ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ​នៅ​កំពង់ធំ​ធ្លាក់​ខ្លួន​ក្រ និង​ចំណាកស្រុក​ក្រោយ​អស់​ដី

ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​គ្រួសារ​នៅ​ខេត្តកំពង់ធំ ធ្លាក់ខ្លួន​ក្រីក្រ​ដុនដាប និង​ខ្លះទៀត បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្រោយពី​ដីស្រែ​ចម្ការ​ដែល​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​មួយ​រំលោភ​យក​ទាំងស្រុង។

មន្ត្រី​សង្គម​ស៊ីវិល​ស្តី​បន្ទោស​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ថា មិន​អើពើ​បំពេញ​តួនាទី បម្រើ​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ដោយ​ផ្អឹប​សំណុំរឿង​របស់​ពួកគាត់​ចោល ហើយ​បើកដៃ​ឱ្យ​ក្រុមហ៊ុន​ឯកជន កាន់កាប់​ដី​ដែល​កំពុង​មាន​ជម្លោះ​នោះ។

ជនជាតិ​ដើម​ភាគតិច​កួយ ៣៣​គ្រួសារ រស់នៅ​ភូមិ​តាឡែក ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ជាប់​ព្រំដែន​ខេត្ត​ព្រះវិហារ កំពុង​ក្តៅក្រហាយ​ក្នុង​ចិត្ត ទាល់គំនិត មិនដឹង​ទៅ​ពឹង​ស្ថាប័ន​ណាមួយ ឱ្យ​ជួយ​ដោះស្រាយ ក្តី​កង្វល់​របស់​ពួកគាត់​នៅ​ឡើយ​ទេ ខណៈ​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​នៅតែ​ពន្យារ​ពេល​មិន​ដោះស្រាយ ពាក្យបណ្ដឹង​របស់​ពួកគាត់ ជាង ៣​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ដីស្រែ​ចម្ការ​កេរ​ឪពុក​ម្តាយ​របស់​ពួកគាត់​ទំហំ​សរុប​ជិត ១០០​ហិកតារ ត្រូវ​បាន​អ្នក​មាន​អំណាច​ម្នាក់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ហាក់ ហ៊ុនថា រំលោភ​យក​ទាំងស្រុង តាំងពី​ឆ្នាំ ២០២០ ហើយ​មក​ទល់​ពេល​នេះ ពួកគាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ តែ​គ្មាន​បាន​ផល​ឡើយ។

តំណាង​ពលរដ្ឋ លោកស្រី ងួន ហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេលនេះ អ្នកភូមិ​កំពុង​លំបាក​វេទនា មួយ​កម្រិត​ទៀត ដោយសារ​គ្មាន​ដី​ដាំ​ដុះ​ចិញ្ចឹមជីវិត ហើយ​ពួកគាត់​ភាគច្រើន បង្ខំចិត្ត​ដើរ​ធ្វើ​កម្មករ​គេ ដើម្បី​ចិញ្ចឹម​ក្រពះ។ រីឯ​ពលរដ្ឋ​ខ្លះ​ទៀត ជំពាក់​បំណុល​ធនាគារ ត្រូវ​ធនាគារ​រឹបអូស​ផ្ទះសម្បែង។

លោកស្រី​បន្ថែម​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ ៧​គ្រួសារ​ហើយ បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​ដោះបំណុល ដោយ​ទុក​កូនៗ​ផ្ញើ​នឹង​បងប្អូន​៖ «ពេល​យើង​មាន​ដី​អាស្រ័យ​ផល រដូវ​យើង​ធ្វើ គឺ​យើង​ធ្វើ ហើយ​ទំនេរ​ឆ្លៀត​ស៊ី​ឈ្នួល​គេ បាន​ចំណូល​ទិញ​ម្ហូប​ខ្លះៗ ដល់​ឥលូវ​នេះ ស៊ី​ឈ្នួល​គេ​អស់ វា​យ៉ាប់​មែនទែន​។ ខ្វះខាត​ផង ណាមួយ​ស៊ី​ឈ្នួល​គេ ណាមួយ​រកលុយ​ចិញ្ចឹម​កូន និង​ក្រុម​គ្រួសារ។

