រឿងរ៉ាវដែលកើតឡើងទៅលើជាងធ្វើរូបសំណាកបណ្ឌិត កែម ឡី
2016.10.16
ពេលនៅមានជីវិត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគសង្គមដ៏មានប្រជាប្រិយមួយរូប ត្រូវបានមជ្ឈដ្ឋានខ្លះរិះគន់លោកថា មាននិន្នាការប្រឆាំងរដ្ឋាភិបាល។ ក្រោយពីអ្នកវិភាគសង្គមរូបនេះលាចាកលោកទៅ ការចោទប្រកាន់បែបនេះនៅតែបន្តកើតមានឡើង ហើយរាលដាលដល់អ្នកដែលនិយមចូលចិត្តរូបលោកទៀតផង។ ជាក់ស្តែង គឺជាងចម្លាក់ម្នាក់ត្រូវបានគេធ្វើទុក្ខបុកម្នេញ និងរើសអើងដោយសារគាត់ទទួលសាងសង់រូបសំណាកស្ពាន់បណ្ឌិត កែម ឡី។
នៅតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហមមួយខ្សែនៅខេត្តកំពង់ស្ពឺ មានផ្ទះអ្នកភូមិមួយៗ នៅដាច់គ្នាយ៉ាងរង្វើល។ វាលស្រែខៀវស្រងាត់លាតសន្ធឹងសងខាងផ្លូវ។ ចុះពីផ្លូវលំនោះប្រហែល ១០០ម៉ែត្រ ផ្ទះឈើប្រក់ស្លឹកតូចមួយលេចរូបរាងឡើង។
ពេលដែលចូលទៅក្នុង បុរសវ័យកណ្ដាលមាឌធំ សំបុរខ្មៅម្នាក់ កំពុងអង្គុយតែឯង ផ្ចិតផ្ចង់សូនដី គូសវាសក្បូរក្បាច់បុរាណគួរជាទីគយគន់។ នៅក្បែរគាត់ រូបចម្លាក់តូចៗ មានតាឥសី ព្រះពុទ្ធបដិមា សត្វម្រឹគ និងតួអង្គពីរឿងព្រេងផ្សេងៗ ត្រូវបានដាក់រៀបត្រៀបត្រាទាក់ភ្នែករាល់អ្នកផងដែលឆ្លងកាត់។ នោះគឺជាផ្ទះរបស់លោក សៀង កាម៉ង់ដង់។
ជាច្រើនជំនាន់មកហើយ លោក សៀង កាម៉ង់ដង់ និងដូនតារបស់លោកសុទ្ធតែជាអ្នកសិល្បៈចម្លាក់ ចេះស្មូនរូបពីគ្រប់រូបធាតុ មានក្រមួន ដីឥដ្ឋ ស្ពាន់ ស៊ីម៉ង់ជាដើម។ ឋិតក្នុងវ័យជាង ៤០ឆ្នាំ ជាប្តី និងជាឪពុកផង លោក កាម៉ង់ដង់ ពឹងផ្អែកលើជំនាញសិល្បៈរបស់ខ្លួននេះដើម្បីចិញ្ចឹមគ្រួសារ។ លោកគឺជាមេជាងប្រចាំការដ្ឋានចម្លាក់មួយនៅខេត្តកំពង់ស្ពឺ ដែលទទួលធ្វើបដិមា ចម្លាក់ និងក្បាច់ផ្សេងៗដាក់តាមវត្តអារាម។
ជីវិតលោក កាម៉ង់ដង់ មានភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែនៅក្រោយថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានប្រែប្រួលស្ទើរទាំងស្រុង។
កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ក្នុងទីក្រុងភ្នំពេញ មានករណីឃាតកម្មមួយដែលធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ ទាំងក្នុងស្រុក និងក្រៅស្រុក ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ។ នោះគឺករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី។
