សមត្ថកិច្ចខេត្តតាកែវ បញ្ជូនជនជាតិចិនចំនួន ២៣៥នាក់ ដែលចាប់ខ្លួន នៅស្រុកត្រាំកក់ និងស្រុកបាទី កាលពីថ្ងៃទី២៦ វិច្ឆិកា ទៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិ។ មន្រ្តីគណបក្សប្រឆាំង និងសង្គមស៊ីវិល ជំរុញឲ្យរបបក្រុងភ្នំពេញ ចាត់វិធានការតឹងរ៉ឹងជាបន្ទាន់ ទប់ស្កាត់ការរីករាលដាលជនជាតិចិន ដែលមានការកើនឡើងកាន់តែច្រើន ប្រព្រឹត្តិបទល្មើសកាន់តែសាហាវ និងច្រើនទីតាំងនៅកម្ពុជា។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ចុះផ្សាយថា ប៉ូលិសមូលដ្ឋានបានប្រគល់ជនជាតិចិន និងវត្ថុតាងពាក់ព័ន្ធឲ្យកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅក្រសួងមហាផ្ទៃ ដើម្បីបន្ដនីតិវិធីហើយ។
កាលពី ថ្ងៃទី២៦ ខែវិច្ឆិកា កងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាង ១០០នាក់ រួមជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចុះចាប់ជនជាតិចិនចំនួន ២៣៥នាក់ នៅទីតាំង ៤កន្លែង ក្នុងស្រុកត្រាំកក់ និងស្រុកបាទី។
គេហទំព័របណ្ដាញសង្គមហ្វេសប៊ុក (facebook) របស់ ស្នងការនគរបាលខេត្តតាកែវ ចុះផ្សាយថា នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ មានជនជាតិចិនប្រព្រឹត្តិបទល្មើស ២ទីតាំង ឃាត់ខ្លួនជនជាតិចិនចំនួន ៧៥នាក់ មានស្រី ៧នាក់។ ចំណែក ២ទីតាំងទៀត ស្ថិតនៅភូមិតាំងដូង និងភូមិព្រៃក្រាយ នៃឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន បានចំនួន ១៦០នាក់ ក្នុងនោះមានស្រីចំនួន ២៩នាក់។
ស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង មិនឆ្លើយតបជាមួយអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ក្រោយពេលណែនាំខ្លួនរួច និងលែងទទួលទូរស័ព្ទ បើទោះជាបានព្យាយាមទៅជាច្រើនលើក។ ចំណែកឯអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្គ និងលោក ផាត សុផានិត មិនទទួលទូរស័ព្ទ។ អាស៊ីសេរី មិនមានប្រភព សុំការបំភ្លឺពីអគ្គស្នងការនគរបាលជាតិ លោក នេត សារឿន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឡើយ នៅថ្ងៃទី២៧ វិច្ឆិកា។
មន្រ្តីគណបក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន សង្គេតឃើញថា វិធានការចាប់បញ្ជូនជនជាតិចិនត្រលប់ទៅវិញ របស់របបក្រុងភ្នំពេញកន្លងមក មិនមានប្រសិទ្ធិភាពឡើយ ធ្វើឲ្យបទល្មើសឧក្រិដ្ឋឆ្លងដែនថយថមនោះទេ។ តំណាងរាស្ត្ររូបនេះយល់ថា របបក្រុងភ្នំពេញ គួរអនុវត្តច្បាប់អន្ដោប្រវេសន៍ និងច្បាប់រដ្ឋបាលឲ្យបានតឹងរ៉ឹងលើជនជាតិចិន ទើបអាចទប់ស្កាត់ការរីករាលដាលជនជាតិចិន ដែលចូលមកបំពុលសង្គម អសន្ដិសុខ រីករាលដាលជាច្រើនខេត្តនៅកម្ពុជា។
