ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​នៅ​កំពង់ចាម

ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​តែ​ពុំ​អាច​រក​ដំណោះស្រាយ​បាន។ ភាព​ទាល់ច្រក​ក្នុង​ការ​ដោះស្រាយ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ មិន​អាច​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឡើយ។ ការ​រស់​នៅ​ក្នុង​ក្តី​ភ័យ​ខ្លាច និង​មិន​អាច​មាន​សិទ្ធិ​ជួសជុល​ផ្ទះ​របស់​ខ្លួន​ឯង​បាន ដោយ​មាន​ការ​រារាំង​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ។

0:00 / 0:00

តើ​ខាង​អាជ្ញាធរ និង​អង្គការ​សិទ្ធិ​មនុស្ស​យល់​យ៉ាង​ណា​ដែរ ចំពោះ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ?

បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​ខ្នង​ក្រពើ​កើត និង​ភូមិ​ខ្នង​ក្រពើ​លិច នៅ​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨ មក​នោះ នៅ​តែ​មិន​ទាន់​មាន​ពន្លឺ​ឈាន​ទៅ​រក​ដំណោះស្រាយ សម្រាប់​ប្រជាពលរដ្ឋ​ជាង ៤០០​គ្រួសារ ក្នុង​ការ​ទទួល​បាន​កម្មសិទ្ធិ​ស្រប​ច្បាប់​លើ​ដី​លំនៅឋាន​របស់​ពួក​គាត់​ឡើយ។

ថ្លែង​ទាំង​ស្រក​ទឹក​ភ្នែក​រៀប​រាប់​ពី​ទុក្ខ​លំបាក​ក្នុង​ការ​រស់​នៅ​លើ​ដី​លំនៅឋាន​របស់​ខ្លួន នៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រមូង ស្រុក​មេមត់ តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩ មក ដែល​ទើប​តែ​មាន​បញ្ហា​នៅ​ឆ្នាំ​២០០៨ ដោយ​ដី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​រដ្ឋ ត្រូវ​បង្វែរ​ជា​ដី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ឯកជន ទើប​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ត្រូវ​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ចាស់​របស់​ខ្លួន ទៅ​រក​ទីតាំង​ថ្មី។

មាន​អាយុ ៥១​ឆ្នាំ អ្នកស្រី អ៊ុន ស៊ូចេង បាន​បញ្ជាក់​ថា គាត់​មាន​ចំណាស់​នេះ​ហើយ​មិន​អាច​ចាប់​ផ្ដើម​ជីវភាព​ថ្មី​តំបន់​ផ្សេង​បាន​ឡើយ។ អ្នកស្រី​បន្ត​ថា ចាប់​ពី​ឆ្នាំ​២០០៨ មក ស្ថានភាព​រស់​នៅ​របស់​ពួក​គាត់​កាន់​តែ​លំបាក ពិសេស​ផ្ទះ​សម្បែង​ដែល​មាន​សភាព​កាន់​តែ​ទ្រុឌទ្រោម ប៉ុន្តែ​គ្មាន​សិទ្ធិ​ជួល​ជុល​ឡើយ បាន​ត្រឹម​តែ​រស់​នៅ​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​ការ​ជួសជុល ឬ​ត​សំយាប គឺ​មាន​ការ​គំរាម​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ឬ​ក៏​ត្រូវ​ក្រុមហ៊ុន​ប្ដឹង​តែ​ម្តង។

អ្នកស្រី អ៊ុន ស៊ូចេង៖ «មាន​ផល​លំបាក​ច្រើន ពីព្រោះ​ផ្ទះ​ទ្រុឌទ្រោម​ស្ទើរ​តែ​ដួល​រលំ​គ្រប់​គ្នា​ហើយ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ជួស​ជុល ពេល​ណា​យើង​ជួស​ជុល ក្រុមហ៊ុន​គេ​ឃាត់​ឃាំង។ គេ​មិន​ឱ្យ​ជួស​ជុល​ទេ អ៊ីចឹង​មាន​ផល​លំបាក​ខ្លាំង​តែ​ម្តង។ មាន​ការ​លំបាក​ខ្លាំង​យ៉ាង​ម៉េច​បាទ? មាន​ការ​លំបាក​ថា ពេល​ណា​យើង​ធ្វើ​មាន​កិច្ច​សន្យា ពេល​ណា​យើង​ឈប់​រស់​នៅ អូ! ពេល​យើង​ឈប់​រស់​នៅ​មិន​មាន​ការ​ទាមទារ​សំណង»

