អតីត​អ្នក​បុរីកីឡា​រស់​នៅ​ភ្នំបាត​ដើរ​សុំ​សំយាប​ផ្ទះ​អ្នក​ភ្នំពេញ​រស់​នៅ

ដោយ ប្រាជ្ញ ចេវ
2017-05-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អ្នក​បុរីកីឡា រស់​នៅ​តំបន់​ភ្នំបាត លោកស្រី សាន សារ៉ុម ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​អ្នក​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
អតីត​អ្នក​បុរីកីឡា រស់​នៅ​តំបន់​ភ្នំបាត លោកស្រី សាន សារ៉ុម ដើរ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​អ្នក​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំបាត ខេត្ត​កណ្ដាល នាំ​គ្នា​សុំ​សំយាប​ផ្ទះ​អ្នក​ភ្នំពេញ ដើម្បី​ស្នាក់​នៅ​ពេល​យប់ ខណៈ​ពួកគេ​ឡើង​មក​រក​ប្រាក់​ចិញ្ចឹម​ក្រពះ។ មន្ត្រី​សិទ្ធិមនុស្ស​ធ្វើ​ការងារ​ទាក់ទង​លំនៅឋាន​យល់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​ផ្ដល់​សំណង​បន្ថែម​ដល់​ពលរដ្ឋ​ទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធភាព​រស់​នៅ​បាន​សមរម្យ។

ជា​ពលរដ្ឋ​រស់​នៅ​តំបន់​បុរីកីឡា ដូច​គ្នា​កាល​ពី​ជាង ៥​ឆ្នាំ​មុន អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​តំបន់​ភ្នំ​បាត ជាង ១៤០​គ្រួសារ គ្មាន​សំណាង​ទទួល​បាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ដូច​ពលរដ្ឋ​ផ្សេង​ទៀត​ទេ។ ព្រោះ​តែ​មិន​អាច​ទ្រាំ​រស់​នៅ​កណ្ដាល​ព្រៃ ជាប់​ជើង​ភ្នំ​ព្រះរាជទ្រព្យ​ក្រុម​ពលរដ្ឋ​ខ្លះ បាន​នាំ​គ្នា​មក​រស់​នៅ​ភ្នំពេញ ដោយ​សុំ​សំយាប​ផ្ទះ​គេ​រស់​នៅ។ អ្នក​ខ្លះ​ទៀត​ក៏​រស់​នៅ​លើ​គំនរ​សំរាម​ជាប់​អគារ​បាក់បែក​ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) មិន​ទាន់​វាយកម្ទេច។

កំពុង​បោក​គក់​ខោអាវ​មាន​ទឹក​សាប៊ូ​ដាក់​នៅ​ក្នុង​ចានដែក លោកស្រី គឹម សារ៉ាន ទទួល​បាន​កម្រៃ​ពី​មុខ​របរ​នេះ​ជាង​មួយ​ម៉ឺន​រៀល ដោយ​បោក​គក់​ខោអាវ​ពី ៥០ ទៅ ៦០​កំប្លេ ប៉ុន្តែ​មិន​បាន​រាល់​ថ្ងៃ​ទៀងទាត់​នោះ​ទេ។

ខោអាវ​ច្រើន​សម្រាប់​របស់​ពលរដ្ឋ​រស់​នៅ​បុរីកីឡា ធ្វើ​ឲ្យ​អតីត​ពលរដ្ឋ​បុរីកីឡា ដែល​សព្វថ្ងៃ​រស់​នៅ​ភ្នំ​បាត ទទួល​បាន​កម្រៃ​តិចតួច​ពីរ​បរ​បោក​ខោអាវ។ លោកស្រី​បន្ត​ថា ពេល​នេះ​កូន​របស់​លោកស្រី​បាន​បោះ​បង់​ចោល​ការ​សិក្សា​តាម​ម្ដាយ​មក​រស់​នៅ​ភ្នំពេញ«ខោ​អាវ​ពីរ​ស្បោង​ហ្នឹង​បាន​មួយ​ម៉ឺន​រៀល អត់​ថ្លឹង​អត់​អី​ទេ​អូន! អត់​អ៊ុត​ទេ ព្រោះ​អត់​មាន​កន្លែង​បោក​អ៊ុត»

ក្រៅ​ពី​ពលរដ្ឋ​សុំ​សំយាប​ផ្ទះ​គេ​រស់​នៅ ក៏​មាន​អ្នក​ផ្សេង​ទៀត​ប្រឹង​ទ្រាំ​រស់​ជាមួយ​គំនរ​សំរាម​ជាប់​អគារ​បាក់បែក ដែល​ក្រុមហ៊ុន​ផានអ៊ីម៉ិច មិន​ទាន់​វាយ​កម្ទេច។ នៅ​ទី​នោះ​ក្រៅ​ពី​សំរាម​មាន​ក្លិន​ស្អុយ សត្វ​រុយ​មិន​ព្រម​ទៅ​ណា​នោះ ក៏​មាន​ក្រុម​ក្មេង​ញៀន​ថ្នាំ​រស់​នៅ​ផង​ដែរ។

