ពលរដ្ឋ​ជាង ២០០គ្រួសារ​នៅ​ខេត្ត​ព្រះវិហារ បដិសេធ​ទទួល​សំណង​តិចតួច​ពី​ក្រុមហ៊ុន​រ៉ែ​មាស​ឌែលខម

0:00 / 0:00

ជនជាតិ​ដើម​ភាគ​តិច​កួយ ២៥០គ្រួសារ នៅ​ខេត្ត​ព្រះវិហារ បដិសេធ​ទទួល​សំណង​ពី​ក្រុមហ៊ុន រ៉ែ​មាស ឌែលខម ខេមបូឌា (Delcom Cambodia) ដោយ​លើក​ហេតុផល​ថា​ ក្រុមហ៊ុន​បាន​ផ្តល់​សំណង​តិចតួច​ពេក ជា​ថ្នូរ​ការ​ហ៊ុមព័ទ្ធ​យក​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​ជា​ច្រើន​រយ​ហិកតារ។ អ្នក​ភូមិ​ថា ក្រុមហ៊ុន​ទាំងនេះ​បាន​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ពួក​គាត់​ជាង ៤០០ហិកតារ នៅ​តំបន់​ភ្នំ​លុង ដើម្បី​ពង្រីក​ផ្ទៃដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​ថ្មី​ទៀត ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ជា​ច្រើន​លើក។

ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ រស់នៅ​ភូមិ​ចំនួន៤ គឺ​ភូមិ​ស្វាយ​ដំណាក់ ភូមិ​រំដេង ត្រពាំង​ទន្ទឹម និង​ភូមិ​អូរទ្រ​លោក ឃុំ​រមទម ឱ្យ​ដឹង​ថា ក្រុមហ៊ុន​រ៉ែមាស ឌែលខម បាន​ប្រកាស​ផ្តល់​សំណង​ជូន​ពួក​គាត់​ពី​ផល​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ ដោយ​ក្នុង​មួយ​ហិកតារ​ មួយ​លាន​រៀល​ ឬ​ស្មើ ២៥០ដុល្លារ។ រីឯ​ដី​មាន​ប្លង់​រឹង​ក្រុមហ៊ុន​ផ្តល់​សំណង ១ហិកតារ ១.៥០០ដុល្លារ។

តំណាង​ពលរដ្ឋ​ លោក ទុយ ឆេង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៣ កញ្ញា​ថា ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្តល់​សំណង​ដ៏​តិច​តួច​ដូច្នោះ​ទេ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​គំរាម​អ្នក​ភូមិ​ថា បើ​ពលរដ្ឋ​មិន​ទទួល​យក ក៏​គេ​នៅ​តែ​រឹបអូស​យក​ដី​ទាំង​នោះ​ដែរ។

លោក​ថា ក្រុមហ៊ុន​បាន​ហ៊ុមព័ទ្ធ​យក​ដី​ស្រែ​ចម្ការ​របស់​ជន​ជាតិ​ដើម​កួយ នៅ​តំបន់​ភ្នំ​លុង​ជាង ៤០០ហិកតារ ហើយ​នៅ​រយៈ​ពេល ៨ខែ​ចុងក្រោយ​នេះ​ ក្រុមហ៊ុន​នៅ​តែ​បន្ត​រំលោភ​យក ៩៧ហិកតារ​ជា​ថ្មី​ទៀត នៅ​តំបន់​រំដេង និង​ ភូមិ​ស្វាយ​ដំណាក់។ លោក​បន្ថែម​ថា ពលរដ្ឋ​បាន​ស្រែក​ទ្រហោយំ​ ដោយ​សារ​បាត់បង់​ទី​កន្លែង​អាស្រ័យ​ផល​រក​ចំណូល​ចិញ្ចឹម​ជីវិត។ លោក​បញ្ជាក់​ថា ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​ ៩៧ ​ហិកតារ​នេះ គឺជា​ដី​ស្រែ​ចម្ការ​ដែល​ជនជាតិ​ដើម​កួយ​អាស្រ័យ​ផល​ចិញ្ចឹម​ជីវិត​តាំង​ពី​ដើម​រៀង​មក៖ «បាន​តែ ១ហិកតារ ២៥០ដុល្លារ​ទេ បើ​យក​ក៏​យក ​បើ​មិន​យក​ត្រូវ​តែ​អត់​ គេ​និយាយ​ដូច្នោះ​តែ​ម្ដង។ បើ​និយាយ​ពី​អាជ្ញាធរ​វិញ ​គេ​ដោះ​ស្រាយ ប៉ុន្តែ​គេ​ដោះស្រាយ​ឱ្យ​តែ​ក្រុមហ៊ុន​ទេ ​ចំណែក​ចម្ការ​ស្រែ​របស់​ពលរដ្ឋ​ហ្នឹង គេ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ទេ»

