សហគមន៍​ប្រមេរ​ទាមទារ​ទម្លាក់​បទ​ចោទ​លើ​ពលរដ្ឋ​សហគមន៍ ១៥​នាក់ និង​ដោះស្រាយ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ខេត្ត​ព្រះវិហារ ធ្វើ​សន្និសីទ​កាសែត​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ខេត្ត​នេះ ទម្លាក់​បទ​ចោទ​លើ​សមាជិក​​សហគមន៍ ១៥​នាក់ ក្នុង​នោះ​មាន​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ២​រូប​ផង​។ ទន្ទឹម​នឹង​នេះ ពួកគេ​ក៏​ស្នើ​ឱ្យ​ក្រសួង​ដែនដី ដោះស្រាយ​ជម្លោះដីធ្លី ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ឈ្មោះ ឡាន ហ្វេ​ង និង រ៉ូ​យ ហ្វេ​ង ដែល​អ្នកភូមិ​ចោទ​ថា ក្រុមហ៊ុន​ទាំងនេះ បង្ក​វិនាសកម្ម​ធំធេង​ដល់​ធនធានធម្មជាតិ ឈូស​ឆាយ​បំពាន​ដីធ្លី​របស់​ពលរដ្ឋ​ជាច្រើន​គ្រួសារ និង​គំរាមកំហែង​សហគមន៍​តាម​ប្រព័ន្ធ​តុលាការ​ជាដើម។

តំណាង​សហគមន៍​ភូមិ​បុស្ស​ធំ និង​សហគមន៍​ភូមិ​ប្រមេរ​រស់នៅ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ​ប្រមាណ ១៧​នាក់ ក្នុង​ចំណោម​​ពលរដ្ឋ​​ជាង ៦០០​គ្រួសារ (៦៥៨) បាន​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ជា​ច្រើន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​​ធ្វើ​ឡើង​​នៅ​​​ភោជនីយដ្ឋាន​​ទន្លេ​បាសាក់ ១ ក្នុង​​ទីក្រុង​​ភ្នំពេញ​។ ពួក​គេ​​អះអាង​​ថា ជម្លោះដីធ្លី​រ៉ាំរ៉ៃ​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​រយ​គ្រួសារ ជាមួយ​ក្រុមហ៊ុន​​ស្ករអំពៅ​ចិន​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រូតរះ​​ដោះ​ស្រាយ​ឱ្យ​​ដាច់​​ស្រឡះ​​នៅ​​ឡើយ​​ទេ​។ ផ្ទុយទៅវិញ ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​ទទួល​រង​ការ​​គំរាម​កំហែង​​តាម​​ប្រព័ន្ធ​​តុលាការ ព្រោះ​តែ​​ប្រើប្រាស់​​សិទ្ធិ​ការពារ​​ដីធ្លី​​របស់​​ខ្លួន។

សមាជិក​សហគមន៍ លោកស្រី នួន ម៉ុម បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត​នោះ​ថា មាន​បញ្ហា​ប្រឈម​ច្រើន ពេល​ដែល​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ​ដីធ្លី​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​ផ្ទៃដី​ដាំ​អំពៅ និង​បាន​គំរាមកំហែង​ក្រុម​ពលរដ្ឋ​តាម​ប្រព័ន្ធ​តុលាការ រហូត​មក​ទល់​ពេលនេះ មាន​មនុស្ស ១៥​នាក់​ហើយ កំពុង​ជាប់​បណ្ដឹង​ទៅ​តុលាការ​។ លោកស្រី​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដីស្រែ​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ ឈូស​ឆាយ​ព្រៃឈើ និង​ព្រៃ​សហគមន៍ ដែល​ពួកគេ​អាស្រ័យ​ផល សូម្បីតែ​ដើមឈើ​ផលិត​ជ័រទឹក​រាប់​ម៉ឺន​ដើម ក៏​ក្រុមហ៊ុន​បំផ្លាញ​អស់​ដែរ៖ «ទោះបី​ដីស្រែ គ្នា​ធ្វើស្រែ​មាន​ស្រូវ មានអី​ហើយក៏ ឈូស​អស់ ឈូស​អស់ហើយ​គេ​ដាំ​អំពៅ​ពីលើ ដាំ​ស្រូវ​ពីលើ គេ​ហៅ​បងប្អូន​ទៅ​តុលាការ​ច្រើន​លើក​ច្រើន​សា​ដែរ។ អំពី​ការបាត់បង់ ដើម​ច្បោះ​ជ័រ​ប្រកប​មុខ​របប​ប្រពៃណី របស់​ជនជាតិ​ដើម​ភាគតិច​។ សព្វថ្ងៃ​នេះ មិន​ទាន់​សន្និដ្ឋាន​ថា ផ្អាក​ទេ តែ​ខាង​ខ្ញុំ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ ឱ្យ​លោក​ជួយ​អន្តរាគមន៍ ដើម្បី​កុំ​ឱ្យ​ហៅ​បងប្អូន​ទៅ​តុលាការ​ទៀត បងប្អូន​អត់​មាន​ខុស​អី​ទេ»។

