ប្រជាពលរដ្ឋជាង ៤០០នាក់ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង តវ៉ាប្រឆាំងអាជ្ញាធររឿងកាត់ដីស្រែចម្ការពួកគាត់ ចូលទៅក្នុងតំបន់២
2024.08.07
ប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ នៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានលើកគ្នាតវ៉ា បន្ទាប់ពីអាជ្ញាធរបានកាត់ដីសម្បទាន ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីជាង ៣០ឆ្នាំមុន ដាក់បញ្ចូលជាដីតំបន់២។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះពិនិត្យលើស្ថានភាពជាក់ស្ដែង ចៀសវាងធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋដែលរំពឹងទៅលើដីទាំងនោះធ្វើស្រែចម្ការ។
ប្រជាពលរដ្ឋមកពីភូមិចំនួន៦ នៃឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី៧ ខែសីហា បានប្រមូលផ្ដុំគ្នានៅមុខសាលាស្រុក ដើម្បីសុំជួបអភិបាលស្រុកនេះ ដោយពួកគាត់សង្ស័យថា មន្ត្រីអាជ្ញាធរ ធ្វើរបាយការណ៍ស្ដីពីការកំណត់ព្រំប្រទល់តំបន់ព្រៃលិចទឹកមិនច្បាស់លាស់ ដែលធ្វើឱ្យពលរដ្ឋបាត់បង់ដីកសិកម្ម។
ពលរដ្ឋនៅភូមិដួងមារ ឃុំព្រែកនរិន្ទ លោក ភាន កុសល ប្រាប់វិទ្យុអាស៊ីសេរី ថា លោកធ្លាប់អាស្រ័យផលនៅលើដី ដែលអាជ្ញាធរកាត់បញ្ចូលទៅក្នុងតំបន់២ នេះ តាំងពីឆ្នាំ១៩៨៣ មកម្លេះ គ្រាដែលរដ្ឋាភិបាលចែកឱ្យមួយគ្រួសារទំហំ ៥អា ឬស្មើនឹង ៥០០ម៉ែត្រការេ ដើម្បីធ្វើស្រែក្រោយចេញពីរបបខ្មែរក្រហម។ លោកបញ្ជាក់ថា កាលពីដើម ដីទាំងនោះ គឺជាដីវាលស្រែ និងចម្ការ ហើយក្រោយមក មានប្រជាពលរដ្ឋទៅសង់លំនៅឋាន គឺមិនមែនជាដីព្រៃ ដែលពលរដ្ឋទើបនឹងកាប់ឆ្ការ ស្ថិតក្នុងតំបន់២ និងតំបន់៣ នោះទេ ហើយកន្លងមក អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់ហៅពលរដ្ឋឱ្យទៅធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ផងដែរ ប៉ុន្តែក្រោយមក អាជ្ញាធរបែរជាអះអាងថា ជាដីតំបន់២ ទៅវិញ។
លោក ភាន កុសល៖ «ដល់ពេលធ្វើប្លង់ទៅ ប្រជាពលរដ្ឋ ក៏នឹកស្មានថា គេធ្វើប្លង់រឹងឱ្យ ក៏ប្រជាពលរដ្ឋនាំគ្នាទៅធ្វើទាំងអស់គ្នា។ ដល់ពេលគេប្រកាសឱ្យទៅពិនិត្យមើលដី គេប្រកាសថា ដីហ្នឹងជាដីរបស់រដ្ឋ ហើយអាស្រ័យផលលើដីរដ្ឋ។ អ៊ីចឹង វាអត់មានជាដីប្រជាជនទេ ហើយ (រដ្ឋាភិបាល) មកកាត់ឱ្យហ្នឹងនៅជិតៗ ថ្នល់ នៅកៀនៗ ថ្នល់ ដូចចុះពីថ្នល់ទៅ ២០០ម៉ែត្រអីអ៊ីចឹងទៅ។ អ្នកខ្លះ (ដី)នៅក្រោយផ្ទះអីអ៊ីចឹងទៅ ហើយដីហ្នឹងអត់មែនជាដីព្រៃទេ ដីស្រឡះស្រាប់ពីដូនតាមក មនុស្សខូច (ស្លាប់) ពីរបីជំនាន់ហើយហ្នឹង»។
