ពលរដ្ឋនៅស្រុកកោះញែក តវ៉ាអាជ្ញាធរមិនឱ្យចេញប្លង់កម្មសិទ្ធិទៅឲ្យឈ្មួញដែលបំពានលើដីសហគមន៍
2023.05.09
ប្រជាពលរដ្ឋរស់នៅឃុំរយ៉ ស្រុកកោះញែក តវ៉ាមិនឲ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមឈ្មួញទិញដីព្រៃ ដែលប៉ះពាល់ដីព្រៃកប់សព ព្រៃអារក្ស ដីព្រៃបម្រុងទុក និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចព្នង។ ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋនេះ អាជ្ញាធរថា ដីទាំងនោះប្រជាពលរដ្ឋលក់ទៅឲ្យពលរដ្ឋមកពីខេត្តផ្សេង។
ប្រជាពលរដ្ឋមកពីភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី នាំគ្នាតវ៉ាមិនឲ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិទៅឲ្យក្រុមឈ្មួញមកពីខេត្តដ៏ទៃ ដែលបានទិញដីព្រៃ ធ្វើឲ្យប៉ះពាលដីកប់សព ព្រៃអារក្ស ដីព្រៃបម្រុងទុក និងដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលមានផ្ទៃដីសរុបប្រមាណជិត ៨ពាន់ហិកតារ (ផ្ទៃដីសរុប ៧៩៤៥,០៧ហិកតារ)។ ប្រជាពលរដ្ឋថា មន្ត្រីជំនាញគ្រប់ស្ថាប័នទាំងអស់បានចុះវាសវែងចេញប្លង់បំបែកក្បាលដី ទៅឲ្យក្រុមឈ្មួញទាំងនោះដោយស្ងាត់ៗ។ ពួកគេសង្ស័យថាមន្ត្រីជំនាញទាំងអស់នោះ ឃុបឃិតគ្នាជាប្រព័ន្ធលួចលក់ដីព្រៃ ទៅឲ្យក្រុមឈ្មួញមកពីខេត្តផ្សេងៗ។
អនុប្រធានសហគមន៍ភូមិមេមុំ លោកស្រី វាយ ឡាយសៀន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែឧសភាថា អាជ្ញាធរគ្រប់ស្ថាប័នចុះវាសវែងក្បាលដីធ្វើប្លង់កម្មសិទ្ធិដោយមិនមានប្រជាពលរដ្ឋចូលរួមនោះទេ ហើយអាជ្ញាធរបានចេញប្លង់កម្មសិទ្ធិទៅឲ្យអ្នកផ្សេង ដែលមិនមានឈ្មោះរស់នៅក្នុងភូមិឃុំនេះដោយស្ងាត់ៗ ធ្វើឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋ ២០គ្រួសារដែលមានផ្ទៃដីជាង ៤០ហិកតារកំពុងអាស្រ័យផលជាប្រចាំ។ លោកស្រីបន្ថែមថា អាជ្ញាធរឃុំបានប្រាប់ឲ្យពួកគេដាក់ពាក្យបណ្ដឹងជំទាសទៅសាលាឃុំ ប៉ុន្តែរហូតមកថ្ងៃនេះអាជ្ញាធរគេចវេះមិនព្រមជួបប្រជាពលរដ្ឋនោះទេ ធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថាអាជ្ញាធរជាប់ពាក់ព័ន្ធអំពើពុករលួយ។
លោកស្រី វាយ ឡាយសៀន៖ «តាមច្បាប់រដ្ឋដីរបស់សហគមន៍យើងទេ ប៉ុន្តែក្រោយមកគេមានគ្រប់គ្រងរបស់បរិស្ថាន ដោយសារប្រជាជនយើងចូលរកផលអនុផលអីទៅគេគាប់គេចាប់ ប៉ុន្តែដល់ឥឡូវគេចុះចុចក្រុមបរិស្ថានក៏ទៅជាមួយដែរ និងទៅគ្រប់ស្ថាប័នទាំងអស់ លុយរលួយបានធ្វើបានស្មោះត្រង់ដូចយើងអញ្ចេះដី៥០ម៉ែត្រគេមិនចុះចុចឲ្យផង»
វិទ្យុអាស៊ីសេរីមិនអាចទាត់ទង អ្នកនាំពាក្យសាលខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តមណ្ឌលគិរី លោក លឹម ចាន់សូភី ដើម្បីសុំការអត្ថាធិប្បាយបានទេដោយទូរស័ព្ទចូលច្រើនដងគ្មានអ្នកទទួល។