អតីត​ពលរដ្ឋ​បុរីកីឡា ម្នាក់​ទៀត លោកស្រី សាន សារ៉ុម ដែល​មាន​សភាព​ទឹក​មុខ​ស្លេកស្លាំង​ដើរ​សុំ​ជ្រក​តាម​សំយាប​ផ្ទះ​គេ​ដែរ​នោះ ឲ្យ​ដឹង​ថា សព្វថ្ងៃ​ស៊ី​ឈ្នួល​បោក​ខោអាវ និង​ដើរ​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត។ លោកស្រី​បន្ត​ថា នៅ​ទី​នេះ​កន្លែង​គ្មាន​កន្លែង​រស់​នៅ​សមរម្យ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ហេតុផល​ម្យ៉ាង​ទៀត នៅ​ភ្នំពេញ លោកស្រី​ងាយ​ស្រួល​ក្នុង​ការ​ទាមទារ​ទៅ​ស្ថាប័ន​របស់​រដ្ឋ​នានា ជាពិសេស​គឺ​សាលាក្រុង​ភ្នំពេញ ផ្ដល់​ដំណោះស្រាយ​បន្ថែម«សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ពួក​ខ្ញុំ​អ្នក​ភ្នំ​បាត ផង រស់នៅ​ដោយ​វេទនា​អត់​ឃ្លាន។ ឥឡូវ​ចាស់ៗ​ជរា​ឈឺ​បន្ត​ទៀត​ហើយ»

សព្វថ្ងៃ​ពលរដ្ឋ​ដែល​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​រស់​នៅ​ភ្នំ​បាត ទាំង​មុន និង​ក្រោយ មាន​ជាង ១៤០​គ្រួសារ ប៉ុន្តែ​មិន​មែន​ពលរដ្ឋ​ទាំង​អស់​មក​រក​ប្រាក់​នៅ​ភ្នំពេញ ទាំង​អស់​នោះ​ដែរ។ អ្នក​ផ្សេង​ទៀត ក៏​ទ្រាំ​រស់​នៅ​ភ្នំ​បាត។

ទន្ទឹម​នឹង​ការ​រៀបរាប់​ពី​ទុក្ខ​លំបាក​នៃ​ការ​រស់​នៅ​តាម​សំយាប​ផ្ទះ​គេ និង​គំនរ​សំរាម ក្រុម​ពលរដ្ឋ​នាំ​ក្រុម​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​តំបន់​ភ្នំ​បាត ក្នុង​ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ទីតាំង​ដែល​ជម្លៀស​ពលរដ្ឋ​ទៅ​រស់​នៅ​ទី​នោះ មាន​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ព្រះរាជទ្រព្យ ដែល​ជា​តំបន់​ទេសចរណ៍។

ផ្ទះ​របស់​ពលរដ្ឋ​សង់​ពី​ឈើ ជញ្ជាំង​ធ្លុះធ្លាយ ដំបូល​ប្រក់​ស័ង្កសី ក្បាល ៤​ម៉ែត្រ​កន្លះ បណ្ដោយ ១២​ម៉ែត្រ។ ទី​នេះ​មិន​ទាន់​មាន​ទឹក​ភ្លើង​របស់​រដ្ឋ​នៅ​ឡើយ ផ្ទះ​ខ្លះ​មាន​អណ្ដូង​ទឹក​នៅ​មុខ​ផ្ទះ និង​មាន​ដើម​ស្វាយ​ផង​ដែរ។

​ដើម​ស្វាយ​នេះ​ពលរដ្ឋ​អះអាង​ថា កាល​ពី ៥​ឆ្នាំ​មុន អតីត​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា បាន​សន្យា​ជាមួយ​ពលរដ្ឋ​ថា នៅ​ពេល​ស្វាយ​នេះ​ចេញ​ផ្លែ លោក​នឹង​សង់​ផ្ទះ​ថ្មី​ជូន​ពលរដ្ឋ ព្រម​ទាំង​រៀបចំ​តំបន់​នេះ​ឲ្យ​មាន​ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ជាដើម។ ប៉ុន្តែ​មក​ដល់​ពេល​នេះ សាលាក្រុង​ភ្នំពេញ មិន​បាន​ធ្វើ​តាម​ការ​សន្យា​ទេ។ លោកស្រី សាន សារ៉ុម ប្រាប់​ថា ដើម​ស្វាយ​របស់​លោកស្រី​ចេញ​ផ្លែ​បាន​ពីរ​ឆ្នាំ​ហើយ គ្មាន​មន្ត្រី​រូប​ណា​មក​ជួប​ពលរដ្ឋ ឬ​មក​ប្រាប់​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​ភ្នំ​បាត ម្ដង​ណា​ឡើយ«អត់​សង្ឃឹម​សោះ​ពូ! ព្រោះ​អត់​ឃើញ​គាត់​មក​អើត​សោះ (អភិបាល​ក្រុង​ភ្នំពេញ) ផ្លូវ​ក៏​អត់ លូ​ក៏​អត់​ឃើញ តែ​ខ្ញុំ​ឃើញ​សហគមន៍​នានា​ផ្លូវ​ចាក់​សុទ្ធតែ​បេតុង»

