ស្របពេលដែលរដូវចុះបង្កបង្កើនផលឈានចូលមកដល់ ប្រជាកសិកររាប់ពាន់គ្រួសារនៅតាមស្រុកនានា ក្នុងខេត្តបាត់ដំបង កំពុងប្រឈមនឹងការអត់មានដីសម្រាប់ដាំដុះ នៅឆ្នាំ២០១១ នេះ ហើយបញ្ហានេះ ត្រូវបានគេបន្ទោសថា ជាការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត ដែលបានទុកសំណុំរឿងទំនាស់ដីធ្លីជាច្រើនរបស់អ្នកភូមិ មិនបានលើកយកចាត់ការដោះស្រាយឱ្យបានទាន់ពេលវេលា។
ថ្មីៗ នេះ ប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកគាស់ក្រឡ ស្រុករតនៈមណ្ឌល និងស្រុកបវេល បានលើកគ្នាមកទាមទារឲ្យអាជ្ញាធរខេត្តបាត់ដំបង ជួយដោះស្រាយបញ្ចប់ជម្លោះដីធ្លី ដែលមានទំនាស់អស់រយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកភូមិ បានលើកឡើងថា ពួកគេសុំឲ្យអាជ្ញាធរខេត្តដាក់ចេញនូវ វិធានការជាក់លាក់ និងមានប្រសិទ្ធភាព ដើម្បីបញ្ចប់ជម្លោះដីធ្លី នៅតាមមូលដ្ឋានតាមស្រុកនានា។
អ្នកភូមិរងគ្រោះដោយសារទំនាស់ដីធ្លីជាច្រើនគ្រួសារ បានសម្ដែងការខកចិត្តខ្លាំង បន្ទាប់ពីសំណុំរឿងទំនាស់ដីរបស់ពួកគាត់ជាច្រើន ដែលបានដាក់ប្ដឹងមកសាលាខេត្តបាត់ដំបងនោះ គេពុំបានដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ឡើយ។ តែផ្ទុយទៅវិញ គេបែរជាអនុញ្ញាតឲ្យភាគីជម្លោះម្ខាងទៀត ដែលអាងខ្លួនជាទាហាន ងារជាឧកញ៉ា ប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយលើដីមានទំនាស់នោះដោយសេរី។
លោក ឈុត ម៉ៅ ជាតំណាងអ្នកភូមិ ១៥០ គ្រួសារ នៅចំណុចបឹងពីរ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង បានអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍ទៅអាជ្ញាធរខេត្តបាត់ដំបង ដើម្បីបែងចែកដីឲ្យអ្នកភូមិ បានបង្កបង្កើនផលឲ្យបានឆាប់ បន្ទាប់ពីដីទំហំ ៦១២ ហិកតារ នៅតំបន់នោះត្រូវរដ្ឋដកហូតទុកជាសម្បត្តិរដ្ឋតាំងពីឆ្នាំ ២០០៦ មក។
តំណាងអ្នកភូមិថ្លែងថា ដីទំហំជាង ៣០០ ហិកតារក្នុងទំហំផ្ទៃដីសរុប ៦១២ ហិកតារ នៅចំណុចបឹងពីរ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលអ្នកភូមិចំនួន ១៥០ គ្រួសាររស់នៅ និងកាន់កាប់បច្ចុប្បន្ន កំពុងមានទំនាស់ជាមួយមេឈ្មួញដីបីនាក់ គឺឈ្មោះ សង ថង ឈ្មោះ ប៉ែន កិ និងឈ្មោះ ទន់ ប៊ុន ធឿន។
ថ្មីៗ នេះដែរ មេបញ្ជាការយោធាស្រុករតនៈមណ្ឌលមួយរូប ឈ្មោះ នួន មួន ត្រូវបានអ្នកភូមិចោទថា បានក្លែងឯកសារស្នាមមេដៃរបស់អតីតមន្ត្រីមូលដ្ឋានស្រុករតនៈមណ្ឌល និងអតីតយុទ្ធជនជាច្រើននាក់ទៀតលើឯកសារលួចបន្លំដីធ្លី។
អតីតមន្ត្រីមូលដ្ឋាន ស្រុករតនៈមណ្ឌល និងអតីតយុទ្ធជនជាច្រើននាក់ កាលពីថ្ងៃសៅរ៍ទី ១៤ ខែឧសភា ឆ្នាំ ២០១១ បានបដិសេធមិនទទួលស្គាល់ស្នាមមេដៃ និងឈ្មោះរបស់ពួកគេ ដែលមេបញ្ជាការយោធាស្រុករតនៈមណ្ឌល ក្លែងបន្លំក្នុងបញ្ជីរាយនាម គ្រួសារកងទ័ព និងប្រជាជន ដែលមានដីបង្កបង្កើនផល នៅតំបន់ភ្នំស្រង់តូច ដើម្បីយកលក់ទៅក្រុមហ៊ុនដាំដើមកៅស៊ូ។
