"សំណុំ​រឿង​ចារកម្ម​អតីត​អ្នក​ព័ត៌មាន​អាស៊ីសេរី រំលោភ​គោលការណ៍​កាត់​ក្ដី​ដោយ​ស្មើភាព និង​ត្រឹមត្រូវ​តាម​ច្បាប់”

0:00 / 0:00

គណៈមេធាវី​អាមេរិក (American Bar Association) វាយតម្លៃ​ថា សំណុំ​រឿង​ចារកម្ម​ប្រឆាំង​នឹង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ធ្វើឡើង​ដោយ​រំលោភ​លើ​គោលការណ៍​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​ស្មើភាព និង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​។ ការ​វាយតម្លៃ​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍ គ្រោង​នឹង​បើកសវនាការ​លើ​បណ្ដឹង​សាទុក្ខ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចារកម្ម​នេះ នៅ​ថ្ងៃ​ចន្ទ​ទី​២០ មករា​នេះ។

ការ​រំលោភបំពាន​ពី​សំណាក់​អង្គ​តុលាការ​កម្ពុជា ដែល​ត្រូវ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អាមេរិក​តាមរយៈ​របាយ​ការណ៍​ឃ្លាំមើល​ដំណើរការ​កាត់​ក្តី​យុត្តិធម៌ ក្រោម​គម្រោង​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​របស់​មូលនិធិ ឃ្លូនី (Clooney Foundation) វាយតម្លៃ​ដោយ​ផ្អែកលើ​ហេតុផល​ចម្បងៗ​ចំនួន ៤​។ ហេតុផល​ចម្បង​ទាំង ៤​នោះ រួមមាន​៖ ការ​រំលោភបំពាន​លើ​សិទ្ធិ​របស់​ចុង​ចម្លើយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​បទចោទប្រកាន់​ប្រឆាំង​នឹង​ពួកគាត់ ការប្រព្រឹត្តិ​របស់​តុលាការ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ការ​លម្អៀង​ដោយសារតែ​ជួយ​ប្រយោជន៍​ដល់​ព្រះរាជអាជ្ញា ជាជាង​ចុង​ចម្លើយ និង​ថា ភស្តុតាង និង​បទ​បង្ហាញ​របស់​តុលាការ​ក្នុង​ពេល​សវនាការ មិន​បាន​បង្ហាញ​ថា ចុង​ចម្លើយ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ចារកម្ម​នោះ​ទេ​។ ហេតុផល​ចុងក្រោយ គឺ​ដំណើរការ​កាត់​ក្តី​ប្រឆាំង​នឹង​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ផ្ទុយ​ទៅ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ទន្ទឹម​នឹង​នោះ របាយការណ៍​ដដែល​ក៏​រក​ឃើញ​ថា អំពើ​រំលោភបំពាន​ទៅលើ​សិទ្ធិ​របស់​ចុង​ចម្លើយ និង​ភាព​មិន​ប្រក្រតី​ទាំងនោះ មិនមែន​កើត​មាន​ឡើង​តែ​ក្នុងអំឡុងពេល​សវនាការ​នោះ​ទេ តែ​ក៏​កើត​មានឡើង​តាំងពី​នៅ​មុន​ដំណាក់កាល​មុន​សវនាការ​លើ​អង្គ​សេចក្ដី​មក​ម្ល៉េះ ក្នុង​នោះ​រួមមាន​៖ ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ទទួល​បានការ​ប្រាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់ខ្លួន សិទ្ធិ​ពឹង​ពាក់​មេធាវី និង​ការ​ហាម​ប្រាម​ប្រឆាំង​នឹង​ការប្រព្រឹត្តិ​ដោយ​អមនុស្សធម៌​មក​លើ​ចុង​ចម្លើយ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការវាយតម្លៃ​របស់​គណៈ​មេធាវី​អាមេរិក​នេះ ពី​សំណាក់​មន្ត្រី​តុលាការ និង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​កម្ពុជា បាន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ កន្លង​មក មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ថា ករណី​ចាប់ខ្លួន​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប​នេះ គឺ​មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ ក៏ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​អាសអាភាស​ទៅវិញ​ទេ​។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន យ៉ាង​ដូច្នេះ ត្រូវ​អ្នកវិភាគ​រិះគន់​ថា លោក ហ៊ុន សែន បាន​រំលោភ​តួនាទី​នាយករដ្ឋមន្ត្រី ដែល​តំណាង​ឱ្យ​ស្ថាប័ន​នីតិប្រតិបត្តិ និង​ជ្រៀតជ្រែក​ស្ថាប័ន​តុលាការ ជុំវិញ​រឿង​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​នៅឡើយ​។ ពួកគេ​ក៏​លើកឡើង​ដែរ​ថា លោក ហ៊ុន សែន បាន​យក​រឿង​ឯកជន​ភាព​បុគ្គល ដែល​តុលាការ​កាត់​ក្តី​ជា​អសាធារណៈ​នោះ ទៅ​និយាយ​ជា​សាធារណៈ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​ពលរដ្ឋ​គ្រប់រូប។ យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​លោក ហ៊ុន សែន អះអាង​យ៉ាង​ដូច្នេះ គិត​រហូត​មក​ទល់​ពេល​នេះ តុលាការ​នៃ​របប​ក្រុងភ្នំពេញ មិនបាន​ទម្លាក់​ចោល​បទ​ចោទ​ស្ដីពី​បទ​ចារកម្ម ឬ​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​នេះ ប្រឆាំង​នឹង​អ្នក​ទាំងពីរ​នេះ​នៅឡើយ​ទេ។

អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក ណុប វី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ហៅ​កាត់​ថា ខេមបូចា​) ប្រាប់​អាស៊ីសេរី​ថា ជាថ្មី​ម្តង​ទៀត​តុលាការ​គួរតែ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ ដោយសារតែ​ករណី​នេះ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ៖ «យើង​មើល​អំពី​រឿង​ចេតនា​នៃ​ការចោទប្រកាន់​ហ្នឹង កន្លងមក​គឺ​មាន​ទំនាក់ទំនង​ជាមួយ​ស្ថានភាព​នយោបាយ​។ អ៊ីចឹង​ហើយ បាន​ធ្វើ​ឱ្យ​ដំណើរការ​នៃ​សវនាការ​នេះ ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​មានការ​ជឿ​ទុក​ចិត្ត ឬក៏​មាន​ទំនុក​ចិត្ត​ទៅលើ​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ករណី​នេះ​ដែរ»។

លោក ណុប វី ថ្លែង​ថា ការ​បន្ត​អូស​បន្លាយ​សំណុំរឿង​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​នេះ គឺជា​កា​របន្ទុច​បង្អាក់​ចំពោះ​សកម្មភាព​នៃ​ការ​ប្រកប​វិជ្ជាជីវៈ​របស់​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​ពី​ព័ត៌មាន​ឯករាជ្យ ដែល​ឆ្លុះបញ្ចាំង​ពី​បញ្ហា​ផ្សេងៗ​របស់​សង្គម។

ផ្អែក​តាម​ការវាយតម្លៃ និង​ការ​រក​ឃើញ​របស់​គណៈ​មេធាវី​អាមេរិក របាយការណ៍​សរសេរ​ថា នៅ​ក្នុង​ពេល​សវនាការ ព្រះរាជអាជ្ញា បាន​បង្ហាញ​វត្ថុតាង ដែល​ថា​លោក អ៊ួន ឈិន បាន​ប្រគល់​ឧបករណ៍​ផ្ទុក​ទិន្នន័យ ឬ Hard Drive ទៅ​ឱ្យ​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​។ ក៏ប៉ុន្តែ ព័ត៌មាន​ដែល​មាន​នៅ​ក្នុង​ឧបករណ៍​ផ្ទុក​ទិន្នន័យ​នោះ មិន​ត្រូវ​បាន​រាប់បញ្ចូល​នៅ​ក្នុង​ពាក្យ​បណ្តឹង ឬ​ដីកា​ចោទ​ប្រកាន់​របស់​ចៅក្រម​ស៊ើបអង្កេត​នោះ​ទេ។

របាយការណ៍​ក៏​រក​ឃើញ​ដែរ​ថា ការ​ប្រព្រឹត្តិ​របស់​មន្ត្រី​តុលាការ​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ក្រឡែត​អំពី​ភាព​លម្អៀង​ដែល​ទំនង​ជា​ផ្ដល់​ប្រយោជន៍​ដល់​ព្រះរាជអាជ្ញា ជាជាង​ជនជាប់ចោទ​ទាំងពីរ​នាក់​។ របាយការណ៍​ផ្ដល់​អំណះអំណាង​ថា តុលាការ​បាន​ដាក់​កម្រិត​ដោយ​អនុញ្ញាត​ឱ្យ​សួរ​តែ​សំណួរ​ទាំងឡាយ​ណា ដែល​មាន​ទំនោរ​ស្របតាម​ការ​សន្មត​ជាមុន​ស្រេច របស់​ព្រះរាជអាជ្ញា លើ​សំណុំ​រឿង​នេះ​។ លើស​ពី​នេះ​ទៀត គណៈមេធាវី​អាមេរិក រក​ឃើញ​ថា តុលាការ​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ម្នាក់ បាន​ខ្សឹបខ្សៀវ​ប្រាប់​ចម្លើយ​ម្ដង​ជា​ពីរ​ដង ទៅ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ម្នាក់ទៀត​ក្នុង​អំឡុងពេល​ថ្លែង​ហេតុ​ដល់​ព្រះរាជអាជ្ញា នៅ​ក្នុង​អង្គ​សវនាការ​។ ការ​អនុញ្ញាត​ដូច្នេះ ជា​ការ​បង្ហាញ​ថា ចុង​ចម្លើយ ក៏​ត្រូវ​មាន​សិទ្ធិ​កោះហៅ និង​ផ្ទៀងផ្ទាត់​ចំពោះ​សាក្សី​នេះ​ដែរ​។ របាយការណ៍​សរសេរ​ថា សាក្សី​របស់​ព្រះរាជអាជ្ញា ដែល​បាន​ទទួល​ការ​ខ្សឹបខ្សៀវ​ប្រាប់​ចម្លើយ​នោះ ពិតជា​មិនបាន​ត្រៀមខ្លួន​ឆ្លើយ​ចំពោះ​សំណុំរឿង​នេះ​ឡើយ ពោល​គឺ​ពឹងផ្អែក​ស្ទើរ​តែ​ទាំងស្រុង តែ​ទៅលើ​សេចក្ដី​ថ្លែងការណ៍​នៅ​ក្រៅ​តុលាការ ពី​សំណាក់​បុគ្គល ដែល​មិន​មាន​វត្ថ​មាន​ដើម្បី​ឱ្យ​ចុង​ចម្លើយ​អាច​ផ្ទៀងផ្ទាត់​ចម្លើយ​ក្នុង​អង្គ​សវនាការ​នោះ​ទេ។

