ពលរដ្ឋដែលមានទំនាស់ដីធ្លីនៅខេត្តឧត្ដរមានជ័យ ស្នើឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារដែលកំពុងជាប់ឃុំ
2022.12.17
ប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូ សុខ សំណាង (SOK SAMNANG DEVELOPMENT) ស្នើឱ្យតុលាការខេត្តឧត្តរមានជ័យដោះលែងសមាជិកគ្រួសារដែលកំពុងជាប់ឃុំ និងបញ្ឈប់ការតាមចាប់ពួកគាត់តទៅទៀត។ សំណើនេះ ធ្វើឡើងក្រោយករណីបណ្ដេញចេញដោយបង្ខំនេះកើតឡើងកាលថ្ងៃទី១០ ធ្នូ ដោយអាជ្ញាធរស្លៀកពាក់ស៊ីវិល បានប្រើហិង្សាវាយដំលើប្រជាពលរដ្ឋទាំងប្រុសទាំងស្រី បណ្ដាលឱ្យប្រជាពលរដ្ឋ ភ័យតក់ស្លុត រត់គេចខ្លួនចោលផ្ទះសំបែង របស់របរ លុយកាក់ បែកបាក់គ្រួសារ ខ្លះរងរបួស និងខ្លះជាប់ពន្ធនាគារ។
ប្រជាពលរដ្ឋនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងប្រឈមនឹងបញ្ហាជីវភាព បន្ទាប់ពីបាត់បង់លំនៅឋាន និងមុខរបរ ដោយសារអាជ្ញាធរដុតបំផ្លាញផ្ទះសម្បែងនិងដកហូតទ្រព្យសម្បត្តិពួកគេ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន សុខ សំណាង ដែលបង្ខំឱ្យពួកគាត់ត្រូវរត់ចោលភូមិស្រុក និងសម្ងំលាក់ខ្លួនបណ្ដោះអាសន្ន។
ពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លី នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ សុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរីថា កូនប្រុសរបស់លោកស្រី ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១០ ធ្នូ។ បច្ចុប្បន្នលោកស្រីនិងគ្រួសារកំពុងសម្ងំលាក់ខ្លួននៅផ្ទះសាច់ញាតិ។ លោកស្រីបន្តថា ក្រុមគ្រួសារលោកស្រីលួចរត់ចេញពីផ្ទះទាំងប្រញាប់ប្រញាល់ ដោយមិនបានយកអ្វីមកតាមខ្លួននោះឡើយក្រៅពីខោអាវមួយចង្កេះ។ លោកស្រីស្នើឱ្យអាជ្ញាធរដោះលែងកូនលោកស្រីមកវិញ ព្រោះសព្វថ្ងៃលោកស្រីគ្មានទីពឹង និងគ្មានមុខរបរ ឬប្រាក់កាសនោះឡើយ។
«អត់មានអង្ករហូប ក៏ប្អូនឱ្យហូបបាយហូបទឹកសិនទៅ ចាំមើលមានការងារធ្វើស៊ីឈ្នួលអីក៏ទៅធ្វើទៅ មួយថ្ងៃមួយម៉ឺនពីរម៉ឺនក៏ស៊ីឈ្នួលទៅ។ បើអស់រលីងទៅហើយ អីវ៉ាន់ខ្ញុំគេយកអស់រលីង គ្មានសល់អីបន្តិចទេ។ ខ្ញុំចង់ឆ្កួតហើយ! ខ្ញុំស្ដាយ»។
ពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លី នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ម្នាក់ទៀត លោក កុច ភា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ធ្នូ ថា សមាជិកគ្រួសារលោកចំនួន៤នាក់ រួមមាន ប្រពន្ធ ម្ដាយក្មេក និងប្អូនថ្លៃ២នាក់ ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងជម្លោះកាលពីថ្ងៃទី១០ ធ្នូ។ លោកថា មកទល់ពេលនេះ ពួកគេទាំង៤នាក់ កំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តឧត្តរមានជ័យ។ លោកបន្តថា អាជ្ញាធរបានវាយដំគ្រួសាររបស់លោកមុនបញ្ជូនទៅឃុំនៅពន្ធនាគារ ធ្វើឱ្យលោកបារម្ភពីសុខភាពពួកគេ។ លោកស្នើសុំឱ្យតុលាការទម្លាក់បទចោទលើសមាជិកគ្រួសារ និងអ្នកភូមិដទៃទៀត ព្រមទាំងស្នើឱ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែង និងតាមចាប់ប្រជាពលរដ្ឋដែលនៅសេសសល់។
