ជនជាតិ​ដើម​ភាគតិច​ជាង ១រយ​នាក់ ប្រកាស​ប្ដូរ​ជីវិត​ប្ដឹង​ឈ្មួញ​រំលោភ​យក​ភ្នំ​រ៉ាដាង​ក្នុង​ខេត្ត​មណ្ឌលគិរី

ដោយ ជី វិតា
2021.05.11
ជនជាតិ​ដើម​ភាគតិច​ជាង ១រយ​នាក់ ប្រកាស​ប្ដូរ​ជីវិត​ប្ដឹង​ឈ្មួញ​រំលោភ​យក​ភ្នំ​រ៉ាដាង​ក្នុង​ខេត្ត​មណ្ឌលគិរី ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៥នាក់ ចូល​បំភ្លឺ​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី៣ ខែឧសភា រឿង​ជម្លោះ​ដីធ្លី​នៅលើ​ខ្នង​​ភ្នំ​រ៉ាដាង ក្នុងក្រុងសែន​មនោរម្យ។
រូប៖ ពលរដ្ឋ

ខ្នងភ្នំ​រ៉ាដាង​មាន​ទំហំ​ជាង ៦ហិកតារ ជា​បណ្ដុំ​ប្រពៃណី​វប្បធម៌​យ៉ាង​សំខាន់ ដែល​ជន​ជាតិ​ដើម​ភាគតិច​ព្នង​គោរព​បូជា​តាំងពី​បុរាណកាល​មក​ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​លួច​ធ្វើ​ប្លង់​រឹង​រំលោភ​យក​អស់​ស្ទើរ​ទាំង​ស្រុង។ ជនជាតិ​ដើម​ភាគតិច​ជាង ១រយ​នាក់ ប្រកាស​ប្ដូរ​ជីវិត​ប្ដឹង​ឈ្មួញ ទាមទារ​យក​ភ្នំ​នេះ​មក​វិញ បើ​ទោះបីជា​អ្នក​ភូមិ ១០នាក់ បាន​ក្លាយ​ជា​ជនរងគ្រោះ​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារតែ​ចេញមុខ​ទាមទារ​ភ្នំ​នេះ​ក្ដី។

ជនជាតិ​ដើម​ភាគតិច​ព្នង ១២០គ្រួសារ រស់នៅ​ភូមិ​ពូលូង សង្កាត់​រមនា ក្រុង​សែន​មនោ​រម្យ​ចាត់​ទុក​ការ​រំលោភ​យក និង​ឈូស​ឆាយ​ព្រៃ​លើ​ខ្នងភ្នំ​រ៉ាដាង​ជា​សម្បត្តិ​ឯកជន គឺជា​ការ​រំលាយ​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​ដើម​ភាគ​តិច។ អ្នក​ភូមិ​រក​ឃើញ​ថា ឈ្មួញ​ពីរ​នាក់​ឈ្មោះ សេង យ៉ាន និង ភិន សុភារក្ស រស់នៅ​រាជធានី​ភ្នំពេញ​ជា​មេ​ក្លោង​ក្នុង​ការ​ទិញ​ដី​ភ្នំ​នេះ ដោយ​ខុស​ច្បាប់។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង​លោកស្រី រឿន ហែង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១០ ឧសភា​ថា ក្រុម​ឈ្មួញ​ទាំងនេះ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ប្រើ​ល្បិច​ធ្វើ​ប្លង់​រឹង​ឈូស​ឆាយ និង​រំលោភ​យក​ខ្នង​ភ្នំ​រ៉ាដា​ង​ស្ទើរ​ទាំង​មូល ដោយសារ​តែ​ទី​ផ្សារ​ដី​ឡើង​ថ្លៃ​ខ្ពស់។ លោកស្រី​ប្រកាស​ជំហរ​ថា អ្នកភូមិ​សុខ​ចិត្ត​ស្លាប់ ទាមទារ​ភ្នំ​នេះ​មក​វិញ ហើយ​ពួក​គេ​បាន​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​ប្ដឹង​ឈ្មួញ​ទាំង​នេះ ទៅ​តុលាការ នៅ​ពេល​ឆាប់ៗ នេះ៖ «យើង​នឹង​តស៊ូ​រហូត​ដល់​ថ្ងៃ​បញ្ចប់​ករណី ដែល​គាត់​ប្ដឹង​ពួក​ខ្ញុំ គឺ​ពួក​ខ្ញុំ​នឹង​ប្ដឹង​ពួក​គាត់​រហូតដល់​ថ្ងៃ​បញ្ចប់។ ពួក​យើង​មិន​ចង់​ឱ្យ​បាត់​បង់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ជន​ជាតិ​ដើម​យើង​ទេ។ បង​សូម​ឱ្យ​ពួក​គាត់​ហ្នឹង​មន្ត្រី​ទាំង​ឡាយ​ហ្នឹង សូម​ឱ្យ​ពួកគាត់​ចុះ​ពិនិត្យ​កាល​ជាក់​ស្ដែង»