ការប្រមូលផ្ដុំគ្នាតវ៉ានៅព្រឹកនេះ មានពលរដ្ឋមកពីភូមិចំនួន៦ រួមមាន ភូមិព្រែកនរិន្ទ អន្សងសក រាជដូនកែវ ដួងមារ រហាលសួង និងភូមិស្វាយជ្រុំ ដែលគ្រោងនាំគ្នាទៅសុំការអន្តរាគមន៍ពីមេឃុំព្រែកនរិន្ទ តែមិនជួប ហើយក៏បន្តទៅសាលាស្រុកឯកភ្នំទៀត។ ក៏ប៉ុន្តែ នៅពេលប្រជាពលរដ្ឋនាំគ្នាទៅដល់សាលាស្រុក អភិបាលស្រុករូបនេះ គឺលោក ម៉ិល សុផល មិនចេញមកជួបពលរដ្ឋនោះទេ ដោយឱ្យមន្ត្រីសាលាស្រុកម្នាក់ចេញមកប្រាប់ថា លោកមិននៅ។ ប៉ុន្តែ មន្ត្រីសាលាស្រុកម្នាក់ទៀត អះអាងប្រាប់ពលរដ្ឋថា អភិបាលស្រុកមិនបានទៅណានោះទេ គឺកំពុងសំងំនៅក្នុងការិយាល័យ។
បញ្ហាចម្រូងចម្រាសដីតំបន់១ និងតំបន់២ គឺកើតឡើងក្រោយពេលអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានដាក់ចេញនូវចំណាត់ការផ្លេកបន្ទោរ ឱ្យអាជ្ញាធរនៅខេត្តជុំវិញបឹងទន្លេសាប ចុះដកហូតដីព្រៃលិចទឹក ដែលពលរដ្ឋកំពុងអាស្រ័យផល បានធ្វើឱ្យប៉ះពាល់ដល់កសិករធ្វើស្រែប្រាំង បង្កការខាតបង់អស់ជាច្រើន ខណៈមានអ្នកខ្លះត្រូវជាប់ឃុំក្នុងពន្ធនាគារអំពីបទរំលោភបំពានលើព្រៃលិចទឹក។
ប៉ុន្តែក្រោយមក រដ្ឋាភិបាលបានកែសម្រួលព្រំប្រទល់ទន្លេសាប ដោយកាត់ឆ្វៀលដីខ្លះចេញពីតំបន់ការពារ ប្រគល់ជូនពលរដ្ឋ ដែលកាន់កាប់យូរឆ្នាំមកហើយ ក្នុងនោះ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកទំហំ ៦ម៉ឺនហិកតារនៅជុំវិញបឹងទន្លេសាប មកទុកជាសម្បត្តិរបស់រដ្ឋវិញ ចំណែកផ្ទៃដីទំហំជាង ២ម៉ឺនហិកតារ (២៤.០០០) រដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបជាប់ខេត្តចំនួន៥ ដើម្បីផ្ដល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួនជាង ១ម៉ឺនគ្រួសារ (១៥.០០០)។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៧ ខែសីហា។
កាលពីខែមេសា ប្រជាពលរដ្ឋចំនួន ៥ឃុំ នៅស្រុកឯកភ្នំ បានប្រមូលស្នាមមេដៃ ប្ដឹងទៅក្រសួងមហាផ្ទៃ ដកតំណែងអភិបាលស្រុក គឺលោក ម៉ិល សុផល ដោយពួកគាត់អះអាងថា អភិបាលស្រុករូបនេះ មិនយកចិត្តទុកដាក់ និងអសមត្ថភាពក្នុងការដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋ ហើយដឹកនាំបង្កើតឱ្យមានអំពើពុករលួយធ្ងន់ធ្ងរ។ ក៏ប៉ុន្តែ បណ្ដឹងនេះ ត្រូវបានក្រសួងមហាផ្ទៃបដិសេធ បន្ទាប់ពីមានការសម្របសម្រួលផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។
