ជនជាតិ​​ខ្មែរ-​អាមេរិកាំង​៣​នាក់​រង​ការ​ចោទ​ពី​បទ​ឆបោក​ប្រាក់​១​លាន​ដុល្លារ

0:00 / 0:00

ជនជាតិ​ខ្មែរ​-អាមេរិកាំ​ង​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ឆបោក​ប្រាក់​មួយ​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ទី​៣ ខែ​កញ្ញា។

ឯ​ជន​ពីរ​នាក់​ទៀត​ដែល​តុលាការ​រក​ឃាត់​ខ្លួន​ដែរ​នោះ ទី​មួយ​គឺ​ឈ្មោះ ស៊ីវ ស៊ីចាន់ ជា​ខ្មែរ​អាមេរិកាំង​មួយ​រូប​ដែល​ធ្លាប់​បាន​ទទួល​តំណែង​ដ៏​មាន​កិត្តិយស​មួយ​នៃ​រដ្ឋបាល​អាមេរិកកាំង បន្ទាប់ពី​លោក​ធ្លាប់​ជួយ​ឃោសនា​រក​សំឡេង​ឆ្នោត​អោយ​ប្រធានាធិបតី​អាមេរិក និង​ម្នាក់​ទៀត​ជា​ជនជាតិ​អាមេរិកាំង។ ករណី​បោកប្រាស់​ប្រាក់​នេះ ត្រូវ​ដើម​បណ្ដឹង​អះអាង​ថា ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ឯកឧត្តម ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង​ដែរ។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំ​បុរស​ម្នាក់ ឈ្មោះ សាន រីច្ឆឺ (San Richer) ដែល​ជា​ខ្មែរ​អាមេរិកាំង និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន​ក្លែងក្លាយ​ឈ្មោះ (Akra) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។ ជន​នេះ​រួម​ជាមួយ​នឹង​គូកន​ពីរ​នាក់​ទៀត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១២។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា តុលាការ​បាន​បញ្ហា​ឲ្យ​សមត្ថកិច្ច​ឃុំ​ខ្លួន​លោក សាន រីច្ឆឺ ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ​ដើម្បី​រង់ចាំ​បើក​សវនាការ។

កាល​ពី​ខែ​កក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក សាន រីច្ឆឺ និង​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ ជា​ខ្មែរ​-អាមេរិកាំង លោក ស៊ីវ ស៊ីចាន់ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ឈ្មោះ ឆ្អឹង​មាស (Golden Bones) និង​ជនជាតិ​អាមេរិកាំង​ម្នាក់​ទៀត​ឈ្មោះ ថូម៉ាស វីលីម (Thomas Willems) ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គម្រោង​ឆបោក​ទឹក​ប្រាក់​ចំនួន ១​លាន​ដុល្លារ ពី​ម្ចាស់​គ្លីនិក​ព្យាបាល​ធ្មេញ​ឈ្មោះ ម៉ាស្ទ័រ ឃែរ ដេនថល (Master Care Dental) គឺ​លោកស្រី អេង លីគង់។

លោកស្រី អេង លីគង់ កាល​ពី​ថ្ងៃ​ទី​២ កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ចោទ​ប្រកាន់​អ្នក​ទាំង​បី​ពី​បទ​ឆបោក ដោយសារ​ជនសង្ស័យ​ទាំង​បី​នាក់ បាន​បង្កើត​គម្រោង​ឆបោក ដោយ​អះអាង​ថា ពួកគេ​បាន​បង្កើត​ក្រុមហ៊ុន​កសិកម្ម​ទិញ​អង្ករ​ពី​កម្ពុជា​ ឈ្មោះ​ថា អាក្រា (Akra)។

លោកស្រី​ថា លោកស្រី​បាន​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ដើម្បី​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុមហ៊ុន ពីព្រោះ​ក្រុមហ៊ុន​នេះ​ត្រូវ​ការ​ថវិកា​ប្រមាន ៤​លាន​ដុល្លារ​សម្រាប់​ដំណើរ​ការ​នៅ​ឆ្នាំ​២០១២៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​ហ្នឹង ដោយសារ​ក្រុមហ៊ុន​ហ្នឹង​ទើប start up (ចាប់​ផ្ដើម) អ៊ីចឹង​ខ្ញុំ prepare to be lost (ត្រៀម​ខ្លួន​ខាត​បង់) រួច​ទៅ​ហើយ។ ប៉ុន្តែ​ខ្ញុំ​ចង់ join adventure (រក​ស៊ី​រួម​គ្នា) ជាមួយ​មនុស្ស​កំពូលៗ ដើម្បី​ឲ្យ​ខ្ញុំ​ចេះ investment (រក​ស៊ី) ខ្ញុំ​មិន​សង្ឃឹម​ថា​ចំណេញ​លុយ​ទេ ខ្ញុំ​ត្រៀម​ខាត ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវ​ដំណើរ​ការ ចំណេញ​ឬ​ខាត ដាក់​លើ​តុ​ទាំង​អស់​គ្នា ហើយ​ប្រឹង​ប្រែង​ធ្វើ​ការ ពេល​ដែល​ខាត go along together (ខាត​ទាំង​អស់​គ្នា)។ ប៉ុន្តែ​ជា​គម្រោង​មួយ​គេ​រៀបចំ​បោក​លុយ​ខ្ញុំ»

