ពលរដ្ឋ​ស្ទឹងត្រែង​ថា អាជ្ញាធរ​មិនទាន់​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង

ដោយ សេក បណ្ឌិត
2024.09.22
ពលរដ្ឋ​ស្ទឹងត្រែង​ថា អាជ្ញាធរ​មិនទាន់​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង ទិដ្ឋភាព​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) នៅខេត្ត​ស្ទឹងត្រែង ថតពីលើអាកាស។
រូប៖ ផ្ដល់ឱ្យ

ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​មិន​ទាន់​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង របស់​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD)​ ដែល​បាន​រំលោភ​យក​ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ​របស់​ពលរដ្ឋ​នោះ​ទេ ក្រៅ​ពី​ពាក្យ​សន្យា​រក​ដំណោះស្រាយ និង​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​ចោទ​ពលរដ្ឋ​ទាំង​នោះ​ថា ជា​អ្នក​រំលោភ​យក​ដី​របស់​ក្រុមហ៊ុន។

ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ និង​ជំនួប​រវាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ជាង​កន្លែង​ខែ​មក​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង របស់​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ដោយ​បាន​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ថា​នឹង​មាន​ដោះស្រាយ​ល្អ​នៅ​រយៈ​ពេល​២​ទៅ​៣​ខែ​ទៀត ហើយ​អាជ្ញាធរ​បាន​ហាម​ពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា និង​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ក្រុមហ៊ុន​ចិន​ជា​ដាច់ខាត។

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា អាជ្ញាធរ​បាន​ចុះ​មក​ជួប​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ពី​ធ្វើ​ការ​អាជីវកម្ម​រ៉ែ​ធ្យូង​ជាង ១០​នាក់ ហើយ​អាជ្ញាធរ​មិន​បាន​រក​ដំណោះស្រាយ ឬ​កាត់​ឆ្វៀល​ដី ពី​ការ​រង​ផល​ប៉ះពាល់​នោះ​ទេ។ លោក​បន្ថែម​ថា ពលរដ្ឋ​ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ និង​រង​ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​មួយ​នេះ។ លោក​ថា ពលរដ្ឋ​នៅ​តំបន់​នោះ​គ្មាន​ចង់​បាន​អ្វី​ក្រៅ​ពី​ដី​ស្រែ​ចម្ការ និង​ផ្ដល់​សំណង​ពី​ការ​ខូចខាត​ផល​ដំណាំ​របស់​ពលរដ្ឋ​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​កន្លង​ទៅ​នោះ​ទេ។

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ចង់​បាន​ដំណោះស្រាយ ពី​កន្លែង​ណា​ទៅ​កន្លែង​ណា បាន​២​ហិកតារ​ក៏ដោយ ប្រជាពលរដ្ឋ​ចង់​រក​ដំណោះស្រាយ​កន្លែង​នឹង ឬ​មួយ​កន្លែង​នឹង​បាន​រស់នៅ​បាន​ហើយ​ត្រូវ​បាន​ប៉ុន្មាន​ហិកតារ ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​តើ​គេ​កាត់​ឆ្វៀល​ពី​ក្រុមហ៊ុន​របៀប​ម៉េច ហើយ​ប៉ះពាល់​ដំណាំ​ប្រជាពលរដ្ឋ​ក្នុង​មួយ​ហិកតារ​តម្លៃ​ប៉ុន្មាន ចន្ទី​ក៏​ដោយ កៅស៊ូ​ក៏​ដោយ»

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា នៅ​ក្នុង​ជំនួប រវាង​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា(អាដហុក)​កន្លង​ទៅ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បាន​សន្យា​ថា នឹង​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់ និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​តំបន់​នោះ។

