សង្គម​ស៊ីវិល​រិះគន់​តុលាការ​ដោះលែង​ជនជាតិ​ចិន ១៦នាក់ ដែល​ពាក់ព័ន្ធ​បើក​បនល្បែង​ខុស​ច្បាប់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​បាន​ដោះលែង​ជនជាតិ​ចិន ១៦នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ការ​បើក​បន​ល្បែង​ខុសច្បាប់។ អ្នកឃ្លាំមើល​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​ការ​អនុវត្ត​គ្មាន​ប្រសិទ្ធភាព និង​ជំរុញ​ឱ្យ​កើត​មាន​បញ្ហា​អសន្តិសុខ​សង្គម និង​ការ​រីក​ដាល​បញ្ហា​ល្បែង​ស៊ីសង​ក្នុង​សង្គម​កម្ពុជា​កាន់​តែ​ច្រើន​ឡើង។

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ធ្លាប់​រង​ទុក្ខបុកម្នេញ​ពី​ប្រព័ន្ធ​តុលាការ​រិះគន់​ថា តុលាការ​រាជធានី​ភ្នំពេញ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​រវាង​ជនបរទេស​មាន​លុយ និង​អ្នក​ធ្វើ​ការ​បម្រើ​ផល​ប្រយោជន៍​ដល់​សង្គម។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​សម្រេច​ដោះលែង​ជន​សង្ស័យ​ជនជាតិ​ចិន ទាំង១៦នាក់​គឺ​ជា​ឆន្ទានុសិទ្ធិ​តុលាការ។ ប៉ុន្តែ លោក​ថា តុលាការ​គួរ​ចាត់​វិធានការ​លើ​រឿង​នេះ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ធានា​ថា គ្មាន​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ដើម្បី​ព្រមាន​ដល់​ជនបរទេស​ដទៃ​ទៀត កុំ​ឱ្យ​ចេះ​តែ​យក​កម្ពុជា​ធ្វើ​ជា​កន្លែង​រក​ស៊ី​ខុសច្បាប់។

លោក អំ សំអាត៖«តុលាការ​គួរ​តែ​ពិនិត្យ និង​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ទៅ​លើ​ផ្លូវច្បាប់ និង​នីតិវិធី ដើម្បី​កុំ​ឱ្យ​មាន​ការ​រិះគន់​អំពី​សាធារណជន​ទៅ​លើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​តុលាការ។ ទីពីរ ក៏​ដើម្បី​ធ្វើ​ឱ្យ​ជនបរទេស ឬ​ជន​ផ្សេង​ទៀត​មាន​ការ​រាងចាល​កុំ​ឱ្យ​មាន​ការ​ប្រព្រឹត្ត​ការ​បើក​ល្បែងស៊ីសង​ខុសច្បាប់»។

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ បន្ទាប់​ពី​តុលាការ​សម្រេច​ដោះ​លែង​ជនជាតិ​ចិន​ចំនួន ១៦នាក់​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន បន្ទាប់​ពី​សមត្ថកិច្ច​កសាង​សំណុំ​រឿង​ដោយ​ចោទប្រកាន់​ថា ពួកគេ​ជាប់​សង្ស័យ​នឹង​ការ​បើក​បនល្បែង​ស៊ីសង​ខុស​ច្បាប់។

អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់​ប្រាប់​កាសែត​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី២៤ ខែធ្នូ ថា ជន​សង្ស័យ​ទាំង ១៦នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​លេង​ល្បែង​ស៊ីសង​នោះ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ត្រូវ​រង់ចាំ​ចៅក្រម​ស៊ើបសួរ​ចាត់​វិធានការ​បន្ត។

ជន​សង្ស័យ​ទាំង ១៦នាក់​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ក្នុង​អគារ​ខុនដូរ (Condo) មួយ​កន្លែង​ស្ថិត​នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១៧ ខែធ្នូ ដោយ​រឹបអូស​បាន​វត្ថុ​តាង តុ​សម្រាប់​លេងបៀ និង​គ្រាប់​បៀ​ដែល​មាន​អក្សរ​ចិន​មួយ​ចំនួន​ធំ។ នគរបាល​យុត្តិធម៌​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ ១៦នាក់​ថា ជាប់​ពាក់ព័ន្ធ​ការ​បើក​បន​ល្បែង​ខុស​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៦ ខែធ្នូ។

ជុំវិញ​រឿង​នេះ តំណាង​កូដករ​ណាហ្គាវើលដ៍ (NagaWord) លោកស្រី ម៉ម សុវឌ្ឍិន រិះគន់​ថា តុលាការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ​រវាង​ពលរដ្ឋ​ដែល​ធ្វើ​ការ​បម្រើ​សង្គម និង​ជនបរទេស។ លោកស្រី​លើកឡើង​ថា តុលាការ​ហាក់​គាបសង្កត់​តែ​ពលរដ្ឋ​ទន់ខ្សោយ​ជាពិសេស​សហជីព និង​សកម្មជន ដោយសារ​តែ​តុលាការ​តែងតែ​ចាត់​វិធានការ​តឹងតែង​រហូត​សម្រេច​ផ្ដន្ទាទោស ដោយ​ពួកគាត់​គ្រាន់​ប្រើ​សិទ្ធ​សម្រាប់​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់។

លោកស្រី ម៉ម សុវឌ្ឍិន៖«ហើយ​បើ​ធៀប​បញ្ហា​ឱ្យ​ក្រៅ​ឃុំ​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​ការ​បើក​បនល្បែង​ហ្នឹង ហេតុ​អី​បាន​ត្រូវ​តម្រូវ​ឱ្យ​ក្រៅ​ពី​ឃុំ ហើយ​ចាំ​ស៊ើបអង្កេត​តាម​ក្រោយ?ចំណែក ខាង​សហជីព​ចាប់​គ្នា​ឃុំ​ហើយ​សុខចិត្ត​នៅ​ស៊ើបអង្កេត​តាម​ក្រោយ។ អ៊ីចឹង​គ្រាន់តែ​មើល​ឃើញ​រឿង​ហ្នឹង​វា​ខុស​គ្នា​បាត់​ហើយ សម្រាប់​អ្នក​មាន​លុយ​មើល​ទៅ​ហាក់​ដូចជា​មាន​យុត្តិធម៌ តែ​អ្នក​ក្រីក្រ​ដូច​យុត្តិធម៌​ហាក់​នៅ​ឆ្ងាយ​ដល់​ហើយ»។

អ្នក​តាមដាន​កិច្ចការ​សង្គម​មួយ​ចំនួន​ធ្លាប់​លើកឡើង​ថា ជនបរទេស​មួយ​ចំនួន ដែល​ប្រព្រឹត្ត​បទល្មើស​អាច​រស់នៅ​ក្រៅ​ឃុំ​បាន​ដោយសារ​តែ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​ជា​ប្រព័ន្ធ និង​មាន​អ្នក​រត់​ការណ៍​ស៊ក​លុយ​កាក់​ដល់​មន្ត្រី​ក្នុង​ស្ថាប័ន​តុលាការ​មួយ​ចំនួន ដើម្បី​ជា​ថ្នូរ​ដោះលែង​ជន​ដែល​ប្រព្រឹត្ត​បទល្មើស។ មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ធូរ​រលុង និង​ការ​ប្រព្រឹត្ត​អំពើ​រលួយ គឺ​ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​ល្បែងស៊ីសង​កាន់​តែ​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។