អ្នកភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានអាជ្ញាធរខេត្តបដិសេធមិនទទួលស្គាល់ថា ជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក្នុងពេលដែលរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់ក្រុមហ៊ុនមួយអភិវឌ្ឍតំបន់ទេសចរណ៍នៅតំបន់នោះ ហើយបានធ្វើឲ្យប៉ះពាល់ដីស្រែ និងផ្ទះសម្បែងពួកគាត់ដោយមិនផ្ដល់សំណង។
លោក យឹម សាយ ពលរដ្ឋរស់នៅភូមិចម្លងគោ ឃុំថ្មស បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ថា ចំណុចដីដែលក្រុមហ៊ុនត្រូវអភិវឌ្ឍន៍ គឺស្ថិតនៅភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរដដែល គឺបានប៉ះចំដីស្រែ និងលំនៅឋានរបស់ពលរដ្ឋនៅភូមិចម្លងគោ ប្រមាណ ៤០គ្រួសារ ដែលកំពុងបង្កបង្កើនផលជារៀងរាល់ឆ្នាំ។ បុរសរូបនេះបន្តថា ពួកគាត់បានកាន់កាប់ដីនោះតាំងពីឆ្នាំ១៩៩៤ បន្តបន្ទាប់មក ហើយត្រូវបានក្រុមហ៊ុនចុះធ្វើសកម្មភាពវាស់វែងក្នុងឆ្នាំ២០០៩។
លោក យឹម សាយ ឲ្យដឹងដូច្នេះ ៖ «សម្ដេចយើងគាត់ឲ្យក្រុមហ៊ុនមកធ្វើការវិនិយោគប៉ះពាល់ដីស្រែប្រជាពលរដ្ឋ គាត់មិនព្រមធ្វើការដោះដូរឲ្យយើងទេ។ អត់ដឹងគេធ្វើអីនៅឡើយទេ ខ្ញុំអត់ដឹងទេ គ្រាន់ថា ប៉ុន្មានថ្ងៃនេះក្រុមហ៊ុនគេនិយាយថា បើបងប្អូនមិនព្រមចេញទេ បន្តិចគេមានត្រាក់ទ័រ គេមកឈូសឆាយកុំថាក្រុមហ៊ុននោះបំពាន»។
ទាក់ទងទៅនឹងបញ្ហានេះ អង្គការលីកាដូ បានដាក់លិខិតមួយកាលពីថ្ងៃ២៣ ខែមីនា ដើម្បីសុំការអន្តរាគមន៍ពីអភិបាលខេត្ត ដោយសុំឲ្យដោះស្រាយផ្ដល់សំណងដល់ពលរដ្ឋ ៤០គ្រួសារ ដែលអាចនឹងប្រឈមមុខនឹងការបាត់បង់ដីដោយសារតែក្រុមហ៊ុននេះរឹបអូសយកដោយគ្មានសំណង។
អភិបាលរងខេត្តកោះកុង លោក សុន តារា មានប្រសាសន៍ថា តំបន់វិនិយោគវិស័យទេសចរណ៍ រដ្ឋាភិបាលបានសម្រេចជួលដីទៅឲ្យក្រុមហ៊ុន Union Development ចំនួន ៩៩ឆ្នាំ ហើយគម្រោងនេះក្រុមហ៊ុននឹងត្រូវអភិវឌ្ឍន៍ចប់ស្ថាពរក្នុងរយៈពេល ២០ឆ្នាំក្រោយ។ លោកបន្តថា អាជ្ញាធរខេត្តបានផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងពីគម្រោងអភិវឌ្ឍន៍នេះយ៉ាងទូលំទូលាយ រីឯការទាមទាររបស់ពលរដ្ឋនៅភូមិចម្លងគោនោះ គឺផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល។
លោក សុន តារា មានប្រសាសន៍ថា ៖ «កន្លងមកយើងមានគោលនយោបាយដោះស្រាយហើយតើ! សម្រេចពីរាជរដ្ឋាភិបាលបានមានគោលនយោបាយសម្រាប់ដោះស្រាយហើយ ទៅតាមប្រភេទដីប្រភេទអីទាំងអស់ ទាក់ទងនឹងការកាន់កាប់ដីរបស់ប្រជាពលរដ្ឋទៅតាមតំបន់នោះ ហើយបើអ្នកនៅក្រៅមូលដ្ឋានម៉េចបានដោះស្រាយឲ្យគាត់? អ្នកដែលកំពុងរស់នៅបង្កបង្កើនផលជាក់ស្ដែង យើងដោះស្រាយជូនគាត់ សូម្បីតែម្នាក់មិនបាត់ផង»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង បានថ្លែងថា អាជ្ញាធរមិនគួរបដិសេធពលរដ្ឋនៅភូមិចម្លងគោ ថា មិនមែនជាម្ចាស់កម្មសិទ្ធិលើដីស្រែនៅឯភូមិតានូននោះទេ ពីព្រោះពួកគាត់បានរស់នៅ និងកាន់កាប់ជាយូរឆ្នាំមកហើយ។
លោកថា ករណីនេះអង្គការសង្គមស៊ីវិល នឹងធ្វើលិខិតអន្តរាគមន៍ទៅអន្តរក្រសួង និងទៅរដ្ឋាភិបាល ដើម្បីគិតគូរផ្ដល់សំណងឲ្យពលរដ្ឋ ៖ «ព្រោះប្រជាពលរដ្ឋទាំងនោះរស់នៅក្នុងស្រុកបុទុមសាគរ មិនមែនរស់នៅភ្នំពេញទេ ពីព្រោះគាត់មិនមែនទៅនៅក្រោយឆ្នាំ១៩៩៣ទេ ដែលបានព្រះរាជក្រឹត្យបានកំណត់តំបន់ហ្នឹងជាតំបន់ឧទ្យានជាតិទេ គាត់ទៅរស់នៅមុនតំបន់ព្រះរាជក្រឹត្យនេះទៅទៀត គាត់ទៅធ្វើដីស្រែតាំងពីដូនតាគាត់តាំងពីយូរយារណាស់មកហើយ។ ទាំងគណៈកម្មការអន្តរក្រសួង ទាំងក្រុមហ៊ុនមិនផ្ដល់សំណង គឺជាការរំលោភសិទ្ធិ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ»។
លិខិតអន្តរាគមន៍របស់អង្គការលីកាដូ បានសរសេរថា ចាប់តាំងពីថ្ងៃទី២០ មីនាមក បុគ្គលិករបស់ក្រុមហ៊ុននេះ រួមជាមួយកម្មករ កម្លាំងកងរាជអាវុធហត្ថជាច្រើននាក់ បានធ្វើសកម្មភាពរុះរើលំនៅឋាន កាប់គាស់ផលដំណាំ និងធ្វើការបណ្ដេញពួកគេខ្លះឲ្យចាកចេញពីទឹកដីចំណុចតាទែន និងព្រៃស្វាយ ដើម្បីយកដីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយមិនទាន់ទូទាត់សំណងសមរម្យនៅឡើយ៕