេញដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែអាជ្ញាធរខេត្តបែរជាចោទប្រកាន់ពលរដ្ឋថា រស់នៅខុសច្បាប់លើដីឧទ្យានជាតិបទុមសាគរទៅវិញ ក្រោយពីមានក្រុមហ៊ុនចិនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល កាលពីឆ្នាំ២០០៨។
ដោយសារតែបញ្ហាដីធ្លីជាង១០ឆ្នាំមកនេះ លោកស្រី សាំង ពុយ ថ្លែងឲ្យដឹងថា ជីវភាពប្រជាពលរដ្ឋ កាន់តែស្រុតចុះដុនដាបទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះគ្មានដីបង្កបង្កើនផល គ្មានមុខរបរដូចមុន ហើយជំពាក់បំណុលធនាគារកាន់តែច្រើនៗ។ លោកស្រី សាំង ពុយ ទទូចស្នើសុំប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយបញ្ចប់វិវាទដីធ្លីឲ្យពួកគាត់ផង៖ «ខាងបងចង់បានដំណោះស្រាយ ឲ្យយើងរស់នៅក្នុងភូមិហ្នឹងវិញណា៎។ កាត់ឆ្វៀលដី ដូចគាត់កាត់ឆ្វៀលដីឲ្យទៅព្រែកខ្សាច់មួយចំនួន។ ឲ្យយើងរស់នៅដូចពីមុនវិញ។ ពួកយើងចង់បានអ៊ីចឹង»។
អាស៊ីសេរី ព្យាយាមសុំការបំភ្លឺពីអភិបាលរងខេត្តកោះកុង លោក សុខ សុធី ជុំវិញដំណោះស្រាយសម្រាប់ពលរដ្ឋ ប៉ុន្តែលោកបដិសេធ ផ្ដល់បទសម្ភាសន៍ឲ្យអាស៊ីសេរី៖ «សូមលោកបើកលេខរបស់លោកបន្តិចមក ទើបខ្ញុំអាចឆ្លើយទៅបាន » ។
ប៉ុន្តែ តំណាងពលរដ្ឋលោកស្រី សាំង ពុយ ឲ្យអាស៊ីសេរីដឹងថា អាជ្ញាធរនឹងចុះដោះស្រាយហើយឆ្វៀលដីឲ្យពលរដ្ឋ ប្រសិនបើមានចំណាត់ការពីក្រសួងបរិស្ថាន ក្រោយពួកគាត់ចូលជួបអភិបាលរងខេត្តលោក សុខ សុធី៖ «គាត់ប្រាប់ថាគោលការណ៍ហ្នឹង ហួសពីព្រំដែនរបស់ខាងខេត្ត។ ខាងខេត្តហ្នឹងចាំបញ្ជាមកពីក្រសួងបរិស្ថាន។ យើងចង់ដឹងថាចុះស្រាយថ្ងៃណា គាត់ឲ្យទៅសួរក្រសួងបរិស្ថាន។ អ៊ីចឹង ! ពួកយើងសម្រេចថា យើងនឹងទៅជួបក្រសួងបរិស្ថានទៅ។ ព្រោះយើងមកហ្នឹង អត់បានដំណោះស្រាយអ្វីទាំងអស់។ អត់បានព័ត៌មានអ្វីទាំងអស់។ អ៊ីចឹង ! ទៅជួបក្រសួងបរិស្ថានតាមតែគាត់ណែនាំ » ។
លិខិតរបស់ទីស្ដីការដែលមានយោងចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានដាក់ចូលសាលាខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បញ្ជាក់ឲ្យដឹងតាមន័យដើមថា៖ «ក្រសួងបរិស្ថានត្រូវសិក្សាការកាត់ឆ្វៀលដីនៅទីតាំងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងទីតាំងកៀនទឹក ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ចេញពីតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន គ្រុប ( Union Development Group Co.,Ltd) សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ»។
ក្នុងលិខិតនោះ បញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាឲ្យក្រុមហ៊ុន Union Development Group Co., Ltd ត្រូវរក្សាទុកព្រៃកោងកាង ព្រៃលិចទឹក តំបន់ព្រៃស្រោង តំបន់ទីជម្រាលភ្នំ ជាតំបន់អភិរក្ស នៅក្នុងប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន។
ទាក់ទងនឹងដំណោះស្រាយពីខាងក្រសួងបរិស្ថានវិញ អាស៊ីសេរី ពុំទាន់អាចទាក់ទង អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភ័ត្ត្រា ដើម្បីសុំពន្យល់អំពីករណីនេះបាននៅឡើយទេ នៅថ្ងៃទី៤ មីនា។ ក៏ប៉ុន្តែកន្លងមកលោក នេត្រ ភ័ត្ត្រា ធ្លាប់ប្រាប់អាស៊ីសេរី កាលពីពាក់ខែវិច្ឆិកា ឆ្នាំ២០១៨ ថា ស្ថានភាពជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនមិនធ្ងន់ធ្ងរដូចមុនឡើយ ហើយក្រសួងបរិស្ថាន កំពុងបន្តខិតខំដោះស្រាយជម្លោះដែលនៅសេសសល់ តាមរយៈកំណត់អត្តសញ្ញាណរបស់ប្រជាជនដែលមានផលប៉ះពាល់ជាក់ស្ដែង។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អះអាងថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅតំបន់នោះ មិនបានផ្ដល់ប៉ះពាល់ដល់បរិស្ថាននិងជីវភាពប្រជាពលរដ្ឋ ដូចការចោទប្រកាន់តាមប្រព័ន្ធព័ត៌មាននិងអង្គការសង្គមស៊ីវិលឡើយ។ លោកបញ្ជាក់ថា ក្រសួងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរងផលប៉ះពាល់ ដាក់សំណើ ឬរបាយការណ៍ភស្តុតាង និងបញ្ជីស្នាមផ្សេងៗជូនក្រសួងដើម្បីពិនិត្យដោះស្រាយតាមបច្ចេកទេសនិងនីតិវិធី។
ពលរដ្ឋអះអាងថា ពួកគាត់បានដាក់ញត្តិច្រើនលើកច្រើនសាហើយ នៅតាមស្ថាប័នរដ្ឋនានា ក្នុងក្រុងភ្នំពេញ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនមានដំណោះស្រាយណាមួយពីខាងអាជ្ញាធរនៅឡើយ។
មន្ត្រីប្រឹក្សាផ្នែកច្បាប់នៃអង្គការ លីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហ៊ួ អ៊ីន ដែលតាមជម្លោះដីធ្លីនេះ សង្កេតឃើញថា អាជ្ញាធរធ្លាប់សន្យាដោះស្រាយជូនពួកគាត់ ម្ដងជាពីរមកហើយ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនឃើញមានលទ្ធផល។ លោក ហ៊ូ អ៊ី យល់ថា ការពន្យារពេលនេះ គឺពិតជាផ្ដល់ ប៉ះពាល់ខ្លាំងបំផុតដល់ប្រជាពលរដ្ឋទាំងវិបត្តិផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ចគ្រួសារពួកគាត់៖ «បើសិនជាក្រុមហ៊ុន គាត់គ្មានគោលការណ៍ផ្ដល់ជាសំណងទេ។ ខាងរដ្ឋាភិបាលគួរតែពិចារណាកាត់ឆ្វៀលដីឲ្យទៅប្រជាពលរដ្ឋ។ ព្រោះថាដីដែលរដ្ឋាភិបាលផ្ដល់ឲ្យទៅក្រុមហ៊ុននោះ គឺមានទំហំ ធំធេងណាស់ គឹលើសទៅហ្នឹងច្បាប់ដែលផ្ដល់ឲ្យទៀតនោះ។ ច្បាប់ផ្ដល់ឲ្យតែ១ម៉ឺនហិកតារទេ។ តែក្រុមហ៊ុន យូញៀន បានទៅដល់ជាង៤ម៉ឺន៥ពាន់ហិកតារ។ អ៊ីចឹង ! គួរតែពន្លឿនទៅ កុំនៅអូសបន្លាយមកដល់ពេលនេះទៀត ព្រោះវាជិត១០ឆ្នាំទៅហើយ » ។
អាស៊ីសេរី មិនអាចសុំការបកស្រាយពីខាងតំណាងក្រុមហ៊ុនចិន UDG លោក ឡុក លី បាននៅឡើយ។
ក្នុងពេលឈរទាមទារនៅពីមុខសាលាខេត្តកោះកុង ពលរដ្ឋខ្លះលើករូបថត លោក ហ៊ុន សែន និងភរិយា ពលរដ្ឋខ្លះទៀតលើបដាជាភាសាខ្មែរ និងអង់គ្លេស។ ឃ្លាក្នុងបដាសរសេរជាភាសាអង់គ្លេសដាក់ថា "ក្រុមហ៊ុនចិន ហៅកាត់ថា យូឌីជី មកប្រទេសកម្ពុជាយើងមិនមែនមក ដើម្បីអភិវឌ្ឍន៍នោះទេ។ ពួកគេមកធ្វើឲ្យខូចខាតប្រទេសជាតិ ហើយរឹបអូសយកដីធ្លីពួកយើង។ ចំណែកបដាសរសេរអក្សរខ្មែរវិញដាក់ថា "ការផ្ដល់ដីសម្បទាន រដ្ឋាភិបាលតែងតែធ្វើឲ្យរាស្ត្ររងទុក្ខ បាត់បង់ផ្ទះសម្បែងនិងមុខរបរ កុមារបាត់បង់សិក្សា និងការចំណាកស្រុក។ តើផលប្រយោជន៍បានទៅអ្នកណាពិតប្រាកដ? មានដីទើបមានជីវិត"។
ប្រជាសហគមន៍ទាំង ៥ឃុំនៃខេត្តកោះកុង ប្រកាសជំហរថា ពួកគេនឹងនាំគ្នាមកទីក្រុងភ្នំពេញ ដើម្បីស្វែងដំណោះស្រាយជាថ្មីទៀតពីលោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បើទោះជាត្រូវប្រឈមនឹងការរារាំងពីអាជ្ញាធរក្រុងភ្នំពេញក៏ដោយ។
ជម្លោះរវាងពលរដ្ឋខេត្តកោះកុង ជាមួយក្រុមហ៊ុនចិន យូញៀន នៅខេត្តកោះកុង បានអូសបន្លាយរ៉ាំរ៉ៃជាង ១០ឆ្នាំមកហើយ។ ពលរដ្ឋបានចោទក្រុមហ៊ុនចិន យូញៀនថា កន្លងមកបានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។ កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្រុមហ៊ុនចិនមួយនេះ បានដុតកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំនៅតំបន់ថ្មពាន ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។