ក្នុង​អំណះអំណាង​មួយទៀត គណៈមេធាវី​អាមេរិក​លើកឡើង​ថា ភស្តុតាង​ដែល​ព្រះរាជអាជ្ញា​បាន​លើក​យក​មក និង​ធ្វើជា​បទ​បង្ហាញ​ក្នុង​អង្គ​សវនាការ​នោះ មិនបាន​បង្ហាញ​ថា ចុង​ចម្លើយ​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​ចារកម្ម​មែន​នោះ​ឡើយ​។ បញ្ញត្តិ​មាត្រា ៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ចែងថា អំពើ​ប្រគល់ ឬ​ធ្វើ​ឱ្យ​ងាយស្រួល​ធ្លាក់​ដល់ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​សលាកបត្រ​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ការ​ការពារ​ជាតិ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ ឆ្នាំទៅ ១៥ ឆ្នាំ​។ ក៏ប៉ុន្តែ របាយការណ៍​សរសេរ​ថា គ្មាន​ចំណុច​ណាមួយ ដែល​ព្រះរាជអាជ្ញា បាន​ព្យាយាម​ពន្យល់​ថា តើ​ការ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​ដែល​រង​ការចោទប្រកាន់​នេះ ប៉ះពាល់​កម្រិត​ណា​ទៅលើ​សន្តិសុខ​ជាតិ ឬក៏​បាន​គូស​បញ្ជាក់​ថា តើ​រដ្ឋ​បរទេស ឬក៏​ភ្នាក់ងារ​បរទេស​ណាមួយ​ជាក់លាក់​ណាមួយ ដែល​ជាប់​ពាក់ព័ន្ធ​នោះ ក៏​ទេ​ដែរ។

អំណះអំណាង​ចុងក្រោយ របាយការណ៍​គូស​បញ្ជាក់​ថា ដំណើរការ​កាត់​ក្តី​ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ធ្វើឡើង​ដោយ​ផ្ទុយ​ទៅ​នឹង​សេរីភាព​នៃ​ការ​បញ្ចេញមតិ​របស់​អ្នក​ទាំងពីរ​។ មាន​សញ្ញាណ​យ៉ាង​ច្បាស់​ថា កង្វះខាត​ភស្តុតាង សេចក្ដី​ថ្លែងការណ៍​ធ្វើឡើង​ដោយ​អាជ្ញាធរ​កម្ពុជា និង​ការ​បង្ក្រាប​នា​រយៈពេល​កន្លង​មក​របស់​រដ្ឋាភិបាល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​គោលដៅ​នៃ​សំណុំ​រឿង​នេះ គឺ​ដើម្បី​បំបិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។ លើស​ពី​នេះ​ទៀត របាយការណ៍​សង្កត់ធ្ងន់ៗ​ថា ព្រះរាជអាជ្ញា​មិនដែល​កំណត់​អំពី​ប្រភេទ​នៃ​ព័ត៌មាន​បញ្ចេញ​ដោយ​ជនជាប់ចោទ​នោះ​ទេ ក្រៅ​តែ​ពី​សេចក្ដី​រាយការណ៍​របស់​ពួកគេ​ទាំងពីរ ដែល​គេ​អាច​រក​បានជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​តវ៉ា និង​ការ​បិទ​ការិយាល័យ​អាស៊ីសេរី​នៅ​ក្រុងភ្នំពេញ ជាដើម​នោះ​។ ព័ត៌មាន​ទាំងនេះ​ទៀតសោត របាយការណ៍​ពន្យល់​ថា គឺ​ស្ថិត​ក្នុង​ជំពូក​ជា ការ​បញ្ចេញ​មតិ​ទូទៅ​សុទ្ធសាធ​ដែល​គួរ​ត្រូវ​ទទួល​បាន​ការ​ការពារ។ គណៈមេធាវី​អាមេរិក វាយតម្លៃ​ថា ការ​ចែករំលែក​ព័ត៌មាន​បែបនេះ ជាមួយ​នឹង​ប្រទេស​ដទៃ គឺជា​ការ​អនុវត្ត​ស្តង់ដារ​សម្រាប់​អ្នក​សារព័ត៌មាន​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។