​លោកស្រី​បន្ត​ថា ក្រោយ​ពេល​ក្រុមហ៊ុន​នេះ​មិន​មាន​ដំណើរ​ការដូច​តាម​ការ​សន្យា​របស់​ជន​ជាប់​ចោទ​ទាំង​បី​នាក់ លោកស្រី​បាន​ទាមទារ​ប្រាក់​ភាគហ៊ុន​លោកស្រី​មក​វិញ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។ ចំណែក​លោក ស៊ីវ ស៊ីចាន់ និង​លោក សាន រីច្ឆឺ ដែល​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​លោកស្រី​ចូល​ភាគហ៊ុន​នោះ​អះអាង​ថា ពួកគេ​បាន​លាលែង​ពី​ក្រុមហ៊ុន​នេះ​ហើយ។

លោកស្រី អេង លីគង់ បន្ថែម​ទៀត​ថា លោកស្រី​បាន​ជួល​ក្រុមហ៊ុន​ចំនួន​ពីរ​ដើម្បី​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន អាក្រា ប៉ុន្តែ​ឈ្មោះ​ក្រុមហ៊ុន​នេះ​មិន​បាន​ចុះបញ្ជី​នៅ​សហរដ្ឋអាមេរិក​ឡើយ គឺ​ជា​ក្រុមហ៊ុន​មាន​តែ​ឈ្មោះ​តែប៉ុណ្ណោះ៖ «ខ្ញុំ​មាន​ភស្តុតាង​គ្រប់គ្រាន់។ ខ្ញុំ​ឲ្យ​គេ​សិក្សា​បី​កន្លែង​ហើយ ជា arbitration lawyer មួយ​នៅ​សិង្ហបុរី ហើយ​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ ក៏​គាត់​សិក្សា​ទៅ​ថា​មិន​មែន​ក្រុមហ៊ុន​ពិត​ប្រាកដ​ទេ»

​កាល​ពី​ថ្ងៃ​ទី​២១ សីហា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អឿង សៀង បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​និង​នាំ​ខ្លួន​លោក សាន រីច្ឆឺ ជា​ជនសង្ស័យ​ម្នាក់​គត់​ដែល​មិន​ទាន់​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​ចៅក្រម​បាន​ធ្វើការ​ចោទ​ប្រកាន់​មក។ សមត្ថកិច្ច​កម្ពុជា មិន​ទាន់​ចាប់​ខ្លួន​លោក ស៊ីវ ស៊ីចាន់ និង​លោក ថូម៉ាស វីលីម ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​សហរដ្ឋអាមេរិក។

មុន​ពេល​ចាប់​ខ្លួន លោក សាន រីច្ឆឺ បាន​ឆ្លើយ​តប​សំណួរ​វិទ្យុ​អាស៊ីសេរី​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា លោក​សោកស្ដាយ​ដែល​លោកស្រី អេង លីគង់ សម្រេច​ប្តឹង​រូប​លោក។ លោក​ចោទ​ថា លោកស្រី អេង លីគង់ បាន​លាក់​បាំង​ព័ត៌មាន​ជ្រុង​ម្ខាង​ទៀត​នៃ​បញ្ហា​ក្នុង​ក្រុមហ៊ុន អាក្រា។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បដិសេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដោយ​ខ្លួន​លោក​ផ្ទាល់​ឡើយ ដោយ​លោក​ទុក​ឲ្យ​មេធាវី​លោក​ឆ្លើយ​ជំនួស។

លោក​មេធាវី អ៊ឹង កាយា នៃ​ក្រុមហ៊ុន​មេធាវី​កម្ពុជា បដិសេធ​មិន​ឆ្លើយ​សំណួរ​វិទ្យុ​អាស៊ីសេរី​ឡើយ ដោយ​លោក​អះអាង​ថា លោក​ជាប់រវល់។ ចំណែក​លោក ស៊ីវ ​ស៊ីចាន់ មិន​បាន​ឆ្លើយ​តប​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​ទូរស័ព្ទ និង​សារ​អេឡិចត្រូនិក​ឡើយ។

​លោកស្រី អេង លីគង់ បញ្ជាក់​បន្ថែម​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​នេះ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ក៏​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ការពារ​ជនសង្ស័យ​ទាំង​បី​នាក់​នេះ​ដែរ។ លោកស្រី​បន្ត​ថា រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ជួយ​ជ្រោមជ្រែង​ការពារ​អ្នក​ទាំង​បី​នាក់​នោះ៖ «បើ​សិន​ជា​គាត់​ប្ដឹង​ខ្ញុំ​នឹង​ប្រឈម​មុខ​ប្ដឹងផ្ដល់​ជាមួយ​គាត់​បន្ត​ទៀត​បាន ដោយសារ​គាត់​លូកលាន់​ក្នុង​រឿង​ហ្នឹង​ច្រើន»

