តំណាងពលរដ្ឋមានបញ្ហាដីធ្លីជាមួយអាជ្ញាធរ និងក្រុមហ៊ុន មកពី ៤រាជធានីខេត្ត បានប្រមូលផ្តុំគ្នាដាក់ញត្តិមុខមន្ទីររដ្ឋសភា ដើម្បីសុំអន្តរាគមន៍ពីតំណាងរាស្ត្រីទាំងពីរគណបក្ស។ ការស្វែងរកអន្តរាគមន៍នៅថ្ងៃទី៣១ ខែតុលា បន្ទាប់ពីក្រុមប្រជាពលរដ្ឋមានបញ្ហាដីធ្លីជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ។
ការប្រមូលផ្តុំគ្នារបស់តំណាងប្រជាពលរដ្ឋមកពីខេត្តពោធិ៍សាត បាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាង ១០០នាក់ នៅមុខមន្ទីរដ្ឋសភា អ្នកខ្លះបានលើកបដាសរសេរសុំរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី អ្នកខ្លះបង្ហាញរូបក្រុមប្រជាពលរដ្ឋរងរបួសដោយការតវ៉ាកន្លងមក ហើយពួកគេក៏មិនភ្លេចបង្ហាញរូបក្រុមអជ្ញាធរដែលរំលោភដីពួកគេដែរ។ ខណៈដែលក្រុមប្រជាពលរដ្ឋស្រែកហៅតំណាងមកទទួលញត្តិ ប៉ុន្តែគ្មានអ្នកមកទទួល អ្នកខ្លះបានគប់ពងមាន់នៅមុខខ្លោងទ្វាររដ្ឋសភា អ្នកខ្លះឡើងលើរបងរដ្ឋសភាលើកក្រវីបង្ហាញញត្តិ។
អ្នកស្រី ប្រាក់ សុផល មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ទ្រី ភាព មកពីឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០១០ ឲ្យដឹងថា អ្នកស្រីក៏ដូចជាប្រជាពលរដ្ឋមានបញ្ហាដីធ្លីផ្សេងទៀត ជាញឹកញយត្រូវរត់ចូលព្រៃដើម្បីគេចចេញពីការគំរាមកំហែងរបស់ក្រុមអាជ្ញាធរ ហើយអ្នកស្រីក៏មិនអាចចូលបង្កបង្កើនផលលើដីអ្នកស្រីបានឡើយ។ ក្រៅពីបង្ហាញឯកសារថាដីមានជម្លោះនោះជាដីអ្នករបស់អ្នកស្រី អ្នកស្រី ប្រាក់ សុផល ក៏ប្រកាសស្បថដាក់ជីវិតថាដីនោះជាដីរបស់អ្នកស្រីពិតមែន៖ «ធ្វើផ្ទះគេរុះចោលៗ គេយកកម្លាំងបរិស្ថានទាំងឡានៗ។ កំពុងច្រូតស្រូវក៏ដេញដែរខ្ញុំ។ ដេកព្រៃអស់ ១៣ថ្ងៃដែរ ខ្នោះគេពីរកេះក្នុងមួយឡានៗ មួយឡានមួយកេះ។ អ៊ីចឹងយើងខ្លាចខ្នោះ យើងអត់ដឹងថា ច្បាប់ជួយអីយ៉ាងម៉េចអីយ៉ាងម៉េច...»។
ក្រោយពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យបណ្តាក្រុមហ៊ុននានា បញ្ហាដីធ្លីបានកើតឡើងស្ទើរពេញប្រទេស។ ថ្មីៗនេះ រដ្ឋាភិបាលបានលុបចោលកិច្ចកិច្ចសន្យាពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ១៩ និងបានយកដីនោះមកគ្រប់គ្រងវិញ ប៉ុន្តែបញ្ហាដីធ្លីនៅតែកើតមានដដែល។
អ្នកស្រី ជួន ផល្លី តំណាងពលរដ្ឋមានបញ្ហាដីធ្លីមកពីខេត្តបាត់ដំបង បានចោទប្រកាន់ថា មេឃុំបឹងប្រាំ លោក ឈា នី បានរៀបចំដីសម្បទានសង្គមកិច្ចជាន់លើប្លង់នៃដីសមាហរណកម្មរបស់យោធាខ្មែរក្រហមកាត់រំសាយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជម្លោះនឹងគ្នា ដោយអ្នកខ្លះមានដីគ្មានប្លង់កម្មសិទ្ធិ ចំណែកអ្នកមានប្លង់កម្មសិទ្ធិបែរជាគ្មានដីកាន់កាប់។