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់​ទៀត លោកស្រី យឹម ផាត ថ្លែង​ថា គ្រួសារ​លោកស្រី​ មាន​ដី​ជិត​ ៦ហិកតារ​ មាន​ប្លង់​ទន់​ និង​ដី ២០ហិកតារ​ទៀត​ គ្មាន​ប្លង់​ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក​ទាំង​ស្រុង​ នៅ​រយៈ​ពេល ៨ខែ​ចុង​ក្រោយ​នេះ។ លោក​ស្រី​ថា ជា​ច្រើន​ខែ​មក​ហើយ អ្នក​ភូមិ​ជាង ២០០គ្រួសារ​មិន​អាច​ចូល​ទៅ​អាស្រ័យផល លើ​ដី​របស់​ខ្លួន​ ព្រោះ​ក្រុមហ៊ុន​ពង្រាយ​កម្លាំង​យោធា យាមល្បាត និង​គំរាម​ពលរដ្ឋ។ រីឯ​ដំណាំ​ដាំដុះ​ជា​ច្រើន​ហិកតារ ត្រូវ​ក្រុមហ៊ុន​ឈូស​កម្ទេច​ចោល៖ «គេ​ធ្វើ​បាប​ពលរដ្ឋ​ គេ​គាប​សង្កត់​ពលរដ្ឋ​អ្នក​ក្រីក្រ​ឱ្យ​គ្នា​ស្លាប់​ គេ​ជួល​តែ​អ្នក​មាន​អំណាច គេ​ជួល​តែ​ក្រុមហ៊ុន គេ​អត់​មាន​ជួល​ពលរដ្ឋ​ទេ។ យើង​ដាក់​ពាក្យ​បណ្ដឹង ក្នុង​ពាក្យ​បណ្ដឹង​បង់​ឱ្យ​គេ ៣០ម៉ឺន បាន​គេ​ដោះ​ស្រាយ​ឱ្យ ដោះ​ស្រាយ​មិន​ចេញ​ទេ គេ​ច្រាន​យើង​ចោល​ទៀត»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ អភិបាល​ខេត្ត​ព្រះវិហារ​ លោក​ ប្រាក់​ សុវណ្ណ​ និង​អភិបាល​ស្រុក​រវៀង​លោក ហោ ប៊ុនហួរ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣ កញ្ញា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក យស មុនីរ៉ាត់ និង​តំណាង​ក្រុមហ៊ុន ឌែលខម ខេមបូឌា ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ។

ប៉ុន្តែ​មេឃុំ​រមទម លោក សោម មុត ថ្លែង​ថា លោក​មិន​បាន​ដឹង​រឿងរ៉ាវ​នេះ​ទេ ព្រោះ​ពលរដ្ឋ​មិន​បាន​មក​ពឹង​អាជ្ញាធរ​ឃុំ ឱ្យ​ជួយ​ដោះ​ស្រាយ។ លោក​ថា ជម្លោះ​ដី​ធ្លី​នេះ ហួស​ពី​សមត្ថភាព​អាជ្ញាធរ​ឃុំ​ហើយ​ មក​ទល់​ពេល​នេះ អាជ្ញាធរ​ស្រុក និង​ខេត្ត បាន​ចុះ​សម្រប​សម្រួល​ដោះ​ស្រាយ​ជា​ញឹកញាប់៖ «ហួស​ពី​ហើយ ​សុទ្ធ​តែ​ស្រុក ​និង​ខេត្ត​ដោះស្រាយ»។

ជុំ​វិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា ប្រសិន​បើ​ក្រុមហ៊ុន​ស្រប​ច្បាប់​ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ហេតុ​អ្វី​បាន​ជា ក្រុមហ៊ុន​ដើរ​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ក្នុង​តម្លៃ​ថោកៗ? លោក​ថា ប្រសិន​បើ​ពលរដ្ឋ មិន​ព្រម​លក់ ក្រុមហ៊ុន​បាន​ដើរ​គំរាម​កំហែង បំភិតបំភ័យ​ ដើម្បី​លក់​ដី​ឱ្យ​ខ្លួន៖ «យើង​ឃើញ​ថា ​ដោយសារ​មាន​តែ​មាន​សន្ទុះ​តវ៉ា​ខ្លាំង​ឡើងៗ ពី​ពលរដ្ឋ​បែរ​ជា​ក្រុមហ៊ុន​គេ ​ដើរ​ឱ្យ​តំណាង ​ឱ្យ​អ្នក​ដែល​គេ​ស្គាល់​ទៅ ​ទិញ​ដី​ពី​ពលរដ្ឋ ដូច្នេះ គឺ​គំរាម​កំហែង​ បំបាក់​ស្មារតី​ពួកគាត់ ​លើ​អ្នក​ដែល​អត់​ព្រម​លក់​ដី​ឱ្យ​ក្រុមហ៊ុន»

តំណាង​ពលរដ្ឋ​បន្ថែម​ថា សំណុំ​រឿង​ចាស់ ដែល​ពលរដ្ឋ​ប្ដឹង​ក្រុមហ៊ុន​ អាជ្ញាធរ​មិន​ត្រឹមតែ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ទេ ហើយ​ក្រុមហ៊ុន​នៅ​តែ រំលោភ​ដី​ពួក​គាត់​ជា​បន្តបន្ទាប់។ រីឯ​ដី​ពលរដ្ឋ​ខ្លះ​ទៀត​មាន​ប្លង់​រឹង ឬ​ប្លង់​កម្មសិទ្ធិ ក៏​ក្រុមហ៊ុន​រំលោភបំពាន​ដែរ៕