​លោក ផៃ ស៊ីផាន អះអាង​ថា លោក​ស្គាល់​ជនសង្ស័យ​ជា​ខ្មែរ​អាមេរិកាំង ប៉ុន្តែ​លោក​មិន​បាន​លូកដៃ​ចូល​កិច្ច​ការងារ​ផ្ទៃក្នុង​របស់​តុលាការ​ឡើយ។ លោក​ថា តុលាការ​មិន​ទាន់​រក​ឃើញ​ថា អ្នក​ទាំង​បី​នាក់​នោះ​មាន​កំហុស​នៅ​ឡើយ​ទេ៖ «គ្រាន់​តែ​សម្របសម្រួល​ធ្វើ​ម៉េច​ឲ្យ​ស្រប​តាម​ច្បាប់​ទេ។ ទាល់​តែ​មាន​ការ​វិនិច្ឆ័យ​ក្ដី​ទើប​ដឹង​ថា​មនុស្ស​មាន​ទោស ឬ​ធ្វើ​ខុស​អី។ រហូត​ដល់​ឥឡូវ​អត់​មាន​ការ​វិនិច្ឆ័យ​អី​ទេ»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោកស្រី អេង លីគង់ បន្ត​អះអាង​ថា ការ​លូកដៃ​ចូល​កិច្ចការ​របស់​តុលាការ​របស់​លោក ផៃ ស៊ីផាន បណ្តាល​ឲ្យ​រឿង​ក្តី​លោកស្រី​អូស​បន្លាយ​រយៈពេល​វែង។ លោកស្រី​បញ្ជាក់​ថា លោកស្រី​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា លោក ផៃ ស៊ីផាន ពិត​ជា​បាន​ជ្រោមជ្រែង​ករណី​នេះ។

​លោក ផៃ ស៊ីផាន ជា​ខ្មែរ-​អាមេរិកាំង ដែល​ធ្លាប់​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា (California) ដែល​មាន​សហគមន៍​ខ្មែរ​អាមេរិកាំង​ច្រើន។ ចំណែក​លោក សាន រីច្ឆឺ ជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខ្មែរ​អាមេរិក ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា។

​លោកស្រី​ អេង លីគង់ បន្ត​ថា ដំបូង​លោកស្រី​យល់​ព្រម​ចូល​រួម​ភាគហ៊ុន​នឹង​ក្រុមហ៊ុន អាក្រា ដោយសារ​តែ​លោកស្រី​ជឿ​លើ​កេរ្តិ៍​ឈ្មោះ​លោក ស៊ីវ ស៊ីចាន់ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ការទូត​សហរដ្ឋអាមេរិក ជាពិសេស​លោកស្រី​បាន​អាន​សៀវភៅ​ដែល​និពន្ធ​ដោយ​លោក ស៊ីវ ស៊ីចាន់៖ «ខ្ញុំ​អាន​សៀវភៅ​របស់​គាត់ ខ្ញុំ​មើល profile (ប្រវត្តិ) គាត់ ខ្ញុំ​សរសើរ​គាត់។ ទី​២ ខ្ញុំ​ជឿ profile របស់​គាត់។ ...ដោយសារ​ថា អ្នក​ទាំង ២​ហ្នឹង​គ្មាន​កូន​ទេ ហើយ​អ្វីៗ​ទាំង​អស់​គឺ​គេ​ជោគជ័យ​នៅ​អាមេរិក​រួច​ហើយ ហើយ​គេ​ចង់​ត្រឡប់​មក​ខ្មែរ​វិញ​ហ្នឹង គឺ​គេ​ចង់​សល់​អ្វី​ដែល legacy (កេរ្ដិ៍) សម្រាប់​ប្រជាជន​ខ្មែរ»

លោក ស៊ីវ ស៊ីចាន់ ជា​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក នៅ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​និង​សង្គម ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ចាប់​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០០៦។ លោក​ក៏​បាន​និពន្ធ​សៀវភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា ឆ្អឹងមាស (Golden Bones) ដែល​សរសេរ​ផ្អែក​លើ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម។

​លោកស្រី អេង លីគង់ បន្ត​ថា ករណី​ឆបោក​នេះ បណ្តាល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ​នៅ​ស្រុក​មួយ​ចំនួន​បាត់បង់​ជំនឿ​លើ​ខ្មែរ​អាមេរិកាំង ដែល​មាន​បំណង​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា។ ​បច្ចុប្បន្ន​លោកស្រី អេង លីគង់ បាន​ពឹងពាក់​មេធាវី​អាមេរិក នៅ​សហរដ្ឋអាមេរិក ដើម្បី​ដាក់​ពាក្យ​បណ្តឹង​នៅ​សហរដ្ឋអាមេរិក ទាមទារ​ភាគ​ហ៊ុន​របស់​លោកស្រី​មក​វិញ និង​ប្រាក់​ជំងឺ​ចិត្ត ២​សែន​ដុល្លារ ព្រមទាំង​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។