សម្រាប់លោក សៀង កាម៉ង់ដង់ លោក កែម ឡី មិនមែនគ្រាន់តែជាវាគ្មិនម្នាក់ដែលលោកតែងតែឮសំឡេងតាមវិទ្យុនោះទេ តែលោក កែម ឡី ថែមទាំងជាអ្នកណែនាំ ចង្អុលបង្ហាញទិសដែលត្រូវដល់លោកទៀតផង៖ «អ្វីដែលគាត់និយាយ ខ្ញុំគិតថា ឲ្យរកបុគ្គលណានិយាយមិនខ្លាចគេខឹងដូចគាត់ គ្មានទេ។ គាត់និយាយត្រង់ គាត់មិនខ្លាចគេខឹង។ អ៊ីចឹងអ្វីដែលគាត់និយាយហ្នឹង គឺដូចជាអ្វីដែលខ្ញុំធ្លាប់មាន។ ខ្ញុំបើនរណាធ្វើអ្វីខុស ខ្ញុំអត់លាក់ទេ ខ្ញុំបន្ទោសភ្លាមតែម្តង។ នេះជាអ្វីធ្វើឲ្យខ្ញុំស្រលាញ់គាត់ យកគាត់ធ្វើជាគ្រូ»។
ដោយសារការអាក់ខានមិនបានទៅចូលរួមការហែសពរបស់លោក កែម ឡី លោក សៀង កាម៉ង់ដង់ សម្រេចចិត្តប្រើជំនាញដែលខ្លួនមានស្រាប់មកសូនរូបអ្នកវិភាគរូបនេះតូចមួយពីប្រាក់ ដើម្បីជូនទៅភរិយារបស់លោកគ្រាន់ជាគ្រឿងសម្រាប់ក្រើនរឭកដល់ស្វាមីដែលស្លាប់ទៅ។
រូបសំណាកលោក កែម ឡី ដែលលោក កាម៉ង់ដង់ សូនឡើង បានទទួលការពេញចិត្តពីសំណាក់ភរិយាសព ក្រុមគ្រួសារ និងអ្នកចូលរួមជាច្រើន។ រូបសំណាកនោះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់តំណាងរាស្ត្របក្សប្រឆាំងមួយរូបគឺលោក អ៊ូ ច័ន្ទរ័ត្ន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន បានទាក់ទងមកលោក សៀង កាម៉ង់ដង់ ស្នើឲ្យលោកសង់រូបមួយជំហររបស់លោក កែម ឡី ធ្វើពីស្ពាន់។ ដោយគ្មានការរារែក លោក កាម៉ង់ដង់ ទទួលយកសំណើរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដោយគិតថា លោក កែម ឡី ជាបុគ្គលដែលប្រជាជនជាច្រើន រួមទាំងរូបលោកផ្ទាល់ផង គោរពស្រឡាញ់ ហើយការកសាងរូបសំណាកឲ្យបណ្ឌិតរូបនេះ គ្មានរឿងអ្វីដែលគួរឲ្យព្រួយបារម្ភនោះទេ។
យ៉ាងណាមិញ ថៅកែការដ្ឋានរបស់លោក សៀង កាម៉ង់ដង់ មិនគិតដូច្នេះឡើយ ហើយក៏បញ្ឈប់លោកពីការដ្ឋាន។ ខាងថៅកែបានដាក់ជាលក្ខខណ្ឌដល់ជាងចម្លាក់រូបនេះថា ទាល់តែលោករំសាយការសាងសង់រូបស្ពាន់របស់លោក កែម ឡី ដែលជាសំណើរបស់តំណាងរាស្ត្របក្សប្រឆាំងចោល ទើបអនុញ្ញាតឲ្យចូលធ្វើការវិញ។
នៅពេលដែលលោក សៀង កាម៉ង់ដង់ ដេញដោលសួរពីមូលហេតុ ថៅកែរូបនេះឆ្លើយតបថា រូបសំណាករបស់លោក កែម ឡី មានលក្ខណៈញុះញង់ អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះការដ្ឋានរបស់លោក ដូចនេះលោកមិនអាចអនុញ្ញាតឲ្យសាងសង់ទេ។ ជាលទ្ធផលរូបសំណាកស្ពាន់របស់លោក កែម ឡី ត្រូវបានយកទៅសាងសង់ក្នុងការដ្ឋានរបស់បងប្អូនលោក សៀង កាម៉ង់ដង់ ដែលលោកសុំលាក់អត្តសញ្ញាណ និងទីតាំង។
