ប្រជាពលរដ្ឋនៅខេត្តកំពង់ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្នើសុំឲ្យអាជ្ញាធរដោះស្រាយជូនពួកគាត់តាមការសន្យា បន្ទាប់ពីបោះឆ្នោតរួច។ មន្ត្រីសិទ្ធិមនុស្ស យល់ថា អាជ្ញាធរគួរតែមានវិធានការជួយដល់ប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានជម្លោះរាំរ៉ៃពីមួយ អាណត្តិទៅមួយអាណត្តិ ដែលធ្វើប៉ះពាល់ដល់ជីវភាព និងសិទ្ធិរស់រានមានជីវិត។
តំណាងប្រជាពលរដ្ឋ ២៥គ្រួសារនៅខេត្តកំពង់ចាម ដែលរងផលប៉ះពាល់ដោយសារការបោះបង្គោលអគ្គិសនីលើដីស្រែ និងដីលំនៅឋានរបស់ពួកគាត់ អះអាងថា ក្រោយការបោះឆ្នោតរួច គឺអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិ បានបន្តព្រងើយកន្តើយក្នុងករណីជម្លោះដីធ្លីពួកគាត់។
តំណាងពលរដ្ឋរងគ្រោះដីធ្លី និងជាអតីតមេក្រុមគណបក្សប្រជាជនកម្ពុជានៅភូមិបឹងស្នាយ សង្កាត់សំបូមាស ក្រុងកំពង់ចាម អ្នកស្រី មិត្ត គីមថា មានប្រសាសន៍ថា កាលពីមុនការបោះឆ្នោត អាជ្ញាធរបានឲ្យពួកគាត់ស្ងប់ស្ងាត់ឈប់តវ៉ា និងបានសន្យាថា នឹងចុះពិនិត្យដោះស្រាយជម្លោះដីធ្លីពួកគាត់ ក្រោយបោះឆ្នោតរួចរាល់ ប៉ុន្តែទីបំផុត អាជ្ញាធរបានបន្តកុហកពួកគាត់ម្តងហើយម្តងទៀត ដោយមិនបានគោរពតាមការសន្យានោះទេ។ អ្នកស្រី បន្តថា ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានដំណោះស្រាយ កំពុងជួបការលំបាកក្នុងជីវភាពគ្រប់បែបយ៉ាងទាំង និងខកចិត្តយ៉ាងខ្លាំង។
ទំនាស់ដីធ្លីរវាងពលរដ្ឋ ៣០គ្រួសារជាមួយនឹងអាជ្ញាធរអគ្គិសនីកម្ពុជានេះ គឺបានកើតឡើងតាំងពីឆ្នាំ២០១៥ ស្ថិតនៅក្នុងក្រុងកំពង់ចាម និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីអគ្គិសនីកម្ពុជា បោះបង្គោលធំៗ ខ្លះចំដីស្រែ និងខ្លះចំដីផ្ទះតែម្តង។ ប្រជាពលរដ្ឋ នាំគ្នាសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន រហូតដល់អាជ្ញាធរខេត្តតាំងពីឆ្នាំ២០១៦ ប៉ុន្តែបានត្រឹមសន្យាខ្យល់ និងផ្ដល់សំណងផលប៉ះពាល់ជូនពួកគាត់ក្នុងកម្រិតដែលមិនអាចទទូលយកបាន គឺ ១ម៉ែត្រការ៉េ តម្លៃជិត ២ដុល្លារប៉ុណ្ណោះ។ ពួកគាត់ទាមទារការដោះស្រាយដីឱ្យបានសមស្របតាមតម្លៃទីផ្សារដី គឺ ១ម៉ែត្រការ៉េ តម្លៃ ៤៥ដុល្លារ។
អ្នកស្រី មិត្ត គីមថា បន្តស្នើសុំឲ្យអាជ្ញាធរជួយពន្លឿនដោះស្រាយទំនាស់ដីធ្លីរ៉ុំារ៉ៃរបស់ពួកគាត់តាមការសន្យាមុនការបោះឆ្នោតឲ្យបានសមរម្យ។ អ្នកស្រីឲ្យដឹងដែរថា ប្រសិនបើអាជ្ញាធរបន្តព្រងើយកន្តើយទៀតនោះ គឺពួកគាត់គ្មានជម្រើសអ្វី ក្រៅពីចេញតវ៉ាទៀតនោះទេ។ «»
ទាក់ទងករណីនេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានឆ្លើយថា លោកមិនដែលសន្យាជាមួយប្រជាពលរដ្ឋអំពីរឿងដំណោះស្រាយនោះទេ។ អាស៊ីសេរី បានបន្តសួរលោក គួច ចំរើន ថាតើអាជ្ញាធរខេត្ត នឹងមានវិធានការណ៍ដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះយ៉ាងណាទេ ក្រោយបោះឆ្នោតរួច? លោក គួច ចំរើន បែរជាមិនឆ្លើយសំនួរនេះទេ ហើយអោយសួរឡើងវិញដដែលៗ រួចហើយលោកចុចបិទទូរស័ព្ទតែម្តង។ «»
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោកស៊ឹង សែនករុណា មានប្រសាសន៍ថាលោក សោកស្តាយចំពោះករណីដីធ្លីនេះ ដែលប្រជាពលរដ្ឋតវ៉ាទាមទារច្រើនលើកច្រើនសាហើយ ប៉ុន្តែ អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ហាក់មិនបានសហការគ្នាដើម្បីរកដំណោះស្រាយសមរម្យជូន ប្រជាពលរដ្ឋ និងបានរុញច្រានរឿងនេះដាក់គ្នាទៅវិញទៅមក ហើយថែមទាំងចោទពួកគាត់ជាអ្នកប្រឆាំងទៀងផង។ លោកបន្ថែមថា ការពន្យាពេល និងការខ្វះការទទួលខុសត្រូវបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋខាតបង់ពេលវេលា ប៉ះពាល់ដល់ជីវភាព និងសិទ្ធិសេរីភាព។ ចំណែកស្ថាប័នរដ្ឋាភិបាល នឹងទទួលរងនៅការរិះគន់កាន់តែខ្លាំងថែមទៀត។ «»
កាលពីថ្ងៃទី១៣ ខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតមួយ ច្បាប់ជម្រុញឲ្យអាជ្ញាធរតាមរាជនី-ខេត្ត ត្រូវបង្កើនប្រសិទ្ធភាព នៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីប្រកបដោយតម្លាភាព សុចរិតភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់នៅមុនការបោះឆ្នោត ដើម្បីជៀសវាងពលរដ្ឋឡើងមកតវ៉ានៅភ្នំពេញ។
ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ អះអាងថា លិខិតរបស់ក្រសួងមហាផ្ទៃ មិនត្រូវបានអាជ្ញាធរថ្នាក់ក្រោមគោរពអនុវត្តតាមឡើយ ហើយជម្លោះ ដីធ្លីនៅប្រទេសកម្ពុជា នៅតែបន្តរ៉ាំរ៉ៃនៅក្រោយការបោះឆ្នោតរួច៕