តុលាការ​ខេត្ត​ព្រះវិហារ​បាន​ចោទប្រកាន់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ចំនួន ១៣​នាក់ ពី​បទ “​ចាប់​ឃុំឃាំង និង​ការ​បង្ខាំង​ដោយ​ខុសច្បាប់​” និង​បាន​ចោទប្រកាន់​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ២​នាក់ ពី​បទ “​សមគំនិត​” ក្នុង​អំពើ​ទាំង​នេះ។ ចំណាត់​ការ​របស់​តុលាការ​នេះ ធ្វើឡើង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ស្ករស​ចិន ហេងហ្វូ (Hengfu) ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត លោកស្រី ជិន សាំង ប្រាប់​អាស៊ីសេរី​ថា ក្រុម​ពលរដ្ឋ​ ៣៦៧​គ្រួសារ បាន​ស្នើសុំ​ចុះបញ្ជី​ដី​សមូហភាព ទៅ​ក្រសួង​ដែនដី​តាំងពី​ឆ្នាំ​២០១៥ រហូត​​មក​​ទល់​​ពេល​នេះ នៅ​តែ​​គ្មាន​​លទ្ធផល​​ជា​​វិជ្ជមាន​។ លោកស្រី​ថា ការ​អូស​បន្លាយ​ពេល​ចុះបញ្ជី​ដីធ្លី គឺ ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​បន្ត​ឈូស​ដីស្រែ ព្រៃឈើ ព្រៃ​តំណម ខឿន​ប្រាសាទ​បុរាណ លុប​ទឹក​បឹង និង​​អូរ​ធម្មជាតិ សូម្បីតែ​វាលស្មៅ​សម្រាប់​ឃ្វាលគោ​ក្របី ក៏​រង​ការបាត់បង់​ដែរ​។ លោកស្រី​បញ្ជាក់​ទៀត​ថា ថ្មីៗ នេះ ក្រសួង​ដែនដី បាន​ចុះ​វាស់វែង ចុះបញ្ជី​ដីធ្លី​សមូហភាព​ជូន​សហគមន៍​ដែរ ក៏ប៉ុន្តែ​ការ​វាស់​​ទាំង​នោះ មិន​​គ្រប់​​ជ្រុង​ជ្រោយ និង​​មិន​​ស្រប​តាម​​លក្ខន្តិកៈ​​របស់​​សហគមន៍​៖ «ពួក​ខ្ញុំ​ទាមទារ​ដី​ដែល​ប៉ះពាល់​ជាមួយ ក្រុមហ៊ុន​ចិន​ដាំ​​អំពៅ ដល់​​ខាង​​ក្រសួង​​ចុះ​ទៅ​​វាស់វែង មិន​បាន​​វាស់វែង​​ដី​ជាក់​ស្ដែង​​ពាក់ព័ន្ធ​​ជាមួយ​​ក្រុមហ៊ុន​ទេ ទៅជា​វាស់​អា​ដី​កេរ​តាំងពី​ដូនតា​មក​។ ព្រួយ​បារម្ភ​​ការ​បាត់បង់​​ដី​ស្រែ ពួក​​ខ្ញុំ​​សុំ​​ចុះ​បញ្ជី​ដី​សមូហភាព តែ​គេ​មិន​ទទួល»។