ស្ត្រី​ដដែល​បញ្ជាក់​បន្ថែម​ថា ក្រុម​ឈ្មួញ​បាន​យក​ពលរដ្ឋ​ជា​ខែល​ប្រើ​ល្បិច​ឱ្យ​ពលរដ្ឋ​ជាង ២០គ្រួសារ​ផ្ដិតមេដៃ​លើ​ឯកសារ​មួយ​សន្លឹក​ដោយ​អះអាង​ថា ជា​អំណោយ​មនុស្សធម៌ ប៉ុន្តែ​ធាតុ​ពិត​ឈ្មួញ​បាន​យក​ឯកសារ​ទាំង​នោះ​ក្លែង​ជា​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ភ្នំ​រ៉ាដាង​ទៅ​វិញ។ លោកស្រី​ថា ប្រការ​ដែល​អាជ្ញាធរ​មិន​ដោះ​ស្រាយ​ក្ដី​កង្វល់​របស់​ពលរដ្ឋ នឹង​បង្កើត​ឱ្យ​មាន​ភាព​អយុត្តិធម៌​ចំពោះ​ប្រជា​សហគមន៍៖ «និយាយ​រួម​ទៅ គឺ​អាជ្ញាធរ​ហាក់​ដូច​ជា​ពួក​គាត់​ចូល​រួម​ជាមួយ ហាក់​ដូច​ទេ គឺ​ចូលរួម​ជាមួយ​តែ​ម្ដង បើសិនជា​អាជ្ញាធរ​គាត់​មិន​ចូល​រួម​ធ្វើ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ទេ ហើយ​អ្នក​ជន​ទី៣ ពី​ខាងក្រៅ​ចូល​មក​ក្នុង​សហគមន៍​ហ្នឹង ដើម្បី​សុំ​ឱ្យ​ផ្ដិត​មេ​ដៃ ឬ​ក៏​ធ្វើអ្វី​មួយ បើសិន​ជា​ភូមិ/ឃុំ គាត់​រឹង​មាំ​ព្រោះ​ប្រជាពលរដ្ឋ​គាត់​គិត​ថា ភូមិ​ឃុំ​ជា​ឪពុក​ម្ដាយ​របស់​ពួក​គាត់​បែរ​ជា​ធ្វើ​អ៊ីចឹង»

