ប្រជាពលរដ្ឋជិត ៣០គ្រួសារ មានលំនៅឋានក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បានដង្ហោយរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយទប់ស្កាត់សកម្មភាពរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) និងមានការឃុបឃិតគ្នាជាមួយអាជ្ញាធរស្រុកគីរីសាគរ។
ពលរដ្ឋអះអាងថា ពួកគាត់បានមកតាំងទីលំនៅប្រកបរបរចិញ្ចឹមជីវិត និងដាំដំណាំកសិកម្ម មានដូង ខ្នុរ និងដំណាំរួមផ្សំច្រើនទៀតនៅលើទីតាំងនេះចំនួន ៣ជំនាន់ គឺចាប់តាំងពីជំនាន់សង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ មកម្ល៉េះ។
ប្រជាពលរដ្ឋរស់នៅចំណុចពយជប៉ុន ក្នុងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ស្រែកដង្ហោយរកយុត្តិធម៌ និងស្នើការជួយអន្តរាគមន៍លើករណីក្រុមហ៊ុនចិន ញូញៀន រំលោភយកដី និងដុតផ្ទះពួកគាត់ ដើម្បីប្លន់យកដីនាមូលដ្ឋាននេះ ក្រោមរូបភាពផ្តល់ដីសម្បទានសេដ្ឋកិច្ច។
តំណាងពលរដ្ឋជិត ៣០គ្រួសារ និងជាអាចារ្យវត្តគីរីគង្គា ហៅវត្តពយជប៉ុន លោក ប្រាក់ ថន មានប្រសាសន៍ថា សង្គមខ្មែរបច្ចុប្បន្ននេះអយុត្តិធម៌ណាស់ ដែលអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនបានជួយឈឺឆ្អាលចំពោះកង្វល់ពលរដ្ឋរបស់ខ្លួនទេ ប៉ុន្តែបានងាកទៅគាំទ្រសកម្មភាពល្មើសរំលោភដីធ្លីពលរដ្ឋពីក្រុមហ៊ុនឯកជនទៅវិញ។ តំណាងពលរដ្ឋរូបនេះចោទថា ក្នុងប៉ុន្មានថ្ងៃមកនេះ ក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន បានដឹកដីចាក់បិទផ្លូវចេញចូលទៅភូមិអ្នកស្រុកនៅតំបន់ពយជប៉ុន ក្នុងឃុំកោះស្ដេច ក្នុងបំណងរំលោភយកដីពលរដ្ឋ និងបង្ខំឲ្យពលរដ្ឋរើលំនៅឋានចេញពីទីតាំងចាស់ ទៅកាន់ទីតាំងថ្មីតាមបំណងក្រុមហ៊ុន។
លោក ប្រាក់ ថន បន្តថា សកម្មភាពរបស់ក្រុមហ៊ុនចិន ញូញៀន គឺមានការគាំទ្រដោយ លោក ឃីម ចាន់ឌី អភិបាលស្រុកគីរីសាគរ។ ហើយថា អភិបាលស្រុករូបនេះក៏មានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពរំលោភយកដីរបស់ប្រជាពលរដ្ឋ ផ្ដើមដោយក្រុមហ៊ុនចិន នាមូលដ្ឋាននេះកន្លងមក៖ «ក្រុមហ៊ុនចិន បានឃុបឃិតគ្នាជាមួយចៅហ្វាយស្រុកគីរីសាគរ ហើយបានឲ្យចិន ចាក់ដីបិទផ្លូវចូលភូមិពលរដ្ឋ ព្រោះពលរដ្ឋលើកគ្នាតវ៉ាចំពោះសកម្មភាពរំលោភដី និងដុតផ្ទះនាពេលកន្លងមក»។
