ពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃ ក្រុម៣១៧គ្រួសារ នៅខេត្តកោះកុង ជាមួយក្រុមហ៊ុនស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ បានលើកគ្នាឡើងតវ៉ានៅមុខក្រសួងរៀបចំដែនដីជាថ្មី ដើម្បីតវ៉ានឹងការវាស់ដីព្រៃលិចទឹក សងឲ្យពលរដ្ឋ។ សង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ អនុវត្តតាមកិច្ចសន្យាសងដី ដែលអាចធ្វើស្រែ ដាំដំណាំ និងសាងសង់លំនៅឋានឲ្យពលរដ្ឋ ទើបជម្លោះអាចបិទបញ្ចប់។
ពលរដ្ឋ ដែលឡើងមកតវ៉ាមានចំនួនជាង ២០០នាក់ មកពីភូមិចំនួន៩ នៃឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម ឃុំកណ្ដោល ស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ គឺលោក ឱម ផុន ឲ្យដឹងថា ពួកគេបានមកតវ៉ានៅភ្នំពេញជាច្រើនថ្ងៃហើយ។ ពលរដ្ឋរូបនេះ បន្ដថា ពួកគេមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរខេត្តកោះកុង ដែលវាស់វែងដីព្រៃនិងដីភក់ក្នុងបឹងលិចទឹកឲ្យពួកគេ ហើយមិនអាចធ្វើស្រែ ដាំដំណាំ ឬសង់លំនៅឋានបាន ទើបពួកគេមករកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ឲ្យចេញមុខជួយ។ លោកបន្ដថា អាជ្ញាធររាជធានីភ្នំពេញ បានរារាំងពួកគេ មិនឲ្យដើរដង្ហែ យកញត្តិទៅដាក់តាមស្ថាប័នរដ្ឋទេ ដោយណែនាំឲ្យពួកគេតវ៉ា ដោយស្ងៀមស្ងាត់ ប៉ុន្តែពលរដ្ឋមិនព្រម។ លោក ថា ដោយសារ សុខភាពទន់ខ្សោយ លោកសន្លប់ ២ដង ក្នុងការតវ៉ាជាច្រើនថ្ងៃមកនេះ។ «»
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង កាលពីដើមខែមិថុនា បានចេញសេចក្តីប្រកាសព័ត៌មានថា ក្រុមការងារជំនាញ នឹងដោះស្រាយបញ្ចប់ទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុនស្ករអំពៅ នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ឲ្យបានរួចរាល់ទាំងស្រុងនៅបំណាច់ខែមិថុនាឆ្នាំ២០១៨នេះ។
សេចក្ដីប្រកាសព័ត៌មានកាលណោះ ធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា បានចុះជួបតំណាងប្រជាពលរដ្ឋ ៣១៧គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនឈ្មោះ កោះកុងស៊ូហ្គើ (Kohkong Sugar) និងក្រុមហ៊ុនកោះកុងផ្លេនថេសិន (Kohkong Plantation) នៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ កាលពីថ្ងៃទី៥ ខែមិថុនា។ ក្រសួងបញ្ជាក់ថា ក្រុមការងារកំពុងមមាញឹក វាស់វែងបែងចែកដីឡូតិ៍ ជូនក្រុមប្រជាពលរដ្ឋ២០០គ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍រួចរាល់ និងជូនក្រុមប្រជាពលរដ្ឋ ១៧៥គ្រួសារ ដែលជិតនឹងបានបញ្ចប់ទៅហើយនោះ។
បន្ទាប់ពីនេះ ក្រុមការងារជំនាញ នឹងបន្តចាត់ចែងបែកចែកដីឡូតិ៍ សម្រាប់ក្រុមប្រជាពលរដ្ឋ ៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋ ៩៨គ្រួសារ សរុបចំនួន ៥៨៥គ្រួសារ ដែលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់ ចន្លោះពីថ្ងៃទី២០ ខែមិថុនា ដល់បំណាច់ខែមិថុនានេះ។
ពលរដ្ឋម្នាក់ទៀត ក្នុងក្រុម ៣១៧គ្រួសារ គឺលោក ង៉ែត ស៊ឹម ឲ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួង និងអាជ្ញាធរខេត្តកោះកុង ពិតជាបានចុះវាស់វែង ដីសងពលរដ្ឋពិតមែន ប៉ុន្តែដីនោះ ជាប្រភេទដីព្រៃ សំបូរថ្ម ដីខ្លះជាដីបឹង ដីភក់ សំបូរសត្វឈ្លើង ដែលមិនអាចដាំដំណាំបាន។ ម្យ៉ាងដីនោះ គ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ពិសេសគឺគ្មានថ្នល់ធ្វើដំណើរ។ «»
ចំណែកពលរដ្ឋក្រុម ១៧៥គ្រួសារ មានអ្នកស្រី ផាវ ញ៉ឹង ជាតំណាងឲ្យដឹងថា ក្រុមពួកគាត់ក៏ទទួលបានដីប្រភេទបែបនេះដូចគ្នា។ តែយ៉ាងណា អ្នកស្រី ផាវ ញ៉ឹង ថា នៅរង់ចាំមើលការដោះស្រាយសិន ហើយបើសិនពលរដ្ឋមិនទទួលយកបាន ក្រុម១៧៥គ្រួសារ ក៏អាចនឹងឡើងទៅតវ៉ានៅភ្នំពេញជាថ្មីដែរ។ «»
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និង អភិបាលរងខេត្តកោះកុង ទទួលបន្ទុកដីធ្លី លោក អន ភារៈ បានទេ នៅថ្ងៃទី២៨ មិថុនា។ ប៉ុន្តែអភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានស្នើឲ្យពលរដ្ឋក្រុម ៣១៧គ្រួសារ ដែលតវ៉ានៅមុខក្រសួងរៀបចំដែនដី ទៅដេករង់ចាំ ក្នុងវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យវិញ ដោយអាជ្ញាធរនឹងសម្របសម្រួល ហៅអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ទៅជួប នៅព្រឹកថ្ងៃទី២៩ មិថុនា។ «»
អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន យល់ថា ដើម្បីដោះស្រាយបញ្ចប់រឿងនេះ ទាំងក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ត្រូវធ្វើតាមការព្រមព្រៀងគ្នា ជាមួយពលរដ្ឋ គឺត្រូវសងដី ដែលពលរដ្ឋអាចទទួលយកបាន។ «»
ពលរដ្ឋ និងអាជ្ញាធររាជធានីភ្នំពេញ នៅតែខ្វែងគំនិតគ្នា ដោយសារពលរដ្ឋ សំណូមពរ ឲ្យមានការ ជួបគ្នា នៅក្នុងក្រសួងរៀបចំដែនដី ព្រោះវត្តអារាម មិនមែនជាកន្លែងដោះស្រាយបញ្ហាដីធ្លីទេ។ពួកគេព្រមានថា នឹងមិនទៅខេត្តកោះកុងវិញទេ ប្រសិនបើពួកគេមិនទទួលបានដំណោះស្រាយពីក្រសួងដែនដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។