ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៣ ខែកញ្ញា ចេញដីកាកោះហៅព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ឲ្យចូលខ្លួនបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលប្ដឹងអ្នកទាំងបីពីបទរំលោភលើទំនុកចិត្តករណីបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី។
ដីកាចុះថ្ងៃទី២២ ខែកញ្ញា ដាច់ដោយឡែកពីគ្នារបស់ព្រះរាជអាជ្ញារង លោក គុជ គឹមឡុង បានកោះហៅលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី៩ ខែតុលា។ ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គនឹងទៅបំភ្លឺនៅថ្ងៃទី១១ ខែតុលា ខាងមុខ។

លោក មឿន តុលា បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទខណៈលោកកំពុងមានវត្តមាននៅក្រៅប្រទេសថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតុលាការដើម្បីបកស្រាយអំពីការចោទប្រកាន់របស់ប្រធានគណបក្សយុវជនកម្ពុជា ទៅតាមការកំណត់របស់តុលាការ។
ចំណែកព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ព្រះអង្គនឹងមិនចូលព្រះកាយឆ្លើយបំភ្លឺចំពោះមុខតុលាការនោះទេ ដោយសារព្រះអង្គចាត់ទុកថា តុលាការនៃរបបរបស់លោក ហ៊ុន សែន នឹងមិនអាចរកយុត្តិធម៌ឲ្យព្រះអង្គបានឡើយ។
កាលពីថ្ងៃទី១៤ ខែកញ្ញា លោក ពេជ្រ ស្រស់ បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងក្រោយដែលខ្លួនបានដាក់ពាក្យប្ដឹងកាលពីថ្ងៃទី៨ ខែកញ្ញា ដើម្បីទាមទារអយ្យការអមសាលាដំបូងស៊ើបអង្កេតស្វែងរកការពិតលើប្រាក់បច្ច័យ ដែលពលរដ្ឋខ្មែរទាំងនៅក្នុង និងក្រៅប្រទេស បានចូលបុណ្យសពលោកបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។