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។
ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​ជាមួយ នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។ (RFA/Saut Sokprathna)

អ្នកស្រី​បន្ត​ថា បើ​យោង​ទៅ​តាម​ច្បាប់​ភូមិបាល ប្រជាពលរដ្ឋ​គប្បី​ទទួល​បាន​នូវ​ប្លង់​កាន់​កាប់​ស្រប​ច្បាប់ ក៏ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​អូស​បន្លាយ ហាក់​បី​ជា​មាន​ភាព​អាថ៌កំបាំង​នៅ​ពី​ក្រោយ៖ «មិន​មែន​ថ្នាក់​រដ្ឋាភិបាល​គាត់​មិនដឹង​ទេ! គាត់​ដឹង ប៉ុន្តែ​អ្វី​ដែល​គាត់​មិន​អាច​ធ្វើ​បាន ខ្ញុំ​មិន​ដឹង​ថា​គាត់​មាន​អ្វី​លាក់​បាំង​នឹង​ប្រជាពលរដ្ឋ! ព្រោះ​កន្លង​មក ខាង​រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​ដែល​មាន​ដី​បី​ប្រភេទ។ គាត់​បាន​ផ្តល់​កម្មសិទ្ធិ​ដល់​អ្នក​កាន់​កាប់​ហ្នឹង ហើយ​ចំណែក​ពួក​ខ្ញុំ​ជា​អ្នក​រស់​នៅ​ស្រប​ច្បាប់ តាម​ច្បាប់​ភូមិបាល ប៉ុន្តែ​បែរ​ជា​មិន​មាន​ដំណោះស្រាយ​ឱ្យ​វិញ ពួក​ខ្ញុំ​មាន​ចម្ងល់​ខ្លាំង​ដែរ»

រីឯ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ភូមិ​ខ្នង​ក្រពើ​កើត អ្នកស្រី ឈាន ស្រីពៅ បាន​ឱ្យ​ដឹង​ដែរ​ថា អ្នកស្រី និង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ មិន​អាច​ទៅ​កសាង​ជីវភាព​ថ្មី​នៅ​កន្លែង​ផ្សេង​បាន​នោះ​ទេ ដោយ​ពួក​គាត់​មាន​អាយុ​កាន់​តែ​ច្រើន។ ដូច​នេះ មិន​ដឹង​ថា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទើប​អាច​កសាង​ជីវភាព​ថ្មី​បាន​ដូច​សព្វថ្ងៃ​នោះ​ទេ៖ «ចាប់​ផ្ដើម​គេ​រើរុះ គេ​ដេញ​ហើយ​ម្តង​មួយៗ​ពី​ខ្នង​ក្រពើ​កើត ទៅ​នៅ​ផ្លាក​ស្មោង។ តែ​ពួក​ខ្ញុំ​នេះ​អត់​ទទួល​សំណង​ទេ ពីព្រោះ​ខ្ញុំ​ធ្លាប់​រស់​នៅ​កន្លែង​នេះ ខ្ញុំ​រស់​នៅ​អាស្រ័យ​ផល​នៅ​កន្លែង​នេះ។ អ៊ីចឹង​ទៅ​យក​ឯណោះ អូន​ឯង​ដឹង​ស្រាប់​ហើយ ប្រជាជន​ក្រីក្រ ពាក្យ​ចាស់​ថា​កុំ​រើ​ឆ្នាំង​ច្រើន វា​អស់​ផេះ។ អ៊ីចឹង​ឱ្យ​ខ្ញុំ​រើ​ពី​កន្លែង​ហ្នឹង​ទៅ​យក​ឯណោះ​ទៀត តើ​ខ្ញុំ​កសាង​ជីវិត​ថ្មី​ប៉ុន្មាន​ឆ្នាំ ទើប​បាន​ទទួល​ផល​ដូច​ខ្ញុំ​រាល់​ថ្ងៃ​នេះ មិន​ក្រោម ១០ ទៅ ១៥​ឆ្នាំ​ទេ ហើយ​សួរ​តើ​ខ្ញុំ​អាយុ​ប៉ុន្មាន​ហើយ​ឥឡូវ​នេះ»