ទោះបីជាយ៉ាងណាក្ដី ស្មៀនឃុំរយ៉ លោក ប៊ុន ឡុង បានឆ្លើយការពារមេឃុំមកពីគណបក្សប្រជាជនកម្ពុជាថា ប្រសិនបើប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមិនបានលក់ដីឲ្យគេទេ គេមិនអាចមានដីនិងឈ្មោះនៅទីតាំងទាំងនោះទេ ហើយចំពោះបញ្ហាអ្នកលក់ដីទិញដីព្រៃលោកមិនបានដឹងរឿងឡើយ។
លោក ប៊ុន ឡុង៖ «គេមិនមែនមានអ្នកក្រៅមកទេមានអ្នកក្នុងលក់ឲ្យគេបានគេមានដី»។
ឆ្លើយតបការលើកឡើងនេះ លោកស្រី វាយ ឡាយសៀន យល់ឃើញថា អាជ្ញាធរកំពុងតែគេចវេះយករួចខ្លួនពីបញ្ហាទាំងអស់នេះ ប្រជាសហគមន៍របស់លោកស្រីមិនបានលក់ដីទាំងនោះទៅជនណាឡើយ គឺអាជ្ញាធរជាអ្នកចុះវាសវាងដោយចិត្តឯង ដោយមិនបានសហការជាមួយប្រជាពលរដ្ឋម្ចាស់ដីនោះទេ។ ចំណែកដីកប់សព ព្រៃអារក្ស និងដីព្រៃបម្រុងទុក សហគមន៍គ្រោងចុះបញ្ជីជាដីសមូហភាពដែរ។
លោកស្រី វាយ ឡាយសៀន៖ «និយាយទៅដីភូមិម្នាក់ ៤០ម៉ែត្រ ២០គ្រួសារបណ្ដោយច្រើនដែរ ៤០០ម៉ែត្រទៅ៥០០ម៉ែត្រតែជាក់ស្ដែងគាត់មិនបានលក់ទេ»។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីស្របស្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តមណ្ឌលគីរី លោក ប៊ី វ៉ាន់នី យល់ឃើញថា អាជ្ញាធរមូលដ្ឋានមិនបានយកចិត្តទុកដាក់ បម្រើផលប្រជាពលរដ្ឋនោះទេ ព្រោះអាជ្ញាធរនៅតំបន់នោះ មិនបានចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋកាប់កាប់ដីជាក់ស្ដែង បែរជាអាជ្ញាធរចេញប្លង់កម្មសិទ្ធិទៅអ្នកផ្សេងក្រៅពីម្ចាស់ដីទៅវិញ។ លោកបន្ថែមថា អ្នកដែលបង្កឲ្យមានទំនាស់ដីធ្លីនេះ គឺកើតចេញពីអាជ្ញាធរមូលដ្ឋាននេះហើយ ព្រោះអាជ្ញាធរភូមិឃុំបានចុះហត្ថលេខាលក់ទិញដី ដោយមិនបានប្រាប់ភាគីម្ចាស់ដី។ ចំណុចនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋលែងមានទំនុកចិត្តទៅលើអាជ្ញាធរនៅតំបន់នោះ។
លោក ប៊ី វ៉ាន់នី៖ «មិនគួរយកតួនាទីមុខមាត់ដោយផ្ដល់អំណាចពីប្រជាពលរដ្ឋយកទៅធ្វើបាបប្រជាពលរដ្ឋខ្លួនឯងនោះទេ ករណីមួយចំនួនដែលប្រជាពលរដ្ឋបណ្ដឹងទៅមន្ត្រីដែលធ្វើឲ្យគាត់ពិបាកមិនបានបម្រើប្រជាពលរដ្ឋហើយបំផ្លាញជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋរាល់ថ្ងៃហ្នឹងគឺមេភូមិឃុំនឹងហើយ ភាគច្រើនគាត់ចុះហត្ថលេខាឲ្យមានទំនាស់វិវាទដីធ្លី»។
ប្រជាពលរដ្ឋនៅឃុំរយ៉ គ្រោងដាក់ដីកប់សព ព្រៃអារក្ស និងដីព្រៃបម្រុងទុកប្រមាណជិត ៦ពាន់ហិកតារនេះ ទៅជាដីសមូហភាពដែរ ហើយអាជ្ញាធរភូមិឃុំស្រុក ក៏បានយល់ព្រមឲ្យប្រជាពលរដ្ឋចុះបញ្ជីជាដីសមូហភាព ហើយក្រោយមកអាជ្ញាធរមូលដ្ឋានចុះវាសវាងបំបែកក្បាលដីធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ តែបែរជាមានឈ្មោះប្រជាពលរដ្ឋមកពីខេត្តផ្សេងកាន់កាបដីនេះទៅវិញ។ ប្រជាពលរដ្ឋក៏គ្រោងលើកគ្នាតវ៉ានៅមុខសាលាខេត្តមណ្ឌលគីរី និងបន្តដាក់ញត្តិទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរាជធានីភ្នំពេញ ឲ្យជួយដោះស្រាយដល់ពួកគេ ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។