តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ១០​នាក់​ឲ្យ​ចូល​សវនាការ

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ចំនួន​១០​នាក់ ឲ្យ​ចូល​សវនាការ ចាប់ពី​ថ្ងៃទី២៤ ខែ​កក្កដា ដល់​ថ្ងៃទី​០៦ ខែ​សីហា ពាក់ព័ន្ធ​នឹង​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​។ ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អាជ្ញាធរ​គួរតែ​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​នានា​លើ​ពលរដ្ឋ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វិវឌ្ឍនៈ កាលពី​ថ្ងៃទី៩ ខែ​កក្កដា បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ដើម្បី​សាកសួរ លើ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងតាមោក ចំនួន​១០​នាក់ ពី​បទ​ហិង្សា​មាន​ចេតនា និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដែល​ប្រព្រឹត្តទៅ​នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប៉ុន្តែ​ចៅក្រម​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​បទល្មើស​ឡើយ​។ ពលរដ្ឋ​ទាំង​១០​នាក់​នោះ​មាន​លោកស្រី ស៊ា ដាវី លោកស្រី គង់ តឿ លោកស្រី ទឹម អ៊ុក និង​ពលរដ្ឋ​បឹង​តាមោក ចំនួន ៧​នាក់​ផ្សេង​ទៀត។

អាជ្ញាធរ​មូលដ្ឋាន បាន​យក​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ដែល​ពុំបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​បទល្មើស​នេះ ប្រគល់​ជូន​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក នៅ​ថ្ងៃទី១៦ ខែ​កក្កដា។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ថែមទាំង​ព្រមាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ក្នុង​ករណី​ពលរដ្ឋ​មិន​ចូល​ខ្លួន​តាម​ការ​កំណត់។

ឆ្លើយតប​នឹង​បញ្ហា​នេះ តំណាង​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៦ ខែកក្កដា​ថា ពលរដ្ឋ​នៅ​តំបន់​បឹង​តា​មោក មិនបាន​ប្រើប្រាស់​អំពើ​ហិង្សា និង​រារាំង​អាជ្ញាធរ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ «»

ចំណែកឯ​ការ​ដុត​ស្បៃ​មោង​នោះ​វិញ លោកស្រី ស៊ា ដាវី ឲ្យ​ដឹង​ដែរ​ថា មាន​ពលរដ្ឋ​ក្នុង​សហគមន៍​ម្នាក់​បាន​បាត់បង់​ផ្ទៃដី​អាស្រ័យ​ផល​ទាំងស្រុង ហើយ​គាត់​ក៏បាន​ដុត​ស្បៃ​មោង សម្រាប់​ធ្វើ​ស៊ង​ដាក់​ត្រី​របស់​គាត់​ចោល​តែម្ដង ដោយ​គ្មាន​ចេតនា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកណា​ឡើយ​។ តំណាង សហគមន៍​រូប​នេះ ស្នើ​ដល់​តុលាការ​ឲ្យ​ពិចារណា ជុំវិញ​ហេតុការណ៍​ដែល​បាន​កើតឡើង​ជាក់ស្ដែង និង​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​លើ​ពលរដ្ឋ។ «»

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី១៦ ខែ​កក្កដា។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស ឬ​ហៅ​កាត់​ថា ច្រាក់ លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អាជ្ញាធរ​គួរតែ​ផ្ដល់​ដំណឹង​ដល់​ពលរដ្ឋ​នៅមុន​ការ​ចុះ​អនុវត្ត​គម្រោង​ណាមួយ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​និង​មុខរបរ​សម្រាប់​អាស្រ័យ​ផល​របស់​ពលរដ្ឋ ។ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ដល់​តុលាការ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​ពលរដ្ឋ និង​ទទូច​ដល់​អ្នក​ពាក់ព័ន្ធ​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តា​មោក ដោយ​សន្តិវិធី និង​យុត្តិធម៌។

កាលពី​ថ្ងៃទី២៧ ខែ​កុម្ភៈ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រើ​គ្រឿងចក្រ ចំនួន​២ គ្រឿង​ចុះ​កាយ​ដី​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​ប្រឡាយ ដែល​មាន​ទទឹង ៤០​ម៉ែត្រ ដើម្បី​រំដោះ​ទឹកជំនន់​។ ប៉ុន្តែ​ការ​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​នោះ អាជ្ញាធរ​ពុំបាន​ជូនដំណឹង​ដល់​ពលរដ្ឋ ដែល​កំពុង​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង​ឡើយ ថែមទាំង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ បណ្ដាល​ឲ្យ​មាន​ស្ត្រី​ម្នាក់​ដួលសន្លប់ នៅពេល​គាត់​ព្យាយាម​រារាំង​មិន​ឲ្យ​អាជ្ញាធរ​កាយ​ដី ដែល​គាត់​អាស្រ័យ​ផល​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​ផ្សេងៗ។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ ទាក់ទង​នឹង​ការ​ហាមឃាត់​អាជ្ញាធរ​មិន​ឲ្យ​កាយ​ដី ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​។ កាលពី​ខែមេសា ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តា​មោក បាន​ច្រានចោល​ដីកា​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ដដែល​នេះ ដោយសារតែ​ដីកាកោះ​នោះ មិនបាន​បញ្ជាក់​ពី​ពេលវេលា និង​ទីកន្លែង​ប្រព្រឹត្ត​បទល្មើស​ឲ្យ​បាន​ច្បាស់លាស់។

ទោះជា​យ៉ាងណា ពលរដ្ឋ​នៅ​តំបន់​បឹង​តា​មោក បញ្ជាក់​ថា ពួកគាត់​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​តុលាការ។

ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទទូច​ដល់​តុលាការ​ឲ្យ​ទម្លាក់​ការចោទប្រកាន់​លើ​ពលរដ្ឋ និង​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​វិវាទ​ដីធ្លី រ៉ាំរ៉ៃ​ដែល​អូស​បន្លាយ​ពេល​ជិត​៥​ឆ្នាំ​នៅ​តំបន់​បឹង​តាមោក ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។