អ្នកស្រី​បន្ត​ថា ចំពោះ​អ្នក​មាន​លុយ​មាន​អំណាច រដ្ឋាភិបាល​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​មាន​ដី​រាប់​រយ​ហិកតារ ក៏ប៉ុន្តែ​អ្នកស្រី​ងឿង​ឆ្ងល់​ថា សម្រាប់​ពួក​គាត់​ជា​អ្នក​ក្រីក្រ​ដែល​សុំ​ត្រឹម​តែ​ដី​លំនៅឋាន​សម្រាប់​រស់​នៅ​រដ្ឋាភិបាល​មិន​អាច​ជូន​បាន។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ធ្លាប់​មាន​ការ​សន្យា​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​ការ​សន្យា​នោះ គឺ​ជា​ការ​សន្យា​ខ្យល់៖ «ខ្ញុំ​សំណូមពរ​ហ្នឹង ដូច​សំណូមពរ​ច្រើន​ពេក​ហើយ! មិន​មែន​ទើប​តែ​សំណូមពរ​លើក​ទី​មួយ​លើក​ទី​ពីរ ឬ​លើក​ទី​បី តាំង​ពី ២០០៨ អាណត្តិ​មុន​ម្ល៉េះ ដែល​ខ្ញុំ​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​កាត់​ដី​ដែល​ពួក​ខ្ញុំ​គ្នា​រស់​នៅ​ជាង ២​ហិកតារ​កន្លះ ដី​ជាង ១០០​គ្រួសារ​នេះ សម្បទាន​មក​ឱ្យ​ប្រជាជន​អត់​បាន។ តែ​ត្រង់​គេ​អ្នក​ធំ ម៉ា​គ្រួសារ ៥០០​ហិកតារ មាន ៥០​ហិកតារ ម៉េច​ក៏​អាច​សម្បទាន​ឱ្យ​បាន។ ត្រង់​ពួក​ខ្ញុំ​ប្រជាជន​កើត​លើ​ដី​ខ្មែរ រស់​នៅ​លើ​ដី​ខ្មែរ ម៉េច​ក៏ ៤​ម៉ែត្រ​មិន​បាន»

អ្វី​ដែល​ពួក​គាត់​ចង់​បាន​ខ្លាំង​បំផុត​នោះ គឺ​ការ​ទទួល​បាន​ប័ណ្ណ​កាន់​កាប់​លើ​ដី​ដែល​កំពុង​តែ​រស់​នៅ​ដោយ​ស្រប​ច្បាប់ ទើប​អាច​ធ្វើ​ឱ្យ​ពួក​គាត់​ស្ងប់​ចិត្ត។

ចំពោះ​បញ្ហា​នេះ អគ្គនាយក​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ លោក ឆាយ សាវុធ មិន​បាន​បកស្រាយ​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​បញ្ជាក់​នេះ​ជា​គោលការណ៍​របស់​រដ្ឋាភិបាល ក្នុង​ការ​កែប្រែ​ពី​ក្រុម​ចម្ការ​កៅស៊ូ​របស់​រដ្ឋ មក​ជា​របស់​ឯកជន ដោយ​ក្រុមហ៊ុន​តម្រូវ​ឱ្យ​ប្រជាជន​ដែល​រស់​នៅ​ចាស់​ទៅ​រស់​នៅ​កន្លែង​ថ្មី។ ចំពោះ​ការ​ដោះស្រាយ​បញ្ហា លោក​រុញ​ទៅ​ឱ្យ​សួរ​គណៈកម្មាធិការ​ដោះស្រាយ​ទំនាស់​ដីធ្លី៖ «អត់​ទេ​អា​ហ្នឹង​មាន​គោលការណ៍​របស់​គេៗ​ធ្វើ​កន្លែង​មួយ​នៅ​ផ្លាក​ស្មោង​ហ្នឹង មាន​ផ្ទៃ​ដី​ជាង ៦០​ហិកតារ ឱ្យ​គាត់​ចាក​ចេញ​ទៅ​រស់​នៅ​ហ្នឹង​មាន​ផ្ទះ មាន​ដី មាន​សាលា​រៀន មាន​មន្ទីរពេទ្យ។ អូន​ឯង​ទាក់ទង​ទៅ អិន.ឌី.ស៊ី (NDC)»

ចំណែក​ឯ​អភិបាល​ស្រុក​មេមត់ លោក ចេង ប៉ុណ្ណារ៉ា ក៏​មិន​បាន​បកស្រាយ​អ្វី​ច្រើន​នោះ​ដែរ គ្រាន់​តែ​អះអាង​ថា បញ្ហា​នេះ​ខាង​ស្រុក​គ្រាន់​តែ​ជា​អ្នក​ធ្វើ​អត្តសញ្ញាណកម្ម​ជូន​ពួក​គាត់​ទាំង​ពីរ​ភូមិ និង​ធ្វើ​ការ​ពិភាក្សា​ដើម្បី​ធ្វើ​របាយការណ៍​ឱ្យ​ថ្នាក់​ជាតិ​ជា​អ្នក​ដោះស្រាយ។

