ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន តវ៉ា​រក​ដំណោះស្រាយ​មុខ​សាលា​ខេត្ត​កោះកុង

0:00 / 0:00

ពលរដ្ឋ​ប្រមាណ​៦០​នាក់​តំណាង​ឲ្យ​ជាង​២០០គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន(Union)នៅ​ក្នុង​ស្រុក​គីរីសាគរ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ខេត្ត​កោះកុង ស្នើ​សុំ​អភិបាលខេត្ត​​ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួក​គាត់។

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ យល់​ថា​ការ​រុញ​ដាក់​គ្នា​ទៅវិញ​ទៅ​មក​រវាង​អាជ្ញាធរ​ខេត្ត និង​អន្តរក្រសួង គឺ​ជា​ការ​គេចវេះ​មិន​ដោះស្រាយ​បញ្ចប់​វិវាទ​ជូន​ពលរដ្ឋ។

តំណាង​សហគមន៍​ព្រែកខ្សាច់ ​លោកស្រី ផា ភួង ថ្លែង​ថា ​ពួក​គាត់​ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ ខំ​ស្វែង​រក​ដំណោះស្រាយ​រឿង​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ ពី​ក្រសួង​ដែនដី ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខេត្ត​កោះកុង​ ច្រើន​ដង​មក​ហើយ ប៉ុន្តែ​បាន​ត្រឹម​តែ​ការ​សន្យា​ចោល ដោយ​អាជ្ញាធរ​និយាយ​រុញ​ដាក់​គ្នា​ទៅ​វិញ។

លោកស្រី ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង​២០០​គ្រួសារ​ នៅ​ស្រុក​គីរីសាគរ គ្មាន​ត្រូវ​ការ​អ្វី​ក្រៅ​ពី​ដីធ្លី​ ស្រែ​ចម្ការ​របស់​ពួកគាត់​មក​វិញ​នោះ​ទេ។ លោកស្រី ស្នើ​សុំ​រដ្ឋាភិបាល កាត់​ឆ្វៀល​ដី​ចេញ​ពី​តំបន់​របស់​ក្រុមហ៊ុន​ និង​ចេញ​ប្លង់​កម្ម​សិទ្ធិ​កាន់​កាប់​ដីធ្លី​ឲ្យ​ពួក​គាត់។

តំណាង​ពលរដ្ឋ​រូប​នេះ​ បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ត្រូវ​ផ្ដល់​ជា​សំណង​ទឹក​ប្រាក់ ​ទៅតាម​តម្លៃ​ទីផ្សារ ចំពោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ណា​ដែល​ក្រុមហ៊ុន​ត្រូវ​ការ៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​ជំរុញ​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ ជួយ​ដោះស្រាយ​ពួក​ខ្ញុំ​នៅ​ក្នុង​ឃុំ​ជីមាស និង​ឃុំ​កោះស្ដេច។ ចំណែក​ឃុំ​ព្រែក​ខ្សាច់ ពួក​ខ្ញុំ​សុំ​ឲ្យ​សម្ដេច​ជួយ​កាត់​ឆ្វៀល​ដី​ជូន​ពួក​ខ្ញុំ​មក ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​ទីនោះ​តាំង​ពី​ដូនតា​។ រហូត​មក​បច្ចុប្បន្ន គឺ​វេទនា​ខ្លាំង​ណាស់ ហើយ​អ៊ីចឹង​សូម​ឲ្យ​ដោះស្រាយ​ជូន​ពួក​ខ្ញុំ​ឲ្យ​លឿន​មក​ ព្រោះ​អ្វី​ពួក​ខ្ញុំ​រងគ្រោះ​ជាង​១១​ឆ្នាំ​ហើយ»។

ក្រោយ​តវ៉ា​ដល់​ម៉ោង​២​រសៀល ថ្ងៃ​ទី​៣ កុម្ភៈ ពលរដ្ឋ​ឲ្យ​ដឹង​ថា មាន​មន្ត្រី​សាលា​ខេត្ត​​ចេញ​មក​ប្រាប់​ពួកគាត់​ថា ​អភិបាល​ខេត្ត​កោះកុង​ អ្នកស្រី មិថុនា ភូថង ​ជាប់​រវល់​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ហើយ អភិបាល​រង​ខេត្ត​ទទួល​បន្ទុក​ខាង​ដោះស្រាយ​ជម្លោះ​ដីធ្លី លោក សុខ សុធី ក៏​ជាប់រវល់​ចុះ​ទៅ​តាម​ស្រុក​ដែរ​។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង និង​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​នៅ​ឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ តែ​គ្មាន​អ្នក​ទទួល។

កាល​ដើម​ខែ​មករា​កន្លង​ទៅ ក្រុម​ពលរដ្ឋ​ធ្លាប់​បាន​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែន​ដី​ដែរ​ ប៉ុន្តែ​ក្រសួង​ប្រាប់​ពលរដ្ឋ​ឲ្យ​ទៅ​រក​​ដំណោះស្រាយ​ពី​ខាង​អាជ្ញាធរ​ខេត្ត​វិញ។

