គ្រូបង្រៀន ១១នាក់ ប្ដឹង​ឧទ្ធរណ៍​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បណ្ដេញ​គ្រូ​បង្រៀន​ចេញ​ពី​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ​

ដោយ ហេង រស្មី
2019.05.01
Share on WhatsApp
Share on WhatsApp
រ៉ុង ឈុន 050119 លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​កម្ពុជា ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក CENTRAL

តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​សម្រេច​ទាត់ចោល​បណ្ដឹង​របស់​ក្រុម​គ្រូបង្រៀន​ ១១​នាក់ ​និង​បង្គាប់​​ឱ្យ​ពួក​គេ​បង់​ប្រាក់​ប្រដាប់​ក្ដី​ ចំពោះ​សំណុំ​រឿង​បណ្ដេញ​គ្រូបង្រៀន​ចេញពី​ក្របខ័ណ្ឌ​របស់​ក្រសួង​អប់រំ​។​ ក្រុម​គ្រូបង្រៀន​សម្រេច​ថា ​នឹង​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​នេះ​ដោយ​ពួក​គេ​ចាត់​ទុក​ថា សំណុំរឿង​នេះ​មាន​លក្ខណៈ​នយោបាយ​ជាង​ការ​អនុវត្ត​តាម​ផ្លូវច្បាប់។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​ រ៉ុង ឈុន​ និង​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​របប​ក្រុង​ភ្នំពេញ​ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​សំណុំ​រឿង​ក្រុម​គ្រូបង្រៀន​១១​ដែល​ក្រសួង​អប់រំ​បាន​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ក្រសួង​អប់រំ។​

លោក​ រ៉ុង ឈុន បាន​បញ្ជាក់​ថា ក្រុម​គ្រូបង្រៀន​ទាំង ១១នាក់​សម្រេច​ថា នឹង​ពឹង​ពាក់​រក​មេធាវី​ប្ដឹង​ទាស់​ទៅកាន់​សាលាឧទ្ធរណ៍​ដើម្បី​ទាមទារ​រក​យុត្តិធម៌ ចំពោះ​សំណុំ​រឿង​នេះ៖ «អ្វី​ដែល​យើង​ទទួល​បាន​នេះ​ធ្វើ​ឱ្យ​យើង​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ទៅ​នឹង​លទ្ធផល​របស់​តុលាការ​សាលាដំបូង​ប្រកាស​ទាត់​ចោល​នៅ​រាល់​បណ្ដឹង​របស់​គ្រួ​បង្រៀន​ទាំង ១១នាក់​ក្នុង​ការ​ស្វះស្វែង​រក​យុត្តិធម៌​នេះ​បាទ»

លោក​ រស់ ពិសិដ្ឋ​ ចៅក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា​ បាន​សម្រេច​ទាត់​ចោល​សំណុំរឿង​ក្រុម​គ្រូបង្រៀន​ចំនួន ១១នាក់ ដែល​ក្រសួង​អប់រំ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន។ តុលាការ​ក៏​បាន​សម្រេច​ឱ្យ​ក្រុម​គ្រូបង្រៀន​ទាំង ១១នាក់​បង់​ប្រាប់​ប្រដាប់​ក្ដី​ផង​ដែរ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ លោក លី សុផាន់ណា បាន​ទេ​កាល​ពី​ថ្ងៃ​ទី៣០ មេសា។

ក្រុម​គ្រូបង្រៀន​សរុប ១១នាក់ ត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ជា​បន្ត​បន្ទាប់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៨ កន្លង​ទៅ ក្រោម​ហេតុផល​ថា ពួកគេ​បោះបង់​ចោល​ការងារ និង​មួយ​ចំនួន​ទៀត​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក​ ឌី ខាំបូលី​ មិន​បាន​ផ្ដល់​សេចក្ដី​ពន្យល់​បន្ថែម​ទាក់ទិន​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ។​ លោក​បញ្ជាក់​ថា​ លោក​គោរព​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​គឺ​ដោយសារ​តែ​យើង​គ្មាន​សិទ្ធិ​បញ្ជា​ចំពោះ​សំណុំ​រឿង​នេះ​ទេ៖ «ជា​រួម​អត់មាន​យោបល់​អ្វី​ទាំង​អស់​ពីព្រោះ​នេះ​ជា​នីតិវិធី​តាម​ផ្លូវច្បាប់​របស់​តុលាការ។​អញ្ចឹង​ក្រសួង​មិន​មាន​យោបល់​អ្វី​ទាំង​អស់​ទៅ​លើ​ការ​សម្រេច​ហ្នឹង​ ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ហ្នឹង​ជាគោល​ការ​ច្បាប់​ដែល​មាន​ជាធរមាន»