រីឯ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពង់ចាម លោក នាង សាវ៉ាត បាន​មាន​ប្រសាសន៍​ថា បើ​យោង​ទៅ​តាម​ច្បាប់​ភូមិបាល ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ គឺ​ភូមិ​ខ្នង​ក្រពើ​កើត និង​ខ្នង​ក្រពើ​លិច គឺ​ជា​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ស្រប​ច្បាប់ គប្បី​ត្រូវ​ផ្តល់​នូវ​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពួក​គាត់​ក្នុង​ការ​កាន់​កាប់​លើ​ដី​នោះ៖ «រដ្ឋាភិបាល​គួរ​ផ្តល់​ដី​នេះ​ទៅ​ជា​កម្មសិទ្ធិ ពីព្រោះ​ដី​របៀប​នេះ​មាន​ច្រើន​ហើយ គឺ​មាន​គ្រប់​ចម្ការ​កៅស៊ូ​ទាំង​ប្រាំពីរ រដ្ឋាភិបាល​បាន​កាត់​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រួច​ហើយ នៅ​តែ​ខ្នង​ក្រពើ​លិច ខ្នង​ក្រពើ​កើត។ ខ្ញុំ​គិត​ថា ដោយសារ​តែ​ពួក​ក្រុមហ៊ុន​មួយ​ចំនួន​ហ្នឹង ពេល​ដែល​វិនិយោគ គាត់​បញ្ចូល​ដី​ហ្នឹង​ទៅ​ក្នុង​តំបន់​វិនិយោគ​ទេ។ តាម​ពិត​តាម​ឯកសារ​ដែល​យើង​ទទួល​បាន គាត់​បាន​កាត់​ទៅ​ឱ្យ​នៅ​ជា​ប្រជាជន​ក្រៅ​ពី​ក្រុមហ៊ុន​ហើយ​បាទ!»

លោក​បន្ថែម​ទៀត​ថា កាល​ដែល​បណ្ដេញ​ប្រជាពលរដ្ឋ​តំបន់​នោះ​ឱ្យ​ទៅ​រស់​នៅ​តំបន់​ផ្សេង គឺ​ជា​ការ​បន្ថែម​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ទៅ​វិញ ដែល​ប្រាសចាក​ពី​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល៖ «មាន​ក្មេង​ក៏​ច្រើន មាន​មនុស្ស​ចាស់​ក៏​ច្រើន​ដែរ! អ៊ីចឹង​ហើយ វា​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។ ទោះ​បី​ជា​តំបន់​ថ្មី​ដែល​ត្រូវ​ទៅ​នោះ ជា​តំបន់​មួយ​គិត​ថា​មាន​រដ្ឋាភិបាល គិត​ថា​ល្អ​ប្រសើរ ក៏ប៉ុន្តែ​ក៏​មិន​ដូច​ការ​រួម​រស់​នៅ​របស់​គាត់​ដែរ ពីព្រោះ​ការ​ផ្លាស់​ប្ដូរ​ក្មេង​ការ​សិក្សា ការ​ទំនាក់ទំនង​មុខ​របរ​រក​ស៊ី និង​ដំណាំ​ដែល​ពួក​គាត់​បាន​ដាំ​ដុះ​ទាំងអស់​ហ្នឹង វា​នឹង​អាច​បាត់​បង់។ អ៊ីចឹង​ហើយ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ទេ វា​រឹត​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ទៅ​ទៀត ប្រសិន​បើ​ពួក​គាត់​ត្រូវ​ចាក​ចេញ​ពី​តំបន់​នេះ»

លោក​ថ្លែង​បន្ត​ថា ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​អូស​បន្លាយ​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួក​គាត់​ត​ទៅ​ទៀត គឺ​ប្រជាពលរដ្ឋ​ត្រូវ​រស់​នៅ​ក្នុង​ភាព​មិន​ស្ងប់​ចិត្ត វា​នឹង​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លែង​មាន​ជំនឿ​ទុក​ចិត្ត​លើ​អាជ្ញាធរ​តាម​មូលដ្ឋាន និង​រដ្ឋាភិបាល។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កុមារ​តូចៗ​ដែល​កំពុង​តែ​រៀន​សូត្រ និង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ធ្វើ​ចំណាក​ស្រុក​ច្រើន​ឡើង ដែល​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក។ ជាង​នេះ​ទៅ​ទៀត នឹង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​តវ៉ា​ទាមទារ​នូវ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។