ពលរដ្ឋ​នៅ​ក្រចេះ​បន្ត​ទាមទារ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ភ្នំពេញ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​កូរ៉េ។ ប្រជាពលរដ្ឋ​អះអាង​ថា បើ​មិន​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​ទេ នោះ​ពួក​គាត់​នឹង​នៅ​តែ​បន្ត​ទាមទារ​រហូត​ដល់​មាន​ដំណោះស្រាយ​ពី​ថ្នាក់​ដឹក​នាំ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាង ១០០​នាក់ នាំ​គ្នា​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃ​ទី​២២ កក្កដា។ ប៉ុន្តែ​ការ​ដាក់​ញត្តិ​ត្រូវ​បាន​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​គោរព​តាម​នីតិវិធី​នោះ​ទេ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក សួន វិច្ឆិកា មាន​ប្រសាសន៍​ថា ពួក​គាត់​បាន​នាំ​គ្នា​ឡើង​ទៅ​ភ្នំពេញ ដើម្បី​យក​ញត្តិ​ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ដែល​បាន​ប្ដឹង​ជំទាស់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ កាល​ពី​ពេល​កន្លង​ទៅ។

លោក​បន្ត​ថា ពួក​គាត់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រូប​សំណាក​ព្រះ​បរម​រតន​កោដ្ឋ ក្រោយ​មក​ក៏​ខាង​អាជ្ញាធរ​ឱ្យ​ពួក​គាត់​ជួប​ជុំ​គ្នា​នៅ​ជិត​វត្ត​បទុមវតី វិញ។ ក្រោយ​ពេល​អាជ្ញាធរ​ពន្យល់​ពី​នីតិវិធី​ជុំវិញ​រឿង​ដីធ្លី​នោះ ពួក​គាត់​សម្រេច​ថា​នឹង​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​មួយ​នៅ​ថ្នាក់​ខេត្ត​ដំបូង​សិន បន្ទាប់​មក​នឹង​ដាក់​ពាក្យ​បណ្ដឹង​មក​ថ្នាក់​ជាតិ​ទៀត ពីព្រោះ​គាត់​គិត​ថា ការ​សម្រេច​របស់​ថ្នាក់​ខេត្ត​កន្លង​មក មិន​ត្រឹមត្រូវ​នោះ​ឡើយ។

លោក សួន វិច្ឆិកា៖ «ក្នុង​នោះ​ដែរ គាត់​បាន​មើល​ឯកសារ​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​ថ្នាក់​ខេត្ត​ហើយ ហើយ​គាត់​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​មួយ​ទៅ​ថ្នាក់​ខេត្ត ដើម្បី​បន្ត​សិទ្ធិ​ក្នុង​ការ​ប្ដឹង​បន្ត។ ហើយ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​បាន​ដាក់​ទៅ​ទេ គឺ​ប្រជាពលរដ្ឋ​នឹង​អស់​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ត​ហើយ។ ហើយ​ក្នុង​ហ្នឹង ការ​ដាក់​ទៅ​ហ្នឹង​ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើ​លិខិត​ជំទាស់​ហ្នឹង ទៅ​ថ្នាក់​ខេត្ត ដើម្បី​មាន​សិទ្ធិ​បន្ត​ប្ដឹង​មក​ថ្នាក់​ជាតិ»

ប្រភព​ដដែល​អះអាង​ថា ពួក​គាត់​នឹង​មិន​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​នោះ​ទេ ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​សមស្រប​ណា​មួយ​សម្រាប់​ពួក​គាត់​ទេ​នោះ។

មន្ត្រី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ម្នាក់ ដែល​បាន​ទៅ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​នោះ ដោយ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង ឱ្យ​ដឹង​ថា ជា​ជំហាន​ដំបូង ពួក​គាត់​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នៅ​ថ្នាក់​ខេត្ត​ជា​មុន​សិន។ មន្ត្រី​រូប​នោះ​បន្ត​ថា នៅ​ក្នុង​ពាក្យ​បណ្ដឹង​ជំទាស់​នៅ​ថ្នាក់​ខេត្ត ប្រជាពលរដ្ឋ​ទាំង​នោះ​អាច​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ហើយ​ក្នុង​កំឡុង​ពេល​នេះ ពួក​គាត់​មិន​អាច​ប្ដឹង​រំលង​មក​ថ្នាក់​ជាតិ​បាន​នោះ​ទេ គឺ​ត្រូវ​ធ្វើ​តាម​នីតិវិធី ហើយ​បើ​ថ្នាក់​ខេត្ត​មិន​អាច​ដោះស្រាយ​បាន​ថា​យ៉ាង​ណា​នោះ ទើប​ពួក​គាត់​អាច​ប្ដឹង​មក​ដល់​ថ្នាក់​ជាតិ​បាន។

មន្ត្រី​ដដែល​យល់​ថា ទម្រាំ​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ហើយ​នីតិវិធី​នឹង​មាន​យូរ​ជាង​នេះ​ទៀត​នោះ ប្រជាពលរដ្ឋ​ទាំងអស់​គប្បី​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ ពីព្រោះ​បើ​ពួក​គាត់​បន្ត​ស្នាក់នៅ​ភ្នំពេញ វា​នឹង​អាច​មាន​បញ្ហា​ផ្សេងៗ​ជុំវិញ​ការ​ស្នាក់​អាស្រ័យ នឹង​កើត​ឡើង​ដល់​ពួក​គាត់​មិន​ខាន។

លោក សួន វិច្ឆិកា បញ្ជាក់​ថា ពួក​គាត់​នឹង​ចាត់​តំណាង​មួយ​ចំនួន​នៅ​ខេត្ត​ក្រចេះ ស្រាប់ ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នៅ​ថ្នាក់​ខេត្ត និង​ដើម្បី​ត្រៀម​ខ្លួន​ប្រជុំ​ដោះស្រាយ​បញ្ហា​ដីធ្លី​នោះ។ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​ភ្នំពេញ នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​ទាមទារ​ឱ្យ​រាជ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួក​គាត់។

ការ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ជុំវិញ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាង ១​ពាន់​ហិកតារ (១.៥៦២,៧៥) ជាមួយ​ក្រុមហ៊ុន​កូរ៉េ​នៅ​ពេល​នេះ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ បាន​ច្រាន​ចោល​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​ថ្នាក់​ខេត្ត ដែល​បាន​ប្រជុំ​សម្រេច​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ៨​នាក់ កាល​ពី​ថ្ងៃ​ទី​៨ កក្កដា គឺ​ធ្វើ​ឱ្យ​ពួក​គាត់​ខាត​បង់​ដី​យ៉ាង​ច្រើន។

តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា ការ​ប្រជុំ​សម្រេច​នោះ គឺ​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ពោល​គឺ​តំណាង​ពួក​គាត់​មិន​មាន​សិទ្ធិ​តវ៉ា​អ្វី​ឡើយ ដោយ​អាជ្ញាធរ​បញ្ជាក់​ថា ពេល​នោះ គឺ​ជា​ពេល​ប្រកាស​សេចក្តី​សម្រេច ហើយ​រាល់​ការ​តវ៉ា​ណា​មួយ គឺ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល ១​ខែ ឬ ៣០​ថ្ងៃ ក្រោយ​ការ​ប្រកាស​សេចក្តី​សម្រេច​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។