រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ថា​លែង​មាន​បញ្ហា​កើត​ចេញ​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ទៀត​ហើយ

ដោយ ម៉ម មុនីរតន៍
2017.01.04
សាយ សំអាល់ ២០១៧ ៦២២ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ផ្ដល់​បទសម្ភាសន៍​បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​រដ្ឋសភា ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៧។
RFA

ក្នុង​មួយ​ឆ្នាំៗ​គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​តែងតែ​តវ៉ា​មិន​ឈប់​ឈរ​ឡើយ ក្នុង​ចំណោម​នោះ ការ​តវ៉ា​ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​តាម​រយៈ​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច បាន​លេចធ្លោ​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ បើ​ទោះ​ជា​បែប​ណា រដ្ឋមន្ត្រី​នៃ​ក្រសួង​បរិស្ថាន ដែល​គណបក្ស​កាន់​អំណាច​អះអាង​ថា ជា​ឈាម​ថ្មី សន្យា​ថា បញ្ហា​ដែល​ផ្ដើម​ចេញ​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ លែង​កើត​មាន​ត​ទៅ​ទៀត​ហើយ​ចាប់​ពី​ពេល​នេះ។

ប្រតិកម្ម​នឹង​ការ​អះអាង​ដូចនេះ​របស់​លោក សាយ សំអាល់ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ដីធ្លី នៅ​តែ​រក​ឃើញ​ថា ជម្លោះ​ដីធ្លី​ក្រោម​រូបភាព​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ នៅ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ​ទេ ហើយ​ជាពិសេស បញ្ហា​នេះ​កាន់​តែ​ជា​បន្ទុក​បន្ថែម​ទៀត​នៅ​តាម​សហគមន៍​ដែល​មាន​ការ​អភិវឌ្ឍ ក្រោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នៃ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ។

ការ​រិះគន់​របស់​មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ លែង​មាន​ទៀត​ហើយ ឬ​មាន​ដែរ ប៉ុន្តែ​នៅ​សេសសល់​ដ៏​តិចតួច​ប៉ុណ្ណោះ។

ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រោយ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ មករា លោក សាយ សំអាល់ បញ្ជាក់​ថា រឿង​ចម្រូងចម្រាស​ដែល​បង្ក​ឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ លែង​មាន​ត​ទៅ​ទៀត​ហើយ។ លោក​បន្ត​ថា អាច​នៅ​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​នោះ វា​លែង​ជា​ការ​គំរាម​កំហែង ឬ​ពុំ​មែន​ជា​អម្រែក និង​លែង​ជា​សម្ពាធ​ត​ទៅ​ទៀត​ហើយ។ លោក​បន្ត​ថា «យើង​បាន​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ដី​សម្បទាន គឺ​យើង​បាន​សម្អាតអស់​ហើយឥឡូវ​នេះ​ការងារ​សំខាន់ គឺ​ការងារ​ផលិតកម្ម និង​ការងារ​ដាំ​ដុះ​អី​ហ្នឹងមាន​នៅ​សេសសល់​តិចតួច ដែល​យើង​ត្រូវ​ធ្វើការ​បន្តរាល់​ថ្ងៃ​ហ្នឹង ប៉ុន្តែ​ជា​រួម យើង​បាន​ដោះ​អស់​ហើយ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​ដីធ្លី​យល់​ឃើញ​ថា បញ្ហា​ដែល​បង្ក​ឡើង​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ នៅ​តែ​ជា​ចំណោទ​ដែល​មិន​ទាន់​អាច​ដោះស្រាយ​ចេញ​នៅ​ឡើយ​ស្ទើរ​ទូទាំង​ប្រទេស។

