ពលរដ្ឋនៅជ្រោយចង្វារប្ដឹងសណ្ឋាគារសុខាភ្នំពេញចោទពីបទរំលោភយកដី
2014.07.24
ពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ គ្រោងប្ដឹងម្ចាស់សំណង់សណ្ឋាគារ សុខា ភ្នំពេញ ពីបទរំលោភយកដីដែលពួកគាត់កំពុងកាន់កាប់។ បញ្ហានេះ តំណាងសាលារាជធានីភ្នំពេញ ណែនាំឲ្យប្ដឹងទៅតុលាការ។
សំណង់សណ្ឋាគារ សុខា ភ្នំពេញ (Sokha Phnom Penh Hotel) នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ត្រូវអ្នករស់នៅទីនោះចោទថា សង់បំពានលើដីពួកគេដែលបានកាន់កាប់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ១៩៨០ មក។
លោកស្រី ហ៊ីង កញ្ចនា អះអាងថា ដីក្រុមគ្រួសារគាត់ឋិតនៅជាប់មាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ ចំនួន ៣ប្លង់ មានទំហំជិត ៦.០០០ម៉ែត្រការ៉េ។ ក្រុមគ្រួសារគាត់បានធ្វើចម្ការតាំងពីពេលឪពុករបស់គាត់ឈ្មោះ ហ៊ីង សាខន នៅរស់ និងជាចៅសង្កាត់ជ្រោយចង្វារ។ ឥឡូវ ក្រុមហ៊ុនសង់សណ្ឋាគារ សុខា ភ្នំពេញ រំលោភយកដាក់ចូលប្លង់រឹងរបស់ក្រុមហ៊ុន។ លោកស្រីបន្តថា នៅពេលគាត់ប្ដឹងទៅតុលាការ ឲ្យរក្សាការពារដីគាត់ ស្រាប់តែតំណាងក្រុមហ៊ុនបង្ហាញប្លង់រឹង ដោយមាន លោក កែប ជុតិមា អតីតអភិបាលក្រុង ចុះហត្ថលេខាប្រគល់ដីនោះទៅឲ្យក្រុមហ៊ុន សុខា នៅឆ្នាំ២០១២។
លោកស្រីបន្តថា នៅឆ្នាំ១៩៨០ អាជ្ញាធរមូលដ្ឋានបានចែកដីឲ្យប្រជាពលរដ្ឋដាំដុះ តែបានក្លាយទៅជាដីសម្បទានសេដ្ឋកិច្ចថ្មីៗនេះទៅវិញ៖ «ម្ចាស់អូតែល មេធាវីគេហ្នឹង គេយកឯកសារមានប្លង់រឹងដែលសាលាក្រុងបានផ្ទេរកម្មសិទ្ធិទៅឲ្យខាង សុខា អូតែល ហ្នឹងឆ្នាំ២០១២។ តាមពិតទៅ ដីពួកខ្ញុំហ្នឹងមានបង្កាន់ដៃកាន់កាប់សិទ្ធិស្របច្បាប់ គឺខ្ញុំកាន់កាប់តាំងពីឆ្នាំ១៩៨០ ហើយទទួលបានបង្កាន់ដៃស្របច្បាប់នៅឆ្នាំ១៩៩០»។
លោក កុសល ហៅ ហួរ ឲ្យដឹងថា ដីចម្ការជាប់មាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារ ទំហំជាង ១ពាន់ម៉ែត្រការ៉េ មេភូមិបានចែកឲ្យគាត់ដាំដំណាំតាំងពីឆ្នាំ១៩៨០ មក។ ឥឡូវ ក្រុមហ៊ុនមួយកំពុងសង់សណ្ឋាគារ និងរបងលើដីគាត់ ដោយរើរបងស័ង្កសី ហើយសង់របងថ្ម ទើបពួកគាត់ភ្ញាក់ផ្អើល៖ «ឥឡូវ គេមកយកអ៊ីចឹង បើថារដ្ឋគេយកទៅធ្វើអីៗទៅ អាហ្នឹងត្រូវតែមានគោលនយោបាយ ព្រោះដីនៅម្តុំត្រង់ហ្នឹង ប្រជាជនហ្នឹងគេលក់ៗចង់អស់ទៅហើយហ្នឹង នៅតែយើង នឹកឃើញថា បើទៅថ្ងៃក្រោយ យើងចង់បង្កបង្កើនផលទៀត ឬក៏យើងត្រូវធ្វើអី យើងអភិវឌ្ឍតាមគេអ៊ីចឹងទៅ ហើយដល់ឥឡូវ គេថាដីចំណីទន្លេយ៉ាងម៉េច គេត្រូវឲ្យក្រុមហ៊ុន សុខា អូតែល ហ្នឹងគេអភិវឌ្ឍ»។
