ពលរដ្ឋ ៤ ភូមិ​ខេត្ត​កំពង់ស្ពឺ​បារម្ភ​បាត់បង់​ដី​ស្រែ ក្រោយ​ពី​កាត់​ឆ្វៀល​ដី​​ប្រគល់​ជូន​នគរបាល​ជាតិ

ដោយ ជីវិតា
2024.07.23

ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ចំនួន៤ នៅ​ខេត្ត​កំពង់ស្ពឺ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង បាត់បង់​ដី​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ដី​ជាង ៣ ពាន់​ហិកតារ (.០០១) ប៉ះ​ចំ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​ ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន ៤​រួម មាន​ភូមិ សុរិយា ភូមិថ្មី ភូមិ​កេះ និង​ភូមិ​ដូនជន់ ក្នុង​ឃុំ​តាសាល ស្រុក​ឱរ៉ាល់ កំពុង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ខ្លាច​ក្រែង​របូត​ដី​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត​ទាំង​ស្រុង នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់។

អ្នកភូមិ​ថា អាជ្ញាធរ​ខេត្ត​នេះ​មិន​ទាន់​ចាត់​វិធានការ​ដោះស្រាយ​ពី​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​នៅ​ឡើយ​ទេ តែ​បែរ​ជា​ដាក់​គ្រឿង​ចក្រ​កាយ​ក្រវាត់​ព្រំ​ប្រទល់​ដី ដោយ​គ្មាន​ការ​ពិភាក្សា​ និង​ជូន​ដំណឹង​ប្រាប់​ពលរដ្ឋ​ជា​មុន។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​រស់​នៅ​ភូមិ​សុរិយា លោក លី រ៉ាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២២ កក្កដា​ថា ពលរដ្ឋ​រស់​នៅ​តំបន់​នោះ បាន​រង​គ្រោះ​ម្តង​ហើយ​ម្តង​ទៀត បន្ទាប់​ពី​បាត់បង់​ព្រៃឈើ​ ហើយ​បច្ចុប្បន្ន​ការ​ដក​ហូត​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​ពី​សំណាក់​រដ្ឋាភិបាល​ បាន​ធ្វើ​ឱ្យ​អ្នកភូមិ​កំពុង​ដេក​ភ័យ ខ្លាច​ក្រែង​គ្មាន​ដី​បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត។

លោក​បន្ថែម​ថា ពលរដ្ឋ​ចំនួន ៤​ភូមិ មាន​ទម្លាប់​ដាំដុះ និង​ធ្វើ​ស្រែ​នៅ​តំបន់​នោះ​ជា​បន្ត​បន្ទាប់​ជិត ២០ ឆ្នាំ​មក​ហើយ ប្រសិន​បើ​អាជ្ញាធរ​ដក​ហូត ហាក់​ដូច​សម្លាប់​ពួកគាត់​ទាំង​រស់។

លោក លី រ៉ាន់៖ «ពួកគាត់​ជួប​ការ​លំបាក​ស្រែក​ក៏​គ្មាន​ធ្វើ​ ដំណាំ​ដាំដុះ​ក៏​ដាំ​មិន​បាន​ទៀត​ឥឡូវ ពួកគាត់​ជួប​ការ​លំបាក​គ្រប់​បែប​យ៉ាង អត់​មាន​ការងារ​ធ្វើ​ ហើយ​ស្រែ​ចម្ការ​ក៏​ហូប​អត់​គ្រប់​គ្រាន់ ជា​ឆ្នាំង​បាយ​ចិញ្ចឹម​ជីវិត​ ប្រសិនបើ​ពួកគាត់​យក​អស់​ទៀត​ស្មើ​នឹង​ចង​ករ​ពួក​ខ្ញុំ​សម្លាប់»

ចាប់​តាំង​ពី​ឆ្នាំ២០២២ មក​ទល់​ពេល​នេះ អ្នកភូមិ​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា ២​ដង​មក​ហើយ​ ដោយ​រារាំង​អាជ្ញាធរ ខេត្ត​កំពង់ស្ពឺ​មិន​ឱ្យ​កំណត់​ព្រំ​ដី កាត់​ឆ្វៀល​ដី​ជាង ៣ ពាន់​ហិកតារ (.០០១) ដើម្បី​សាង​សង់​ទីលាន​​ហ្វឹកហ្វឺន​នគរបាល​ជាតិ ឋិត​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​កំពង់ស្ពឺ​ដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មី លោក ជាម ច័ន្ទសោភ័ណ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២២ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​មាន​អ្នក​ចុច​បិទ។