ទាក់ទិន​រឿង​នេះ មន្ត្រី​សម្របសម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត រិះគន់​ថា ការ​អះអាង​ដូចនេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅ​មិន​ទាន់​អាច​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ជម្លោះ​ដីធ្លី បង្ក​ឡើង​ពី​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ​នៅ​ឡើយ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ទីតាំង​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​រួច​ហើយ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នោះ បាន​ផ្ដល់​ការ​ឈឺ​ចាប់​មិន​ចប់​នោះ​ឡើយ​រហូត​មក​ដល់​ពេល​នេះ។ ដោយឡែក​អ្វី​ដែល​ជា​ការ​អះអាង​ថា​បាន​ដោះស្រាយ​បញ្ចប់​ហើយ​នោះ គឺ​គ្រាន់​តែ​រូបភាព​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រឿង​ដោះស្រាយ​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង តាម​ខ្ញុំ​ធ្វើ​ការកន្លង​មក​នេះមើល​ឃើញ​ថា គឺ​ឥត​មាន​ដោះស្រាយ​បញ្ចប់​ទេ ជាពិសេស​ដូចជា​នៅ​តាម​សហគមន៍​ព្រះវិហារ មណ្ឌលគិរី រតនគិរី និង​នៅ​ស្ទឹងត្រែង ដែល​ខ្ញុំ​ធ្វើ​ការ​កន្លង​មក ដូចជា​នៅ​កោះកុង ជាដើម។ ខ្ញុំ​ឃើញ​ថាឥត​មាន​ឃើញ​ដោះស្រាយ​អី​ផង​រាល់​ថ្ងៃ​នេះ»

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ លោក ហ៊ុន សែន ដើម្បី​បញ្ចៀស​ពី​ជំងឺ​មហា​រីក​ដែល​ព្យាបាល​មិន​ជា​ព្រោះ​តែ​ជម្លោះ​ដីធ្លី​នេះ បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដោយ​ដក​ហូត​ដី​ជិត ១​លាន​ហិកតារ​មក​គ្រប់គ្រង​វិញ ក្នុង​ចំណោម​ដី​ជាង ២​លាន​ហិកតារ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។

មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​សម្រេច​បែប​នេះ ទើប​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋាភិបាល​សម្រេច​និរាករណ៍​ដី​ដែល​បាន​ផ្ដល់​រួច​ហើយ ដោយ​បន្សល់​ទុក​ដី​ប្រមាណ ១​លាន ៩​ម៉ឺន​ហិកតារ​ប៉ុណ្ណោះ​ឲ្យ​ក្រុមហ៊ុន​បន្ត​វិនិយោគ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​បាន​ចេញ​សម្រេច​មួយ​ជាន់​ទៀត ដោយ​បន្ថយ​ឆ្នាំ​នៃ​ការ​វិនិយោគ​ពី ៩០​ឆ្នាំ​មក​នៅ​ត្រឹម ៥០​ឆ្នាំ​វិញ។

លោក ប៉ុល ហំម ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​មក​ពី​ខាង​គណបក្ស​ប្រឆាំង ដែល​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់ ទទួល​ស្គាល់​ថា គណៈកម្មការ​របស់​រដ្ឋសភា​ពិត​ជា​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ជុំវិញ​រឿង​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​ទេ។ យ៉ាង​ណា លោក​យល់​ថា អ្វី​ដែល​លោក សាយ សំអាល់ បកស្រាយ​នេះ​អាច​ទទួល​យក​បាន​ខ្លះ។ លោក​បន្ត​ថា «បញ្ហា​ដី​សម្បទាន​នេះ​និយាយ​ឲ្យ​មែន​ទែន​ទៅ យើង​មិន​មាន​លទ្ធភាព​អី​នឹង​ទៅ​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេប៉ុន្តែ​អ្វី​ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​មាន​ប្រសាសន៍​នេះ គឺ​មាន​លក្ខណៈ​សមរម្យ​ច្រើន»

របាយការណ៍​របស់​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន រក​ឃើញ​ថា ប្រជាពលរដ្ឋ​ប្រមាណ ៧០​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស កំពុង​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ក្នុង​ជម្លោះ​ដីធ្លី​នេះ។ វិវាទ​ដីធ្លី​ជា​រួម សង្គម​ស៊ីវិល​មើល​ឃើញ​ថា គឺ​បង្ក​ឡើង​ពី​ក្រុមហ៊ុន​ពីរ​ដែល​នាំ​មុខ​គេ គឺ​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ធ្លាប់​អះអាង​ថា ជម្លោះ​ដីធ្លី​នេះ​មិន​ថមថយ​នោះ​ទេ ហើយ​និន្នាការ​នេះ​នឹង​នៅ​តែ​ជា​ការ​គំរាម​កំហែង​នៅ​ឡើយ ដរាប​ណា​អ្នក​វិនិយោគ​ដែល​មក​ពី​ប្រទេស​កុម្មុយនិស្ត​ទាំងនេះ មិន​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។