តំណាងរាស្ត្ររូបនេះ ផ្ដល់យោបល់ថា របបក្រុងភ្នំពេញ គួរតែស្វាគមន៍ជនជាតិចិនណា ដែលចូលមករកស៊ីអនុវត្តតាមច្បាប់កម្ពុជា ត្រឹមត្រូវបានហើយ។ ចំណែកជនជាតិចិន ដែលមករកស៊ីគ្មានច្បាប់ត្រឹមត្រូវ មកអុកឡុកសង្គម លួចលាក់ ឬ បើកកន្លែងរកស៊ីខុសច្បាប់ ដូចជា បើកពេស្យាចារ និងមកដណ្ដើមការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ពលរដ្ឋខ្មែរ គួរតែអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង៖ «ចិនមួយចំនួនគាត់មករកស៊ីនៅស្រុកខ្មែរខុសច្បាប់ ដូចជា បើកបនល្បែង បើកកន្លែងពេស្យាចារ មករកស៊ីចាប់ជំរិតក្តី ជួលកន្លែង បង្កើតកន្លែងចាប់ចិនគ្នាគាត់អី ហើយមួយចំនួនធំ ឃើញមក មកអុកឡុក មកបង្ករបញ្ហា មានបញ្ហាគ្រឿងញៀនទៀត ខ្ញុំគិតថា វាអនាធិបតេយ្យមែនទែន យើងគួរតែពិនិត្យតាមផ្លូវ ច្បាប់មែនទែន ជាពិសេស ច្បាប់អន្តោប្រវេសន៍ ឲ្យបានច្បាស់លាស់ មួយវិញទៀតច្បាប់រដ្ឋរបស់យើង មិនគួរណាអនុញ្ញាតឲ្យជិះឡានដែលមានស្លាកលេខខេរៈភូមិន្ទ ( ខ . ម ) មកបើកឡានរដ្ឋណាណីពេញហ្នឹងនោះទេ ជួយពិនិត្យមើលៗ ថា ពួកចិននឹងគេមកធ្វើអី មកក្នុងនាមទេសចរ មកវិនិយោគទុន វិនិយោគអីគេ ? បើរកស៊ី ត្រឹមលក់ បបរ លត ឆា អីទេ មិនបាច់ទេ ខ្មែរយើងក៏ចេះដែរ»។
ប្រធានប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មើលឃើញថា នៅពេលឃើញជនជាតិចិនទាំងក្រុមៗ ដេញកាប់គ្នា វាយគ្នា ឬប្រព្រឹត្តិឧក្រិដ្ឋកម្មឆ្លងដែន សឲ្យឃើញថា របបក្រុងភ្នំពេញ មានភាពទន់ខ្សោយក្នុងការគ្រប់គ្រងជនជាតិចិន។ សង្គមស៊ីវិលរូបនេះ ផ្ដល់យោបល់ថា ដើម្បីបញ្ឈប់កុំឲ្យរបបក្រុងភ្នំពេញ រងការចោទថា បណ្ដែតបណ្ដោយឲ្យជនជាតិធ្វើអ្វីតាមអំពើចិត្ត នៅកម្ពុជា របបនេះត្រូវគ្រប់គ្រងរដ្ឋបាលឲ្យបានតឹងរ៉ឹង ចាត់វិធានការលើមន្ត្រីរាជការដែលយកទ្រព្យសម្បត្តិរដ្ឋជួលឲ្យជនជាតិចិន ពិនិត្យមើលការវិនិយោគជនជាតិចិននៅកម្ពុជា និងពិនិត្យមើលវីសារ (Visa) ប្រភេទទេសចរណ៍រយៈពេលយូរ របស់ជនជាតិចិនឲ្យបានតឹងរ៉ឹង៖ «គេឃើញថា ចាប់ម្តងរាប់រយនាក់អ៊ីចឹងថា ពួកនេះ មកពីតំបន់ណា ? មកពីខែត្រណា ? ឧទាហរណ៍ថា មកពីម៉ាកាវ អ៊ីចឹងថ្ងៃក្រោយជនជាតិជនមកពី ម៉ាកាវយើងត្រូវតែត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានពួកម៉ាហ្វៀនឹងត្រឡប់មកវិញ ហើយទី២ ហ្នឹង គេត្រូវដាក់ឈ្មោះពួកហ្នឹងចូលទៅក្នុងបញ្ជីខ្មៅ (Black List)» ។
គិតត្រឹមម៉ោងផ្សាយនេះ មិនទាន់មានមន្ត្រីទទួលខុសត្រូវណាម្នាក់ ចេញមុខបញ្ជាក់ថា នឹងចាត់វិធានការបែបណា លើជនជាតិចិនចំនួន ២៣៥នាក់ ដែលឃាត់ខ្លួននៅខេត្តតាកែវ បែបណាឡើយ។ ប៉ុន្ដែកន្លងមក សមត្ថកិច្ចនៃរបបក្រុងភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប្រទេសចិន ចាប់បញ្ជូនជនសង្ស័យឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត បញ្ជូនទៅប្រទេសចិនវិញ។ លោក អ៊ូ ច័ន្ទរ័ត្ន និង សង្គមស៊ីវិល លោក សន ជ័យ ផ្ដល់យោបល់ថា របបក្រុងភ្នំពេញ គួរតាមដាន ការដាក់ទោសទណ្ឌនៅប្រទេសចិន និងត្រូវបញ្ជូលអត្តសញ្ញាណជនជាតិចិន ប្រព្រឹត្តិខុសច្បាប់នៅកម្ពុជា ដាក់ចូលក្នុងបញ្ជីខ្មៅ ហាមចូលទឹកដីប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។