លោក កុច ភា៖ «បារម្ភ មិនដឹងធ្វើម៉េចជួយប្រពន្ធខ្ញុំបាន។ ប្រពន្ធខ្ញុំតេមកខ្ញុំបាន គេឱ្យតេ។ មកឮថាគ្រុនក្នុងពន្ធនាគារ»។
ពលរដ្ឋឱ្យដឹងថា កាលពីថ្ងៃទី១៥ ធ្នូ បន្ទាប់ពីចាប់ឃុំខ្លួនពលរដ្ឋទាំងនោះ គាត់បានទទួលទូរស័ព្ទ ពីអ្នកភូមិម្នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រៀបរាប់ពីស្ថានភាព និងទុក្ខលំបាករបស់ពួកគេនៅទីនោះ។ ពលរដ្ឋរូបនោះឱ្យដឹងថា ក្នុងពន្ធនាគារគ្មានម្ហូបអាហារបរិភោគគ្រប់គ្រាន់នោះឡើយ ខណៈពួកគេគ្មានប្រាក់កាសជាប់ខ្លួន គ្មានបងប្អូនណាហ៊ានទៅសួរសុខទុក្ខ និងខ្លះទៀតមានរបួស ដែលបន្សល់ពីការវាយដំរបស់អាជ្ញាធរពេលបណ្ដេញពួកគេទៀតផង។ ជាមួយគ្នានេះ ពួកគេបារម្ភពីស្ត្រីម្នាក់ជិតគ្រប់ខែឆ្លងទន្លេ និងស្ត្រី២នាក់ទៀត ដែលសរសៃខ្ចីគ្មានអាហារហូបគ្រប់គ្រាន់។
អង្គការលីកាដូ (LICADHO)ដែលបានតាមដានរឿងនេះឱ្យដឹងថា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ មានកងកម្លាំងប្រដាប់ដោយអាវុធ និងដំបង បានចាប់ខ្លួនអ្នកភូមិចំនួន៨នាក់ និងដុតកម្ទេចចោលផ្ទះសម្បែងរបស់ពលរដ្ឋនៅក្នុងតំបន់មានទំនាស់។ លីកាដូបញ្ជាក់ថា កាលពីខែវិច្ឆិកា អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋចំនួន៤នាក់ ក្នុងនោះមានស្ត្រី២នាក់។
ប្រជាពលរដ្ឋអះអាងថា អ្នកភូមិដែលអាជ្ញាធរចាប់ខ្លួន និងកំពុងជាប់ឃុំក្នុងពន្ធនាគារទាំងអស់មានចំនួន ២៧នាក់។
ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង បានផ្ទុះឡើងក្នុងឆ្នាំ២០២១ នៅពេលដែលអាជ្ញាធរខេត្តចាប់ផ្ដើមព្រមានដល់គ្រួសារទាំងនោះថា ពួកគេកំពុងតែទន្ទ្រានយកដីក្រុមហ៊ុន ព្រមទាំងបានដាក់សម្ពាធឱ្យពួកគេឈប់ដាំដុះតទៅទៀត។
ក្រោយមកជម្លោះនេះកើតមានជាបន្តបន្ទាប់ រហូតដល់មានការចាប់ខ្លួនអ្នកភូមិចាប់តាំងពីខែកញ្ញា និងចុងក្រោយនៅថ្ងៃទី៩ ធ្នូ និង១០ ធ្នូ នៅពេលដែលអាជ្ញាធរចូលមកវាយដំអ្នកភូមិទាំងកម្រោល និងដុតផ្ទះសំបែង ខណៈពួកគេមិនបានតវ៉ា ឬប្រឆាំងតបតអ្វីឡើយ។
ក្នុងនោះប្រជាពលរដ្ឋខ្លះរត់គេចខ្លួនចោលផ្ទះសំបែង ខ្លះរត់ចូលព្រៃ ចូលចំការ និងមួយចំនួនទៀតត្រូវអាជ្ញាធរចាប់វាយខ្នោះតែម្ដង។ បន្ទាប់ពីចាត់វិធានការក្ដៅដោយកម្លាំងបាយលើពលរដ្ឋរួច អាជ្ញាធរស្លៀកពាក់ស៊ីវិលបានឈូសកម្ទេច និងដុតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់រាប់សិបខ្នង ដោយមិនទុកពេលឱ្យពួកគាត់បានប្រមូលផល និងរៀបចំសម្ភារៈនោះឡើយ។
ជុំវិញរឿងនេះ ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តឧត្ដរមានជ័យ លោក ហែល ឆេងហុង បកស្រាយថា ពលរដ្ឋទាំងនោះរងការចោទប្រកាន់ពីបទ « ការប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២៥៩ នៃច្បាប់ភូមិបាល និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ លោកបន្តថា លោកមិនដឹងពីចំនួនពលរដ្ឋសរុបដែលកំពុងជាប់ឃុំនោះឡើយ។ ចំណែករឿង អាជ្ញាធរប្រើហិង្សាទៅលើប្រជាពលរដ្ឋនោះ លោកក៏មិនបានបកស្រាយដែរ។
