ជនជាតិភាគតិចសួយ នៅក្នុងខេត្តកំពង់ស្ពឺ បានដាក់ញត្តិសុំឲ្យគណៈកម្មការទី១នៃរដ្ឋសភា ក្រសួងមហាផ្ទៃ និងសាលាខេត្តកំពង់ស្ពឺ ជួយដោះស្រាយផ្តល់ដីដាំដុះមកឲ្យពួកគាត់វិញ ឲ្យទាន់ដើមរដូវវស្សាឆ្នាំនេះ។ ផ្ទៃដីដាំដុះដែលអ្នកភូមិទាមទារនោះ បច្ចុប្បន្នកំពុងមានជម្លោះនឹងក្រុមហ៊ុនចិន អេច្ឆ.អិល.អេច្ឆ (HLH) ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកាលពីឆ្នាំ២០០៨។ ពលរដ្ឋអះអាងថា ក្រុមហ៊ុននេះបានរារាំងមិនឲ្យពួកគាត់ជាម្ចាស់ដីធ្លាប់ដាំដំណាំ និងអាស្រ័យផលផ្សេងៗយូរឆ្នាំមកហើយនោះ បានដាំដុះដូចសព្វដងនោះទេ។
ជនជាតិភាគតិចសួយ រស់នៅក្នុងឃុំត្រពាំងជោរ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឲ្យដឹងថា រដូវវស្សាមកដល់ហើយ ពួកគាត់ទន្ទឹងការដោះស្រាយពីស្ថាប័នជាតិ ជាពិសេសស្ថាប័នរដ្ឋសភា ដែលបានទទួលញត្តិពីពួកគាត់តាំងពីខែមេសា មកហើយនោះ។
បុរសជនជាតិភាគតិចសួយ ឈ្មោះ ទួន សឿន អះអាងថា ក្រោយពីគ្មានដីដាំដុះ ហើយការដាក់ញត្តិសុំអន្តរាគមន៍គ្មានចម្លើយដោះស្រាយនោះ បច្ចុប្បន្នជនជាតិសួយភាគច្រើនបានធ្វើចំណាកស្រុកទៅរកស៊ីឈ្នួលនៅបរទេសច្រើនគ្រួសារ៖ «ដោះស្រាយឲ្យខ្ញុំថ្ងៃណាខែណា ព្រោះខ្ញុំចាំបាច់ធ្វើស្រែធ្វើចម្ការ រដូវភ្លៀងធ្លាក់មកហើយ ខ្ញុំហ្នឹងចង់បានចម្លើយ បើលោកអាចថាដោះបាន សុំដោះឲ្យឆាប់ៗ ហើយដោះមិនបានថាអត់ចឹងមក»។
ដូចគ្នានេះដែរ បុរសជនជាតិភាគតិចសួយម្នាក់ទៀត លោក ម៉ៃ ម៉េន ថ្លែងថា ចាប់តាំងពីមានការផ្តល់ដីសម្បទានសេដ្ឋកិច្ចឆ្នាំ២០០៨ ឲ្យទៅក្រុមហ៊ុនចិន អេច្ឆ.អិល.អេច្ឆ ដាំពោត និងដំណាំកសិឧស្សាហកម្មមក ជនជាតិភាគតិចសួយ ៤៣០គ្រួសារ បានបាត់បង់ដីចម្ការវិលជុំជាង ១ពាន់ហិកតារ (១.២៣៦ហិកតារ)។ ករណីនេះ ពួកគាត់ព្យាយាមតវ៉ាយ៉ាងណាក៏មិនឈ្នះ។ ផ្ទុយទៅវិញមានតែគេតាមចាប់ពួកគាត់ដាក់ពន្ធនាគារទៅវិញ។ ជម្រើសចុងក្រោយរបស់អ្នកភូមិ គឺនាំគ្នាដាក់ញត្តិទៅស្ថាប័នកំពូលរបស់ជាតិឲ្យជួយដោះស្រាយរកយុត្តិធម៌ និងសូមឲ្យស្ថាប័នដែលបានទទួលញត្តិពួកគាត់ហើយនោះ ត្រូវជួយដោះស្រាយឲ្យបានឆាប់ផង៖ «គ្នាវាលំបាកតោកយ៉ាងខ្លាំងណាស់ខ្លះ ដោយសារតែអត់មានស្រែចម្ការធ្វើអ៊ីចឹងទៅ មាននៅសល់អីបន្តិចបន្តួច វាមិនគ្រប់គ្រាន់។ អ្នកខ្លះចេញដល់ស្រុកគេនោះ។ ៣ ទៅ ៤ថ្ងៃមុននោះ ឮខាងម្តុំយើងចំបក់ ក៏បានចេញទៅថៃ ដែរ»។
