ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក២នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញករណីការពារមិន ឱ្យអាជ្ញាធររុះរើតូប
2024.05.17

ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក២នាក់ឪពុកកូន ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែឧសភា ក្រោមបទចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងនឹងរាជការសាធារណៈ ពាក់ព័ន្ធនឹងសកម្មភាពរបស់ពួកគាត់ដែលរារាំងមិនឱ្យអាជ្ញាធររុះរើផ្ទះ និងតូបលក់ដូរអីវ៉ាន់។ មន្ត្រីឃ្លាំសិទ្ធិមនុស្សយល់ឃើញថា អាជ្ញាធរគួរតែដោះស្រាយវិវាទដីធ្លីឱ្យពលរដ្ឋដោយសន្តិវិធីជាជាងប្ដឹងពលរដ្ឋទៅតុលាការដែលនាំឱ្យមានការរិះគន់ពីមហាជន។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កោះហៅពលរដ្ឋរងគ្រោះដីធ្លីបឹងតាមោក ២នាក់ឪពុក និងកូន ក្នុងចំណោមពលរដ្ឋបឹងតាមោកចំនួន៦នាក់ដែលតុលាការចេញលិខិតកោះហៅ។
ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក លោក ឡុង គឹមយន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៧ ខែឧសភា ថា ចៅក្រមស៊ើបសួរបានសួរលោក និងកូនប្រុសលោក គឺលោក យន គឹមយ៉ុន ករណីការតវ៉ាមិនឱ្យអាជ្ញាធរចុះរុះរើផ្ទះ និងតូបលក់ដូររបស់ពលរដ្ឋកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ លោកបន្តថា លោក និងពលរដ្ឋតវ៉ាមិនឱ្យអាជ្ញាធររុះរើតូបលក់ដូរ ពីព្រោះតូបលក់អីវ៉ាន់របស់លោកសាងសង់នៅលើដីរបស់លោកមិនសាងសង់លើចំណីផ្លូវ ដូចការចោទប្រកាន់របស់ប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌព្រែកព្នៅនោះទេ។
លោក ឡុង គឹមយន៖ «ខ្ញុំសូមផ្ដាំអាជ្ញាធរថា អាជ្ញាធរខណ្ឌធ្វើអ្វីមួយធ្វើឱ្យវាពិតប្រាកដ អ្វីដែលវាពិតប្រាកដចាំខណ្ឌហ្នឹងចេញមកឱ្យប្រជាពលរដ្ឋដឹងអ៊ីចឹងស្រួលប្រជាពលរដ្ឋអនុវត្តច្បាប់ហ្នឹង។ កុំចេញមកច្បាប់ព្រៃច្បាប់អីអ៊ីចឹងវ៉ៃប្រជាពលរដ្ឋប្ដឹងប្រជាពលរដ្ឋទៀត»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរខណ្ឌព្រែកព្នៅជិត២០នាក់ បានចុះទៅរុះរើផ្ទះ និងតូបលក់ដូររបស់ពលរដ្ឋដែលបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សារវាងពលរដ្ឋ និងអាជ្ញាធរបណ្ដាលឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល។
អាជ្ញាធរខណ្ឌព្រែកព្នៅបានប្ដឹងពលរដ្ឋចំនួន៦នាក់ទៅតុលាការ ប៉ុន្តែនៅរសៀលថ្ងៃទី១៧ ខែ ឧសភា មានពលរដ្ឋ២នាក់ចូលបំភ្លឺនៅតុលាការ។ ចំណែកពលរដ្ឋ៤នាក់ផ្សេងទៀតរួមមាន លោកស្រី គង់ តឿ លោកស្រី យន គឹមយឿន កញ្ញា យន សម្បត្តិ និងលោកស្រី អំ ភឿន នឹងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២០ ខែឧសភា ខាងមុខ។
សវនាការស៊ើបសួរនេះ ក៏មានពលរដ្ឋបឹងតាមោក ចំនួន ៣០នាក់ឈរនៅខាងមុខអគារសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតាមដានដំណើរការការសាកសួរ និងលើកទឹកចិត្តដល់សមាជិកសហគមន៍របស់ខ្លួនផងដែរ។
ពលរដ្ឋតំបន់បឹងតាមោកដែលបានមកចូលរួមលើកទឹកចិត្តសមាជិកសហគមន៍របស់ពួកគាត់ គឺលោកស្រី សឿន ស្រីសុទ្ធ ថ្លែងថា នេះជារឿងអយុត្តិធម៌ដែលអាជ្ញាធរប្រើអំពើហិង្សាបង្ខំឱ្យពលរដ្ឋរុះរើផ្ទះហើយ បែរជាប្ដឹងពលរដ្ឋថែមទៀត។ លោកស្រីចាត់ទុក ការកោះហៅប្រជាពលរដ្ឋឱ្យចូលខ្លួនបំភ្លឺនេះគឺជាការគំរាមកំហែង និងជាការបំបាក់ស្មារតីមិនឱ្យប្រជាពលរដ្ឋតវ៉ា។
លោកស្រី សឿន ស្រីសុទ្ធ៖ «ពួកខ្ញុំការពារដីផ្ទះពួកគាត់ស៊ូស្លាប់នៅលើដីផ្ទះប្រសិនបើពួកគាត់យក គ្រឿងចក្រមកកាយពួកគាត់មិនដោះស្រាយឱ្យប្រជាពលរដ្ឋសមរម្យណាមួយ ។ ឈប់គំរាមប្រជាពលរដ្ឋដោយការគំរាមកំហែង ឬការចាប់ខ្លួនណាមួយទៀតទៅពួកខ្ញុំអត់ខ្លាចទេ ពួកខ្ញុំបើអស់ផ្ទះពួកខ្ញុំអាចបោះតង់បាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការបកស្រាយអំពីរឿងនេះបានទេនៅថ្ងៃទី១៧ ខែមេសា ។
ជុំវិញបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយដែលអាជ្ញាធរប្ដឹងពលរដ្ឋទៅតុលាការបែបនេះ។ លោកថា អាជ្ញាធរមានតួនាទីជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋមិនមែនធ្វើបាបពលរដ្ឋនោះទេ។
លោក អំ សំអាត៖ «អ៊ីចឹងបទពិសោធន៍ទាំងឡាយវាគ្រប់គ្រាន់ហើយយកមកធ្វើជាមេរៀន និងធ្វើការសិក្សាដើម្បីធ្វើការដោះស្រាយបញ្ហាដីធ្លី ទី១កុំឱ្យពលរដ្ឋមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ ហើយប្រសិនបើមានបញ្ហាដីធ្លីហើយត្រូវបានជាប់បណ្ដឹងនៅតុលាការ ឬក៏អាចឈានដល់ការឃុំខ្លួនអាហ្នឹងការលំបាកវាកាន់តែកើនឡើងបន្តទៅទៀត»។
ប្រជាពលរដ្ឋអះអាងថា ចាប់តាំងពីមានវិវាទដីធ្លីរយៈពេលជិត៥ឆ្នាំមកនេះពួកគាត់រស់នៅរងទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរគ្រប់រូបភាពដើម្បីបង្ខំឱ្យពួកគាត់ចាកចេញពីដីធ្លី។ ក្រៅពីមិនទទួលបានដំណោះស្រាយសមរម្យហើយនោះ ប្រជាពលរដ្ឋចំនួន ១៨នាក់ ជាប់បណ្ដឹងនៅតុលាការ ដោយសារទាមទារដំណោះស្រាយដីធ្លី និងអ្នកខ្លះទៀតបានរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការយាយីរបស់អាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។