ទីប្រឹក្សា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរ​អ្នកស្រី ទេព ទឹម ថ្លែង​ថា ក្រោយ​ពី​តុលាការ​ចោទ​ប្រកាន់​សហគមន៍​ជាង ១០​នាក់ នគរបាល​បាន​កោះហៅ​ពលរដ្ឋ ឱ្យ​ចូល​ខ្លួន​បំភ្លឺ​មួយ​ខែ​ម្ដងៗ ដែល​ជា​ដើមចម បង្ក​ការ​គំរាមកំហែង​ដល់​ស្មារតី​សហគមន៍ មិន​ឱ្យ​ស្រែក​តវ៉ា​ទាមទារ​ដីធ្លី​របស់​ខ្លួន​។ លោកស្រី​ថា ជំហរ​របស់​សហគមន៍​ចង់​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ដែល​ក្រុមហ៊ុន​រំលោភ​យក​នោះ ប្រគល់​ជូន​សហគមន៍​វិញ ដើម្បី​ចុះបញ្ជី​ដី​សមូហភាព​៖ «ដល់ពេល​ពួក​ខ្ញុំ​ទៅ​តវ៉ា ក៏​អត់​មាន​ដំណោះស្រាយ​ដែរ ឈូស​ឆាយ​ដី​ស្រែចម្ការ ដី​រុករក​អនុផល​ព្រៃឈើ លុប​ត្រពាំង​បឹងបួ ឈូស​បំផ្លាញ​ខឿន​ប្រាសាទ​បុរាណ ហើយ​បំផ្លាញ​ពួក​ខ្ញុំ​រក​វល្លិ និង​ច្បោះ​ជ័រ​អស់រលីង​ហើយ ដល់​ពេល​ពួក​ខ្ញុំ​តវ៉ា ក៏​អត់​មាន​ដំណោះស្រាយ​ដែរ»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន ឡាន ហ្វេង និង រ៉ូយ ហ្វេង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ថា​យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា។

ចំណែក​ចៅក្រម​ស៊ើបសួរ​ខេត្ត​ព្រះវិហារ លោក ជឿន ស្រស់ និង​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

មេឃុំ​ប្រមេរ​លោក ធាន ហេង ឱ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ប្រមេរ មិន​បាន​សហការ​ល្អ​ជាមួយ​​មន្ត្រី​​ជំនាញ ចុះ​វាស់វែង​ដី​ចុះបញ្ជី​ដី​សមូហភាព​នោះ​ទេ​។ លោក​បដិសេធ​ថា ពុំ​មាន​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ទេ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​រហូត​មក​ទល់​ពេល​នេះ​មាន​តែ​ពលរដ្ឋ ២ ទៅ ៣​គ្រួសារ​ប៉ុណ្ណោះ។ ចំណែក អាជ្ញាធរ​កំពុង​ដំណើរការ​វាស់វែង និង​ចុះបញ្ជី​ដី​សមូហភាព​​ជូន​សហគមន៍​ជា បណ្ដើរៗ ហើយ​។ លោក​បន្ថែម​ថា តុលាការ​គ្រាន់តែ​កោះហៅ​ពលរដ្ឋ​សួរនាំ​សំណុំ​រឿង​​ឃាត់​​គ្រឿង​ចក្រ​​របស់​​ក្រុមហ៊ុន​​ប៉ុណ្ណោះ មិន​បាន​ឃុំខ្លួន​ពលរដ្ឋ​ណា​ម្នាក់​ទេ៖ « កន្លងមក​យើង​ធ្វើ​សកម្មភាព ៦ខែ​​ហើយ​​ជួយ យើង​ធ្វើ​ជិត​បង្ហើយ​ភូមិ​ប្រមេ​រហើយ នៅសល់​ពីរ​ភូមិ​ទៀត តែ​ពួកគាត់​អត់​សហការ ហើយ​ក្រសួង​ក៏បាន​ដាក់​ថា ឱ្យ​​ផ្អាក​​ទៅ បើ​គាត់​មិន​ចូលរួម​យើង​ទុក​សិន​ទៅ»។