ការសាងសង់រូបសំណាកស្ពាន់របស់លោក កែម ឡី នេះ ទាមទារឲ្យមានការជួបទាក់ទងគ្នារវាងជាងចម្លាក់រូបនេះ និងក្រុមការងាររបស់គណបក្សសង្រោះជាតិ ដែលជាអ្នកជួលជារឿយៗ។ ដោយសាររឿងនេះហើយ លោក កាម៉ង់ដង់ ថា ប្រជាជននៅក្នុងស្រុកភូមិមួយចំនួនចាប់ផ្ដើមរើសអើងទៅលើលោក៖ «អ្នកស្រុក អ្នកភូមិគាត់ចូលចិត្តខ្ញុំ។ ប៉ុន្តែសង្គមឥឡូវ មានការភ័យខ្លាចច្រើន។ បើមានតែគាត់ហើយខ្ញុំ គាត់ហ៊ានញញឹមដាក់។ បើមានគេនៅ គាត់មិនហ៊ានញញឹមដាក់។ គាត់ខ្លាចពាក់ព័ន្ធ។ នរណាៗ ក៏ចោទខ្ញុំថា ជាសមាជិកសង្គ្រោះជាតិ»។
ជុំវិញរឿងនេះ លោក អ៊ូ ច័ន្ទរ័ត្ន បានសម្តែងការសោកស្ដាយថា បញ្ហាទាំងអម្បាលម៉ានដែលកើតលើលោក កាម៉ង់ដង់ ដោយសារតែរូបលោកទទួលសាងសង់រូបសំណាកលោក កែម ឡី ជារឿងមិនគួរកើតឡើងសោះ។ បន្ថែមពីលើនេះ លោកច្រានចោលការលើកឡើងថា លោក កាម៉ង់ដង់ ជាសកម្មជនគណបក្សសង្រោះជាតិ៖ «ជាទូទៅវាជារឿងគ្រោះថ្នាក់ណាស់។ សង្គមខ្មែរយើងចូលចិត្តលាបពណ៌គ្នា។ ធម្មតាការងារល្អ អំពើល្អ វារត់រកគ្នា។ គាត់មិនមែនជាសកម្មជនសង្គ្រោះជាតិទេ តែនេះជាឧត្ដមគតិរបស់គាត់»។
ទោះបីជាការសម្រេចចិត្តសាងសង់រូបលោក កែម ឡី បានបង្កបញ្ហា និងកែប្រែជីវិតរបស់លោក សៀង កាម៉ង់ដង់ យ៉ាងនេះក្តី ក៏ជាងចម្លាក់រូបនេះថា លោកមិនស្ដាយក្រោយលើការសម្រេចចិត្តរបស់លោកឡើយ ព្រោះអ្វីដែលលោកបានរៀនពីលោក កែម ឡី គឺការហ៊ានធ្វើអ្វីដែលត្រូវ ដោយគ្មានការភ័យខ្លាច។ បច្ចុប្បន្ននេះ លោក កាម៉ង់ដង់ កំពុងសន្សំថវិកា បើករោងជាងរូបចម្លាក់តូចៗមួយនៅគេហដ្ឋានផ្ទាល់ខ្លួន។
ជាង ៨នាក់ ធ្វើការលើរូបនេះអស់រយៈពេលជាង ១ខែ ដោយចាប់ផ្ដើមពីការសូនរូបពុម្ពមានមុខខ្លួន និងដៃជើងពីដីឥដ្ឋ។ ក្រោយមក ស្ពាន់ត្រូវស្លទៅជារាវ រួចចាក់ចូលទៅក្នុងពុម្ពទាំងនោះ។ កំណាត់នីមួយៗ របស់រូបសំណាកទាំងមូល ត្រូវយកមកផ្សារភ្ជាប់គ្នានៅពេលដែលស្ពាន់ត្រជាក់។ បន្ទាប់មក ជាងចាប់ផ្ដើមឈូសឆាបរូបដែលផ្គុំរួច ទាល់តែរូបស្ពាន់នោះរលោងស្អាត។ ជាចុងក្រោយ ថ្នាំពណ៌ និងថ្នាំការពារត្រូវយកមកលាបដើម្បីរក្សាគុណភាព និងបង្កើនសោភ័ណភាព។
រូបសំណាករបស់បណ្ឌិត កែម ឡី បានសម្រេចជាស្ថាពរនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ដែលត្រូវបានប្រគល់ទៅឲ្យគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ជាអ្នកចាត់ចែងក្រោយពីសាលាក្រុងភ្នំពេញ បដិសេធមិនឲ្យដាក់រូបនេះក្នុងទីលានប្រជាធិបតេយ្យដូចការស្នើសុំរបស់តំណាងរាស្ត្រគណបក្សប្រឆាំង៕