ចាប់​តាំង​ពី លោកស្រី កែវលក្ខិណា ត្រូវ​ជា​ប្រពន្ធ​ឧកញ៉ា ហាក់ប៊ុនថា រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច ៣៣​គ្រួសារ ទំហំ​សរុប​ជាង ៧០​ហិកតារ តាំង​ពី​ឆ្នាំ​២០២០ មក​ទល់​ពេល​នេះ នៅ​សល់​តែ​ជនជាតិ​ដើម​ភាគតិច​កួយ ២២​គ្រួសារ​ប៉ុណ្ណោះ ដែល​តស៊ូ​មតិ និង​វេច​បង្វេច ដើរ​ស្វែង​យុត្តិធម៌ ជាង ៣ ឆ្នាំ​មក​ហើយ។

អ្នកភូមិ​ខ្លះ​មាន​បញ្ហា​ផ្លូវចិត្ត ដោយសារតែ​ខឹង​សម្បារ​នឹង​ទង្វើ​របស់​អាជ្ញាធរ រើសអើង​ជនជាតិ​ដើម​ភាគតិច និង​មិន​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន​ឈូស​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់។

ចំណែក​ពលរដ្ឋ​មួយចំនួន​ទៀត ជាប់​បណ្តឹង​នៅ​តុលាការ​ដោយសារតែ​ចេញ​មុខ​ការពារ​ដីធ្លី​នេះ។

លោកស្រី ងួន ហៀង បារម្ភ​ថា បញ្ហា​ដីធ្លី​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ភាព​អយុត្តិធម៌​ជាច្រើន និង​លំបាក​វេទនា​គ្រប់​បែប​យ៉ាង ប៉ះពាល់​ដល់​អនាគត​របស់​កុមារ​ជាច្រើន​នាក់ ដោយ​ពួកគាត់​បង្ខំចិត្ត បោះបង់​ការ​សិក្សា ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។

លោកស្រី​បន្ថែម​ថា ពលរដ្ឋ​អស់សង្ឃឹម ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ករណី​នេះ​ដោយ​ត្រូវ​ចំណាយ​ពេល និង​ថវិកា​ច្រើន ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ភ្នំពេញ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ម្ចាស់​ក្រុមហ៊ុន ហាក់ ហ៊ុនថា គឺ​លោកស្រី កែវ លក្ខិណា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៣ ឧសភា ។ ចំណែក​អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ​លោក​យង់ គឹមហឿង ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ការ​ប្តឹងផ្តល់​នេះ កើត​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន ហាក់ ហ៊ុនថា បាន​រំលោភ​យក​ទឹក​ត្រពាំង ទីទួល​បុរាណ ទឹកអូរ​ធម្មជាតិ ព្រៃ​របោះ​ជម្រក​សត្វព្រៃ ដីចម្ការ​វិល​ជុំ និង​ដី​កសិកម្ម​របស់​អ្នកភូមិ ហើយ​បច្ចុប្បន្ន​ដី​តំបន់​នោះ​ត្រូវ​បាន​អ្នកស្រី កែវ លក្ខិណា គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​ជាង ៣​ឆ្នាំ​មក​ហើយ។

​រីឯ​ដើមឈើ​ធំៗ រាប់​រយ​ដើម ដុះ​នៅ​តំបន់​ទួល​បុរាណ ដែល​ជនជាតិ​ដើម​កួយ​ថែរក្សា តាំងពី​ដូនតា​រៀង​មក ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បំផ្លាញ​អស់​ទាំង​ស្រុង​ដែរ។