អ្នកស្រី ជួន ផល្លី មានក្តីរំពឹងថា តំណាងរាស្ត្រទាំងពីរគណបក្សនឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយផ្តល់ដីឲ្យពួកគេមកវិញ៖ «ខ្ញុំចង់ឲ្យលោករដ្ឋសភាហ្នឹងជួយដោះស្រាយទំនាស់ដីធ្លីហ្នឹងឲ្យខ្ញុំជាប្រជាពលរដ្ឋចាស់ដែលអត់ប្លង់ ធ្វើកម្មសិទ្ធិ ជួយខ្ញុំផង ជួយដោះស្រាយខ្ញុំផង ព្រោះពួកខ្ញុំរងគ្រោះច្រើន មិនមែនត្រឹមតែប្អូនខ្ញុំស្លាប់ទេ មានអ្នកដែលវ៉ៃហែកអាវហែកខោគ្នាមនុស្សស្រី យកគោយន្តគ្នាអត់ឲ្យនៅសព្វថ្ងៃ អត់ដឹងអង្គការណាណីទេ ចូលទៅយកហើយមិនឲ្យទៀតគោយន្តហ្នឹង ថាទាល់តែឲ្យដីវាបានវាឲ្យ»។
ក្រោយការស្រែកទាមទារពីក្រុមប្រជាពលរដ្ឋជាង ៣ម៉ោង តំណងរាស្ត្រីទាំងពីរគណបក្ស ក្នុងនាមជាគណៈកម្មាធិកាទី១សភា ទទួលបន្ទុកទទួលពាក្យបណ្តឹង បានចេញទទួលញត្តិប្រជាពលរដ្ឋ និងបានសុំទោសចំពោះការយឺតយ៉ាវ។
លោកស្រី ឡោ ខេង តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ក្នុងពេលទទួលញត្តិពលរដ្ឋមានប្រសាសន៍ថា គណៈកម្មការទី១រដ្ឋសភានឹងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។ ប៉ុន្តែលោកស្រីបានទាមទារសុំពេលវេលាសមរម្យមួយក្នុងការដោះស្រាយ។ ទោះបែបនេះក្តី លោកស្រីបញ្ជាក់ថា ដំណោះស្រាយមិនចំណាយរាប់ឆ្នាំឡើយ។
លោកស្រី ឡោ ខេង មានប្រសាសន៍ទៀតថា បន្ទាប់ពីទទួលញត្តិនេះ គណៈកម្មាធិការរដ្ឋសភានឹងធ្វើការពិនិត្យ ស្រាវជ្រាវដល់កន្លែងកើតហេតុទើបធ្វើការដោះស្រាយ៖ «ចា! វាមិនយូរទៅដល់បួនដប់ឆ្នាំដូចបងប្អូនបានតស៊ូទេ តែវាត្រូវការរយៈពេលយូរ ហើយឥឡូវគណៈកម្មការទី១ គឺសុំបងប្អូនមេត្តយោគយល់ យើងខ្ញុំធ្វើការរាល់ថ្ងៃនេះ សឹងដាច់បាយហើយថ្ងៃ។ យើងមិនចង់ឲ្យបងប្អូនយើងមួយណាមានភាពលំបាកទេ។ អ៊ីចឹងដែលយើងខំដោះ ឥឡូវនេះសុំទុកឧកាសសំណុំរឿងច្រើនជាងមួយរយករណីដែលយើងកំពុងអង្គុយបំបែកសំណុំរឿងណាពាក់ព័ន្ធសំណុំរឿងពាកព័ន្ធខេត្តណា»។
បញ្ហាដីធ្លីបានធ្វើឲ្យមេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើ (Richard Rogers) ប្តឹងក្រុមមន្ត្រីធំៗរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកជំនួញទៅតុលាការអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) កាលដើមខែតុលា ឆ្នាំ២០១៤។ ក្នុងពាក្យបណ្តឹងនោះ លោកមេធាវីរកឃើញថា ក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ពលរដ្ឋប្រមាណ ៧សែន ៧ម៉ឺននាក់ ដែលស្មើប្រមាណ ៦% នៃពលរដ្ឋសរុប រងគ្រោះបញ្ហាដីធ្លីនៅកម្ពុជា ដោយការបណ្ដេញដោយបង្ខំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។