ផ្ដើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋជិត ៣០គ្រួសារ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បើកផ្លូវចេញចូលទៅក្នុងភូមិពួកគាត់ធ្លាប់រស់នៅ ដែលត្រូវក្រុមហ៊ុនចិន ញូញៀន បានចាក់ដីបិទផ្លូវក្នុងមូលដ្ឋាននេះ ឲ្យពលរដ្ឋបានប្រើប្រាស់ឡើងវិញ។
លោក ប្រាក់ ថន ឲ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃមកនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានប្រមូលផ្តុំគ្នាបិទផ្លូវចេញចូលទៅកំពង់ផែសង់ថ្មីមួយកន្លែងរបស់ក្រុមហ៊ុន ដើម្បីឆ្លើយតប និងទាមទារឲ្យក្រុមហ៊ុននេះឈូសដីចេញពីផ្លូវចូលទៅភូមិឋាន ដើម្បីពួកគាត់បានឆ្លងកាត់ដូចដើមវិញ។ លោកបន្តថា រហូតមកដល់ល្ងាចថ្ងៃសៅរ៍ ទី២៧ ខែធ្នូ អាជ្ញាធរពាក់ព័ន្ធខេត្តកោះកុង មិនបានចេញមុខជួយរកដំណោះស្រាយលើកង្វល់ពលរដ្ឋនោះទេ ហើយពួកគាត់នឹងបន្តបោះតង់ស្នាក់នៅលើផ្លូវនេះមួយយប់ទៀត ដើម្បីរង់ចាំដំណោះស្រាយបន្តទៀត៖ «សម្ដេច ហ៊ុន សែន ជួយមើលពលរដ្ឋនៅឃុំកោះស្ដេច ផង កុំឲ្យក្រុមហ៊ុនចិន មករំលោភយកដី និងដុតផ្ទះ ព្រមទាំងបិទផ្លូវចេញចូលទៅក្នុងភូមិពលរដ្ឋតទៅទៀត។ ហើយទុកផ្លូវនេះឲ្យពលរដ្ឋបានប្រើប្រាស់ដូចដើមឡើងវិញ»។
ឆ្លើយតបបញ្ហានេះ លោក ឃឹម ចាន់ឌី អភិបាលស្រុកគីរីសាគរ ខេត្តកោះកុង បានចោទសកម្មភាពពលរដ្ឋថាប្រឆាំងផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ញូញៀន ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅក្នុងតំបន់នេះ។ អភិបាលស្រុករូបនេះ មិនគាំទ្រសកម្មភាពរបស់ពលរដ្ឋទេ និងចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុនចិន ថាបានអនុវត្តត្រឹមត្រូវ៖ «ពាក្យថាបិទផ្លូវពលរដ្ឋមិនឲ្យចេញចូលទៅភូមិនោះ គឺមិនត្រឹមត្រូវទេ។ ក្រុមហ៊ុនគេអនុវត្តទៅតាមសិទ្ធិវិនិយោគរបស់គេតាមច្បាប់។ ហើយពលរដ្ឋទេដែលខុស គឺផ្លូវគេអភិវឌ្ឍថ្មីឲ្យដើរ មិនដើរទេ គឺនាំគ្នាប្រឆាំង»។
ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋចោទថា ក្រុមហ៊ុនចិន ញូញៀន នៅក្នុង ៣ខែចុងឆ្នាំ២០១៤ នេះ គឺបានធ្វើសកម្មភាពពង្រាយកម្លាំងសន្តិសុខរាប់សិបនាក់ និងគ្រឿងចក្រឈូសឆាយ និងដុតផ្ទះពលរដ្ឋជិត ២០ខ្នងទាំងបង្ខំ។ ហើយថា សកម្មភាពនេះអាជ្ញាធរមូលដ្ឋានឃុំ ស្រុក រហូតដល់ថ្នាក់ខេត្ត មិនបានជួយឈឺឆ្អាលចំពោះកង្វល់របស់ប្រជាពលរដ្ឋទេ នៅពេលពួកគាត់ស្នើសុំកិច្ចអន្តរាគមន៍កន្លងមក។
