ពលរដ្ឋ​មាន​ជម្លោះដីធ្លី​៩​នាក់​នៅ​ខេត្ត​កោះកុង​រំពឹង​ថា តុលាការ​ព្រះសីហនុ នឹង​ទម្លាក់​ចោល​បទ​ចោទ

0:00 / 0:00

សកម្មជន​ដីធ្លី​មកពី​សហគមន៍​១៩៧​គ្រួសារ ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ចំនួន​៩​នាក់​សង្ឃឹមថា សាលាឧទ្ធរណ៍​ប្រចាំ​ខេត្ត​ព្រះសីហនុ នឹង​ផ្ដល់​ភាព​យុត្តិធម៌ និង​ទម្លាក់​បទ​ចោទ​ទាំងអស់​ឱ្យ​ពួកគាត់​សេរីភាព​ឡើងវិញ​។ ក្ដី​សង្ឃឹម​នេះ គឺ​បន្ទាប់ពី​តុលាការ​ជាន់ខ្ពស់ បាន​បើក​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ពួកគាត់ កាលពី​ថ្ងៃទី​២៦ ខែតុលា ហើយ​តុលាការ គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ខាងមុខ​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​យល់​ឃើញ​ថា តុលាការ​គួរតែ​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​ដីធ្លី​៩​នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ចៀសវាង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​របស់​ពួកគាត់។

តំណាង​សហគមន៍​មាន​ជម្លោះដីធ្លី​នៅ​ខេត្តកោះកុង​ចំនួន​៩​នាក់ រួមមាន លោកស្រី ដេត ហួរ លោកស្រី អិន ធូ លោកស្រី កើត នៅ និង​តំណាង​សហគមន៍​៥​នាក់​ផ្សេងទៀត ទទូច​ឱ្យ​តុលាការខេត្ត​ព្រះសីហនុ​ទម្លាក់​ចោល​បទ​ប្រកាន់​ទាំងអស់​ដើម្បី​ឱ្យ​ពួកគាត់​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​។ ពួកគាត់​អះអាង​ថា ពួកគាត់ គ្រាន់តែ​អនុវត្ត​សិទ្ធិ​តវ៉ា​ដោយ​សន្តិវិធី និង​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់​ដែល​ក្រុមហ៊ុន​របស់ ឧកញ៉ា ហេង ហ៊ុយ បាន​រំលោភ​យក ពោល​គឺ​ពួកគាត់ មិនបាន​ញុះញង់ និង​បរិហារ​បង្កាច់​កេរ្តិ៍​នរណា​ឡើយ។

សកម្មជន​ដីធ្លី​សហគមន៍ ១៩៧​គ្រួសារ លោកស្រី ដេត ហ៊ួរ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ តុលា ថា គោលបំណង​នៃ​ការ​ប្ដឹង​ជំទាស់​នេះ​គឺ​ដោយសារ​តែ លោកស្រី និង​សមាជិក​ចំនួន ៨​រូប​ទៀត​មិន​អាច​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​ខេត្ត​កោះកុង ដែល​កាត់ទោស​ឱ្យ​លោកស្រី ជាប់ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន​៤០​លាន​រៀល ទាំង​លោកស្រី​មិនបាន​ប្រព្រឹត្ត​ខុស​ឡើយ។

លោកស្រី ដេត ហ៊ួរ៖ «ជុំវិញ​រឿង​នេះ​ខ្ញុំ​យល់​ថា មិន​ឯករាជ្យ​ចំពោះ​ពួក​ខ្ញុំ មិន​ផ្ដល់​ភាព​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​បាន​ទើប​ខ្ញុំ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​ដល់​ពេល​ខ្ញុំ​ទៅ​សាលាឧទ្ធរណ៍​ខ្ញុំ​មើល​ឃើញ​សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ គាត់​ហាក់​មាន​តម្លាភាព បើទោះជា​គាត់​មិន​ទាន់​ប្រកាស​សាលា​ក្រម​យ៉ាងណា​ក៏​យើង​មើលឃើញ​គាត់​សួរ​ពី​ច្បាប់​ទាំងអស់ គាត់​អត់​បាន​សួរ​អ្វី​ដែល​បញ្ច្រាស​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដូច​តុលាការ​ខេត្តកោះកុង​ទេ»។

សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង​ប្រកាស​សាលដីកា លើ​សំណុំរឿង​បទ​ញុះញង់ និង​បទ​បរិហារ​បង្កាច់​កេរ្តិ៍ របស់​តំណាង​សហគមន៍​ទាំង​៩​នាក់​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា។

