អភិបាលខេត្តព្រះសីហនុប្ដេជ្ញាដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឲ្យចប់ត្រឹមឆ្នាំ២០១៦
2016.01.08
អភិបាលខេត្តព្រះសីហនុ ថ្លែងប្ដេជ្ញាថា ជួយពន្លឿនឲ្យក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លី ជូនពលរដ្ឋនៅតាមសហគមន៍នានា ចប់ឲ្យបានឆាប់នៅឆ្នាំ២០១៦។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លី បានសាទរថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ដែលសន្យាជួយពន្លឿនដោះស្រាយទំនាស់ដីធ្លី និងឈានដល់ចុះវាស់វែងចំណែកដីផ្ដល់ ប្លង់កម្មសិទ្ធិ ស្របច្បាប់។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា បានចុះហត្ថលេខា និងជួយជំរុញឲ្យក្រុមការងារដោះស្រាយទំនាស់ដីធ្លី បញ្ចប់វិវាទដីធ្លីនៅមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ចប់ឲ្យបានឆាប់ តាមដែលអាចអនុវត្តទៅបាន ដើម្បីឈានដល់ចុះវាស់វែងចំណែកដីផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លីនានា ឲ្យរួចរាល់នៅឆ្នាំ២០១៦នេះ។
លោកបន្តថា ទំនាស់ដីធ្លី ដែលមិនស្ថិតក្នុងចំណាត់ការ របស់តុលាការ អាជ្ញាធរខេត្តនេះ នឹងខំពន្លឿនការដោះស្រាយឲ្យបានឆាប់ ទៅតាមពេលវេលាជាក់ស្ដែង។
លោក យន្ត មីន សង្កត់ធ្ងន់ថា ឆ្នាំថ្មីនេះ ការចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយក្នុងចំណោមទិសដៅអភិវឌ្ឍន៍ របស់អាជ្ញាធរខេត្ត ដើម្បីជួយឲ្យពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លី លែងព្រួយបារម្ភពីការរំលោភដីធ្លីកំពុងរស់នៅ និងដីបង្កបង្កើនផលតទៅទៀត៖ «មកដល់ពេលនេះខ្ញុំបានចុះហត្ថលេខាជំរុញឲ្យក្រុមការងារ ចុះវាស់វែងដីធ្លី និងដោះស្រាយទំនាស់នេះជូនបងប្អូន នៅតាមសហគមន៍មានទំនាស់ដីធ្លី បានជាច្រើនសហគមន៍រួចហើយៗ ក៏ស្នើសុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែរ ចំពោះការយឺតយ៉ាវក្នុងការចុះអនុវត្តការងារនេះ ព្រោះមន្ត្រីចុះធ្វើការងារនេះមានចំនួនតិច ហើយទំនាស់បានកើតមានច្រើនសហគមន៍។ ប៉ុន្តែបញ្ហាទំនាស់ដីធ្លីទាំងឡាយណា ដែលស្ថិតក្នុងដៃតុលាការ ឬតុលាការសម្រេចសេចក្ដីរួចហើយ អាជ្ញាធរខេត្តមិនអាចលូកដៃចូលបានទេ»។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន រស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជិត ២០ សហគមន៍ នាខេត្តព្រះសីហនុ ថ្លែងសាទរ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ចំពោះការយកចិត្តទុកដាក់លើកង្វល់ របស់ប្រជាពលរដ្ឋ ដែលរងទុក្ខលើបញ្ហារំលោភដីធ្លីពីសំណាក់ក្រុមហ៊ុន និងមន្ត្រីមានអំណាចកន្លងមក។
ប្រធានសហគមន៍សេអ៊ីប្រាំ (CE5) លោក ស៊ុន សុផាត មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃបន់ ខេត្តព្រះសីហនុ ថ្លែងថា ពលរដ្ឋក្នុងមូលដ្ឋាននេះ កំពុងទន្ទឹងរង់ចាំអាជ្ញាធរខេត្តព្រះសីហនុ ចុះពិនិត្យវាស់វែង កាត់ឆ្វៀលដីផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់។ លោកបន្តថា ក្រុមប្រជាពលរដ្ឋ បង្ហាញការព្រួយបារម្ភពីការបាត់បង់ដីលំនៅឋាន និងដីចម្ការធ្លាប់បង្កបង្កើនផល តាំងពីឆ្នាំ១៩៩៣ ដោយសារក្រុមហ៊ុន និងមន្ត្រីមានអំណាចបន្តមានមហិច្ឆតាប៉ុនប៉ងរំលោភ យករហូតមកដល់សព្វថ្ងៃនេះ។
បន្ថែមលើនេះ ក្រុមប្រជាពលរដ្ឋសហគមន៍សេអ៊ីប្រាំ បានសំណូមពរដល់ប្រមុខដឹកនាំជួយជំរុញឲ្យថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ ជួយពន្លឿនសកម្មភាពចុះពិនិត្យវាស់ដី ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់។