ជម្លោះ​រវាង​ពលរដ្ឋ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន នៅ​ខេត្ត​កោះកុង បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​ជាង ១០ឆ្នាំ​មក​ហើយ។ ពលរដ្ឋ​ ថា​ក្រុមហ៊ុន​ចិន យូញៀន​ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញពី​លំនៅឋាន ក្នុង​ភូមិ​ក្បែរ​មាត់​សមុទ្រ ដោយ​ផ្ដល់​សំណង​មិន​សមរម្យ​ឲ្យ​ពលរដ្ឋ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផល​ដំណាំ​របស់​ពួកគាត់​អស់​ជាច្រើន​ហិកតារ នៅ​តំបន់​ថ្ម​ពាន ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​កោះកុង លោក ហួរ អ៊ីន ដែល​តាម​ដាន​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ ថ្លែង​ថា បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន ហើយ​ចេះ​តែ​បន្ត​អូស​បន្លាយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ គឺ​ដោយ​សារ​ខាង​អាជ្ញាធរ​ខេត្ត​ និង​ក្រសួង​ពាក់​ព័ន្ធ ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​មួយ​នេះ ក្រៅ​ពី​រុញ​ដាក់​គ្នា​ទៅ​វិញ​មក។

លោក​យល់​ថា ជាង​១០​ឆ្នាំ​មក​នេះ គឺ​សម​ល្មម​ដល់​ពេល​វេលា​ ដែល​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ ​ក្រសួង​ដែនដី ក្រសួង​បរិស្ថាន​ រួម​ទាំង​ភាគី​ក្រុមហ៊ុន​ចិន ​គិត​ផ្ដល់​ដំណោះស្រាយ​ណាមួយ​ដែល​ពលរដ្ឋ​អាច​ទទួលយក​បាន៖ « នេះ​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន ហើយ​នឹង​ថ្នាក់​ក្រសួង​ តើ​មាន​លទ្ធភាព​ក្នុង​ការ​ផ្ដល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ​ដែរ​ឬ​អត់ ? បើ​សិន​ជា​អត់​មាន​លទ្ធភាព​ទេ ពិចារណា​ឆ្វៀល​ដី​ឲ្យ​ពួកគាត់​វិញ​ទៅ ព្រោះ​ភាគ​ច្រើន​គាត់​ចង់​បាន​ដី​របស់​គាត់​វិញ​ទេ។ អ៊ីចឹង​ !​ ក្នុង​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ ឬ​អាជ្ញាធរ​ថា គ្មាន​លទ្ធភាព​ដោះស្រាយ​ឲ្យ​គាត់​ទេ ឆ្វៀល​ដី​ឲ្យ​គាត់​វិញ​ទៅ មិន​គួរ​ណា​អូស​បន្លាយ​ដល់​ជាង​១០​ឆ្នាំ​អ៊ីចឹង​ទេ» ។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប ​(Union Development Group Co.,Ltd) ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន​៥ពាន់​ហិកតារ (៤៥.១០០) ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤ពាន់​លាន​ដុល្លារ (៣,៨​ពាន់​លាន​ដុល្លារ)។

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់​គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​នៅ​ឡើយ​ គិត​មក​ដល់​ពេល​នេះ។

កាល​ពី​ឆ្នាំ២០១៨ កន្លង​ទៅ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ដែល​មាន​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង​ទៅ​សាលា​ខេត្ត​កោះកុង​ដោយ​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖ « ក្រសួង​បរិស្ថាន​ត្រូវ​សិក្សា​ការ​កាត់​ឆ្វៀល​ដី​នៅ​ទីតាំង​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរី​សាគរ និង​ទីតាំង​កៀន​ទឹក ឃុំ​ថ្មស ស្រុក​បទុម​សាគរ​ ខេត្ត​កោះកុង​ ចេញ​ពី​តំបន់​វិនិយោគ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) សម្រាប់​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពាក់​ព័ន្ធ »

ក្នុង​លិខិត​នោះ ​លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ យូញៀន ឌីវេឡុប​មិន គ្រុប ​(Union Development Group Co.,Ltd) ត្រូវ​រក្សា​ទុក​ព្រៃ​កោង​កាង​ ព្រៃ​លិច​ទឹក​ តំបន់​ព្រៃ​ស្រោង​ តំបន់​ទី​ជម្រាល​ភ្នំ​ ជា​តំបន់​អភិរក្ស នៅ​ក្នុង​ប្លង់​មេ​ និង​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​ផង​ដែរ។

ក្រោយ​មក ក្រសួង​បរិស្ថាន​ក៏​បាន​និរាករណ៍​លិខិត​ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ​ចោល​វិញ ដោយ​គ្មាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់​ណា​មួយ​ទេ។

សង្គម​ស៊ីវិល​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស ទទូច​ដល់​រដ្ឋាភិបាល ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ពេលវេលា​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​ចៀសវាង​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។