ក្រសួង​យុត្តិធម៌​ស្នើ​លើកលែងទោស​និង​បន្ធូរ​បន្ថយទោស​ទណ្ឌិត​២៨៣​នាក់ នៅ​ថ្ងៃ៧​មករា

ក្រសួងយុត្តិធម៌​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​លើកលែង​ទោស និង​បន្ធូរ​បន្ថយទោស ទណ្ឌិត​២៨៣​នាក់ ក្នុង​ឱកាស​ទិវា​ជ័យជំនះ ៧​មករា ឆ្នាំ​២០២៣ ខាងមុខ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ប្រាប់​កាសែត​ក្នុងស្រុក​ថា គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត បាន​បញ្ជូន​សំណើ​ទៅ​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន រួចហើយ ដើម្បី​ពិនិត្យ និង​សម្រេច​ស្នើសុំ​ព្រះមហាក្សត្រ ផ្តល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​ចំនួន ២៨៣​នាក់ ក្នុង​នោះ​មាន​ស្រី ២៧ នាក់។

ក្នុងចំណោម​ទណ្ឌិត​ទាំង​២៨៣​នាក់ នោះ មាន​តែ​ទណ្ឌិត​ស្ត្រី​ម្នាក់​គត់ ស្នើសុំ​ដោះលែង​ពី​ពន្ធនាគារ​។ ចំណែក​ទណ្ឌិត​២៨២​នាក់ ផ្សេងទៀត គឺ​សុំ​បន្ធូរ​បន្ថយទោស ចន្លោះ​ពី​៣​ខែ​ដល់ ១២​ខែ។

គេ​នៅ​មិនទាន់​ដឹង​ថា ទណ្ឌិត​ទាំងនោះ​ជា​អ្នកទោស​ប្រភេទ​ណា​ទេ​។ រដ្ឋាភិបាល​កម្ពុជា សម្រេច​លើកលែងទោស និង​បន្ធូរ​បន្ថយទោស​ដល់​ទណ្ឌិត ចំនួន​៥​ដង​ក្នុង​មួយឆ្នាំៗ គឺ នៅ​ថ្ងៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​៧​មករា បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា បុណ្យ​ឯករាជ្យ​ជាតិ និង​ពិធី​បុណ្យអុំទូក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។