តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឱ្យ​ពលរដ្ឋ​១១​គ្រួសារ​ចាញ់ក្ដី​អ្នកមាន​ទ្រព្យ​ម្នាក់​រឿង​វិវាទ​ដីធ្លី

ដោយ វ៉ែន សុមេធ
2019.05.03
តុលាការ ព្រះសីហនុ ៦២២ សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥
RFA

សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឱ្យ​ពលរដ្ឋ​១១​គ្រួសារ​ចាញ់ក្ដី​អ្នកមាន​ទ្រព្យ​ម្នាក់ លើ​វិវាទ​ដីធ្លី​មួយ​កន្លែង​ស្ថិត​ក្នុង ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដោយ​តម្កល់ទុក​ដីកា​រក្សា​ការពារ​ដែល​តុលាការ​ខេត្ត​នេះ បាន​ចេញ​ឱ្យ​បុគ្គល​នោះ​កាល​ពី​ពេល​កន្លងមក ទុក​ជា​បាន​ការ​ដដែល។ ក្រុម​ប្រជាពលរដ្ឋ ហៅ​ការសម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ ហើយ​មិន​អាច​ទទួល​យក​បាន​។ ពួកគេ​នឹង​បន្ត​រឿងក្ដី​នេះ​ទៅ​សាលាឧទ្ធរណ៍​ទៀត និង​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។

តំណាង​ប្រជាពលរដ្ឋ​លោក យូ វាសនា លើកឡើង​ថា ការសម្រេច​របស់​ចៅក្រម ជា សុខហៀង គឺ​មាន​ភាព​ខ្វះ​ចន្លោះ ដោយ​មិនបាន​ពិនិត្យមើល​ឯកសារ​កាន់កាប់​ដី​របស់​ពលរដ្ឋ​កាលពី​ឆ្នាំ​២០០៦ ដែល​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន នោះ​ទេ​។ ផ្ទុយទៅវិញ ចៅក្រម ជា សុខហៀង បែរជា​ផ្អែក​ត្រឹមតែ​លិខិត​ផ្ទេរសិទ្ធិ​ទិញ​លក់​ដី​របស់​លោកស្រី ជា សុខឡេង កាលពី​ឆ្នាំ​២០០៨ ដែល​ទិញ​ពី​ឈ្មោះ ជួន នី និង ឈ្មោះ លី សុខា ទៅវិញ។

លោក យូ វាសនា យល់ថា ប្រសិនបើ​តុលាការ ងាក​មក​ពិនិត្យមើល​ឯកសារ​ពួកគាត់​ដែល​រស់​នៅ​លើ​ទីតាំង​ដី​ជិត​២០​ឆ្នាំ​មកនេះ ហើយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ពិតប្រាកដ ការសម្រេច​បែបនេះ ក៏​មិន​មាន​ដែរ។ តំណាង​ពលរដ្ឋ​រូប​នេះ ហៅ​សេចក្ដី​សម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌​ចំពោះ​ពលរដ្ឋ​១១​គ្រួសារ ហើយ​រឹតតែ​ធ្វើ​ឱ្យ​ពួកគាត់​រក្សា​ជំហរ​បន្ត​ការ​តវ៉ា រក​ដំណោះស្រាយ​លើ​រឿង​នេះ​តទៅ​ទៀត៖ «ជួន នី ហើយ​នឹង លី សុខា ពីរ​នាក់​ប្ដី​ប្រពន្ធ​ហ្នឹង គឺជា​កម្មករ​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​កម្មករ​របស់​ពួក​យើងខ្ញុំ​។ ហេតុដូច្នេះ មិនបាន​មើល​ទៅ​លើ​ឯកសារ​យើង​ទេ​។ បើសិនជា​តុលាការ​មាន​យុត្តិធម៌​និង​ឯករាជ​ពិតមែន ខ្ញុំ​ជឿ​ថា គ្រាន់តែ​ឯកសារ​របស់​ពួក​ខ្ញុំ​ប៉ុណ្ណឹង ហើយ​ឃើញ​ឯកសារ​ពួក​ខ្ញុំ ដោយ​សុចរិត ប៉ុណ្ណឹង គឺ​យើង​ឈ្នះ​រឿងក្ដី​ហ្នឹង​បាត់​ទៅ​ហើយ​។ នេះ​សំណូមពរ​ដល់​ប្រមុខ​រដ្ឋាភិបាល ដែល​គាត់​ស្រែក​ហើយ​ស្រែក​ទៀត​ថា កែ​ប្រព័ន្ធ​តុលាការ តែ​បែរជា​មន្ត្រី​នៅ​ថ្នាក់ក្រោម​ឱវាទ​របស់​លោក បែរជា​ជាន់​ឈ្លី​នូវ​ប្រសាសន៍​របស់​គាត់»

លោក យូ វាសនា បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​អូរត្រេះ បាន​ចេញ​ចំណារ​មួយ​មិន​ទទួលស្គាល់​ដី​ដែល​លោកស្រី ជា សុខឡេង កាន់កាប់​នោះ​ទេ ព្រោះ​ជា​ដី​ខុស​ទីតាំង​។ អាស៊ីសេរី ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​មេឃុំ​អូរត្រេះ លោក ហាក់ ម៉េង តាម​ទូរស័ព្ទ​ជាច្រើន​ដង​តែ គ្មាន​អ្នកទទួល​។​