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង និង​អ្នក​នាំ​ពាក្យ​សាលាខេត្ត លោក ស៊ន សារ៉ុម បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ ឧសភា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។ ចំណែក​អភិបាល​ក្រុង​សែន​មនោរម្យ លោក ហៀក សុផាន និង​ចៅ​សង្កាត់​រមនា លោក ភី ងូក ក៏​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​មេភូមិ​ពូលូង លោក ឡុង ប៉ក អះអាង​ថា ដី​ភ្នំ​រ៉ាដាង​ទាំងមូល ពុំ​មែន​ជា​តំបន់​អារក្ស​អ្នកតា​ដូច​ដែល​ពលរដ្ឋ​លើកឡើង​នោះ​ទេ តែ​មាន​តំបន់​ខ្លះ​អាជ្ញាធរ​រក្សា​ទុក​សម្រាប់​ឱ្យ​ពលរដ្ឋ​គោរព​បូជា​មាន​ទំហំ ៦០អា នៅ​លើ​ខ្នងភ្នំ​នេះ។ លោក​ថា​ ពលរដ្ឋ​មួយ​ចំនួន​ចង់​ទាមទារ​ដី​ភ្នំ​នេះ​ទាំង​មូល​ឱ្យ​ត្រឡប់​មក​វិញ ខណៈ​ដែល​មាន​ការ​ព្រមព្រៀង​គ្នា ទិញ​លក់ដូរ​ភ្នំ​នេះ​អស់​មួយ​ផ្នែក​ធំ​ហើយ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​ដោះ​ស្រាយ​បញ្ហា​នេះ ឋិត​ក្នុង​ដៃ​តុលាការ​ហួសពី​សមត្ថភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​ដោយសារ​ភាគី​ម្ខាង​មាន​ប្លង់​រឹង។ លោក​បញ្ជាក់​ទៀត​ថា អ្នក​ទិញ​ដី​ភ្នំ​នេះ បាន​ចំណាយ​លុយ​ជា​ច្រើន​តែ​លោក​មិន​ច្បាស់​ថា លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ៖ «មិន​ដឹង​យល់​ឃើញ​ម៉េច​ទេ អា​ហ្នឹង​ប្រគល់​លើ​រដ្ឋអំណាច​គេ អាស្រ័យ​លើ​ច្បាប់​គេ​វិនិច្ឆ័យ​ទៅ​បង។ ក្រុម​ពលរដ្ឋ​គាត់​ទាមទារ​យក​ទាំង​អស់​ ​ដល់ពេល​អ៊ីចឹង​ទៅ​តុលាការ​គេ​មិនបាច់​វិនិច្ឆ័យ​ទេ គេ​ចែក​ភាគរយ​ទុក​ឱ្យ​ខាង​អ្នក​លក់​មួយ​ចំហៀង និង​អ្នក​ទិញ​មួយ​ចំហៀង តែ​គេ​នៅ​តែ​មិន​ស្ដាប់»

អាជ្ញាធរ​ក្រុង​សែន​មនោរម្យ ធ្លាប់​អះអាង​ថា កន្លងទៅ​មាន​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​គ្រួសារ​បាន​ផ្ដិត​មេ​ដៃ​យល់​ព្រម​ផ្ទេរ​កម្មសិទ្ធិ​ជូន​អ្នក​ទិញ ដែល​មាន​អាជ្ញាធរ​ភូមិ/ឃុំ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ជាក់ស្ដែង ហើយ​បាន​ស្នើសុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ ដែល​មាន​ការ​បង់ពន្ធ​ប្រថាប់ត្រា​តាម​នីតិវិធី​រដ្ឋបាល។ លើស​ពី​នេះ​ទៀត ការ​ស្នើសុំ​ទាមទារ​ដី​ភ្នំ​រ៉ាដា​ង​មក​វិញ ជា​រឿង​ផ្ទៃក្នុង​របស់​សហគមន៍​ដែល​មិន​ចុះ​សម្រុង​គ្នា​ហើយ​អ្នក​ដែល​ស្នើសុំ​ទាមទារ​នោះ ក៏​ឋិត​ក្នុង​ចំណែក​ដែល​ព្រមព្រៀង​លក់​ដី​ភ្នំ​នេះ​ដែរ។

អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នកទិញ​ដី​លើ​ខ្នងភ្នំ​នេះ គឺ​លោក សេង យ៉ាន និង​លោក ភិន សុភារក្ស បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ក៏​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ដែរ ព្រោះ​លោក​ថា ទូរស័ព្ទ​ស្ដាប់​មិន​ឮ។

ជុំវិញ​រឿង​នេះ​ទីប្រឹក្សា​បណ្ដាញ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​ ​លោក ក្រើង តុលា ព្រមាន​ថា ប្រជា​សហគមន៍​នឹង​លើកគ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ប្រសិនបើ​អាជ្ញាធរ​មិន​រក​ដំណោះស្រាយ​បញ្ហា​នេះ ដោយ​យុត្តិធម៌​នោះ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​តែងតែ​បង្ខំ​ឱ្យ​ពលរដ្ឋ​បង្ហាញ​ប្លង់​កម្មសិទ្ធិ​ជា​ភស្តុតាង ដើម្បី​រក​លេស​ទម្លាក់កំហុស​លើ​ពលរដ្ឋ​ណា ដែល​ទាមទារ​អភិ​រក្ស​ភ្នំ​នេះ៖ «អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ជា​អ្នក​ផ្ដើម​គំនិត​នៃ​អំពើ​ពុក​រលួយ​ហ្នឹង គាត់​ជា​អ្នកចុះហត្ថលេខា​ទទួល​ស្គាល់​ថា ដី​ហ្នឹង ជា​របស់​បុគ្គល​នេះ​នោះ ហើយ​បុគ្គល​នេះ​នោះ គឺជា​អ្នក​ដែល​ដើរ​លក់​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ។ អាជ្ញាធរ​ភូមិ/ឃុំ/ស្រុក ស៊ីញេ​ជា​អ្នក​ចូលដៃ​ជើង​នឹង​អំពើ​ពុក​រលួយ»