កន្លែង​ដែល​ពួក​គេ​រស់​នៅ​កណ្ដាល​ព្រៃភ្នំ និង​គ្មាន​ដី​ទំនេរ​ឲ្យ​ពួកគេ​បង្កបង្កើន​ផល​ឡើយ។ ពលរដ្ឋ​គ្មាន​លទ្ធភាព​ទៅ​ប្រកប​របរ​នៅ​ក្នុង​តំបន់​មួយ​នេះ ព្រោះ​ពួកគេ​គ្មាន​ដើម​ទុន។ លោកស្រី រង់ សំណាង ដែល​កំពុង​រស់​នៅ​តំបន់​ភ្នំ​បាត និយាយ​ថា ដោយសារ​គ្មាន​មុខ​របរ​ច្បាស់លាស់ និង​ខ្វះខាត​ក្នុង​ការ​រស់​នៅ​ត្រូវ​បង្ខំ​ចិត្ត​កាត់​សក់​លក់។ លោកស្រី​ស្នើ​ឲ្យ​សាលាក្រុង​ភ្នំពេញ ជួយ​អភិវឌ្ឍន៍​តំបន់​ភ្នំ​បាត តាម​ការ​សន្យា​ដើម្បី​ឲ្យ​ក្រុម​ពលរដ្ឋ​អាច​រស់​នៅ​បាន​សមរម្យ​ដូច​ពលរដ្ឋ​ផ្សេង​ទៀត«ពេល​ខ្លះ​ទៅ​សុំ​ឆ្អឹង​មាន​យក​មក​ឲ្យ​ម្តាយ​ចឹង​ទៅ​វេទនា​ណាស់ ខ្ញុំ​រាល់​ថ្ងៃ​អត់​ទឹក​ឲ្យ​កូន​បៅ អត់​អី​ឲ្យ​ហូប»

កិច្ចសន្យា​សាងសង់​អគារ​រវាង​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​ពលរដ្ឋ​បុរីកីឡា កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ មាន​ស្នាម​ផ្ដិត​មេដៃ​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​ស្នាម​ផ្ដិត​មេដៃ​តំណាង​សហគមន៍​បុរីកីឡា រួម​មាន​ទាំង​អតីត​ចៅហ្វាយ​ក្រុង​ភ្នំពេញ លោក កែប ជុតិម៉ា ជា​សាក្សី ព្រមព្រៀង​គ្នា​ថា ក្រុមហ៊ុន​ត្រូវ​សង់​អគារ​ចំនួន ១០​ខ្នង​អោយ​ទៅ​អ្នក​ភូមិ​បុរីកីឡា រស់​នៅ។

ជា​ថ្នូរ​នឹង​ការ​សាងសង់​នេះ ក្រុមហ៊ុន​ផានអ៊ីម៉ិច ទទួល​បាន​ដី​ទំហំ​ជាង ២​ហិកតារ​កន្លះ​ពី​រដ្ឋ​សម្រាប់​សាងសង់​ផ្ទះ​ល្វែង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដដែល​នោះ។

បើ​ទោះ​ជា​កិច្ចសន្យា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​អំពី​កាតព្វកិច្ច​ផ្លូវ​ច្បាប់ ដែល​ក្រុមហ៊ុន​ត្រូវ​សង់​អោយ​បាន ១០​អគារ​ក៏ដោយ ប៉ុន្តែ​ក្រោយ​ពេល​សង់​បាន​តែ ៨​អគារ ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រកាស​ថា ខាតបង់​ជាង ៣​លាន​ដុល្លារ​អាមេរិក នាំ​អោយ​មិន​អាច​សាងសង់ ២​ខ្នង​ទៀត​បាន​ឡើយ។ គ្មាន​ការ​ត្រួត​ពិនិត្យ​ណា​មួយ​ពី​សមត្ថកិច្ច​រដ្ឋ ឬ​តុលាការ​ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​ពិត​ជា​មាន​ការ​ខាតបង់​មែន ឬ​ទេ។

