ពលរដ្ឋ​ប្ដេជ្ញា​ទាមទារ​សំណង​ដីធ្លី​ពី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​សាងសង់​​វាល​យន្តហោះ​ថ្មី​ដល់​ជីវិត​ចុង​ក្រោយ

ដោយ ខាន់ លក្ខិណា
2024.09.17
ពលរដ្ឋ​ប្ដេជ្ញា​ទាមទារ​សំណង​ដីធ្លី​ពី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​សាងសង់​​វាល​យន្តហោះ​ថ្មី​ដល់​ជីវិត​ចុង​ក្រោយ (រូបឯកសារ) ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាង​សង់​វាល​យន្តហោះ​ថ្មី នាំ​គ្នា​មក​តវ៉ា និង​ទាមទារ​រក​ដំណោះ​ស្រាយ នៅ​​ខាង​មុខ​សាលាខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ២០២២។
រូប៖ សមាគម អាដហុក (ADHOC)

ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ដែល​រងគ្រោះ​ពី​គម្រោង​សាងសង់​វាល​យន្ដហោះ​ផង និង​រង​ផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ស្ទឹង រំដោះ​ទឹក​ក្រុង​ផង ប្ដេជ្ញា​តវ៉ា​ទាមទារ​សំណង​ដីធ្លី​សមរម្យ​ដល់​ជីវិត​ចុង​ក្រោយ។ សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ពិនិត្យ និង​ពិចារណា​ឡើងវិញ នូវ​រាល់​គម្រោង​អភិវឌ្ឍន៍​ ដែល​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ភ័យ​ព្រួយ

ពលរដ្ឋ​នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល លើកឡើង​ថា ពួកគាត់​បាន​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ដោយ​បាត់បង់​ដីធ្លី​និង​ផ្ទះសម្បែង​ពី​គម្រោង​សាងសង់​ព្រលានយន្ដហោះ​តេ​ជោ ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ដាច់​ស្រេចនៅ​ឡើយ​ផង ពេល​នេះ កំពុង​ប្រឈម​នឹង​អស់​ដីធ្លី និង​ផ្ទះ​ថែម​ទៀត ពី​គម្រោង​ពង្រីក​ស្ទឹង​រំដោះ​ទឹក​ចេញពី​ក្រុង។

ពលរដ្ឋ​ម្នាក់​គឺ លោកស្រី សែម ឡាត់ បាន​លើកឡើង​ថា លោកស្រី​ចង់​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​ជាមុន​សិន មុន​នឹង​រើ​ចេញ​ទៅ​កន្លែង​ថ្មី​។ លោកស្រី​ថា គាត់​យំ​ស្ទើរតែ​លែងចេញ​ទៅហើយ ពីព្រោះ​កាលពី​សង់​ព្រលាន​យន្តហោះ ប៉ះ​លើ​ដីស្រែ​របស់គាត់​ម្ដង​រួចហើយ ដែល​មិន​ទាន់​បាន​សំណង​សមរម្យ​នៅ​ឡើយ និង​ពេល​នេះ រដ្ឋ​ពង្រីក​ស្ទឹង​រំដោះ​ទឹក​ក៏​ប៉ះពាល់​ផ្ទះ​របស់​លោកស្រី​ទៀត។

លោកស្រី សែម ឡាត់៖ «ខ្ញុំ​ប៉ះ​ផ្ទះ​តែម្ដង ផ្ទះ​អស់​មួយ​កំណាត់​ខាងក្រោយ កាលពីមុន​ខ្ញុំ​ប៉ះ​ដីស្រែ​គេ​មិនទាន់​ដោះស្រាយ​សំណង​ឱ្យ​ទេ ឥឡូវ​មក​ប៉ះ​ផ្ទះ​ទៀត ហើយ​ឥឡូវ​ខ្ញុំ​ដឹងបាន​លុយ​ទៅ​ដោះដូរ​នៅ​កន្លែង​ទេ អត់​មាន​ទេ​សព្វថ្ងៃ​នេះ ប្រឈម​ខ្លាំង​មែនទែន​តែម្ដង ព្រោះ​អស់​ដីស្រែ យើង​អត់​មាន​ដីស្រែ​ធ្វើ​អី​ហូប​។ ខ្ញុំ​ថា អស់​ស្រែ មាននៅ​ដី​ផ្ទះ​ទៅ​យើង​ពឹង​ថា នៅបាន​ផ្ទះ​ហ្នឹង យើង​ចេះតែ​រក​លិចរ​កកើត​ហូប​អ៊ីចឹង ដល់​ពេល​ឥឡូវ​ប៉ះ​ដល់​ដី​ផ្ទះ​ទៀត វា​អត់​មានអី​ទីពឹង​តែម្ដង ហើយ​បែប​ជា​ប្លង់​ផ្ទះ​ក៏​នៅជាប់​ធនាគារ​ទៀត»។

រីឯ​លោកស្រី ហុង យឿន អាយុ ៦០​ឆ្នាំ រៀបរាប់ថា លោកស្រី​ព្រួយ​បារម្ភ​ខ្លាំង នៅ​ពេល​ឃើញ​អាជ្ញាធរ​ចុះ​វាស់វែង​ប៉ះ​លើផ្ទះ​របស់គាត់ ហើយ​អាជ្ញាធរ​គ្រាន់​តែ ប្រាប់​ថា វាស់វែង​តាម​គោលការណ៍។

លោកស្រី ហុង យឿន៖ «ប៉ះពាល់​ផ្ទះមួយ​កំណាត់​អ៊ីចឹង​មិនដឹង​សង​សំណង​ម៉េច​ឱ្យ​សមរម្យ ខ្ញុំ​រុះរើ​របៀប​ម៉េច​ទេ​ថា ឱ្យ​សំណង​សមរម្យ ឱ្យបាន​ខ្ញុំ​ធ្វើ​នៅ​វិញ ផ្ទះ​ដី​អីហ្នឹង ឱ្យបាន​សមរម្យ​ប្រជាជន​ទៅ​នៅ​កន្លែង​ផ្សេងទៀត​បាន​វិញ»។

ចំណែក​លោក ញ៉េប អឿង អាយុ ៧៦​ឆ្នាំ ដែលមាន​ដី​កន្លះ​ហិកតា​កាន់កាប់​តាំង​ពី​ឆ្នាំ​១៩៨២ ត្រូវ​ក្រុមហ៊ុន​ព្រលាន​យន្ដហោះ​លេប​យក​ដែរ​នោះ ត្អូញត្អែរ​ថា សព្វថ្ងៃ​គ្រួសារ​របស់គាត់​វេទនាណាស់ ពីព្រោះ​កូនៗ​របស់គាត់ ៨​នាក់ ដែល​ធ្លាប់​ទទួលផល​ស្រូវ​ពី​ដីធ្លី​នោះ​ឥឡូវ​អស់​ដី​ខានធ្វើ​ស្រែ ខ្វះ​ស្បៀង ធ្លាក់ខ្លួន​ឈឺ​ទៅ​ចង ការប្រាក់​ជំពាក់​បំណុល​កាន់តែ​ច្រើនឡើង​។ លោក​ប្ដេជ្ញាចិត្ត​បឹ្ដ​ង​ដល់ទី​បញ្ចប់ ដើម្បី​ទាមទារ​សំណង​ឱ្យបាន​សមរម្យ។

ពលរដ្ឋ (3).jpg
ពលរដ្ឋរងគ្រោះ​គម្រោង​ព្រលាន​យន្តហោះថ្មី ខេត្ត​កណ្ដាល លោក ញ៉េប អឿង (មុខគេ) រៀបរាប់​ពីស្ថានភាពនានា កាលពីដើម​ខែ​កញ្ញា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក ញ៉េប អឿង៖ «ជីវិត​ខ្ញុំ​បើ​អត់​បានទេ ខ្ញុំ​ប្ដឹង​ទាល់តែ​ជីវិត​ខ្ញុំ​ស្លាប់​ថ្ងៃ​ណា​បាន​ខ្ញុំ​ឈប់ ទាល់តែ​ងាប់​តែម្ដង ឱ្យ​បាត់ទៅ​គាត់​យក​ចុះ បើ​ថា មិនទាន់​ងាប់​ទេ នៅតែ​តវ៉ា​អ៊ីចឹង​។ នៅតែ​ប្ដឹងផ្ដល់​គ្នា​អ៊ីចឹង តុលាការ​ក៏​ខ្ញុំ​ចូល​ដែរ»។

ចំណែក លោក កែម ព្រឿង អាយុ​៧៨​ឆ្នាំ ដែល​លោក​និង​កូន​របស់លោក​មាន​ដី​ជាង​២​ហិកតា ដែល​ក្រុមហ៊ុន​ព្រលាន​យន្ដហោះ​ព័ទ្ធ​យក បានទាមទារ​ឱ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​ពលរដ្ឋ ដែល​នៅ​សេសសល់​លើ​ផ្ទៃ​ទំហំ​ជាង ១៥​ហិកតា នៅ​គម្រោង​ព្រលាន​យន្តហោះ​សិន ស្រប​ពេល​ដែល​ព្រលាន​យន្តហោះ​សាកល្បង​ដំណើរការ​ហើយ​នោះ

លោក កែម ព្រឿង៖ «ខ្ញុំ​មាន​ប្លង់រឹង អ្នក​ដែលជាប់​ពាក់ព័ន្ធ​នឹងមាន​ប្លង់រឹង​ទាំងអស់​។ ខ្ញុំ​យល់​ថា អ្នក​ដែល​ហ៊ុំមព័ទ្ធ​ហ្នឹង គឺ​ក្នុង​ការបំពាន​យក​របស់​ប្រជាជន​តែម្ដង ដូចជា​ឱ្យ​តម្លៃ​ជាជាង​អត់​តែម្ដង ហើយ​ដី ៨០ ដុល្លារ ឱ្យ ៨ ដុល្លារ​ឱ្យ​ខ្ញុំ​ទទួល​យក​បាន​ម៉េច»។

អ្នកភូមិ​ម្នាក់ទៀត គឺ​លោក ទួន វណ្ណ: រៀបរាប់​ថា ការ​យឺតយ៉ាវ​ក្នុងការ​ដោះស្រាយ ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ចំនួន ២ ឃុំ គឺ​ឃុំ​បឹងខ្យាង និង​ឃុំ​ព្រែកស្លែង។ លោក​ថា បើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ គួរឱ្យ​ប្រជាពលរដ្ឋ​ទៅ​អាស្រ័យ​ផល​លើដី​ស្រែ ដែល​នៅ​សេសសល់​វិញ ដើម្បី​កុំឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការ​ខ្វះខាត​ពេក។

លោក ទួន វណ្ណ:៖ «ការដោះស្រាយ​ប្រជាពលរដ្ឋ​ដែល​ទទួល​យក ៨​ដុល្លារ ហើយ​ការដោះដូរ​នោះ​ជា ការ​បង្ខំចិត្ត​ប្រហែលជា ៨០ ភាគរយ​។ ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ២០ ភាគរយ ឬ​១៥ ភាគរយ គឺ​គាត់​គ្មាន​ធនធាន ឬ​សមត្ថភាព​ខ្សោយ​ខ្វះ​ការ​រក​ថវិកា​ចិញ្ចឹម​គ្រួសារ​គាត់​មិន​ព្រម​លក់ ឬក៏​មិន​ព្រម​ដោះដូរ​នូវ​កន្លែង​ដែល​មិន​សមរម្យ»។

ស្រដៀង​គ្នា​នេះដែរ លោក សិន ខុន អាយុ ៦០​ឆ្នាំ ទទូច​ឱ្យ​រដ្ឋាភិបាល​បើក​ភ្នែក មើល​ទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​ផង ដែល​អស់​ដីស្រែ និង​ផ្ទះ​សម្បែង ព្រោះតែ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​។ លោក​ថា ប្រជាពលរដ្ឋ​ឱ្យតែ​ឮ​ការ​អភិវឌ្ឍន៍ ត្រង់​កន្លែង​ណា​ប្រជាពលរដ្ឋ​នៅ​ទីនោះ ហូរ​ទឹក​ភ្នែក​ដេក​មិន​លក់​ឡើយ

លោក សិន ខុន៖ «សូម​រាជរដ្ឋាភិបាល​ជួយ​ឱ្យ​តម្លៃ​ប្រជាជន​នៅតាម​ភូមិ​ឃុំ​ឱ្យបាន​សមរម្យ​ទៅ​បាន​ហើយ ខ្ញុំ​មិន​ទៅ​ទាមទារ​យក​រាប់ម៉ឺន​រាប់លាន​ណា​ទេ។ សូមឱ្យ​រាជរដ្ឋាភិបាល​ជួយ​ប្រជាជន​ផង ព្រោះ​ប្រជាជន​ឥឡូវ​កំពុង​ខ្វះខាត​ខ្លាំងណាស់ ងាក​ខ្វះ​លិច​ងាក​ខ្វះ​កើត​។ ងាក​ប៉ះ​អានេះ ងាក​ទៅធ្វើ​ខាង​នោះ ឥឡូវ​នេះ​ប៉ះ​នេះ ទៀត​ពីរ​ទៅ​បី​ដំណាក់»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កណ្ដាល លោក គួច ចំរើន ដើម្បី​សួរ​បញ្ជាក់​ពី​គម្រោង​ពង្រីក​ស្ទឹង​រំដោះ​ទឹក​នោះ​បាន​ទេ​។ ជុំវិញ​រឿងនេះ មេឃុំ​បឹងខ្យាង លោក ណៃ ចាន់ឌី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ថា ការ​ពង្រីក​ស្ទឹង​នេះ គឺជា​គម្រោង​របស់​រដ្ឋា​ភិ​បាល ហើយ​ពេលនេះ​គ្រាន់តែ​ដៅ​ទុក​សិន។ លោក​ថា និង​មិនទាន់​បានដឹង​ពី​ទំហំ​ផលប៉ះពាល់ និង​សំណង​នៅឡើយ​ទេ។

លោក ណៃ ចាន់ឌី៖ «គាត់​បាន​ជម្រាប​ពាក់ព័ន្ធ​នឹង​ការផ្ដល់​សំណង ខាង​រាជរដ្ឋាភិបាល​នឹងធ្វើ​ការ​សង។ សំណង​មាន ប៉ុន្តែ​ក្នុង​កម្រិតណា​តម្លៃ​ណា​នោះ ខ្ញុំ​អត់​ទាន់​បាន​ដឹក​ទេ ព្រោះ​ការ​កាយ ការ​ស្ដារ​យើង​អត់​ទាន់​ទៅ​ប៉ះពាល់​ទៅដល់​ដី​ប្រជាពលរដ្ឋ​នៅឡើយ​ទេ អានេះ គ្រាន់តែ​វាយ​បង្គោល​វាយ​អី ការ​ធ្វើ​ប៉ុន​នេះ ប៉ុណ្ណោះ​អ៊ីចឹង»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ នៃ​សមាគម​អាដហុក (Adhoc) លោក យិន ម៉េងលី កត់សម្គាល់​ថា ព័ត៌មាន​នៃ​ការ​អភិវឌ្ឍន៍​ហាក់ដូច​ជាមាន​បញ្ហា​ច្រើន ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន បាត់បង់​ដីធ្លី អស់​ផ្ទះ​សម្បែង បាត់​ការងារ បាត់​ចំណូល​ធ្លាក់​ចុះ​ជីវភាព​ជំពាក់​បំណុល ធ្វើ​ចំណាក​ស្រុក និង​ការ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូនៗ​ប្រជាពលរដ្ឋ​រងគ្រោះ

លោក​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើងវិញ​នូវ​រាល់​គម្រោង​អភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ភ័យព្រួយ ពីព្រោះ​ការ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព គឺ​ដើម្បី​ការ​រីកចម្រើន​ដល់ដៃ​ប្រជាពលរដ្ឋ និង​នាំ​ភាព​រីករាយ​ដល់​ពលរដ្ឋ ដោយ​ទាំងអស់គ្នា​ទទួលបាន​ផល​ពី​ការ​អភិវឌ្ឍ

លោក យិន ម៉េងលី៖ «ពេល​ធ្វើ​ការអភិវឌ្ឍ​ក្រុមហ៊ុន​មាន​កិច្ចសន្យា​ហើយ បើ​ក្រុមហ៊ុន​មិន​បាន​អនុវត្តតាម​កិច្ច​សន្យា។ អ៊ីចឹង​ រដ្ឋាភិបាល​មាន​សិទ្ធិ​ក្នុង​ការ​ដកហូតអាជ្ញាប័ណ្ណ និង​ដកហូត​អ្វីៗ​ ទៀត ដែល​ចុះ​កិច្ច​សន្យារដ្ឋាភិបាល​ត្រូវធ្វើ​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​។ ចំពោះ​ការ​អភិវឌ្ឍ​ធ្វើ​ដោយ​រដ្ឋាភិបាល​ក្ដី ក៏ត្រូវ​ពិនិត្យ មើល​ដែរ ជា​ពិសេស​យក​ច្បាប់​ជា​គោល គឺ​ច្បាប់​អស្សាមិករណ៍ ហើយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ហ្នឹង​ទៅ វា​នឹង​ធ្វើ​ឱ្យ​យើង​សប្បាយ​រីករាយ​ទាំងអស់គ្នា»។

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅ​ប្រទេស​កម្ពុជា ហៅ​កាត់ អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក ពុង ឃាវសែ ដែលជា​អ្នកជំនួញ​ស្និទ្ធ​នឹង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ទទួល​បាន​សិទ្ធិ​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​អន្តរជាតិ​មួយ​នេះ។

ទោះជា​យ៉ាងណា គម្រោង​អភិវឌ្ឍន៍​ខ្នាត​យក្ស​នេះ បាន​ធ្វើ​ឱ្យ​កសិករ​ជាច្រើន គ្រួសារ​ទឹកភ្នែក​ដោយសារ​តែ​មិន​ទទួល​បាន​សំណង​សមរម្យ​ពី​ក្រុមហ៊ុន និង​រដ្ឋាភិបាល។ រីឯ​គម្រោង​ពង្រីក​ស្ទឹង​របស់​រដ្ឋ ដើម្បី​រំដោះ​ទឹក​ពី​ទីក្រុង​វិញ អ្នកភូមិ​អះអាង​ថា បាន​ប៉ះពាល់​ពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ប៉ុន្តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​ចុះ​ដោះស្រាយ​សំណង​ឱ្យ​ពួកគាត់​នៅ​ឡើយ

ពលរដ្ឋ​ស្នើឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿន​ការដោះស្រាយ និង​ផ្ដល់​សំណង​ឱ្យបាន​សមរម្យ​ដើម្បី​កុំឱ្យ​ពួកគាត់​រងគ្រោះ​ម្ដង​ហើយ​ម្ដង​ទៀត

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។