ពលរដ្ឋរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោតជាង២០០គ្រួសារទទូចឲ្យរដ្ឋាភិបាលផ្ដល់សំណងសមរម្យ
2024.06.26
ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការស្ដារប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅក្រុងតាខ្មៅជាង២០០គ្រួសារ ទទូចឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ និងផ្ដល់សំណងសមរម្យដល់ពួកគេ ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរតែផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋទាំងនោះ ដើម្បីឲ្យពួកគេទៅតាំងទីលំនៅថ្មីបានសមរម្យ។
ប្រជាពលរដ្ឋរស់នៅតាមស្ទឹងព្រែកត្នោត ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ជាង២០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ពីការស្ដារស្ទឹងព្រែកត្នោត ស្នើឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយជាដីលំនៅឋាន និងសំណងជាប្រាក់ នៃតម្លៃផ្ទះសមរម្យ ដើម្បីឲ្យពួកគេមានដី និងអាចសាងសង់ផ្ទះសម្បែងរស់នៅបន្តទៀត។
ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់កំពង់សំណាញ់ លោកស្រី ម៉េត ស្រីទូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែមិថុនាថា អាជ្ញាធរផ្ដល់សំណងដល់ប្រជាពលរដ្ឋទៅលើតែផ្ទះសម្បែងតែប៉ុណ្ណោះ រីឯដីធ្លីវិញអាជ្ញាធរមិនផ្ដល់សំណងឲ្យប្រជាពលរដ្ឋនោះទេ។ លោកស្រីចាត់ទុកការផ្ដល់សំណងនេះ មិនសមរម្យពីការបាត់បង់ដីធ្លី និងផ្ទះសម្បែងឡើយ ពីព្រោះពួកគាត់រស់នៅទីតាំងនោះតាំងពីឆ្នាំ១៩៩៤មក ហើយអាជ្ញាធរភូមិឃុំបានទទួលស្គាល់ថែមទៀត។ លោកស្រីបន្ថែមថា ប្រជាពលរដ្ឋចង់ឲ្យរដ្ឋាភិបាលផ្ដល់សំណងជាដីលំនៅឋាន និងប្រាក់មួយចំនួនសម្រាប់ពួកគាត់សាងសង់ផ្ទះរស់នៅ បើពុំដូច្នោះទេ ពលរដ្ឋទាំងនោះមិនមានដីធ្លី និងផ្ទះសម្បែងស្នាក់នៅឡើយ។
លោកស្រី ម៉េត ស្រីទូច៖ «អត់សមទេព្រោះពួកខ្ញុំរស់នៅ៣០ឆ្នាំមកហើយ ពីមុនសម្ដេចគាត់ថារស់នៅ៥ឆ្នាំ មានសិទ្ធិគ្រប់គ្រងស្វ័យប្រវត្តិអ្នកដែលនៅ ចុះឥឡូវខ្ញុំនៅឡើង៣០ឆ្នាំហើយធ្វើអ៊ីចឹង វាដូចប្រជាពលរដ្ឋខ្ញុំរងគ្រោះពេក ហើយគាត់ឲ្យមកវាមិនដឹងទិញអ្វីបាន ឧទាហរណ៍២ម៉ឺន(ដុល្លារ) យកមកទិញដី ចុះបានលុយអ្វីធ្វើផ្ទះ ហើយឥឡូវ២ម៉ឺន(ដុល្លារ)មួយឡូត៍មិនដឹងទិញបានឬអត់ផង ហើយបើអត់ឲ្យដីពួកខ្ញុំ ឲ្យពួកខ្ញុំទៅឯណាពួកខ្ញុំសុទ្ធតែអ្នកអត់»។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោកស្រី គីម លាង ឲ្យដឹងថា ប្រជាពលរដ្ឋមិនបានប្រឆាំងការអភិវឌ្ឍរបស់រដ្ឋាភិបាលនោះទេ តែធ្វើយ៉ាងណាសុំឲ្យរដ្ឋាភិបាលផ្ដល់សំណងដល់ប្រជាពលរដ្ឋដែលអាចទទួលយកបាន ពីព្រោះការផ្ដល់សំណងរបស់អាជ្ញាធរឲ្យទៅពលរដ្ឋមួយចំនួន ពួកគាត់មិនអាចទិញដី និងសាងសង់ផ្ទះសម្បែងបានឡើយ។