​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤២.០០០​ហិកតារ តាំងពី​ឆ្នាំ​២០១១ វិនិយោគ​ដាំ​អំពៅ និង​កៅស៊ូ​។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​មេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥​ទៀត ដូចជា ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេ​ង ក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​កោះហៅ​ក្នុង​សំណុំ​រឿង​នេះ គឺ​លោក ប៉ិក សោភ័ណ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ មក​លើ​រូបលោក និង​អតីត​សហការី​ម្នាក់ទៀត ដែល​គ្រាន់តែ​ចុះ​បំពេញការងារ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​។ លោក​ចាត់​ទុក​ដីកា កោះហៅ​នេះ​ថា ជា​សារ​គំរាមកំហែង​លើ​សេរីភាព​របស់​លោក ក្នុងនាម​មន្ត្រី​សង្គម​ស៊ីវិល មិន​ឱ្យ​បំពេញភារកិច្ច ឱ្យ​បាន​ទូលំទូលាយ​៖ «យើង​ទៅជា​ជាប់​ឈ្មោះ ត្រូវ​បាន​ចោទប្រកាន់​ដូច ដីកា​តុលាការ​អ៊ីចឹង ជា​រឿង​មួយ​មិន​សម​ហេតុផល វា​ធ្វើ​ឱ្យ​យើង​ព្រួយបារម្ភ ហើយ​យើង​ពិបាក​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ អន្តរាគមន៍​ដើម្បី​បំពេញបេសកកម្ម​របស់​យើង​ទៅ​ថ្ងៃមុខ​ទៀត»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ក៏​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​មក​លើ​សហគមន៍ ១៣​នាក់ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ២​នាក់​ទៀត ព្រោះ​សំណុំ​រឿង​នេះ ពលរដ្ឋ​គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ការពារ​ដីធ្លី​របស់​ខ្លួន។ លោក​ថា ជម្លោះ​ដីធ្លី​នេះ បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​រស់នៅ និង​គ្មាន​ដី​បង្កបង្កើនផល៖ «ការ​ដោះស្រាយ​របស់​ក្រសួង ក៏ដូចជា​អាជ្ញាធរ​ខេត្ត​កន្លង​មក នៅ​មាន​កម្រិត​នៅ​ឡើយ​ពីព្រោះ ក្រសួង​ហាក់​ស្ទាក់ស្ទើរ ហើយក៏​មិន​ហ៊ាន​ឆ្វៀល​ដី​ដែល​ក្រុមហ៊ុន​រំលោភ​របស់​ពួកគាត់​កន្លង​មក យក​ទៅ​ចុះបញ្ជី​លក្ខណៈ​សមូហភាព​ពួកគាត់​ដែរ។ អ៊ីចឹង​ហើយ​បាន​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត​វិបត្តិ​ដីធ្លី​ធ្ងន់ធ្ងរ​ហ្នឹង»។

កាល​ពី​ចុង​ឆ្នាំ​២០១៤ កន្លងទៅ ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​ឃាត់​គ្រឿងចក្រ​ពីរ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ដែល​កំពុង​ឈូស​ឆាយ​ដី​ទំនាស់​។ គ្រឿងចក្រ​ទាំងនោះ ត្រូវ​បាន​ក្រុម​ពលរដ្ឋ​យក​មក​ផ្ញើទុក​នៅ​សាលាឃុំ​ប្រមេរ រហូត​ដល់​ឆ្នាំ​២០១៦ ទើប​អាជ្ញាធរ និង​ក្រុមហ៊ុន​បាន​ចុះ​មក​យក​គ្រឿងចក្រ​ទាំងនោះ​ទៅវិញ។ ក្រោយ​មក​ក្រុមហ៊ុន​ក៏បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​ពលរដ្ឋ និង​មន្ត្រី​អង្គការ​ពន្លក​ខ្មែរ សំណុំរឿង បង្ខាំង​ទុក​ដោយ​ខុសច្បាប់​។​

​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​រក​ឃើញ​ថា បើ​ទោះ​ជា ក្រុមហ៊ុន​ស្ករអំពៅ​ចិន អនុវត្ត​គម្រោង​វិនិយោគ​ខ្នាត​ធំ បំពាន​កិច្ចសន្យា​វិនិយោគ​ជាច្រើន​ក្ដី ក៏​មិន​ត្រូវ​បាន​រដ្ឋាភិបាល និង​អាជ្ញាធរ​ស៊ើប​អង្កេត អនុវត្ត​ច្បាប់​នៅឡើយ​ទេ។ រីឯ​ជនជាតិ​ដើម​ភាគតិច​រាប់ពាន់​គ្រួសារ រងគ្រោះ​បាត់បង់​ដីធ្លី ព្រៃឈើ និង​កន្លែង​ឃ្វាលគោ​បី ហើយ​នៅតែ​បន្ត​ស្រែក​តវ៉ា និង​ដាក់​ញត្តិ​គ្រប់​ស្ថាប័ន រួម​ទាំង​ស្ថានទូត​ចិន​ផង នៅតែ​គ្មាន​ដំណោះស្រាយ​ជា​ដុំ​កំភួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។