ប្រជា​សហគមន៍​ឡ​ពាង​ខកចិត្ត ដែល​តុលាការ​កំពូល​រក្សា​ការ​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

តំណាង​​សហគមន៍​ឡ​ពាង​ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត ដែល​សាលា​ឧទ្ធរណ៍​ភ្នំពេញ រក្សា​ការ​ផ្ដន្ទាទោស​ឱ្យ​ពលរដ្ឋ​ទាំង ៣នាក់​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ជាង ២លាន​រៀល ពាក់​ព័ន្ធ​ វិវាទ​ដីធ្លី​ជា​មួយ​នឹង​ក្រុមហ៊ុន​អ្នក​មាន​អំណាច។ ពួក​គាត់​ថា ការ​សម្រេច​នេះ ជា​រឿង​អយុត្តិធម៌សម្រាប់​ពលរដ្ឋ​ស្លូត​ត្រង់។

ពលរដ្ឋ​នៅ​ឃុំ​តាជេស​ស្រុក​កំពង់​ត្រឡាច ដែល​មាន​ជម្លោះ​ដីធ្លី ជាង​ពីរ​ទសវត្សរ៍ ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ​ ថា​ការ​សម្រេច​ក្ដី​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឱ្យ​ពួក​លោក​ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​នេះ ជា​រឿង​ពុំ​ត្រឹមត្រូវ។

តំណាង​ពលរដ្ឋ​ដែល​រង​បទ​ចោទ​ឱ្យ​ជាប់ពន្ធនាគារ លោក ស្ងួន ញឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​ខក​ចិត្ត ដែល​សាលា​ឧទ្ធរណ៍​សម្រេច​ឱ្យ​ពួក​លោក​ជាប់​ពន្ធនាគារ ២ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ជាង ២លាន ៨០ម៉ឺន រៀល។ លោក​ចាត់​ទុក​ការ​សម្រេច​នេះ គឺ​ជា​អយុត្តិធម៌ ព្រោះ​ថា អ្វី​ដែល​ពួក​លោក​ធ្វើ​កន្លង​ទៅ គឺ​គ្រាន់​តែ​ការពារ​​ដីធ្លី ដែល​ត្រូវ​បាន​ក្រុម​អ្នក​មាន​អំណាច​រំលោភ​យក​ប៉ុណ្ណោះ។

លោក ស្ងួន ញឿន៖«វា​អត់​ត្រឹម​ត្រូវ ​មិន​យុត្តិធម៌ ​ចំពោះ​រូប​ខ្ញុំ។ ទី១ តុលាការ​អត់​បាន​ចុះ​មក​ស៊ើបអង្កេត​ដល់​កន្លែង​កើត​ហេតុ ​ទី២​រឿង​នេះ​ជា​រឿង​ជម្លោះ​ដីធ្លី។ រឿង​ជម្លោះ​ដីធ្លី ហេតុ​អ្វី​តុលាការ​នៅ​តែ​យក​​​ជា​ឧបករណ៍​រក​ស៊ី។ រឿង​នេះ ជា​រឿង​ជម្លោះ​ដីធ្លី​សុទ្ធសាធ តុលាការ និង​ព្រះរាជអាជ្ញា គួរតែ​ទម្លាក់​រឿង​ព្រហ្មទណ្ឌ ចោល​ហើយ ស្វែងរក​ដំណោះស្រាយ​ពី​បញ្ហា​ដីធ្លី​របស់​ពួក​គាត់»។

សាលាឧទ្ធរណ៍​ភ្នំពេញ ចេញ​សាល​ដីកា ​​កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ដោយ​សម្រេច​ឱ្យ​តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង ៣រូប គឺ​លោក ស្ងួន ញៀន លោក​រាជ សីមា កំពុង​រស់​នៅ​ប្រទេស​ថៃ និង​លោក ភុល សន បាន​ស្លាប់​នៅ​ឆ្នាំ២០១៣​ មាន​ទោស​ព្រហ្មទណ្ឌ​​ពាក់ព័ន្ធ​សំណុំ​រឿង​កាល​ពី​ឆ្នាំ២០១៣ ក្រោម​បទ​ចោទ «ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណ:មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា»។