ក្រុម​គ្រូបង្រៀន ចំនួន១១​នាក់ បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​របប​ក្រុងភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៦ ខែ​មករា ឆ្នាំ២០១៩ ដើម្បី​ជួយ​រក​យុត្តិធម៌​រឿង​ក្រសួង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នេះ ធ្លាប់​បាន​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៧ កុម្ភៈ។ ក៏ប៉ុន្តែ​កាល​ចូល​ទៅ​បំភ្លឺ​ក្នុង​អង្គ​សវនាការ​នៅ​ពេល​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​អ្វី​នៅឡើយ​ទេ ដោយ​តុលាការ​សម្រេច​លើក​ពេល​នីតិវិធី​ត្រៀម​ទៅ​ថ្ងៃក្រោយ​ទៀត។

អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្រុង​ព្រះសីហនុ​លោក​ លី ឌី​ មានប្រសាសន៍ថា​ការសម្រេច​របស់​តុលាការ​គ្មាន​អ្វី​ចម្លែក​ទេ គឺ​ធ្វើ​ឡើង​តាម​និន្នាការនយោបាយ​នយោបាយ៖ «ត្រូវ​សិក្សា​ឡើងវិញ​ថ្ងៃ​បង្រៀន​យប់​ឡើង​ធ្វើ​ទាហាន​តាំងពី​ជំនាន់​រដ្ឋ​កម្ពុជា​។ចុង​បញ្ចប់​ខ្ញុំ​ទទួល​បាន​ក្នុង​អារម្មណ៍​មួយ​ស្ដាយ​អ្វី​ដែល​យើង​ខំ​ពី​ក្មេង​មក​ពី​មុន​ទេ។ សុំ​ឱ្យ​លោក​ពិចារណា​ឡើង​វិញ​បើ​ធ្វើ​ប៉ះ​លើ​បង​ប្អូន​ ឬ​កូន​ចៅ​លោក​គ្រូ​វិញ​នឹង​ឈឺ​ចាប់​ហើយ»។​

ក្រុម​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ​ការ​លុបឈ្មោះ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​​គ្រូបង្រៀន​ធ្លាប់​បាន​និយាយ​ថា ពួកគេ​បាន​បាន​ដាក់​ពាក្យសុំ​អនុញ្ញាត​ឱ្យ​ស្ថិត​នៅ​ក្រៅ​ក្របខ័ណ្ឌ ដើម្បី​ទៅ​បម្រើការ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្រុមប្រឹក្សា​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ឆ្នាំ២០១៨។ ក៏ប៉ុន្តែ​ក្រោយពេល​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧ នោះ​មក ពួកគេ​ក៏​ត្រូវ​បាត់បង់​តួនាទី និង​បាន​លាលែង​ចេញពី​តំណែង​នោះ​វិញ។ ក្រោយពី​អស់​តួនាទី​នៅ​អង្គភាព​ថ្មី ពួកគេ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ជា​គ្រូ​បង្រៀន​វិញ ក៏​ប៉ុន្តែ​ក្រសួង​មិន​ត្រឹមតែ​មិនបាន​ចេញ​ប្រកាស​ឱ្យ​ពួកគេ​ចូល​បម្រើ​ការងារ​វិញ​នោះ​ទេ គឺ​ថែមទាំង​បាន​លុបឈ្មោះ​ពួកគេ​ចេញពី​ក្របខ័ណ្ឌ​ដើម​នេះ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​គ្រូ​បង្រៀន​ទាំង​នោះ​មិន​បោះបង់ចោល​ការ​ទាមទារ​របស់​ខ្លួន​ដែរ។ ពួកគេ​និយាយ​ថា នឹង​ស្វះស្វែង​យុត្តិធម៌ ចំពោះ​រឿង​ក្ដី​នេះ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។