អាជ្ញាធរខេត្តក្រចេះសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ មានវិបត្តិដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់របស់សាច់ញាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អភិបាលស្រុកស្នួល បញ្ជាក់ថា មន្ត្រីជំនាញកំពុងស្រង់ទិន្នន័យ និងចុះអត្តសញ្ញាណពលរដ្ឋក្រីក្រពិតប្រាកដែលមកដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច។
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ រស់នៅឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី១៩ មិថុនា ថា អាជ្ញាធរខេត្តសម្រេចផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋមានជម្លោះដីធ្លី ៦៦៥គ្រួសារ ជាថ្មីទៀត ដែលឋិតនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចចម្ការកៅស៊ូមេមត់ ក្បែរព្រំដែនកម្ពុជាវៀតណាម ក្នុងស្រុកស្នួលខេត្តក្រចេះ។
ពលរដ្ឋមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចថ្លែងមិនហ៊ានបញ្ចេញឈ្មោះ ឲ្យដឹងថា គ្រួសាររបស់លោកបានចុះឈ្មោះ និងបំពេញទម្រង់បែបបទដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចរួចហើយ។ លោកថា អាជ្ញាធរខេត្តនឹងផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋមួយគ្រួសារ ២ហិកតារជាប្រភេទដីកសិកម្ម និងដីលំនៅឋានកន្លះហិកតារ។ លោកចាត់ទុកការ ផ្ដល់ដីសម្បទានសង្គមកិច្ចនេះ គឺជាពន្លឺលទ្ធផលថ្មីមួយ ធ្វើឲ្យពលរដ្ឋស្ងប់អារម្មណ៍ខ្លះ និង ផ្អាកធ្វើបាតុកម្មនៅរាជធានីភ្នំពេញមួយរយៈសិន៖ «ខ្ញុំទទួលបានលេខរៀងហើយ។ នៅចំណុចអូរកន្លែងក្បែរតេ៥ បរិវេណដីចម្ការកៅស៊ូមេមត់ដែរ គេអោយក្បែរព្រំដែនជាយខាងកើត។ ប្រសិនបានដីហ្នឹង ខ្ញុំត្រេកអរ កាត់បន្ថយភាពក្រីក្របានច្រើន»។
កន្លងទៅ ពលរដ្ឋមានវិបត្តិធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ រាប់រយគ្រួសារ បានទៅដាក់ញត្តិនៅស្ថាប័នថ្នាក់ជាតិ បំណងស្វែងរកដំណោះស្រាយវិវាទដីធ្លី ក្រោយពីអាជ្ញាធរខេត្តក្រចេះ បានឈួសឆាយផ្ទះសម្បែងពួកគាត់ជាច្រើនខ្នង និងបំផ្លាញផលដំណាំ ខួចខាតទ្រព្យសម្បត្តិពួកគាត់ជាច្រើនគ្រួសារ។ រីឯពលរដ្ឋមួយចំនួន រងរបួសធ្ងន់ ដោយសារការបង្ក្រាបដោយបង្ហូរឈាមរបស់អាជ្ញាធរ បានបាញ់រះមកលើ ហ្វូងបាតុករ ហើយ ពលរដ្ឋខ្លះធ្លាក់ខ្លួនពិការកាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៨។ លើសពីនេះ នៅគ្រាដែលពលរដ្ឋទៅដាក់ញត្តិនៅរាជធានីភ្នំពេញ អាជ្ញាធរក្រុងភ្នំពេញ បានដាក់សម្ពាធឲ្យព្រះចៅអធិការវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា អោយឈប់ទទួលពួកគាត់ឲ្យស្នាក់នៅក្នុងបរិវេណវត្តបន្តទៀត និងយករថយន្តជាង១០គ្រឿង ដឹកពួកគាត់ត្រឡប់ទៅលំនៅឋានវិញកាលពីខែឧសភាកន្លងទៅ។
អភិបាលស្រុកស្នួល លោក គង់ គឹមនី មានប្រសាសន៍ថា អាជ្ញាធរខែត្របានបង្កើតគណៈកម្មការរួចហើយ ទាក់ទិនការចុះសិក្សា និងវាយតម្លៃការផ្តល់ដីសម្បទានសង្គមកិច្ចទាំងនោះ។ លោកថា នីតិវិធីផ្ដល់ដីសម្បទានសង្គមកិច្ចនេះធ្វើឡើងច្បាស់លាស់ និងតម្រូវឲ្យពលរដ្ឋត្រូវបំពេញទម្រង់បែបបទ ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានសាមីជនរស់នៅ។ លោកថា អាជ្ញាធរមានគម្រោងសាងសង់ផ្លូវ និងអគ្គិសនីជាដើម ដើម្បីផ្ដល់ជូនពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចដែលបានចុះឈ្មោះ រួចរាល់ ៧០ភាគរយហើយ៖ «គណៈកម្មការក្រុមការងារបានរៀបចំ ដើម្បីឲ្យបងប្អូនពលរដ្ឋស្រួលរៀបចំ។ អាជ្ញាធរស្រុក ខេត្ត និងរដ្ឋាភិបាលមានគោលដៅតែមួយទៀតគឺចង់ឲ្យពលរដ្ឋមានដីពិតប្រាកដ។ បងប្អូនពលរដ្ឋត្រូវបញ្ជាក់អត្តសញ្ញាណនៅមូលដ្ឋានគាត់ថា គាត់ពិតជាគ្មានដី ដើម្បីស្នើសុំដីសម្បទានសង្គមកិច្ចនៅខេត្តក្រចេះ»។