លោកស្រី គីម លាង៖ «ចង់បានដីនិងឲ្យលុយពួកខ្ញុំបន្តិចបន្តួចពួកខ្ញុំនឹងចេញ រដ្ឋត្រូវការយកខ្ញុំឲ្យ ខ្ញុំមិនទៅជំទាស់អ្វីនោះទេ សុំឲ្យតែដោះដូរដីហើយដីកុំនៅឆ្ងាយពេកជិតល្មមហើយឲ្យថ្លៃរុះរើពួកខ្ញុំចេញហើយ ព្រោះអ្វីពួកខ្ញុំនៅយូរៗណាស់ហើយ ២០ឆ្នាំទៅ៣០ឆ្នាំហើយ មិនមែនប្រឆាំងអ្វីទេ»។
ពលរដ្ឋលើកឡើងទៀតថា ពលរដ្ឋមានផ្ទះជាប់មាត់ស្ទឹងព្រែកត្នោត ដែលមានទទឹង៧ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ ពួកគាត់ទទួលបានសំណងជាសាច់ប្រាក់ជាង៤ពាន់ដុល្លារ តែប៉ុណ្ណោះ ហើយចំនួននេះធ្វើឲ្យពលរដ្ឋទាំងនោះមិនអាចរកទិញដី និងសាងសង់ផ្ទះស្នាក់នៅជាថ្មីបាននោះទេ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអភិបាលក្រុងតាខ្មៅ លោក ឃឹម សំភារ ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៥ ខែមិថុនា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា ពលរដ្ឋឱ្យដឹងថា កន្លងទៅ អាជ្ញាធរធ្លាប់អះអាងប្រាប់ពួកគាត់ថា ពលរដ្ឋបានមករស់នៅលើដីចំណីព្រែករបស់រដ្ឋ ដូច្នេះអាជ្ញាធរមិនផ្ដល់សំណងដីនោះទេ គឺសងតែសំណងដែលជាសំណង់ផ្ទះប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា រដ្ឋាភិបាល គួរតែផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់អាចទៅរស់នៅទីតាំងថ្មីបាន ពីព្រោះការដោះស្រាយមិនសមរម្យនេះ វាធ្វើឲ្យប៉ះពាល់ដល់ការតាំងទីលំនៅថ្មី និងប៉ះពាល់ដល់មុខរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់បន្ថែមទៀត។
លោក យិន ម៉េងលី៖ «អ៊ីចឹងយើងក៏សំណូមពរដល់រដ្ឋាភិបាល ពិចារណាទៅលើសំណូមពររបស់ប្រជាពលរដ្ឋ ហើយជៀសវាងយ៉ាងណា យើងអត់ចង់ឃើញការបណ្ដេញចេញទេ ហើយយើងចង់ឃើញឲ្យសំណាងសមរម្យសម្រាប់ពួកគាត់ទៅតាំងទីលំនៅថ្មីដែរ»។
រដ្ឋាភិបាលកំពុងសាងសង់ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត ចំនួន១០ខ្សែ ដើម្បីបញ្ចៀសទឹកកុំឲ្យជំនន់ក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងតំបន់នៅជិតស្ទឹងព្រែកត្នោត។ ការស្ដារប្រព័ន្ធធារាសាស្ត្រស្ទឹងព្រែកត្នោតនេះ រដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ៤រយ(៤០០)លានដុល្លារអាមេរិក។ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង ព្រែកត្នោត ដែលកំពុងរកផលប៉ះពាល់មិនទទួលបានសំណងសមរម្យពីគម្រោងមួយនេះនោះទេ។
ពលរដ្ឋថា ពួកគាត់នៅមិនទាន់សម្រេចចិត្តទទួលយកសំណងដែលអាជ្ញាធរផ្ដល់ឲ្យនោះទេ ហើយកំពុងពិភាក្សាគ្នាដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ប្រសិនបើអាជ្ញាធរមិនព្រមផ្ដល់សំណងដូចការទាមទាររបស់ប្រជាពលរដ្ឋទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។