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ដី​ភ្នំ​ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ មិន​អាច​ទិញ​លក់​ដូរ និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​បាន​ទេ។ លោក​ថា ការ​ធ្វើ​ប្លង់​រឹង​មិន​ប្រក្រតី​រំលោភ​យក​ភ្នំ​នេះ ជា​សម្បត្តិ​បុគ្គល គឺជា​រឿង​មិន​ស្រប​ច្បាប់​នោះ​ឡើយ ហេតុ​នេះ តុលាការ​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ ដើម្បី​ផ្តល់​យុត្តិធម៌ ជូន​ពលរដ្ឋ៖ «យក​ដី​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​លក់ដូរ ហើយ​ធ្វើ​ឱ្យ​ក្លាយ​ជា​កម្មសិទ្ធិ​ប្លង់​រឹង​ទៀត។ អា​ហ្នឹង​បញ្ហា​ហើយ ពីព្រោះ​វា​មាន​អំពើ​ពុក​រលួយ​ក្នុង​ហ្នឹង​ហើយ ពីព្រោះ​មន្ត្រី​ជំនាញ​មិនមែន​ថា មិន​ចេះ​ច្បាប់​ទេ ព្រោះ​មន្ត្រី​ជំនាញ​យក​លក់​ទិញ​ធ្វើជា​ប្លង់​កម្មសិទ្ធិ​ហើយ មន្ត្រី​ជំនាញ​ហ្នឹង​ប្រាកដ​ជា​មាន​ទទួល​សំណូក​ពី​ភាគី​ហ្នឹង​ហើយ។ បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច ត្រូវ​សង្ឃឹម​ថា​ភ្នំ​ហ្នឹង គឺ​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ»

ប្រជា​សហគមន៍​អះអាង​ថា លើ​ខ្នងភ្នំ​នេះ​មាន​ខ្ទមអ្នកតា​ពីរ​កន្លែង​ផ្នូរ​កប់​សព ថ្ម ទឹក​អូរ​ធម្មជាតិ ដើម​ឈើ និង​អណ្ដូង​ទឹក​បុរាណ គឺ​ជា​ភស្តុតាង​បង្ហាញ​ថា តំបន់​នោះ ជាទី​សក្ការបូជា​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​មិន​អាច​ទិញ​លក់​ដូរ​បាន​នោះ​ទេ។ ជាង​នេះ​ទៀត ភ្នំ​នេះ​ជា​ប្រភព​ទឹក​អូរ​ដ៏​សំខាន់ និង​ជា​អណ្ដូង​បូរាណ ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ហូរ​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែក​មិន​ចេះ​រីង​ស្ងួត មាន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​អាស្រ័យផល។ ពួក​គេ​ព្រមាន​ថា ប្រសិន​បើ​​អាជ្ញាធរ និង​តុលាការ​មិន​ដោះ​ស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌​ទេ អ្នក​ភូមិ​រាប់​រយ​នាក់​នឹង​លើក​គ្នា​តវ៉ា​ដល់​ថ្នាក់​ជាតិ។

រដ្ឋធម្មនុញ្ញ​មាត្រា ៥៨ ចែង​ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ​មាន​ជា​អាទិ៍ ដីធ្លី ក្រោម​ដី ភ្នំ សមុទ្ទ បាត​សមុទ្ទ ក្រោម​បាត​សមុទ្ទ ឆ្នេរ​សមុទ្ទ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ​ឈើ ធនធាន​ធម្មជាតិ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​វប្បធម៌​មូលដ្ឋាន​ការពារ​ប្រទេស សំណង់​ផ្សេងៗ ទៀត ដែល​បាន​កំណត់​ថា ជា​របស់​រដ្ឋ។ ការ​គ្រប់គ្រង​ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នឹង​ត្រូវ​កំណត់​ក្នុង​ច្បាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។