ពាក់ព័ន្ធនឹងការទន្ទឹងរង់ចាំដំណោះស្រាយនោះ ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង ថ្លែងថា គណៈកម្មការនេះបានទទួលបណ្ដឹងច្រើន។ ដូច្នេះ លោកសូមឲ្យជនជាតិភាគតិចសួយ អត់ធ្មត់បន្តិចសិន៖ «ប៉ុន្តែខ្ញុំមិនទាន់កំណត់ថា នឹងយករឿងនេះទៅជជែកជាមួយអភិបាលខេត្តនៅថ្ងៃណានៅឡើយទេ ព្រោះឥឡូវនេះកំពុងធ្វើការនៅខេត្តក្រចេះ សិន»។
បំភ្លឺចំពោះការយឺតយ៉ាវដោះស្រាយជម្លោះដីធ្លីរវាងក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ និងជនជាតិភាគតិចសួយ នេះ មេឃុំត្រពាំងជោរ លោក ទេព ណែម និងមេឃុំសង្កែសាទប លោក ណម សារុន បានឲ្យដឹងថា កាលពីឆ្នាំ២០០៩ អាជ្ញាធរជាតិ និងក្រុមហ៊ុន បានដោះស្រាយជាថវិកាមួយចំនួនជូនពលរដ្ឋនៅតំបន់នោះហើយ ដោយសារតែការវិនិយោគបានប៉ះពាល់ព្រៃដូនតា ព្រៃតំណម ជាដើម ប៉ុន្តែអ្នកដែលឡើងទៅតវ៉ានោះ សុទ្ធតែចង់បានថវិកាបន្ថែម៖ «មានថ្នាក់ខេត្ត មានក្រុមការងាររបស់ខេត្ត និងជំនាញ ជាពិសេសដែនជម្រកសត្វព្រៃឱរ៉ាល់ គាត់បានសិក្សាច្បាស់លាស់ហើយក៏បែងចែកពីរប្រភេទ។ ប្រភេទទី១ ដីប៉ះពាល់ដែលមានដំណាំយើងបានអាស្រ័យផល អាហ្នឹងយើងគិតផ្សេង។ ហើយទី២ ទៀត អ្នកដែលគ្រាន់តែដើរចាប់ដី ហើយត្រួសត្រាយបន្តិចបន្តួច អាហ្នឹងគឺដោះស្រាយ ២ប្រភេទ គឺអ្នកដែលទទួលយកហ្នឹង គឺមានការព្រមព្រៀងពីភាគីសងខាង មិនមែនអ្នកណាបង្ខំ»។
ផ្ទុយពីការអះអាងរបស់មេឃុំ លោក ម៉ៃ ម៉េន ជនជាតិភាគតិចសួយ ឲ្យដឹងថា អាជ្ញាធរស្រុក និងក្រុមហ៊ុន មិនបានប្រគល់សំណងឲ្យអ្នកភូមិទាំង ៤៣០គ្រួសារទេ។ លោកថា ក្នុង ១គ្រួសារមានចំនួន ៥ហិកតារ គេបង់លុយឲ្យតែ ១ហិកតារតម្លៃ ២០០ដុល្លារទេ ដែលតម្លៃនេះពួកគាត់មិនអាចទទួលយកបានឡើយ៖ «គំនាបរបស់អាជ្ញាធរហ្នឹង បើយកក៏បាន បើមិនយកក៏នៅតែគេយកដីនោះដែរ»។
បន្ថែមលើនោះ ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ថ្លែងថា អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនបានដោះស្រាយដី និងសងលុយកាក់ទៅជនជាតិភាគតិចសួយ មិនស្មើនឹងការលក់ដំណាំរបស់អ្នកភូមិផង៖ «អ៊ីចឹងហើយបានជាគាត់ងាកតាមដាន និងទាមទារឲ្យមានការកាត់ឆ្វៀលអីជាដើម ឬក៏ឲ្យមានដីផ្សេងហ្នឹង»។
ជនជាតិដើមភាគតិចសួយ បានតវ៉ាក្រោយពីក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ឈូសដីរំលោភយកតាំងពីឆ្នាំ២០០៨ ហើយជនជាតិទាំងនោះបានដើរដាក់ញត្តិសុំឲ្យគ្រប់ស្ថាប័នកំពូលជួយដោះស្រាយ។ ពួកគាត់រង់ចាំការដោះស្រាយតាមញត្តិដែលបានដាក់នោះ ប៉ុន្តែមិនទាន់មានការដោះស្រាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។