ទោះ​ជា​យ៉ាង​ណា​ជុំ​វិញ​រឿង​នេះ អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រួច​រាល់​ហើយ គឺ​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​ជា​អ្នក​រស់​នៅ​លើ​ដី​របស់​ក្រុមហ៊ុន ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​គ្រាន់​តែ​ទៅ​សុំ​ដី​របស់​ក្រុមហ៊ុន​រស់​នៅ​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ចំពោះ​សំណង​ផល​ដំណាំ​ខូចខាត​របស់​ពលរដ្ឋ លោក​ឲ្យ​ពលរដ្ឋ​ទៅ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន។

លោក ម៉ែន គុង៖ «ជា​រួម​អាជ្ញាធរ​បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​រួច​ហើយ​ត្រូវ​ចូលរួម​សហការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ ហើយ​ត្រូវ​ចូលរួម​អនុវត្ត​ទៅ​តាម​អ្វី​ដែល​បាន​ជូន​ដំណឹង ហើយ​ប្រសិន​ពិត​ថា​តំបន់​ទាំង​អស់​នោះ​នៅ​ក្នុង​ដី​ប្រជាពលរដ្ឋ​មែន​អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ តែ​ដល់​ពេល​ស្រាវជ្រាវ​ទៅ​ពិត​ប្រាកដ​ណាស់​នៅ​ក្នុង​ដី​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ហើយ​ថា ប្រជាពលរដ្ឋ​មក​សុំ​រស់​នៅ​បណ្ដោះអាសន្ន ដើម្បី​ជីវភាព​បណ្ដោះអាសន្ន​ផង និង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ផង»

ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​អាជ្ញាធរ ពលរដ្ឋ​លើក​ឡើង​ថា ពួកគាត់​រស់​នៅ​តំបន់​នោះ​ជាង​២០​ឆ្នាំ​មក​ហើយ និង​អ្នក​ខ្លះ​ទៀត​រស់​នៅ​តាំង​ពី​ដូន​តា​របស់​ពួកគាត់​មក មិនមែន​ទៅ​សុំ​ដី​របស់​ក្រុមហ៊ុន​រស់​នៅ​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ឡើយ។

ទាក់ទិន​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា បញ្ហា​មួយ​នេះ​មិន​ពិបាក​ក្នុង​ការ​រក​ដំណោះស្រាយ​នោះ​ទេ អាជ្ញាធរ​ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​រវាង​ឯកសារ​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ថា​នរណា​ជា​អ្នក​កាន់​កាប់​ដី​ទាំង​អស់​នោះ​មុន។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​រង​ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ ក្រុមហ៊ុន​ក៏​ត្រូវ​ផ្អាក​ក្នុង​ការ​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ដូច​គ្នា ដើម្បី​ទុក​ពេល​ឲ្យ​អាជ្ញាធរ​ចុះ​សិក្សា និង​ជួប​ប្រជាពលរដ្ឋ​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ការ​បញ្ចប់​វិវាទ​មួយ​នេះ។

លោក យិន ម៉េងលី៖ «អាជ្ញាធរ​គួរ​តែ​ចុះ​ទៅ​សិក្សា​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ផ្ទាល់ សិក្សា​អំពី​បញ្ហា​ដី​នេះ ហើយ​ធ្វើ​របាយការណ៍​ឲ្យ​ច្បាស់​ជូន​ប្រមុខ​រដ្ឋាភិបាល អំពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​នេះ​ទៅ ដើម្បី​បញ្ចប់​បញ្ហា​ទៅ»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០២១ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ចុះ​ហត្ថលេខា ឲ្យ​ក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​លើ​ផ្ទៃដី ៨,៨១ គីឡូ​ម៉ែត្រ​ការ៉េ ឬ​ស្មើ​ជិត​១​ពាន់​(៨៨១)​ហិកតារ នៅ​ក្នុង​ភូមិ​សាស្ត្រ​តំបន់​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ ដោយ​មិន​ទាន់​រក​ដំណោះស្រាយ ឬ​ផ្ដល់​សំណង​ដល់​ពលរដ្ឋ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។