ចំណែក លោកស្រី ជា សុខឡេង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ អះអាង​ប្រាប់​អាស៊ីសេរី​ថា ដី​ដែល​គាត់​កាន់កាប់​នោះ គឺ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ហើយ​ទទួលស្គាល់​ពី​មន្ត្រី​សុរិយោដី​ថ្នាក់​ស្រុក​និង​ខេត្ត។ លោកស្រី ជា សុខឡេង ដែល​ជា​អ្នក​រស់នៅ​ក្រុងភ្នំពេញ បញ្ជាក់​ថា លោកស្រី ទិញ​ដី​នោះ​ពី​ឈ្មោះ ជួន នី និង លី សុខា កាលពី​ឆ្នាំ​២០០៨ ក្នុង​តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ នូវ​ទំហំ​ជាង​១​ម៉ឺន​៤​ពាន់​ម៉ែត្រការ៉េ។ ក្នុង​ពេល​ជាង​១០​ឆ្នាំ​មកនេះ លោកស្រី ជា សុខឡេង ថា គាត់​បាន​ធ្វើ​ចម្ការ​លើ​ដី​នោះ មាន​ដាំ​ដើម​ប្រេងខ្យល់ រហូតមកដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ស្រាប់​តែ​មាន​ពលរដ្ឋ​អះអាង​ថា​នោះ​ជា​ដី​របស់​ពួកគេ​ទៅវិញ៖«ព្រោះ​មុននឹង​ទិញ​ហ្នឹង ខ្ញុំ​ទៅ​សុរិយោដី​សួរ ឥឡូវ​ខ្ញុំ​ចង់​ទិញ​ដី​កន្លែង​ហ្នឹង ប៉ុន្តែ​ជួយ​ឆែក​មើល​មើល៍​ដី​របស់ ជួន នី ហ្នឹង​មាន​ជាន់​ប្លង់​លើ​បុគ្គល​ណា​អត់​។ គេ​ថា​អត់​មាន​ជាន់​ទេ​។ គេ​ឆែក​មើល​ឱ្យ​ខ្ញុំ​ដែរ គេ​ថា​អត់​អី​ទេ​ដី​ហ្នឹង ទិញ​បាន​។ អ៊ីចឹង​!​បាន​ខ្ញុំ​ទិញ មិន​ចេះតែ​យក​លុយ​ទៅ​ទិញ​ទេ»

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វណ្ណលី យល់ថា មុន​ពេល​ចៅក្រម​ចេញ​ដីកា​សម្រេច​ណាមួយ តុលា​ការគួរ​កោះហៅ​អាជ្ញាធរ​មូលដ្ឋាន​មក​សួរនាំ​អំពី​រឿង​នោះ​ឱ្យ​បាន​ច្បាស់លាស់ និង​ពិនិត្យមើល​ឯកសារ​របស់​ភាគី​ទាំងសងខាង ដោយ​ផ្អែក​ទៅតាម​ផ្លូវច្បាប់​។ លោក ស្រេង វណ្ណលី បន្ត​ថា បើ​តុលាការ​ផ្អែកលើ​ចំណុច​ខាងលើនេះ នោះ​ការ​ចេញ​ដីកា​សម្រេច នឹង​ធ្វើ​ឱ្យ​ភាគី​ទាំងសងខាង​ទទួល​យក​បាន ហើយ​អាច​ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​បាន​ថែម​ទៀត​ផង​៖ «នៅ​ពេល​ដែល​ខ្ញុំ​ចុះទៅ​មើល​ហ្នឹង ឃើញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទីតាំង​ហ្នឹង​ពិតមែន​។ ដោយឡែក​មានការ​ចុះទៅ​ពិនិត្យ​របស់​អភិបាលរង​ស្រុក​កន្លងមក​ហ្នឹង ក៏​មាន​ការ​បញ្ជាក់​ពី​មេឃុំ​នៅ​ទីតាំង​នោះ ដី​នោះ​មិន​ស្ថិតនៅ​លើ​ដី​ទំនាស់​ដែល​គាត់​បាន​ប្ដឹង​នោះ​ទេ​។ អ៊ីចឹង​ហើយ បាន ជា​ខ្ញុំ​ស្នើសុំ​ឱ្យ​មានការ​កោះ​អញ្ជើញ​អាជ្ញាធរ​ភូមិ​ឃុំ ពី​តុលាការ​ដើម្បី​ឱ្យ​គាត់​បញ្ជាក់​ថា ដី​ហ្នឹង វា​ពិតជា​របស់​ភាគី​ខាង​ណាមួយ ហើយ​ឯកសារ​នោះ​ជា​ឯកសារ​ត្រឹមត្រូវ​ឬ​យ៉ាងណា ដើម្បី​ផ្ដល់​យុត្តិធម៌​ឱ្យ​ភាគី​ទាំងសងខាង»

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​លោកស្រី ជា សុខឡេង កើតឡើង​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​លោកស្រី​បាន​ប្ដឹង​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពលរដ្ឋ​១១​គ្រួសារ ថា​ចូល​មក​កាន់កាប់​ដីធ្លី​គាត់​ដោយ​ខុសច្បាប់ ហើយ​តម្រូវ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះសម្បែង​ចេញ។ ចំណែក​ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​រស់នៅ​លើ​ទីតាំង​នោះ តាំងពី​ឆ្នាំ​១៩៩២ ហើយ​មាន​ប្លង់​កម្មសិទ្ធិ​កាប់​កាន់​ដីធ្លី​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឆ្នាំ​២០០៦។

ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី បញ្ជាក់​ជំហរ​ថា ពួកគេ​នឹង​ធ្វើ​ដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​ប្ដឹង​ទាស់​នៅ​សាលាឧទ្ធរណ៍ ហើយ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​និង អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្នើសុំ​ពិនិត្យ​សើរើ​ឡើងវិញ​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​ខេត្ត​ព្រះសីហនុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។