ជនជាតិភាគតិចនៅរតនគិរីចោទក្រុមយោធាថារំលោភដីធ្លី
2011.06.04
ប្រជាពលរដ្ឋកំណើតជនជាតិដើមទំពួន នៃសហគមន៍ភូមិប៉ាតាង ឃុំប៉ាតា ស្រុកលំផាត់ ខេត្តរតនគិរី ឲ្យដឹងថា ពួកគាត់កំពុងស្វែងរកកិច្ចគាំពារតាមផ្លូវច្បាប់ពីសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រយោជន៍ប្រឈមមុខតាមផ្លូវតុលាការ ក្នុងរឿងក្ដីដីធ្លីជាមួយក្រុមយោធា។
ការអះអាងនេះកើតមានឡើងបន្ទាប់អ្នកភូមិប៉ាតាង មានគ្នាជាង ២០នាក់ កាលពីថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០១១ បាននាំយកដីកាកោះហៅបន្ទាន់មួយរបស់ចៅក្រមតុលាការខេត្តរតនគិរី លោក ថោ សារ៉ន ឲ្យអ្នកភូមិចំនួនពីរនាក់ចូលខ្លូងទៅតុលាការ។ ហេតុនេះហើយអ្នកភូមិបាននាំគ្នាមកសមាគមអាដហុកខេត្ត ដើម្បីសុំឲ្យអង្គការនេះផ្ដល់មេធាវីសម្រាប់ការពារក្ដីដល់អ្នកភូមិ។
អ្នកភូមិទាំងពីរនាក់ដែលតុលាការខេត្តកោះហៅ មានឈ្មោះ យាន អើយ និង ក្រុង ម៉េង អ្នកទាំងពីរឋិតនៅក្នុងចំណោមប្រជាពលរដ្ឋភូមិប៉ាតាង ២៥គ្រួសារ អ្នកធ្វើការតវ៉ាជាមួយក្រុមយោធាស្រុកលំផាត់ ក្នុងរឿងដណ្ដើមដីគ្នាទំហំជាង ១០០ហិកតារ។
អ្នកភូមិទាំងពីរនាក់មានប្រសាសន៍បញ្ជាក់ដូចៗគ្នាថា លោកនឹងចូលខ្លូងទៅស្ថាប័នតុលាការតាមការកោះហៅពីព្រោះដីដែលមានជម្លោះនោះ គឺជាដីចម្ការរបស់អ្នកភូមិ ដែលក្រុមអាជ្ញាធរទទួលស្គាល់ថាអ្នកភូមិបានដាំដុះតាំងពីឆ្នាំ១៩៨៨ មក ៖ "ពុកខ្ញុំគាត់កាន់កាប់តាំងពីឆ្នាំប៉ែតពីរ អ៊ំពុកខ្ញុំ គាត់ធ្វើចម្ការក្នុងហ្នឹង។ ដីរបស់ខ្ញុំៗ អត់បារម្ភ ហ្នឹងហើយមេឃុំមេភូមិហ្នឹងគាត់ថា អត់ត្រូវដីទាហានទេ ដីៗខាងភូមិយើង"។
កាលពីខែឧសភា ឆ្នាំ២០១១ ខណៈភ្លៀងបានធ្លាក់ជោគជាំសម្រាប់ការដាំដុះ អ្នកភូមិជាសនៃសហគមន៍ជនជាតិដើមរស់នៅភូមិប៉ាតាងឲ្យដឹងថា យោធាស្រុកមួយក្រុម មានទាំងអាវុធមកជាមួយផង បានយកត្រាក់ទ័រមកភ្ជួររាល់ទៅលើដីស្រែចម្ការអ្នកភូមិធ្លាប់ដាំដុះច្រើនឆ្នាំមកហើយ។
មេបញ្ជាការយោធាស្រុកលំផាត់ លោក ឈុន រេន បញ្ជាក់ដែរថា អ្នកភូមិមួយចំនួនបានចូលទៅដាំលើដីដែលក្រុមយោធាបានភ្ជួររាស់ ដោយគ្មានសុំការអនុញ្ញាតពីកងយោធា ទើបលោកសម្រេចប្ដឹងអ្នកភូមិទាំងនោះ ៖ "ដីខ្ញុំភ្ជួរហើយយ៉ាងហោចណាស់គាត់មកសួរខ្ញុំម៉ាម៉ាត់ដែរ ហើយគាត់មកដាំលើដីខ្ញុំៗ ហៅគាត់មកគាត់អត់ព្រមមកទៀត"។
មេឃុំប៉ាតាង លោក គឹត ចេន មានប្រសាសន៍ថា ដីជារបស់អ្នកភូមិប៉ាតាងដាំដុះច្រើនឆ្នាំមកហើយ។ លោកបញ្ជាក់ថានឹងធ្វើជាសាក្សីសម្រាប់អ្នកភូមិក្នុងរឿងក្ដីនេះ ៖ "ខ្ញុំរាយការណ៍ទៅស្រុកហើយតើ ដីចម្ការចាស់តាំងពីឆ្នាំប៉ែតសិបមក"។
អ្នកសម្របសម្រួលសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ដែរថា តាមការអង្កេតដីដែលមានទំនាស់ គឺជាដីអ្នកភូមិប៉ាតាងគ្រប់គ្រង ប៉ុន្តែអ្នកភូមិកាណាងគឹត ឃុំកាឡែង មានព្រំដីជាប់ឃុំប៉ាតាង បានធ្វើលិខិតប្រគល់ទៅឲ្យក្រុមយោធាតាំងពីឆ្នាំ២០០៨ ដោយសំអាងថា ជាអតីតដីដូនតាអ្នកភូមិកាណាងគឹត ជាគ្រប់គ្រងពីសម័យមុន។ លោកបន្តថា ក្រុមយោធាច្រើនឆ្នាំកន្លងទៅនេះ មិនបានចូលមកដាំដុះលើដីនោះទេ ៖ "ជាទូទៅកាលណាភាគីម្ខាងជាអ្នកមានអំណាច គេអត់សូវប្រើប្រាស់អាជ្ញាធរមូលដ្ឋាន ហើយនឹងគណៈកម្មការទេ។ គេចូលទៅតុលាការផ្ទាល់តែម្ដង"។
អភិបាលស្រុកលំផាត់បញ្ជាក់ដែរថា ករណីនេះគូរធ្វើការដោះស្រាយដោយគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់មូលដ្ឋានសិន។ លោកបន្តថា ដីនេះមិនទាន់មានចុះបញ្ជីកម្មសិទ្ធិ ឬចុះក្នុងបញ្ជីសារពើភណ្ឌដីកងទ័ពទទួលស្គាល់តាមផ្លូវច្បាប់ជារបស់ភាគីណានៅឡើយ៕