លោក ស្ងួន ញឿន ដែល​ធ្លាប់​ពន្ធនាគារ ចំនួន ៤បួន​លើក​មក​ហើយ រំលឹក​ថា ការ​ចោទ​ប្រកាន់​របស់​​តុលាការ​នេះ គឺ​ជា​រឿង​មិន​ពិត។ លោក​ថា កាល​ពី​ឆ្នាំ២០១៣ មាន​ក្រុម​អាជ្ញាធរ ៤ ទៅ ៥នាក់ បាន​ដើរ​វាស់​ដី​ពួក​គាត់​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន។ អំឡុង​ពេលនោះ ពលរដ្ឋ​ក៏​នាំ​គ្នា​ទៅ​សួរ​នាំ ហើយ​អាជ្ញាធរ​ក៏​ឈប់​ដើរ​វាស់​ដី រួច​ក៏​ទៅ​វិញ។ ប៉ុន្តែ បាន​ប្រមាណ ១ខែ ក៏​ស្រាប​តែ​មាន​ដីកា​កោះហៅ​ពលរដ្ឋ​ទាំង ៣នាក់ ឱ្យ​ទៅ​ចូល​រួម​សវនាការ ដោយ​សារ​តែ​មាន​​បណ្ដឹង​​ពី​សំណាក់​ក្រុម​ហ៊ុន។

លោក ស្ងួន ញឿន លើក​ឡើង​ថា ករណី​នេះ ពុំ​មាន​រឿង​អ្វី​ធ្ងន់ធ្ងរ​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន ដែល​ថា​ប្រឆាំង​អ្នក​រាជ​ការ និង​បង្ក​ការ​ខូចខាត​ដោយ​ចេតនា​នោះ​ទេ។ លោក​ថា តុលាការ​គួរ​តែ​ចុះ​ពិនិត្យ​ផ្ទាល់ ដើម្បី​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ កុំ​ជឿ​ត្រឹម​តែ​ពាក្យ​ញុះញង់​របស់​ក្រុមហ៊ុន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អនុប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឈុន លាងម៉េង និង​អគ្គ​លេខាធិការ​រង អ្នក​ស្រី ស្រេង សូយ៉េត ដើម្បី​បកស្រាយ​ជុំ​វិញ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី២៣ ខែកុម្ភៈ។

ទាក់ទិន​រឿង​នេះ​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា លើក​ឡើង​ថា ករណី​រឿង​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ របស់ សហគមន៍​ឡ​ពាង​នេះ​ គឺ ជា​រឿង អយុត្តិធម៌ ព្រោះ មាន​ពលរដ្ឋ​ភាគ​ច្រើន​បាត់បង់​ដីធ្លី។ ចំណែក​អ្នក​ខ្លះ​បាត់បង់​ជីវិត អ្នកខ្លះ​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក និង​អ្នក​ខ្លះ​ទៀត រត់​ចោល​ស្រុក ក្រោយ​ពី​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ តាម​រយៈ​ប្រព័ន្ធ​តុលាការ។

លោក នី សុខា៖«យើង​គិត​ថា រឿង​នេះ​មិន​គួរ​កើត​មាន​សម្រាប់​ពួក​គាត់​ទេ ដោយ​សារ​តែ​ពួក​គាត់​រង​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត។ ពួក​គាត់​រង​អយុត្តិធម៌ ដោយ​សារ​តែ​ការ​រំលោភ​បំពាន ទៅ​លើ​ដីធ្លី​របស់​ពួក​គាត់។ ផ្ទុយ​ទៅ វិញ ពេល​ដែល​គាត់​រក​ការ​អន្តរាគមន៍​បែរ​ជា​ពុំ​មាន​ការ​ដោះស្រាយ បែរ​ជា​ទៅ​ចោទ​ប្រកាន់​គាត់​បន្ថែម​លើស​ហ្នឹង​ទៀត»។

ចាប់​តាំង​ពី​មាន​វិវាទ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​របស់​អ្នកស្រី ជា ខេង នៅ​ឆ្នាំ១៩៩៦ ពលរដ្ឋ​ចំនួន ៥០គ្រួសារ​នៅ​ឃុំ​តាជេស ប្រឹង​ត្រដរ​រស់​ទាំង​លំបាក អ្នក​ខ្លះ​ស្ទើរ​តែ​ដាច់​ស្បៀង​ម្ដងៗ អ្នក​ខ្លះ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​សំណង​នៅ​ប្រទេស​ថៃ និង​អ្នក​ខ្លះ​ទៀត ខ្ចី​លុយ​ធនាគារ ដើម្បី​យក​មក​ទិញ​បាយ​ហូប ប្រចាំ​ថ្ងៃ និង​ចំណាយ​លើ​ការ​សិក្សា​របស់​កូន។

ទោះ​បី​ជា​សាលាឧទ្ធរណ៍​ចេញ​សាល​ក្រម សម្រេច​ឱ្យ​តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ទាំង ៣នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ក្ដី ពួក​គាត់​ពុំ​ភ័យ​ខ្លាច ឬ​បោះបង់​គោល​ជំហរ​ទាមទារ​យក​ដី និង​យុត្តិធម៌​វិញ​ឡើយ។ ពលរដ្ឋ​ទាំង​នោះ ​ប្ដេជ្ញា​ចិត្ត​ថា នឹង​បន្ត​សកម្មភាពស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ និង​ក្រសួង​យុត្តិធម៌​ឱ្យ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់ ហើយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។