លោក ស៊ុន សុផាត ឲ្យដឹងថា ដីលំនៅឋាន និងចម្ការដំណាំ ពលរដ្ឋនៅសហគមន៍សេអ៊ីប្រាំងជាង១០០គ្រួសារ មានផ្ទៃដីសរុបជាង ១០០ហិកតារ ហើយបច្ចុប្បន្ន មានក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ច និងមន្ត្រីមានអំណាច ប៉ុនប៉ងឃុបឃិតរំលោភយក៖ «សូមជួយពន្លឿនកិច្ចការងារ ដែលឯកឧត្ដមអភិបាលខេត្ត បានសន្យាជួយបញ្ជូនមន្ត្រីជំនាញ ចុះវាស់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ នៅសហគមន៍សេអ៊ី៥ ឲ្យបានឆាប់ ព្រោះបច្ចុប្បន្នពលរដ្ឋជាង១០០គ្រួសារនេះ កំពុងទន្ទឹងរង់ចាំ ការផ្ដល់ប្លង់កម្មសិទ្ធិរស់នៅស្របច្បាប់ពីអាជ្ញាធរ»។
ចំណែកប្រជាពលរដ្ឋជាង ១០០គ្រួសារទៀត រស់នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចោទក្រុមហ៊ុនចិនឈ្មោះ យិះជៀ ថាបានបន្តគំរាមបណ្ដេញពួកគាត់ចេញពីលំនៅឋាន និងដីកសិកម្មធ្លាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៩២ ដោយប្រើកម្លាំងប្រដាប់អាវុធគំរាមពួកគាត់ មិនឲ្យធ្វើរបរកសិកម្ម និងសង់ផ្ទះជាដើម។
ប្រធានសហគមន៍ ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ លោក សេន ចន្ថា បានប្រាប់វិទ្យុអាស៊ីសេរី ថា ប្រជាពលរដ្ឋពួកគាត់ជាង ១០០គ្រួសារ បានសង់ផ្ទះ និងធ្វើដីស្រែចម្ការ នាមូលដ្ឋាននេះ ឃុំរាម តាំងពីឆ្នាំ១៩៩២មក ហើយទើបនៅឆ្នាំ២០០៧ ដែលក្រុមហ៊ុនចិនយិះជៀ ទទួលបានដីសម្បទានសេដ្ឋកិច្ចរយៈ ៩៩ឆ្នាំ ពីរាជរដ្ឋាភិបាល ទំនាស់ដីធ្លីក៏បានកើតឡើង ដោយសារឥទ្ធិពលក្រុមហ៊ុននេះ។
ផ្ដើមពីកង្វល់នេះ ក្នុងនាមតំណាងពលរដ្ឋ លោក សេន ចន្ថា បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍សកម្មភាព កាត់ឆ្វៀលដីលំនៅឋាន និងដីកសិកម្ម ផ្ដល់ប្លង់កម្មសិទ្ធិចេញពីគម្រោងអភិវឌ្ឍ របស់ក្រុមហ៊ុនចិន យិះជៀ ឲ្យបានឆាប់ ព្រោះក្រុមហ៊ុននេះបន្តមានមហិច្ឆតាបណ្ដេញពួកគាត់ជាងគ្រួសារចេញពីដីធ្លាប់រស់នៅយូរឆ្នាំ ដោយសំអាងទទួលបានសិទ្ធិអភិវឌ្ឍតំបន់នេះពីរដ្ឋាភិបាល។ លោក សេន ចន្ថា ឲ្យដឹងថា ប្រជាពលរដ្ឋពួកគាត់ទាំង ១រយ ៦គ្រួសារ មានផ្ទៃដីសរុបជាង ៣រយ ៣៣ហិកតារ៖ «នៅទីនេះមានដំណាំស្វាយ ដូង ខ្នុរ និងស្រែចំការ របស់ប្រជាពលរដ្ឋ បានទទួលផលជារៀងរាល់ឆ្នាំតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ ដូច្នេះសូមសំណូមដល់សម្ដេចតេជោ ជួយកាត់ឆ្វៀលដីចេញពីគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុនចិនយិះជៀ ឲ្យបានឆាប់ និងស្នើផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋទាំង ១០៦គ្រួសារ របស់ពួកខ្ញុំ។ ហើយស្នើសុំអភិវឌ្ឍមូលដ្ឋាននៅនឹងកន្លែងដោយខ្លួនឯង»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះអង្កេតផ្ទាល់ដល់លំនៅឋាន របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លីមួយចំនួន បានឲ្យដឹងថា ពលរដ្ឋភាគច្រើន បានមកតាំងទីលំនៅជាអចិន្ត្រៃយ៍ និងមានធ្វើស្រែចម្ការនៅលើដីមានទំនាស់នោះជាបន្តបន្ទាប់រហូតមក។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំ ស្នើជួយពន្លឿនសកម្មភាពកាត់ឆ្វៀលដី ផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ ជូនពលរដ្ឋ នៅតាមសហគមន៍មានទំនាស់ដីធ្លីជិត ២០សហគមន៍ នាមូលដ្ឋាន ខេត្តព្រះសីហនុ ឲ្យរួចរាល់ជាស្ថាពរ នៅឆ្នាំ២០១៦នេះ ព្រោះពួកគាត់បានទន្ទឹងរង់ចាំដំណោះស្រាយនេះយ៉ាងអន្ទះសា៕