លោក គង់ គឹមនៅ បន្ថែមថា ពលរដ្ឋដែលដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចភាគច្រើនជាពលរដ្ឋក្រីក្រ ចំណាកស្រុក បានមកកាប់ទន្ទ្រានព្រៃរបស់ក្រុមហ៊ុន។ លោកលើកទឹកចិត្តឲ្យពលរដ្ឋក្រីក្រពិតប្រាកដត្រូវប្រញាប់ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចឲ្យបានត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យមន្ត្រីជំនាញស្រង់ទិន្នន័យ និងកំណត់អត្តសញ្ញាណ។
របាយការណ៍របស់អាជ្ញាធរស្រុកស្នួល ខែត្រក្រចេះ បង្ហាញថា ក្រោយពីរាជរដ្ឋាភិបាលចេញបទបញ្ជា ០១ អាជ្ញាធរខែត្រក្រចេះ បានទទួលពលរដ្ឋចំណូលស្រុករាប់ពាន់គ្រួសារមករស់នៅ និងបានកាត់ឆ្វៀលដីជាង ៤ម៉ឺនហិកតារ ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន ៩ក្រុមហ៊ុន ដើម្បីបម្លែងជាដីសម្បទានសង្គមកិច្ចស្របច្បាប់ជូនពលរដ្ឋក្រីក្រចំណាកស្រុកមករស់នៅខែត្រនេះ។ មកទល់ពេលនេះពលរដ្ឋរស់នៅតំបន់នោះច្រើនគ្រួសារ ត្រូវបានអាជ្ញាធរស្រុក និងអាជ្ញាធរខែត្រក្រចេះកាត់ឆ្វៀលដី បម្លែងជាដីសម្បទានសង្គមកិច្ចជូនពលរដ្ឋច្រើនគ្រួសារ។
មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សាទរចំពោះយន្តការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋរបស់អាជ្ញាធរខេត្តក្រចេះ ក៏ប៉ុន្តែលោកបារម្ភខ្លាច ការបែងចែកដីធ្លីសម្បទានសង្គមកិច្ច ប្រកាន់បក្សពួកនិយម ផ្ដល់ដីគ្មានជីវជាតិ និងខ្វះហេដ្ឋារចនាសម្ព័ន្ធជាដើម។ លោកថា បទពិសោធន៍កន្លងទៅ ការផ្ដល់ដីសម្បទានសង្គមកិច្ច របស់អាជ្ញាធរមួយចំនួន គ្មានការបណ្ដុះបណ្ដាលផ្នែកកសិកម្ម ខ្វះហេដ្ឋារចនាសម្ព័ន្ធរួមមាន សាលារៀន វត្តអារាម និងមន្ទីរពេទ្យ រួមទាំងផ្ដល់ទីតាំងភូមិសាស្ត្រចំដីកសិកម្មគ្មានជីវជាតិ៖ «ការងារនេះតាមពិតធ្វើជាយូរមកហើយ មិនគួរណាបន្តឲ្យមានភាពរ៉ាំរ៉ៃទេ។ ខ្ញុំថា យន្តការនេះល្អប្រសើរ តែកុំធ្វើបានតែមុនពេលបោះឆ្នោតអ៊ីចឹងអី គួរតែធ្វើឲ្យច្បាស់លាស់ និងជាប្រព័ន្ធ តាំងពីកម្រិតមូលដ្ឋានដល់ថ្នាក់ជាតិ»។
ក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលឈ្មោះចម្ការកៅស៊ូ មេមត់ របស់ក្រុមគ្រួសាររបស់លោកហ៊ុន សែន ទទួលសិទ្ធិវិនិយោគដំណាំឧស្សាហកម្មកៅស៊ូតាំងពីឆ្នាំ២០០៨ លើផ្ទៃដីជិត ១ម៉ឺនហិកតារ (៩.៨៥៥) នៅក្នុងស្រុកស្នួល ខែត្រក្រចេះ រយៈពេល ៥០ឆ្នាំ។ ម្ចាស់ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឈ្មោះ គឹម សុខលាប ត្រូវជាក្មួយបង្កើតរបស់អ្នកស្រី ប៊ុន រានី ហ៊ុន សែន។ មុនឆ្នាំ ២០០៦ ដីនៅតំបន់នោះជាតំបន់ដែនជម្រកសត្វព្រៃស្នួល ហ៊ុមព័ទ្ធដោយព្រៃស្រោង និងជាជម្រកសត្វព្រៃរស់នៅជាប់ខេត្តមណ្ឌលគិរី ហើយប៉ុន្តែរបប លោក ហ៊ុន សែន បានរំលាយដែនជម្រកសត្វព្រៃនៅតំបន់នោះ កាលពីខែមីនា ឆ្នាំ២០១៨កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។