តំណាង​សហគមន៍ ដីធ្លី​ខេត្ត​កោះកុង ម្នាក់ទៀត លោកស្រី ផាវ ញ៉ើង ដែល​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​របស់ លោកស្រី ដេត ហួរ កត់សំគាល់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​នៅតែ​តាម​គំរាមកំហែង លោកស្រី និង​ពលរដ្ឋ​ផ្សេង​ដែល​ចូលរួម​ឃ្លាំមើល​សវ​នា ថា​ប្រយ័ត្ន​ជាប់គុក​ម្ដងទៀត​ប្រសិនបើ​មិន​ឈប់​តវ៉ា​។ លោកស្រី ផាវ ញ៉ើង ហួសចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ទាំង​អស់នោះ​ដោយ​គ្រាន់តែ​លោកស្រី និង​ពលរដ្ឋ​ប្រមាណ​ជាង​១០០ កាន់​បដា​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគាត់។

លោកស្រី ផាវ ញ៉ើង៖ «ពួក​ខ្ញុំ​ដើរហើរ​នេះ​បាត់បង់​សេរីភាព​ក្នុង​ការ​ដើរហើរ​ហើយ សិទ្ធិ​សេរីភាព​ជួបជុំ​ក៏​មិន​ឱ្យ​ជួប ហើយ​ក្នុង​ការសំដែង​មតិ​ម្សិលមិញ​ក៏​គេ​ហាម​មិន​ឱ្យ​និយាយ​គ្រាន់តែ​ពួក​ខ្ញុំ​និយាយ ពាក់ព័ន្ធ​នឹង​ជាប់​ពន្ធនាការ​អីហ្នឹង​ក៏​គាត់​ស្រែក​គំហុក​មិន​ឱ្យ​ពួក​យើង​និយាយ​ទេ​កន្លែង​នេះ កន្លែង​គេ​ធ្វើការ ពួក​ខ្ញុំ​ឆ្លើយ​ថា កន្លែង​ដែល​ធ្វើការ​នឹង​ហើយ​ដែល​ពួក​ខ្ញុំ​ចង់​និយាយ​ខ្ញុំ​និយាយ​ដើម្បី​ឱ្យ​គេ​ដឹង​នេះ​ជា​ការ​បញ្ចេញមតិ​របស់​ពួក​ខ្ញុំ គាត់​ថា​មក​បញ្ចេញមតិ​អី​នៅ​កន្លែង​ហ្នឹង​មក​រញ៉េរញ៉ៃ​បង្ក​តែ​រឿង»។

ជុំវិញ​បញ្ហា​នេះ​អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សុផាត សង្កេត​ឃើញ​ថា មកដល់ពេលនេះ​មាន​តំណាង​សហគមន៍​ដីធ្លី​២​នាក់​ហើយ​ដែល​បាន​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​រហូតដល់​បាត់បង់​ជីវិត ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នេះ​ឱ្យ​ទាន់​ពេលវេលា។

លោក វណ្ណ សុផាត៖ «អ៊ីចឹង​សរុបសេចក្ដី​មក​អាជ្ញាធរ​យើង​ហ្នឹង​គាត់​អនុវត្ត​តាមតែ​បទបញ្ជា​ទេ អ៊ីចឹង​គាត់​មិនដែល​ទៅ​សិក្សា​ស្រាវជ្រាវ ឬមួយ​ក៏​ឃើញ​បញ្ហា​ហ្នឹង​កើតឡើង​អ៊ីចឹង​ហើយក៏​គាត់​មិនអាច​និយាយ​បញ្ហា​ពី​ការពិត​ហ្នឹង​បាន​ដែល​គឺថា​ឱ្យ​តែ​មាន​បញ្ហា​អីហ្នឹង​កើតឡើង​ពី​ការរិះគន់ លើកឡើង​ពី​ការ​រក​ឃើញ​ខ្វះចន្លោះ​របស់​អាជ្ញាធរ ឬ​របស់​ក្រុមហ៊ុន​អីហ្នឹង​គាត់​តែងតែ​ការពារ​គាត់​តែងតែ​ដោះសា​ហើយ​និង​ការពារ»។

ក្រុម​ពលរដ្ឋ អះអាង​ថា ក្រុមហ៊ុន​របស់​លោក ហេង ហ៊ុយ បាន​រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ពួកគាត់ តាំងតែ​ពី​ឆ្នាំ​២០០៧ ហើយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ដាក់​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ជាច្រើន​លើក ប៉ុន្តែ​ពួកគាត់ មិន​ត្រឹមតែ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ ថែមទាំង​ទទួលរង​នូវ​ការ​គំរាមកំហែង​ធ្វើបាប និង​ការ​ប្ដឹង​បក​ពី​លោក ហេង ហ៊ុយ ទៅវិញ​។ ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល យល់ថា ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ពួកគាត់​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដីធ្លី ដែល​ត្រូវ​បាន​ឧកញ៉ា ហេង ហ៊ុយ រំលោភ​យក​ទៅ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។