លោក ហែល ឆេងហុង៖ «បងមើលតាមវីដេអូហ្នឹងទៅ។ ខ្ញុំបាន(តែ)ទទួលដីការបស់ចៅក្រមគាត់បញ្ជូនមកអ្នកនាំពាក្យ ពីដីការបស់គាត់ ការឃុំខ្លួនរបស់គាត់ ហើយពាក់ព័ន្ធនឹងបទល្មើសរបស់គាត់ហ្នឹង»។
ទាក់ទិនរឿងនេះ ស្នងការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ លោក អ៊ួច ម៉ៅ និងនាយប៉ុស្ត៍ត្រពាំងប្រាសាទ លោក ស៊ន អត្តរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីដូចគ្នាថា ពួកលោកមិនដឹងរឿងនេះទេ។ ប៉ុន្តែពលរដ្ឋដែលរងគ្រោះរឿងទំនាស់ដីធ្លីនេះ អះអាងថា លោក ទាំង២ ក៏ធ្លាប់នាំកម្លាំងសមត្ថកិច្ច ចុះមកតំបន់មានជម្លោះ នៅថ្ងៃទី៨ ធ្នូ ដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ គឺលោក ពុទ្ធ សារ៉ាន ដើម្បីសុំការបកស្រាយបន្ថែមបានទេនៅថ្ងៃទី១៦ ធ្នូ។
ចំណែកតំណាងក្រុមហ៊ុន សុខ សំណាង គឺលោក លោក ឃុត ចន្ថា ក៏អាស៊ីសេរី មិនអាចទាក់ទងបានដែរ។ ប៉ុន្តែលោកធ្លាប់ផ្ដល់បទសម្ភាសន៍ឱ្យសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២៤ កុម្ភៈ ថា កន្លងមកខាងក្រុមហ៊ុន និងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក រួមនិងសាលាដំបួងខេត្ត ក៏បានចុះពិនិត្យ និងស្រាវជ្រាវទំនាស់ដីធ្លីនេះដល់ទីតាំង ក្រុមហ៊ុននេះជាក់ស្ដែងផងដែរ។ លោកបញ្ជាក់ថា ក្រុមហ៊ុន សុខ សំណាង បានបានទទួលសិទ្ធវិនិយោគលើផ្ទៃដីចំនួនជិត ២ពាន់ហិកតារ (១.៨៦៥ហិកតារ) ពីរាជរដ្ឋាភិបាល តាំងពីឆ្នាំ២០១២មកម្ល៉េះ ហើយក្រុមហ៊ុនបានអនុវត្តឈូសឆាយដាំដុះដំណាំ កៅស៊ូ បានចំនួន៨រយហិកតារ(៨០០ហិកតារ) និងបន្តឈូសឆាយដាំដំណាំកៅស៊ូ លើផ្ទៃដីទីតាំងនេះបន្ថែមទៀត ក៏មានប្រជាពលរដ្ឋខាងលើនេះហាមឃាត់មិនឱ្យឈូសឆាយ ទើបក្រុមហ៊ុនស្នើឱ្យអាជ្ញាធរជួយដោះស្រាយ និងអន្តរាគមន៍។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ទង្វើរបស់អាជ្ញាធរបានបង្កការគំរាមកំហែងលើប្រជាពលរដ្ឋ បណ្ដាលឱ្យពួកគាត់រត់ភៀសខ្លួនដោយភាពភ័យខ្លាច។ លោកថា ទិដ្ឋភាពបែបនេះកំពុងធ្វើឱ្យស្ថានការណ៍មានភាពអាក្រក់កាន់តែខ្លាំង ប្រសិនបើគ្មានដំណោះស្រាយតាមផ្លូវច្បាប់ និងសមស្របសម្រាប់ភាគីទាំងសងខាង។
លោក អំ សំអាត៖ «អ៊ីចឹងវាគួរតែដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយណាមួយដែលអាចទទួលយកបានទាំងអស់គ្នា ហើយជាដំណោះស្រាយសមស្របមួយទៅលើភាគីទាំងសងខាងដើម្បីបញ្ចប់វិវាទហ្នឹងវាជារឿងល្អ»។
អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ធ្លាប់ស្នើអាជ្ញាធរឱ្យបញ្ឈប់ការគំរាមកំហែង ការបណ្ដេញចេញទាំងបង្ខំ ការប្រើប្រាស់អំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការ ចោទប្រកាន់ ចាប់ឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី ព្រោះពលរដ្ឋទាំងនោះគ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ាដើម្បីទាមទាររកយុត្តិធម៌។ មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកថា ប្រសិនបើសកម្មភាពទាំងនេះនៅតែបន្ត នោះនឹងបង្កភាពអវិជ្ជមាន និងការរិះគន់កាន់តែខ្លាំងលើរដ្ឋាភិបាលកម្ពុជា អំពីការរំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ៕