ចំណែកម្ចាស់ដីទំហំ ៤.២២០ម៉ែត្រការ៉េមួយរូបទៀត គឺលោក គិត ណារិន ជាអាជីវករ អះអាងថា ជម្លោះដីនោះ ប្រជាពលរដ្ឋម្ចាស់ដីបានប្ដឹងទៅអាជ្ញាធរក្រុងឲ្យជួយដោះស្រាយ ប៉ុន្តែលេចចេញជាសំណង់សណ្ឋាគារទៅវិញ។ ពួកគាត់មិនបានលក់ដីទេ គឺទុកដីនោះដាំដុះ និងសង់ផ្ទះរស់នៅ។ កាល លោក ជា សុផារ៉ា នៅជាអភិបាលក្រុង អាជ្ញាធរបានចាក់ដីសង់អគារចោលលើដីនោះ។ ក្រោយមកក៏លេចជាសណ្ឋាគារ សុខា ភ្នំពេញ នេះ។ លោកសុំឲ្យគណបក្សឈ្នះឆ្នោត ដែលទើបចាប់ដៃគ្នាបញ្ចប់ជម្លោះនយោបាយ ជួយដោះស្រាយរឿងដីធ្លីអ្នករស់នៅក្នុងសង្កាត់ជ្រោយចង្វារ៖ «អូតែល សុខា ហ្នឹង គេមានប្លង់របស់គេ ឥឡូវហ្នឹងឃើញប្លង់ហ្នឹងចេញឆ្នាំ២០១២ ហើយ២០១២ហ្នឹង វានៅរជ្ជកាល លោក កែប ជុតិមា»។
ចៅសង្កាត់ជ្រោយចង្វារ លោក ពេជ្រ សារឿន មានប្រសាសន៍ថា អាជ្ញាធរទើបទទួលពាក្យប្ដឹងទាស់សណ្ឋាគារ សុខា ភ្នំពេញ ដែលសង់របងថ្មលើដីរបស់អ្នកភូមិពីក្រុមគ្រួសារអតីតចៅសង្កាត់ជ្រោយចង្វារ ទេ។ លោកថាកំពុងរង់ចាំអ្នកជាប់ពាក់ព័ន្ធដីជម្លោះជាមួយសណ្ឋាគារ សុខា ភ្នំពេញ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌជ្រោយចង្វារ និងសាលារាជធានីភ្នំពេញ៖ «អាហ្នឹងរឿងហ្នឹងវាកប់បាត់យូរហើយ បើឲ្យច្បាស់វាអត់ទាន់ច្បាស់ទេ ប៉ុន្តែអ្នកណាមកតវ៉ា អាហ្នឹងយើងដឹងហើយ ព្រោះអ្នកតវ៉ាគាត់យកឯកសារមកបង្ហាញហើយ ចំណែកអ្នកអត់មកតវ៉ា មិនដឹងឯកសារនៅឯណា យើងនិយាយវាអត់កើត»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បំភ្លឺថា ដីដែលកំពុងមានទំនាស់នេះជាប្រភេទដីចំណីទន្លេ មិនមានស្ថាប័នណាហ៊ានចេញប្លង់កម្មសិទ្ធិទេ។ លោកបន្តថា មាន២គ្រួសារបានប្ដឹងទាស់ដីកំពុងសង់សណ្ឋាគារ គឺជាគ្រួសារអតីតចៅសង្កាត់ជ្រោយចង្វារ។ លោកណែនាំឲ្យម្ចាស់ដី គួរប្ដឹងរឿងនេះទៅតុលាការ៖ «ទំនាស់ដីដែលមានកម្មសិទ្ធិហើយ អ៊ីចឹងខ្ញុំគិតថា គាត់គួរមានការប្តឹងផ្តល់អី គឺគាត់អាចពាក់ព័ន្ធទៅតុលាការ»។
ក្រុមគ្រួសារនៅសង្កាត់ជ្រោយចង្វារ មានដីពាក់ព័ន្ធសំណង់សណ្ឋាគារ សុខា ភ្នំពេញ កំពុងប្រមូលផ្តុំដើម្បីតវ៉ាឲ្យមានការដោះស្រាយ ព្រោះតែពួកគេអះអាងថា មិនបានលក់ដូរដីទេ៕