ទាក់ទិនរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី សង្កេតឃើញថា ការតវ៉ានៅពេលនេះ គឺសបញ្ជាក់ឱ្យឃើញថា ពលរដ្ឋមិនពេញចិត្តលើការកាត់ឆ្វៀលដីរបស់រដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោម ដែលចុចបង្គោលតែទៅលើផែនទី ដោយមិនពិនិត្យលើទិដ្ឋភាពជាក់ស្ដែង។
លោក យិន ម៉េងលី៖ «ដឹងហើយ ប្រជាពលរដ្ឋឥឡូវជំពាក់លុយធនាគារ ហើយអ្នកចំណាកស្រុកបានលុយមកបង់រំលស់ទៅ ហើយបើគាត់ធ្វើអាហ្នឹង (ប័ណ្ណកម្មសិទ្ធិដីធ្លី) បានយកលុយធនាគារមកកែច្នៃដី ដើម្បីដាំដុះចិញ្ចឹមជីវិត។ អ៊ីចឹងទៅ ខ្ញុំគិតថា អាជ្ញាធរធ្វើការពិនិត្យពិចារណាឡើងវិញ ជាមួយគណៈកម្មការ ដែលចុះពីក្រសួងមក។ បើតាមខ្ញុំដឹង មានគណៈកម្មការចុះពីក្រសួងទៀត។ អ៊ីចឹង សម្របសម្រួលយ៉ាងម៉េចប្រគល់ដីឱ្យពួកគាត់ទៅ។ សំណូមពរ គឺសុំពិនិត្យស្ថានភាពជាក់ស្ដែងៗ កុំមើលទៅលើផែនទី កុំមើលទៅលើបង្គោល»។
កាលពីឆ្នាំ២០២៣ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំជាង ១ពាន់ហិកតារ (១.៣៥៣) ស្ថិតក្នុងភូមិសាស្ត្រ ឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចេញពីតំបន់៣ នៃតំបន់បឹងទន្លេសាប ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួនជិត ៣ពាន់គ្រួសារ (២.៩៩៥)។
តែយ៉ាងណាក្ដី កិច្ចការនេះនៅមិនទាន់បានសម្រេចទាំងស្រុងនៅឡើយទេ ដោយពលរដ្ឋមួយចំនួននៅឃុំផ្សេងទៀត នៅមិនទាន់ទទួលបានសិទ្ធិអាស្រ័យផលលើដីនោះឡើងវិញនៅឡើយ។ បញ្ហានេះ បានធ្វើឱ្យពលរដ្ឋមួយចំនួនមិនហ៊ានចូលទៅដាំដុះ ដោយសារអាជ្ញាធរគំរាម។ ឯអ្នកខ្លះ ត្រូវបានអាជ្ញាធរបំផ្លិចបំផ្លាញដំណាំ ដោយបាញ់ថ្នាំសម្លាប់ស្រូវ និងមិនឱ្យចូលបូមទឹកដាក់ស្រែជាដើម។
ប្រជាពលរដ្ឋគ្រោងនាំគ្នាតវ៉ានៅពេលក្រោយបន្តទៀត ដែលអាចនឹងមានការចូលរួមពីប្រជាពលរដ្ឋទាំង ៩ភូមិ នៅក្នុងឃុំព្រែកនរិន្ទ នេះតែម្ដង ព្រោះពួកគាត់សុទ្ធតែបាត់បង់សិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួននៅតំបន់១ ដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។