រីឯ​មេឃុំ​តាសាល លោក អឺល សារ៉ា ថ្លែង​ថា ពលរដ្ឋ​រអ៊ូរទាំ​រឿង​ដំណាំ​ដែល​ពួកគាត់​ខិតខំ​ដាំដុះ​ត្រូវ​ខូចខាត ក៏ប៉ុន្តែ​ពលរដ្ឋ​ទាំង​៤ភូមិ​កំពុង​រង់​ចាំ ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ។

លោក​បដិសេធ​មិន​បកស្រាយ​លម្អិត​រឿង​នេះ​ទេ ដោយ​អះអាង​អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ខេត្ត​កំពុង​ប្រជុំ​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​នៅ​ថ្ងៃ​ទី២២ កក្កដា​នេះ។

កាល​ពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ ២០២០ រដ្ឋ​លេខាធិការ​នៃ​ស្តីទី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក កែន សត្ថា បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​ក្រសួង​បរិស្ថាន និង​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ស្តី​ពី​ការ​ផ្តល់​ដី​ជូន​បណ្ឌិត​សភា​នគរបាល​កម្ពុជា​ចំនួន​ជាង ៣ ពាន់​ហិកតារ (.០០១ដើម្បី​សាងសង់​ទីលាន​ហ្វឹកហ្វឺន​កង​កម្លាំង​នគរបាល​ជាតិ។

លោក កែន សត្ថា អះ​អាង​ថា ទីតាំង​ស្នើ​នេះ មាន​ផល​ប៉ះពាល់​ជា​មួយ​ពលរដ្ឋ​ បណ្ឌិត​សភា​នគរបាល​កម្ពុជា​ត្រូវ​ដោះស្រាយ ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ និង​អាជ្ញាធរ​មូលដ្ឋាន។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន យល់​ថា អាជ្ញាធរ​អាច​នឹង​ពិបាក​ដោះស្រាយ​រឿង​នេះ​ព្រោះ​ដី​ដែល​កាត់​ឆ្វៀល​ក្នុង​តំបន់​នោះ ឋិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ មាន​ការ​ទិញ​លក់​ដូរ​តៗ​គ្នា ដោយ​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន។

លោក​យល់​ថា ពលរដ្ឋ​ក្រីក្រ​មាន​ដី​ស្រែ​ចម្ការ និង​មាន​ដំណាំ​ដាំដុះ ​ដែល​កាន់​កាប់​ជាក់ស្តែង​ជាច្រើន​ឆ្នាំ​មក​ហើយ អាជ្ញាធរ​គួរតែ​មាន​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ​ជូន​ពួកគាត់៖

លោក ជា ហ៊ាន៖ «ទីតាំង​ដី​ដែល​ពួកគាត់​អាស្រ័យផល​យូរ​ហើយ​គឺ​ថា រដ្ឋ​ត្រូវ​តែ​បំពេញ​តួនាទី​ ក្នុង​នាម​ជា​រដ្ឋ​ត្រូវ​តែ​ផ្ដល់​គោល​នយោបាយ​អនុវត្ត​ជួយ​ពួកគាត់​ឱ្យ​បាន​ស្រប​ច្បាប់ ហើយ​អ្នក​ដែល​មាន​ការ​ទិញ​លក់​អាហ្នឹង​គួរតែ​ចិត្ត​វិធានការ​ផ្លូវ​ច្បាប់»

ពលរដ្ឋ​ចំនួន ៤ភូមិ​កំពុង​រង់​ចាំ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ តែ​ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ទេ  អ្នកភូមិ​នឹង​លើក​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ។

អ្នកភូមិ​ចាត់​ទុក​ដី​ក្នុង​តំបន់​នោះ​ជា​អាយុ​ជីវិត​នៅ​កៀក​នឹង​ភូមិ​កំណើត​របស់​ពួកគាត់​ងាយ​ស្រួល​ដាំដុះ បង្ក​បង្កើន​ផល និង​ចិញ្ចឹម​សត្វ ដោយ​មិន​ធ្វើ​ចំណាក​ស្រុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។