ទាក់ទង​រឿង​នេះ នាយកប្រតិបត្តិ​នៃ​អង្គការ​​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​កន្លង​ទៅ​ក្នុង​ចំណោម​ពលរដ្ឋ​មិន​ព្រម​ចាក​ចេញ​ចំនួន ១៥៤​គ្រួសារ អាជ្ញាធរ​ដោះស្រាយ​បាន ៩០​ភាគរយ ដែល​ជា​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​រស់​នៅ​អគារ​ថ្មី​បុរីកីឡា។ ប៉ុន្តែ​លោក​ថា ក្រុម​ពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​ឲ្យ​ទៅ​រស់​នៅ​ភ្នំ​បាត ខេត្ត​កណ្ដាល នៅ​តែ​រស់​នៅ​ដោយ​លំបាក​វេទនា«ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល យើង​មាន​ការ​សោកស្ដាយ។ យើង​អត់​ចង់​ឃើញ​អាជ្ញាធរ​ដែល​ផ្តល់​សេវា​ជូន​ពលរដ្ឋ​ហើយ បែរ​ជា​សន្យា​ខ្យល់»

​ជា​ញឹកញាប់ អតីត​ពលរដ្ឋ​បុរីកីឡា តែងតែ​លើក​គ្នា​ពី​ភ្នំ​បាត មក​តវ៉ា​ទាមទារ​សំណង​បន្ថែម​ពី​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ដូចជា​រដ្ឋ​សភា ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ជាពិសេស​សាលា​ក្រុង​ភ្នំពេញ។

​ក្រុម​ពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្ដល់​ទីតាំង​ថ្មី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ត្រូវ​សង់ផ្ទះ​មួយ​ល្វែង​សម្រាប់​មួយ​គ្រួសារ រួម​ទាំង​ផ្ដល់​ថវិកា ៥​ពាន់​ដុល្លារ។ ចំណុច​ទី​២ ផ្ដល់​ប្រាក់ ១​គ្រួសារ​មួយ​ម៉ឺន​ដុល្លារ និង​ត្រូវ​រៀបចំ​តំបន់​ភ្នំ​បាត ឡើង​វិញ។ ប៉ុន្តែ​ពួកគេ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ជា​វិជ្ជមាន​នៅ​ឡើយ​ទេ។

​អភិបាល​រង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ថា សាលាក្រុង​គ្មាន​គម្រោង​ផ្ដល់​សំណង​បន្ថែម​ណា​មួយ​ដល់​អតីត​ពលរដ្ឋ​បុរីកីឡា ទាំង​នោះ​ទេ។ ប៉ុន្តែ​លោក​ថា មន្ត្រី​សាលាក្រុង​ភ្នំពេញ នឹង​ចុះ​ដល់​តំបន់​ភ្នំ​បាត ក្នុង​ពេល​ណា​មួយ ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ មុន​នឹង​ឈាន​ដល់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រួម​មាន ផ្លូវ ទឹក ភ្លើង ដល់​ពួកគេ«គឺ​យើង​នឹង​ទៅ​ដោះស្រាយ​តាម​របៀប​ជួយ​សហគមន៍​ក្រីក្រ»

​បន្ថែម​លើ​នេះ អភិបាល​រង​សាលាក្រុង​ភ្នំពេញ មួយ​ទៀត គឺ​លោក ឃួង ស្រេង លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​មិន​ជឿ​ថា  អតីត​ពលរដ្ឋ​បុរីកីឡា ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ទៅ​តំបន់​ភ្នំ​បាត ធ្លាក់​ខ្លួន​ដើរ​សុំ​ទាន​រើស​អេតចាយ​នោះ​ទេ។ ប៉ុន្តែ​ការ​ថ្លែង​បែប​នេះ​របស់​លោក ឃួង ស្រេង ត្រូវ​តំណាង​អតីត​ពលរដ្ឋ​បុរីកីឡា លោកស្រី គឹម សារ៉ាន ច្រាន​ចោល«ខ្ញុំ​សុំ​ជម្រាប​ប្រសាសន៍​ទៅ​ឯកឧត្តម ឃួង ស្រេង ថា អ្នក​ភ្នំ​បាត ពិត​ប្រាកដ អត់​ឃ្លាន កាត់​សក់​ក្បាល​លក់ ដើរ​សុំ​ទាន ធ្វើ​សំណង់ រើស​អេតចាយ បោក​ខោ​អាវ​ឲ្យ​គេ ខ្លះ​លក់​ខ្លួន​ទៀត»

​ក្រុម​អ្នក​ច្បាប់ និង​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែល​បាន​តាមដាន​បញ្ហា​នេះ សុទ្ធតែ​អះអាង​ថា ក្រុមហ៊ុន​ផានអ៊ីម៉ិច ជា​អ្នក​បំពាន​ច្បាប់​ក្នុង​វិវាទ​ដីធ្លី​សហគមន៍​បុរីកីឡា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល