សហគមន៍​សំរោង​ត្បូង​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ធ្វើ​យុទ្ធនាការ​ជិះទូក​ការពារ​បឹង​តាមោក

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង​២​រយ (២៥០) គ្រួសារ​រស់នៅ​ក្បែរ​បឹង​តាមោក​ស្ថិត​នៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ បន្ត​ប្រមូល​ផ្តុំ​ជួបជុំគ្នា​តវ៉ា និង​ធ្វើ​យុទ្ធនាការ​ជិះទូក​រារាំង​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​ឱ្យ​បញ្ឈប់​ការ​បឹង​តាមោក ក៏ប៉ុន្តែ​ត្រូវ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​ស្រែក​គំរាម​ពួកគាត់​នៅ​ថ្ងៃទី​០៥ កក្កដា​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ទង្វើ​របស់​កម្លាំង​អាជ្ញាធរ​បែបនេះ​ថា ជា​ការ​អនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ និង​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​រយ (១០០) នាក់ ដែល​តំណាង​ឱ្យ​ពលរដ្ឋ​ជាង​២​រយ (២៥០) គ្រួសារ រស់នៅ​ក្បែរ​បឹង​តាមោក នៅ​ថ្ងៃទី​៥ កក្កដា ពួកគាត់​បាន​វេច​ខ្ចប់​បាយ​តាំង​ពីព្រឹក ដើម្បី​លើកគ្នា​ទៅ​តវ៉ា​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​បញ្ឈប់​ការ​ចាក់ដី​លុប​ផ្ទៃ​បឹង​។ ពួកគាត់​ឱ្យ​ដឹង​ថា ផ្ទៃ​បឹង​តាមោក​ស្ថិតនៅ​តំបន់​ភូមិ​សំរោង​ត្បូង កំពុង​ប្រែក្លាយ​ជា​ដីគោក​ជា​បន្តបន្ទាប់ និង​នៅតែ​ប្រមាណ​ជាង​២​រយ (២០០) ហិកតារ​ទៀត​តែប៉ុណ្ណោះ ការ​ចាក់ដី​បំពាន​ផ្ទៃ​បឹង​នេះ នឹង​ទៅដល់​ផ្ទះសម្បែង​ពលរដ្ឋ ១០៨ ខ្នង​ដែល​បាន​តាំងទី​លំនៅឋាន​តាំងពី​ឆ្នាំ​១៩៩០។

ក្រៅ​ពី​នេះ ពលរដ្ឋ​ឱ្យ​ដឹង​ទៀត​ថា សកម្មជន​ដីធ្លី​មួយចំនួន ក៏​កំពុង​ព្រួយបារម្ភ​ពី​ការ​ចាប់ចង និង​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយសារតែ​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ ចុះ​មក​ស្រែក​សម្លុត​គំរាមកំហែង​ប្រជា​សហគមន៍​សំរោង​ត្បូង ឱ្យ​បញ្ឈប់​ការរារាំង​អាជ្ញាធរ​ក្នុង​ការ​លុប​បឹង​តាមោក​នេះ​តទៅទៀត។

​តំណាង​ប្រជា​សហគមន៍​ភូមិ​សំរោង​ត្បូង លោកស្រី ប្រាក់ សុភា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ កក្កដា ថា​ការ​ជួបជុំ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​ជាង​១​រយ​នាក់ តាំង​ពី​ព្រឹក​មកនេះ ក្នុង​គោលបំណង ទាមទារ​ដល់​អាជ្ញាធរ​បញ្ឈប់​ការ​លុប​បឹង​តាមោក ដើម្បី​ជៀសវាង​ការ​បំផ្លិចបំផ្លាញ​អួន​ដាក់​ត្រី ដែល​ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​ទាំងអស់​បាន​ខ្ចីបុល​ធនាគារ​យក​មក​ប្រកបមុខរបរ​នេសាទ​។ ប៉ុន្តែ លោកស្រី​ថា ក្រុមហ៊ុន និង​អាជ្ញាធរ​ដែល​កំពុង​បន្តសកម្មភាព​ចាក់​ដី​លុប​បឹង មិន​បាន​ខ្វាយខ្វល់​ពី​ក្ដី​អាណិត​ពលរដ្ឋ​នោះ​ឡើយ។

ក្រៅ​ពី​នេះ លោកស្រី​បញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​ប្រមាណ ៥០​នាក់ ក៏​បន្ត​រារាំង និង​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ជួបជុំ​ប្រមូល​ផ្តុំគ្នា​ទាមទារ តវ៉ា​រក​ដោះស្រាយ​នោះ​ដែរ៖ « ខ្ញុំ​កើត​អត់​ទាន់​ប៉ុល ពត។ ប៉ុន្តែ ខ្ញុំ​មក​ឃើញ ប៉ុល ពត សម័យ​សន្តិភាព​។ ខ្ញុំ​អត់​កើត​ទាន់​ប៉ុល ពត ទេ​។ ប៉ុន្តែ ដល់​តែ​ពេល​ខ្ញុំ​ឃើញ​ខាង​កម្លាំង​សាលា​ខណ្ឌ​គាត់​ធ្វើ​ដាក់​ពលរដ្ឋ អ៊ីចឹង​ដូច​ពាក្យចាស់​គាត់​ថា អា ពត ភ្ជង់​ពលរដ្ឋ​អ៊ីចឹង​។ ដល់ពេល​ខ្ញុំ​ឃើញ​អ៊ីចឹង ខ្ញុំ​គិតថា សម័យ​ប៉ុល ពត សម័យ​សន្តិភាព ព្រោះ​អី​រាល់ថ្ងៃ​ពួក​ខ្ញុំ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​អ្នកតស៊ូ​មតិ​គឺ​ពួក​ខ្ញុំ​មានការ​ព្រួយបារម្ភ​។ សាលា​ខណ្ឌ​គាត់​ប្រាប់​​ថា ពលរដ្ឋ​ហ៊ាន​តស៊ូ​ជាមួយ​អាជ្ញាធរ គឺ​គាត់​ដាក់​កម្លាំង​ដីកាចាប់ខ្លួន​ពលរដ្ឋ​។ វា​ជា​អយុត្តិធម៌​មួយ ហើយ​វា​ពិបាក​ភ្នែក​មើល​ណាស់​។ ខ្ញុំ​សុំ​ឱ្យ​សារព័ត៌មាន​ជួយ​ធ្វើ​សាក្សី ថា តើ​ពលរដ្ឋ​ចោទ​សាលា​ខណ្ឌ ឬក៏​ខាង​សាលា​ខណ្ឌ​ប្រើ​សិទ្ធ​គំរាម​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​លើ​ពលរដ្ឋ​ ?»។

ចំណែកឯ ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ជាប់​ផ្ទៃ​បឹង​តាមោក​ស្ថិត​ក្នុងភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ លោកស្រី សឿន ស្រីសុទ្ធ ថ្លែង​ថា លោកស្រី​រន្ធត់ចិត្ត​ចំពោះ​កងកម្លាំង​អាជ្ញាធរ​ប្រដាប់​ដោយ​អាវុធ​ដែល​ចុះ​មក​គំរាមកំហែង​ពលរដ្ឋ​ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងណា លោកស្រី​ថា ពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ជាប់​ផ្ទៃ​បឹង​តា​មោក​បាន​ប្ដេជ្ញា​ថា នឹង​នៅតែ​បន្ត​ធ្វើ​ការ​ទាមទារ​យុត្តិធម៌ បើ​ទោះបី​ជា​មានការ​គំរាមកំហែង​ពលរដ្ឋ​យ៉ាងណាក្ដី ដោយសារតែ ផ្ទៃ​បឹង​តា​មោក​នេះ គឺជា​អាយុជីវិត​របស់​ពួកគាត់៖ «មើល​ទៅ​ដូចជា​ឈឺចាប់​ណាស់​។ ពលរដ្ឋ​ខ្មែរ​រស់នៅ​លើ​ដី​រដ្ឋ​ខ្លួនឯង​តែ​មាន​កងកម្លាំង​ចម្រុះ​សព្វគ្រប់ មាន​ទាំង​ប៉េអិម ប៉ូលិស មន្ត្រី​ខណ្ឌ​អី​គាត់​ចុះ​មក​។ មើលទៅ​ដូច​ពួក​ខ្ញុំ​ហ្នឹង ជា​ជន​អន្តោប្រវេសន៍​ហ្មង​។ មើលទៅ​ខ្លួនឯង​វា​ដូច​ឈឺចាប់​មែនទែន​ហ្មង រក​អ្វី​ប្រៀបផ្ទឹម មិន​បាន​លើស​ជំនាន់ ប៉ុល ពត ទៀត»។

នា​រយៈពេល​ចុងក្រោយ​នេះ តំណាង​សហគមន៍​សំរោង​ត្បូង​ជាង​១​រយ​នាក់ (១០០) ដែល​រស់នៅ​ជាប់​ផ្ទៃ​បឹង​តាមោក​បាន​រួម​គ្នា​ដាក់​ញតិ្ត​ទៅកាន់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថាប័ន​រដ្ឋសភា និង​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជា​បន្តបន្ទាប់ ដើម្បី​ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន កាត់​ឆ្វៀល​ដី​ចំនួន ៥​ហិកតារ និង​ផ្តល់​ប្លង់​កម្មសិទ្ធ​ដីធ្លី​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ​ជាង​២​រយ (២៥០) គ្រួសារ ដោយ​ធានា​ថា គ្មាន​ការ​បណ្តេញ​ពួកគាត់​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​តទៅទៀត​។ ទោះ​យ៉ាងណា មក​ដល់​ពេល​នេះ អ្នកភូមិ​ថា រដ្ឋាភិបាល និង​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​មិន​មាន​ការ​ដោះស្រាយ​ជា​វិជ្ជមាន​ណាមួយ​ជូន​ពួកគាត់​នៅឡើយ​ទេ ប៉ុន្តែ​បែរជា​មាន​កង​អាវុធហត្ថ​ដាក់​កម្លាំង​គំរាមកំហែង​ពលរដ្ឋ​បន្ថែម​ទៀត។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង និង​អភិបាលខណ្ឌ​ព្រែកព្នៅ គឺ​លោក សុខ សម្បត្តិ ដើម្បី​សុំ​អត្ថាធិប្បាយ​បំភ្លឺ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​០៥ ខែ​កក្កដា។

ប៉ុន្តែ តំណាង​ពលរដ្ឋ លោកស្រី ប្រាក់ សុភា ថា ពេល​អ្នកភូមិ​បាន​លើកគ្នា​តវ៉ា​ជាថ្មី​ទៀត​នេះ អភិបាល​រង​ខណ្ឌ​ព្រែក​ព្នៅ លោក ឈឹម សុផង់ ប្រាប់​ពលរដ្ឋ​នៅ​ចំពោះមុខ​ថា ការ​បន្ត​ចាក់​ដី​លុប​បឹង​តាមោក​នេះ ធ្វើឡើង​តាម​ការ​បញ្ជា​ពី លោក ហ៊ុន សែន៖ «ខាង​សាលា​ខណ្ឌ​គាត់​ថា គាត់​សុំ​និយាយ​ជាមួយ​ពលរដ្ឋ គាត់​ថា​គាត់​ចាក់​នេះ​មិនមែន​តាម​ទំនើង​របស់​អាជ្ញាធរ​ទេ គឺ​អភិវឌ្ឍន៍​ទៅតាម​គោលការណ៍​នាយករដ្ឋមន្ត្រី​។ សម្តេច​មាន​អនុសាសន៍ ហើយ​ថា អភិវឌ្ឍន៍ ប៉ះ​កន្លែង​ណា គឺ​ដោះស្រាយ ឱ្យ​ពលរដ្ឋ​ទៅ​តាម​កន្លែង​ហ្នឹង​ទៅ។ ប៉ុន្តែ​តាម​សាលា​ខណ្ឌ​គាត់​អត់​ធ្វើ​ទៅតាម​គោលការណ៍​នាយករដ្ឋមន្ត្រី គាត់​ប្រើ​អំណាច​ការ​អភិវឌ្ឍ​របស់​នាយករដ្ឋមន្ត្រី​ហ្នឹង គាត់​ប្រើ​សិទ្ធ​ចាក់​លុប​របស់​ប្រជាពលរដ្ឋ​ដោយ​អត់​មាន​ដោះស្រាយ​អត់​ផ្តល់​សំណង​ឱ្យ​ពលរដ្ឋ​អ៊ីចឹង​ហា៎»។

​ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត សង្កេត​ឃើញ​ថា ផ្ទៃ​បឹង​តាមោក​បាន​ប្រែក្លាយ​តំបន់​ដីគោក​យ៉ាង​ឆាប់​រហ័ស​ក្រោយពី​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​សម្រាប់​អភិវឌ្ឍ​។ ក្រៅពី​នេះ លោក​ថា បើ​ពលរដ្ឋ​នៅ​តំបន់​នោះ​នៅតែ​គ្មាន​ដំណោះស្រាយ និង​មាន​ការ​បាត់បង់​ដីធ្លី​ពី​ការ​បណ្តេញ​ចេញពី​លំនៅឋាន​ទាំង​បង្ខំ ពលរដ្ឋ​ក៏​បាត់បង់​ក្ដី​សង្ឃឹម​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​ដែរ។បន្ថែម​នេះ លោក​ចាត់​ទុក​ករណី​របស់​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ បន្ត​គំរាមកំហែង ដើម្បី​រារាំង​មិន​ឱ្យ​ពលរដ្ឋ​ទាមទារ​សិទ្ធិ​ដីធ្លី​នេះ ថា ការអនុវត្ត​តួនាទី​ផ្ទុយ​ពី​ច្បាប់ និង​ជា​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់ អាវុធ​សម្លុត គំរាមកំហែង ហាក់បីដូចជា​ពុំ​មាន អ្នកគ្រប់គ្រង ពុំ​មាន​ថ្នាក់ដឹកនាំ​ណា ឬក៏​អ្នកគ្រប់គ្រង​ខាង​កងកម្លាំងប្រដាប់អាវុធ ហាក់បីដូចជា​ព្រងើយកន្តើយ ហាក់បីដូចជា​មិន​មាន​ការគ្រប់គ្រង​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ហ្នឹង ទៅជា​ប្រើ​កម្លាំង​អាវុធ​ហ្នឹង អនាធិបតេយ្យ​។ ដូចជា​ជំនាន់​យើង​ដឹង​ស្រាប់​ហើយ ថា​ជំនាន់ ប៉ុល ពត របៀប​គ្នា​អ៊ីចឹង គឺ​ថា​មានការ​ប្រើ​កម្លាំង​ផ្ដាច់ការ ដើម្បី​គំរាមកំហែង​ប្រជាពលរដ្ឋ បំបាក់​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​តវ៉ា»។

ផ្ទៃ​បឹង​តាមោក មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ (៣.២៣៩) តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។ ប៉ុន្តែ​ផ្ទៃ​បឹង​ដែល​អ្នកភូមិ​ចាត់ទុកជា​អាង​ស្តុក​ទឹកធំ​ជាងគេ​នៅ​រាជធានី​ភ្នំពេញ​នេះ បាន​ប្រែក្លាយ​ជា​តំបន់​ដីគោក​បន្តិច​ម្ដងៗ បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃ​បឹង​ទៅ​ឱ្យ​ក្រុម​ឧកញ៉ា​ឈ្មួញ​មន្ត្រី​គ្រាកៗ ព្រមទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ដើម្បី​អនុញ្ញាត​ឱ្យ​ពួកគេ​ចាក់​ដី​លុប​បឹង​អស់​រាប់​រយ​ហិកតារ​ក្រោម​ហេតុផល​អភិវឌ្ឍន៍។

គិត​ត្រឹម​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ទំហំ​ដី​បឹង​តា​មោក​មាន​ចំនួន​ជាង​ពីរ​ពាន់ (២.០០០) ហិកតារ ដែល​រដ្ឋាភិបាល​បាន​កាត់ និង​ដោះដូរ ទៅ​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯកជន និង​មនុស្ស​មួយ​ក្រុម ដែល​ពលរដ្ឋ​ដឹង​ថា ជា​អ្នកមាន​លុយ​មានអំណាច ដើម្បី​ឱ្យ​ពួកគេ​កសាង​អគារ បុរី វីឡា ខុនដូ និង​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។