ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​រៀន​ប្រើប្រាស់​ស្មាតហ្វូន​ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​របស់​ពួកគេ​ឲ្យ​សាធារណជន​បាន​ដឹង

0:00 / 0:00

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បាន​ក្លាយ​ជា​អ្នកសារព័ត៌មាន សហគមន៍​ដោយ​ប្រើ​នូវ​ទូរស័ព្ទ​ដៃ ដែល​អាច​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម មួយ​ចំនួន ដើម្បី​ផ្សព្វផ្សាយ​ពី​ក្តី​កង្វល់​របស់​ពួកគេ។ សង្គម​ស៊ីវិល រំពឹង​ថា កង្វល់ ឬ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ជាង​មុន។

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ លោក ហ៊ី រ៉ា ឲ្យ​ដឹង​ថា លោក​បាន​ចូលរួម​សិក្សា​វគ្គ​ខ្លី​ស្ដីពី​ការប្រើប្រាស់​ទូរស័ព្ទ​ដើម្បី​រាយការណ៍​ពី​បញ្ហា​ដីធ្លី និង​បញ្ហា​ពី​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។ លោក​បន្ត​ថា ពេលនេះ​លោក​បាន​ប្រមូល​គ្នា​ចងក្រង​ជាមួយ​ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ជាមួយ​អ្នក​សារព័ត៌មាន សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​នានា៖ «ខ្ញុំ​គិត​ថា​ល្អ​មែនទែន​សម្រាប់​ខ្ញុំ​អត់​ដែល​ដឹង​ដល់ពេល​ខ្ញុំ​ឆែក​ទូរស័ព្ទ​ខ្ញុំ​ឃើញ​មាន​អ្នក​ចូល​មើល​ច្រើន​ហ្មង»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​សហគមន៍​អមលាំង ខេត្ត​កំពង់ស្ពឺ លោក ចាន់ សុខឿន ឲ្យ​ដឹង​ថា ពី​មុន​មក​លោក​ក៏​ធ្លាប់​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែរ ប៉ុន្តែ​មិន​បាន​ចេះ​ប្រើ​បណ្ដាញ​នេះ​ឲ្យ​មាន​ប្រយោជន៍​ទូលំទូលាយ​នោះ​ទេ។ ពលរដ្ឋ​ដដែល​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ចូលរួម​វគ្គ​សិក្សា​ខ្លី​រយៈ​រួចមក លោក​ចេះ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ពី​សហគមន៍​របស់​លោក និង​របៀប​ការពារ​បណ្ដាញ​សង្គម​របស់​លោក​ឲ្យ​មាន​សុវត្ថិភាព៖ «ពីមុន​ខ្ញុំ​ក៏​ធ្លាប់​ប្រើ​ដែរ​តែ​ប្រើ​ពីមុន​បាន​យល់ដឹង​យើង​ផ្សព្វផ្សាយ​មិនបាន​គ្រប់​លក្ខណៈ​ដែល​យើង​បាន​រៀន​ទៅ​យើង​ចេះ​ចែករំលែក​តាម​ដំណាក់កាល»។

អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន ដែល​ធ្វើ​ការងារ ទាក់ទង​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ប្រាប់​អាស៊ីសេរី​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា ដោយសារ​សព្វថ្ងៃ​នេះ​សារព័ត៌មាន​ឯករាជ្យ​រង​ការ​រឹតត្បិត ដូច្នេះ​ទើប​អង្គការ​របស់​លោក​សម្រេច​បើក​វគ្គ​បង្រៀន​ដល់​ពលរដ្ឋ ឲ្យ​ចេះ​ប្រើ​ទូរស័ព្ទ​ទំនើប ឬ​ហៅថា​ស្មាតហ្វូន និង​បង្រៀន​ពួកគាត់​ឲ្យ​ចេះ​ប្រើ​នូវ​កម្មវិធី​សង្គម​មួយ ចំនួន​ដូចជា ហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និង​វ័តអាប់(WhatsApp) ជាដើម ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​របស់​ពួកគេ​ទៅ​កាន់​អ្នកសារព័ត៌មាន និង​មជ្ឈដ្ឋាន​នានា​ឲ្យ​បាន​ដឹង៖ «សារព័ត៌មាន​ទាំងពីរ​ដែល​ពេញ​និយម​គឺ​វិទ្យុ​អាស៊ីសេរី និង​វីអូអេ​ត្រូវ​បាន​រឹតត្បិត ហើយ​អ្នក​សារព័ត៌មាន​ទាំងពីរ​មិន​អាច​ចុះ​ដល់​មូលដ្ឋាន អ៊ីចឹង​ពួកគាត់​មានតែ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ជា​មធ្យោបាយ»។

លោក ថេង សាវឿន ឲ្យ​ដឹង​ទៀត​ថា តាម​គម្រោង​អង្គការ​របស់​លោក​នឹង​ត្រូវ​បង្រៀន​ពលរដ្ឋ​ចំនួន ៩​ខេត្ត​ទៀត​ដែល​មាន​បញ្ហា​ដីធ្លី​រួមមាន៖ ស្វាយរៀង ត្បូងឃ្មុំ កណ្ដាល ព្រះវិហារ កោះកុង និង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​នៅ​ពេល​នេះ​ទើបតែ​បាន​បង្រៀន​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ និង​កំពង់ស្ពឺ​ប៉ុណ្ណោះ។ លោក​បន្ត​ទៀត នៅ​វគ្គ​បន្ទាប់ៗ​ទៀត​អង្គការ​របស់​លោក​នឹង អញ្ជើញ​អ្នកសារព័ត៌មាន​ជំនាញ​មក​បង្រៀន​កសិករ​ឲ្យ​ចេះ​ពី​របៀប​សរសេរ​ព័ត៌មាន​ខ្លះៗ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​មជ្ឈដ្ឋាន​នានា បាន​យល់​អំពី​ការ​ផ្សព្វផ្សាយ​នូវ​បញ្ហា​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។