ជាងពីរឆ្នាំហើយដែលក្រុមហ៊ុនចិន ឡាន ហ្វេង និង រូយ ហ្វេង បានឈូសឆាយដីព្រៃសហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេ ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោមរូបភាពទទួលដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល។ ប្រជាសហគមន៍ត្អូញត្អែរថា ការផ្ដល់ដីសម្បទាននោះ ទាំងក្រុមហ៊ុននិងអាជ្ញាធរមិនបានពិភាក្សាជាមួយពលរដ្ឋជាមុន និងបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ វប្បធម៌ប្រពៃណី អត្តសញ្ញាណភាសា ដីចម្ការវិលជុំ ប្រពៃណី និងប្រាសាទបុរាណមួយចំនួនទៀត។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ជិត ៤០០គ្រួសារ (៣៦៧) មកពីសហគមន៍ ចំនួន ៣ ក្នុងខេត្តព្រះវិហារ ស្នើសុំឲ្យរាជរដ្ឋាភិបាលពិចារណាលុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយក្រុមហ៊ុន ឡាន ហ្វេង និង រូយ ហ្វេង និងសុំឲ្យពន្លឿនការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចកួយ។
សមាជិកសហគមន៍ឃុំប្រមេ លោកស្រី នួន ម៉ុន ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២៣ កក្កដា ថា ក្រុមហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រូយ ហ្វេង កំពុងឈូសឆាយដីធ្លីសហគមន៍ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ វប្បធម៌ប្រពៃណី អត្តសញ្ញាណ ភាសា ដីចម្ការវិលជុំ ដីបម្រុងទុកជនជាតិភាគតិច វាលកប់សព ព្រៃជំនឿ និងខឿនប្រាសាទបុរាណជាច្រើនទៀត។
អ្នកសម្របសម្រួលសហគមន៍នៃអង្គការលើកស្ទួយវប្បធម៌កួយ លោកស្រី ទេព ទឹម គិតថា រដ្ឋាភិបាលមិនបានគិតគូរជនជាតិដើមភាគតិច។ លោកស្រីបញ្ជាក់ថា តាំងពីថ្ងៃដែលក្រុមហ៊ុនឈូសឆាយដីសហគមន៍ កាលពីថ្ងៃទី៨ មេសា ឆ្នាំ២០១២ ក្រុមសហគមន៍បានដាក់លិខិតសុំអន្តរាគមន៍ទៅអាជ្ញាធរស្រុក អាជ្ញាធរខេត្ត ដាក់ទៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា សុំឲ្យលុបកិច្ចសន្យាផ្ដល់ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចិន ឡាន ហ្វេង និងក្រុមហ៊ុន រូយ ហ្វេង។ ប៉ុន្តែមិនមានការឆ្លើយតបណាមួយទេ រហូតដល់បណ្ដោយឲ្យក្រុមហ៊ុនទាំង២នោះ ឈូសឆាយដីសហគមន៍អស់គ្មានសល់។
កាលពីចុងខែមករា ដើមឆ្នាំ២០១៤ កន្លងទៅ ខាងសហគមន៍ក៏បានដាក់ពាក្យស្នើសុំទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែដំណោះស្រាយនៅតែគ្មានដដែល៖ «អ្វីៗដែលយើងធ្វើនេះហាក់បីដូចជារដ្ឋាភិបាលមិនចាប់អារម្មណ៍នៃទុក្ខកង្វល់ជនជាតិដើម ភាគតិចមិនដោះស្រាយតម្រូវការជនជាតិភាគតិច មើលទៅគាត់មើលស្រាលជនជាតិដើមភាគតិច ថាយើងមិនត្រូវមានដីធ្លី ត្រូវទៅស៊ីឈ្នួលគេ ពិសេសអាជ្ញាធរឃុំ ខេត្តនិយាយថា យើងទុកដីធ្វើស្រែជាការផ្សងព្រេងណាស់ ទុកឲ្យគេវិនិយោគទៅ ពូមីងស៊ីឈ្នួលគេដាំអំពៅ...។ ពួកយើងមិនត្រូវការស៊ីឈ្នួលគេទេ ត្រូវការសិទ្ធិសេរីភាពក្នុងការរស់នៅ»។
រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចិន ចំនួនពីរ គឺក្រុមហ៊ុន ឡាន ហ្វេង ចំនួនជាង ៩ពាន់ហិកតារ (៩.០១៥) និងក្រុមហ៊ុន រួយ ហ្វេង ជិត ៩ពាន់ហិកតារ (៨.៨៤១) កាលពីឆ្នាំ២០១១ ឲ្យវិនិយោគនៅឃុំប្រមេ រយៈពេល ៩៩ឆ្នាំ។
ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេ ស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រូយ ហ្វេង និងចេញវិធានការការពារបណ្ដោះអាសន្នដីសហគមន៍ជនជាតិដើមភាគតិចកួយ ព្រមទាំងពន្លឿនការចុះបញ្ជីដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចកួយ។
ជំទប់ទី២ ឃុំប្រមេ លោក ធួន ញ៉ិប ធ្លាប់ប្រាប់ថា ជនជាតិភាគតិចកួយ ស្ទើរតែ ៨០% ក្នុងឃុំប្រមេ បានស្ម័គ្រទទួលយកការអភិវឌ្ឍរបស់ក្រុមហ៊ុនចិន។ ពួកគេទាំងនោះស្ដាយនូវប្រពៃណី វប្បធម៌ជនជាតិភាគតិច ប៉ុន្តែចង់អភិវឌ្ឍខ្លួនឲ្យតាមសម័យកាល។
អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ឲ្យដឹងថា ក្រុមហ៊ុនចិន ទាំងនោះ បានគំរាមកំហែង សម្លុតបំបាក់ស្មារតីពលរដ្ឋ ដោយបានប្ដឹងតំណាងពួកគាត់ទៅស្ថាប័នតុលាការ ពិសេសអាជ្ញាធរបានបង្ខំឲ្យជនជាតិដើមភាគតិចទាំងនោះ ចុះបញ្ជីដីធ្លីជានីតិបុគ្គល៖ «ប៉ុន្តែពួកគាត់ដោយយល់ឃើញថា ដីធ្លាប់បង្កបង្កើនផលធ្វើស្រែចម្ការកន្លងមក និងមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅសហគមន៍របស់ពួកគាត់ដែរ ដូច្នេះគាត់ចង់រក្សាដីនោះ គឺគាត់ចង់ឲ្យមានចុះបញ្ជីសមូហភាព»។
តាមទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិដាណឺម៉ាក គិតត្រឹមឆ្នាំ២០១២ មានសហគមន៍ជនជាតិដើមភាគតិចសរុប ១០១សហគមន៍ នៅខេត្តចំនួន ៦ បានកំណត់ស្វ័យអត្តសញ្ញាណ និងបានស្នើសុំការទទួលស្គាល់ពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះមានសហគមន៍ចំនួន ៦០ ត្រូវក្រសួងអភិវឌ្ឍន៍ជនបទ ចេញលិខិតទទួលស្គាល់អត្តសញ្ញាណ ហើយក្រសួងមហាផ្ទៃ បានចុះបញ្ជីសហគមន៍ចំនួន ៤០ ជានីតិបុគ្គល និងសហគមន៍ចំនួន ៣ប៉ុណ្ណោះ ដែលទទួលបានប័ណ្ណកម្មសិទ្ធិសមូហភាពពីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេ កំពុងឆ្លងកាត់ដំណាក់កាលទី១ និងជិតបញ្ចប់ដំណាក់កាលទី២ នៃការចុះបញ្ជីកម្មសិទ្ធិដីសមូហភាព ប៉ុន្តែស្រាប់តែរាជរដ្ឋាភិបាល បានផ្ដល់ដីដែលសហគមន៍កាន់កាប់ទៅឲ្យក្រុមហ៊ុនវិនិយោគ។ ដីសហគមន៍នៅឃុំប្រមេ មួយផ្នែកធំ ស្ថិតក្នុងតំបន់វិនិយោគ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។