កន្លងទៅ​អ្នកភូមិ​បាន​សំពះ​អង្វរ នៅ​ចំពោះមុខ កម្មករ​របស់​លោកស្រី កែវ លក្ខិណា ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ផលដំណាំ លើ​ដី​ចម្ការ​របស់​ពួកគាត់។ អ្នកភូមិ​ថា មក​ទល់​ពេល​នេះ សូម្បីតែ​វាលស្មៅ​ចិញ្ចឹម​គោក្របី ក៏​បាត់បង់​អស់​ដែរ ហើយ​អ្នកភូមិ​កំពុង​អន្ទះអន្ទែង​ក្នុង​ចិត្ត ពិបាក​រស់នៅ ស្រប​ពេល​ដែល​អាកាសធាតុ កំពុង​កើន​កំដៅ​ខ្លាំង​ដែរ ដោយសារតែ​អស់​ព្រៃ។

លោកស្រី កែវ លក្ខិណា៖ «ខ្ញុំ​សូម​អង្វរ​ឈប់​ឈូស​ចម្ការ​ខ្ញុំ​ទៅ។ ខ្ញុំ​សូម​អង្វរ​យ៉ាងណា​ក៏​គេ​មិន​ឈប់​ដែរ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ សង្កេត​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ខ្វះ​ការ​ទទួលខុសត្រូវ លើ​សុខមាលភាព​ជនជាតិ​ដើម​ភាគតិច ដែល​ពឹង​ផ្អែក​លើ​ដីធ្លី និង​ធនធាន​ធម្មជាតិ ដើម្បី​ចិញ្ចឹម​ជីវិត​។ លោក​ថា ពួកគាត់​ហាក់​ទាល់ច្រក និង​អស់ជំនឿ លើ​អាជ្ញាធរ ដោះស្រាយ​ករណី​នេះ ទើប​បង្ខំ​ចិត្ត​ចាក​ចោល​ស្រុក​កំណើត។

លោក ប៉ឹក សោភ័ណ៖ «យើង​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្ដៅ​ក្រហាយ​មួម៉ៅ​ខ្លាំង ក្នុង​ខណៈ​ពេល​ដែល​ការរៀបចំ បោះឆ្នោត​ជាតិ​ខិត​ជិត​មកដល់​នេះ គួរតែ​រដ្ឋាភិបាល រៀបចំ​ដោះស្រាយ​ទំនាស់ ឬក៏​ជម្លោះ​កើត​ឡើង​ចាស់ៗ​ទាំង​ប៉ុន្មាន​នេះ​បាទ»។

តំណាង​ពលរដ្ឋ​បន្ថែម​ថា កាលពី​មិន​ទាន់​មាន​វត្តមាន​ក្រុមហ៊ុន​ចូល​ទៅ​វិនិយោគ​តំបន់​នោះ នៅមុន​ឆ្នាំ​២០១២ ជនជាតិ​ដើម​ភាគតិច​រស់នៅ​សុខសាន្ត សំបូរ​ព្រៃឈើ បឹង អូរ​សំបូរ​ត្រី និង​មាន​ដើមឈើ​ធំៗ ព័ទ្ធជុំវិញ​ភូមិកំណើត​ពួកគាត់​។

ក៏ប៉ុន្តែ​ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន ទ្រី ភាព ( Try Pheap group Co., LTD) និង​ក្រុមហ៊ុន ហាក់ ប៊ុនថា ចូល​ទៅ​វិនិយោគ​ទីនោះ ព្រៃឈើ​ត្រូវ​គេ​កាប់​បំផ្លាញ​អស់​ទាំង​ស្រុង ក្លាយ​ជា​វាលរហោឋាន​ជាច្រើន​ម៉ឺន​ហិកតារ ដោយមាន​ផ្នែក​ខ្លះ​មាន​ដាំ​កៅស៊ូ និង​ដំណាំ​កសិកម្ម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។