ទាក់ទិនបញ្ហានេះ លោក អ៊ិន ប៊ុនម៉ាត់ មន្ត្រីអធិការកិច្ចសាលាខេត្តបាត់ដំបង បានទទួលស្គាល់ថា ឯកសារស្នាមមេដៃទាំងនោះ គឺក្លែងក្លាយ។ ប៉ុន្តែ រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញខាងអាជ្ញាធរខេត្ត មានចំណាត់ការបែបណានៅឡើយទេ ចំពោះបញ្ហានេះ។
ចំណែកឯប្រជាពលរដ្ឋជាច្រើនរយគ្រួសារ នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក៏កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្តបាត់ដំបងដូចគ្នា ដោយសារតែពួកគាត់កំពុងមានទំនាស់ដីជាមួយក្រុមមន្ត្រីយោធា។ តំណាងអ្នកភូមិម្នាក់កំពុងរត់គេចខ្លួនពីការតាមចាប់ខ្លួនរបស់តុលាការ។
តុលាការខេត្តបាត់ដំបង បានចាប់ឃុំខ្លួនតំណាងអ្នកភូមិម្នាក់ឈ្មោះ ហ៊ុន សេង លី កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០៨ និងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១០ បានចាប់ឃុំខ្លួនតំណាងអ្នកភូមិម្នាក់ទៀតឈ្មោះ ញ៉ា ម៉ក់ ដោយចោទប្រកាន់ពីបទប៉ះពាល់កម្មសិទ្ធិអ្នកដទៃ។
តំណាងប្រជាពលរដ្ឋ ដែលរងការចោទប្រកាន់ និងចាប់ខ្លួនក្នុងជម្លោះដី នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ស្រុកគាស់ក្រឡ ទាំងអស់មានចំនួន ១៤ នាក់។ ក្នុងនោះមានពីរនាក់ គឺឈ្មោះ ហ៊ុន សេង លី និងឈ្មោះ ញ៉ា ម៉ក់ កំពុងជាប់ឃុំ និង ១២ នាក់ផ្សេងទៀត ត្រូវតុលាការចេញដីកាកោះហៅឱ្យចូលខ្លួន។ អ្នកភូមិ ៤ នាក់ក្នុងចំណោម ១២ នាក់ កំពុងរត់គេចខ្លួន។
កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១០ កងកម្លាំងចម្រុះមួយក្រុម រួមមាន នគរបាល មេភូមិ មេឃុំ និងថៅកែតាំងខ្លួនជាម្ចាស់ដី បានបណ្ដេញប្រជាពលរដ្ឋចំនួន ៤១៥ គ្រួសារ នៅចំណុចអណ្ដូងកន្ទួត ឃុំដូនបា ឲ្យចេញពីដីទំហំ ១៦៧២ ហិកតារទាំងបង្ខំខណៈដែលទំនាស់ដីរ៉ាំរ៉ៃនេះ មិនទាន់ដោះស្រាយចប់ តាំងពីឆ្នាំ ២០០៧ មក។
លោក យិន ម៉េង លី មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងរិះគន់ថា បញ្ហាទំនាស់ដីធ្លីទាំងអស់នេះ ទាំងអាជ្ញាធរស្រុក អាជ្ញាធរខេត្ត សុទ្ធតែទទួលបានសំណុំរឿងទាំងអស់ ប៉ុន្តែ ក្រុមអាជ្ញាធរខេត្តហាក់បីដូចពុំមានចំណាត់ការទៅមុខសោះ។
នៅចុងឆមាសទី ១ ឆ្នាំ ២០១១ បញ្ហាដីធ្លីនេះ មានការកម្រើកឡើងវិញ ដោយសារតែរដូវបង្កបង្កើនផលឈានចូលមកដល់ ហើយសំណុំរឿងដីធ្លីជាច្រើនករណី ត្រូវកប់ចោលមិនមានការដោះស្រាយ។ ជាក់ស្ដែងបញ្ហានេះ កំពុងកើតមាននៅចំណុចបឹងពីរ ឃុំល្វា ភូមិបឹងសង្កែ ឃុំក្ដុលតាហែន ស្រុកបវេល បញ្ហានៅអណ្ដូងកន្ទួតស្រុកគាស់ក្រឡ ស្រុកសំឡូត និងបញ្ហាទំនាស់ដីធ្លី ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ដែលបានកើតមានឡើងអស់រយៈពេល ៥ ទៅ ៦ ឆ្នាំមកហើយ៕