អង្គការ​សង្គម​ស៊ីវិល​យល់​ស្រប​នឹង​របាយការណ៍​របស់​អ្នក​រាយការណ៍ UN រឿង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច

ដោយ ជី វិតា
2021.10.10
អង្គការ​សង្គម​ស៊ីវិល​យល់​ស្រប​នឹង​របាយការណ៍​របស់​អ្នក​រាយការណ៍ UN រឿង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​ភាគ​ឦសាន​រាប់​រយ​នាក់ បាន​ហែ​ក្បូន ក្នុង​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី ក្នុង​ពិធី​បុណ្យ​រំឭក​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០១៩។
រូបភាព៖ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ យល់​ស្រប​​នឹង​របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជុំវិញ​ភាព​ខ្វះ​ចន្លោះ​នៃ​ការ​គោរព​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ឆ្លើយ​តប​ថា រដ្ឋាភិបាល​ក៏​មាន​កង្វល់​លើ​បញ្ហា​មួយ​ចំនួន​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ដែរ និង​កំពុង​ដោះស្រាយ​បញ្ហា​ទាំងនោះ​ជា​ជំហានៗ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុកលើក​ឡើង​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ដែលបង្ហាញពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នោះ គឺជា​ករណី​ពិត​ជាក់ស្ដែង​ដែល​កំពុង​កើត​មាន។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទួលស្គាល់​ថា បញ្ហា​ប្រឈម​ខ្លាំង​បំផុត​របស់​សហគមន៍​​ជនជាតិ​ដើម​ភាគតិច​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ការ​មិន​ទទួល​បាន​ភាព​ជា​កម្មសិទ្ធិ​លើ​ដី​សមូហភាព ការ​បង្ខំ​ឱ្យ​បន្លាស់​ទី​ទៅ​កន្លែង​ថ្មី និង​ការ​មិន​ទទួល​បាន​សេវា​សង្គម​ពេញលេញ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់​លាក់​នៅ​ឡើយ​ទេ។ លោក​ថា ជន​ជាតិ​ដើម​ភាគ​តិច​ជាច្រើន​សហគមន៍​បាន​បាត់​បង់​ដីធ្លី​សមូហភាព តាម​រយៈ​អំពើ​ច្បាម​យក​ដី​ពី​បុគ្គល​មាន​លុយ​មាន​អំណាច និង​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ជាដើម៖ «ចេះ​តែ​ទៅ​បំពាន​យក​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច ហើយ​លទ្ធភាព​របស់​គាត់​ដែល​តតាំង​ហ្នឹង​វា​ខ្សោយ ដូច្នេះ​វា​កាន់​តែ​បាត់បង់​បន្តិច​ម្ដងៗ។ ហើយ​ទៅ​ថ្ងៃ​មុខ​ហ្នឹង​ដូចជា​នៅ​ភូមិភាគ​ឦសាន​ហ្នឹង មិន​ដឹង​ថា​មាន​ដី​ឯណា​ចុះ​ទេ? កុំ​ថា​ឡើយ​ដល់ ១០០​ឆ្នាំ ខ្ញុំ​មើល​ទៅ​ថា មិន​យូរ​ប៉ុន្មាន​ទេ​ជន​ជាតិ​ដើម​ភាគតិច​នឹង​អស់​ដី​សម្រាប់​ចុះ​បញ្ជី​ជា​សហគមន៍​ហ្នឹង​ទៀត​ហើយ ប្រសិន​បើ​យើង​នៅ​តែ​ព្រងើយ​កន្តើយ នៅ​តែ​អូស​បន្លាយ​ពេល​វេលា​នៅក្នុង​ការ​ចុះបញ្ជី​ហ្នឹង»

លោក នី សុខា ថ្លែង​ទៀត​ថា ក្រៅពី​រងគ្រោះ​ដោយសារ​បាត់​បង់​ដី​ធ្លី​ហើយ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មិន​ទាន់​ទទួល​បាន​សេវា​សង្គម​ពេញលេញ​នៅ​ឡើយ​ទេ ជាពិសេស​សេវា​សុខាភិបាល។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទទួល​យក​របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ និង​កែ​លម្អ​ចំណុច​ខ្វះខាត​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​របាយការណ៍​នោះ។

អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បាន​លើក​ឡើង​អំពី​កង្វល់​មួយ​ចំនួន​ទាក់ទង​នឹង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា​ក្នុង​របាយការណ៍​ដែល​លោក​បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បញ្ជាក់​ថា យ៉ាងហោចណាស់​មាន​សំណួរ​គន្លឹះ​ចំនួន​បី​ទាក់ទង​នឹង​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា ក្នុង​នោះ​មាន​ជាអាទិ៍ បញ្ហា​បន្លាស់​ទី​លំនៅ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ដោយ​មិន​ទទួល​បាន​ដំណោះស្រាយ​រយៈពេល​វែង និង​សេវា​ចាំបាច់​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជួប​ប្រទះ​បញ្ហា​លើ​ការ​គ្រប់គ្រង និងការ​​​ប្រើប្រាស់​ដី​ប្រពៃណី​របស់​ខ្លួន ព្រមទាំង​នីតិវិធី​ស្មុគស្មាញ​ក្នុង​ការ​ចុះ​បញ្ជី​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព។ ចំណែក​ក្នុង​សម័យ​កូវីដ-១៩ វិញ លោក វិទិត មុនតាប៊ន ថ្លែង​ថា ចម្ងល់​ដ៏​សំខាន់​នោះ គឺ​កិច្ចការពារ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ពី​ការ​ឆ្លង​ជំងឺ ការ​ទទួល​បាន​សេវា​សុខាភិបាល និង​វ៉ាក់សាំង​សម្រាប់​ពួកគាត់ ព្រមទាំង​​មធ្យោបាយ​ផ្សេង​ទៀត ដូចជា​កម្ចី​ខ្នាត​តូចជាដើម ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្ដារ​ស្ថានភាព​រស់​នៅ​របស់​ពួកគាត់​ឡើង​វិញ។

Vitit Muntarbhorn.jpeg
លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជាប្រចាំអង្គការសហប្រជាជាតិ។

ឆ្លើយតប​រឿង​នេះ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែង​ថា រដ្ឋាភិបាល​​គិតគូរ​ដល់​សុខទុក្ខ និង​បញ្ហា​របស់​ជន​ជាតិ​ដើម​ភាគតិច ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ដូចជា​ការ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ និង​សេវា​សង្គម​ផ្សេងៗ​ដល់​ពួកគាត់។ ទាក់ទង​នឹង​ការ​​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​វិញ លោក ផៃ ស៊ីផាន បកស្រាយ​ថា ចំណុច​នេះ​ជួប​បញ្ហា​លំបាក ដោយសារ​តែ​ពួកគាត់​ស្នើសុំ​ដី​ដែល​មាន​ទំហំ​ធំ ហើយ​ករណី​ខ្លះ​ទៀតលោក ចោទថា ​ប្រធាន ឬ​សមាជិក​សហគមន៍​បានលក់ដូរ​ដី​សមូហភាព​របស់ខ្លួន៖ «យើង​មាន​បញ្ហា​ចោទ​ច្រើន ដោយសារ​តែ​បងប្អូន​ជនជាតិ គាត់​ត្រូវ​ការ​ដី​មួយ​ដែល​ធំ។ ធំ​ហ្នឹង​ធំ​មែនទែន ពីព្រោះ​គាត់​ទីមួយ វា​ពាក់ព័ន្ធ​នឹង​កត្តា​ធ្វើ​ស្រែ​ចម្ការ​បន្លាស់​ទី ទីពីរ​គោ​គាត់​លែង​ទៅ​ស៊ី​នៅ​ម្ដុំ​ត្រង់​ណា គឺ​ម្ដុំ​ហ្នឹង ហើយ​បើ​រឿង​ដី​ធ្លី​សម្រាប់​កប់​ខ្មោច​ដូនតា អាហ្នឹង​មិន​អ្វី​ទេ។ ដល់​រឿង​ហ្នឹង​វា​ធំដុំ​ពេក​ទៅ វា​នៅ​ក្នុង​របប​ទ្រឹង​មួយ​ដែល​យើង​ពិបាក​នឹង​វិនិច្ឆ័យ»