តំណាងពលរដ្ឋឃុំកោះស្ដេច លោក ប្រាក់ ថន ឲ្យដឹងទៀតថា បច្ចុប្បន្ននេះមានពលរដ្ឋជិត ២០គ្រួសារ កំពុងខ្វះជម្រក និងខ្វះស្បៀង បន្ទាប់ពីត្រូវក្រុមហ៊ុនចិន បានដុតផ្ទះ និងបំផ្លាញផលដំណាំពួកគាត់នៅស្រុកគីរីសាគរ ហើយពេលនេះ ពលរដ្ឋខ្វះជម្រកទាំងនោះកំពុងស្នាក់នៅក្នុងកុដិរបស់វត្តគីរីគង្គា ហៅវត្តពយជប៉ុន ដោយរំពឹងថា ប្រមុខរដ្ឋាភិបាលនឹងជួយរកយុត្តិធម៌។
បញ្ហានេះដែរ លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តកោះកុង ក៏បានស្នើដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាប្រធានគណៈកម្មការអន្តរក្រសួងដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ ត្រូវចេញមុខជួយដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋនៅឃុំកោះស្ដេច ឲ្យបានឆាប់។ ជាងនេះ លោកក៏ស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួយអន្តរាគមន៍បញ្ឈប់សកម្មភាពក្រុមហ៊ុនចិន ញូញៀន ហើយផ្តល់យុត្តិធម៌ជូនពលរដ្ឋរងគ្រោះ ដោយការទទួលខុសត្រូវខ្ពស់៖ «តាមការសង្កេតរបស់សង្គមស៊ីវិល គឺមិនមែននៅស្ងៀមៗពលរដ្ឋមកបិទផ្លូវទេ។ ដើមហេតុមកពីក្រុមហ៊ុនចិន ញូញៀន ដែលបានធ្វើសកម្មភាពរំលោភដុតផ្ទះរបស់ប្រជាពលរដ្ឋ និងចាក់ដីព័ទ្ធផ្ទះយកដីធ្លី និងផ្ទះសម្បែងពួកគាត់ ទើបគាត់ឆ្លើយតបដោយការបិទចូលទៅស្រុកគីរីសាគរ តទល់វិញ ដើម្បីស្វែងរកដំណោះស្រាយ។ ករណីនេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសថ្នាក់ជាតិ ត្រូវចុះដោះស្រាយបញ្ហានេះជូនពលរដ្ឋនៅឃុំកោះស្ដេច ឲ្យបានឆាប់»។
លោក ប៊ុន លឺត អភិបាលខេត្តកោះកុង មានប្រសាសន៍ថា នឹងពិនិត្យដោះស្រាយបញ្ហាតវ៉ា និងការបិទផ្លូវផ្ដើមដោយក្រុមហ៊ុនចិន ញូញៀន និងប្រជាពលរដ្ឋឃុំកោះស្ដេច ឲ្យមានការឯកភាពគ្នាឲ្យបានត្រឹមត្រូវឡើងវិញ៖ «យើងដឹងថាមានក្រុមហ៊ុនចាក់ដីបិទផ្លូវ ហើយប្រជាជនកាប់ដើមឈើបិទផ្លូវ។ ខ្ញុំកំពុងតែពិនិត្យមើលរឿងនេះ និងឈានទៅដោះស្រាយ»។
ប្រជាពលរដ្ឋចន្លោះពី ៣០គ្រួសារ ទៅ ៤០គ្រួសារ រស់នៅចំណុចពយជប៉ុន ក្នុងភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ដែលក្រាញននៀលធ្វើការតវ៉ាជាមួយក្រុមហ៊ុនចិន ពេលនេះ គឺជាគ្រួសារនៅសេសសល់ចុងក្រោយ ដែលមិនព្រមចាកចេញពីភូមិកំណើតធ្លាប់រស់នៅចំនួន ៣ជំនាន់មកហើយ ទៅកាន់ទីតាំងថ្មីតាមការបង្ខំរបស់ក្រុមហ៊ុនចិន ញូញៀន និងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។