ទោះជាយ៉ាងណា អង្គការ​សង្គម​ស៊ីវិល​មិន​យល់ស្រប​នឹង​ការ​បកស្រាយ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ត្រង់​ចំណុច​នេះ​ទេ។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរលោក ប៉ឹក សោភ័ណ ពន្យល់​ថា ជនជាតិ​ដើម​ភាគតិច​បន្ត​រស់​នៅ​តាម​បែប​ប្រពៃណី ដូច្នេះ​ពួកគាត់​ត្រូវ​ការ​ដី​ច្រើន​ប្រភេទ ដូចជា ​ដី​លំនៅឋាន ដី​អាស្រ័យ​ផល​ជាក់ស្ដែង ដី​ចម្ការ​វិល​ជុំ ដី​កប់​សព និង​ដី​ព្រៃ​អារក្ខ ជាដើម។ លោក​ថា អាជ្ញាធរ​អាច​ចុះ​ពិនិត្យ និង​វាយ​តម្លៃ​តាម​តម្រូវ​ការ​ជាក់ស្ដែង​របស់​ពួកគាត់ ដើម្បី​សម្រេច​ពី​ទំហំ​ដី​ដែល​អាច​ផ្ដល់​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។ ប្រធាន​អង្គការដែល​ធ្វើការច្រើន​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​រូប​នេះ​មើលឃើញ​ថា ឧបសគ្គ​ដែល​រាំង​ស្ទះ​ដល់​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាពនោះ​ គឺ​ជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ទៅ​វិញ​ទេ ព្រោះ​រដ្ឋាភិបាល​ហាក់​ចង់​ទុក​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ជាជាង​ផ្ដល់​ឱ្យ​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច៖ «នៅពេល​ណា​ដែល​ជនជាតិ​ដើម​ភាគតិច​ខ្លួន​ឯង​ទាមទារ​ដី​ចុះបញ្ជី​ដើម្បី​គ្រប់គ្រង ដើម្បី​ប្រើប្រាស់​អាស្រ័យ​ផល រដ្ឋាភិបាល​ថា​ វា​ជា​រឿង​ឥតប្រយោជន៍ វា​ខាត​ដី​រដ្ឋ ដី​អ្វី​ទៅ​វិញ។ តែ​បើ​គេ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន គេ​នឹង​បាន​ទទួល​ផល​ប្រយោជន៍​តាម​រយៈ​អំពើ​ពុករលួយ​អ៊ីចឹង លុយ​ក្រោម​តុ ក្រៅ​តុ​អ៊ីចឹង​ជាដើម គេ​ថា​អាហ្នឹង​ក្រុមហ៊ុន​គេ​បង់​ពន្ធ​ជូន​រដ្ឋ។ ចំណុច​ពីរ​ហ្នឹង​ហើយ​ដែល​ខ្ទាស់​គ្នា ដែល​មើល​ទៅ​វា​រឿង​អយុត្តិធម៌»

លោក ប៉ឹក សោភ័ណ អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​នីតិវិធី​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ទូទាំង​ប្រទេស ពីព្រោះ​នេះ​ជា​ចំណុច​គន្លឹះ​ដែល​ឈាន​ទៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ដទៃទៀត​ទាក់ទង​នឹង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា៖ «ប្រសិនបើ​រដ្ឋាភិបាល​លើក​កម្ពស់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច (ត្រូវ)​គិតគូរ​ពី​រឿង​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ រួមមាន​ដីធ្លី គឺ​ធ្វើ​ម៉េច​ឱ្យ​មាន​អភិបាល​កិច្ច​ដីធ្លី។ ទីពីរ គឺ​ការ​ប្រើប្រាស់​ផល-អនុផល​ព្រៃឈើ ដើម​ច្បោះ​ជ័រ​ទឹក និង​ព្រៃ​ប្រើប្រាស់​អាស្រ័យ​ផល និង​ទីបី គឺ​តំបន់​ព្រៃ​ជំនឿ​របស់​គាត់»

Minority_in_Cambodia_in_Monolkiri_in_2018.jpeg
ទិដ្ឋភាព​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី ធ្វើ​ពិធី​សែនព្រេន និង​សន្និសីទ​កាសែត នៅ​លើ​ភ្នំ​រ៉ាដាង នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (រូបភាព៖ សហគមន៍ផ្តល់ឱ្យ)

ដី​ប្រៀប​បាន​នឹង​ជីវិត​សម្រាប់​ជនជាតិ​ដើម​ភាគតិច ពីព្រោះ​ក្រៅ​ពី​ជា​ផ្ទះ ជា​ទីកន្លែង​កំណើត និង​ជា​កន្លែង​ប្រកប​របរ​ហើយ​នោះ ដី​ក៏​ជា​កន្លែង​រក្សា​អត្តសញ្ញាណ ប្រពៃណី វប្បធម៌ និង​ជំនឿ​របស់​ពួកគាត់​ផង​ដែរ។ ទោះជាយ៉ាងណា ដំណើរការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច មាន​ភាពស្មុគស្មាញ​ខ្លាំង ចំណាយ​អស់​ថវិកា​ច្រើន និង​ប្រើ​ពេលវេលា​ច្រើន​ឆ្នាំ​ទៀត​ផង។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២០ ជនជាតិ​ដើម​ភាគតិច​ចំនួន​តែ ៣០សហគមន៍​ប៉ុណ្ណោះ ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព ខណៈ​កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ប្រមាណ ៤៥៥សហគមន៍។ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​វាយតម្លៃ​ថា តាម​អត្រា​ប្រចាំឆ្នាំ​បច្ចុប្បន្ន ឬល្បឿនការងារ​បច្ចុប្បន្ន កម្ពុជា​ត្រូវ​ប្រើ​ពេល​ប្រហែល ១រយ​ឆ្នាំ (១០០)ទៀត ទើប​អាច​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ទាំងអស់​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​របស់​ពួកគាត់។ ស្ថាប័ន​ដដែល​បញ្ជាក់​ថា នេះ​ជា​ពេល​វេលា​ដ៏​យូរ​ដែល​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​អាច​នឹង​កើត​មាន​ឡើង ដូច្នេះ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ភាគតិច​ក៏​អាច​នឹង​ត្រូវ​បាត់​បង់​ដែរ។

ក្រៅពីសម្ដែងការព្រួយបារម្ភអំពីវាសនានិងសិទ្ធិរបស់ជនជាតិភាគដើមភាគតិចនៅកម្ពុជាក្នុងរបាយការណ៍របស់ខ្លួនហើយ  ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កំពុង​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម ដើម្បី​ជំរុញ​ឱ្យ​គ្រប់​ភាគី​ចូលរួម​រក្សា​ដី​ជន​ជាតិ​ដើម​ភាគ​តិច ដោយ​គាំទ្រ​ការ​សម្រួល​នីតិវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព។ ស្ថាប័នអង្គការសហប្រជាជាតិ​​ដដែល​នេះ​សង្កត់​ធ្ងន់​ថា ការ​រក្សា​ដី​ជនជាតិ​ដើម​ភាគតិច មានន័យ​ស្មើនឹង​ការ​រក្សា​អត្តសញ្ញាណ ប្រពៃណី វប្បធម៌ និង​ជំនឿ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សាលាដំបូង​រាជធានី​ភ្នំពេញ តម្កល់​សាលក្រម​កំបាំង​មុខ​ទៅ​លើ​ប្រធាន​សហជីព លោក ម៉ម រិទ្ធី ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។